A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 April 2016

សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​ដាក់​កម្លាំង​យាម​មិន​ឲ្យ​ឡាវ​ដឹក​សម្ភារៈ​សំណង់​ចូល​តំបន់​ចម្រូងចម្រាស


ដោយ ម៉ែន សុធីរ
2016-04-17

រោង​នៅ​ព្រំដែន​កម្ពុជា​ឡាវ ៨៥៥
រោង​ទស្សនា​ទឹក​ធ្លាក់​ល្បាក់​ខោន ដែល​ពលរដ្ឋ​អះអាង​ថា ឡាវ សង់​លើ​បង្គោល​ព្រំដែន​ចាស់​ជំនាន់​បារាំង ដោយ​កាត់​ពាក់​កណ្ដាល​ចោល​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣។ Photo Provided
 Photo Provided


អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ មិន​ទាន់​ឆ្លើយ​តប​លិខិត​កំណត់​ទូត​របស់​កម្ពុជា ទេ ទាក់ទិន​ភាគី​ឡាវ បាន​សង់​សំណង់​រឹងមាំ​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ​នោះ។ ទន្ទឹម​នឹង​នេះ សមត្ថកិច្ច​ព្រំដែន​របស់​កម្ពុជា បាន​ពង្រាយ​កម្លាំង​មិន​ឲ្យ​ឡាវ ដឹក​ជញ្ជូន​សម្ភារៈ​សំណង់​រឹង​ចូល​តំបន់​ចម្រូងចម្រាស​ព្រំដែន ដោយ​ឆ្លង​កាន់​ផ្លូវ​ជាតិ​លេខ​៧ របស់​កម្ពុជា ទេ។

នគរបាល​ការពារ​ព្រំដែន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មេសា ថា អាជ្ញាធរ​កម្ពុជា បាន​យាម​តឹងតែង​មិន​ឲ្យ​ឡាវ ដឹក​ជញ្ជូន​សម្ភារៈ​សំណង់​ចូល​ក្នុង​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ ឋិត​ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ​០៣៤ នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរស្វាយ នៃ​វរ​សេនា​តូច​៧០១ លោក ដួង ចន្ធី ឲ្យ​ដឹង​ថា នគរបាល​ព្រំដែន​របស់​កម្ពុជា ព្យាយាម​ចរចា​ជាមួយ​ឡាវ ម្តង​ហើយ​ម្តង​ទៀត ដើម្បី​ឲ្យ​បញ្ឈប់​ការ​សាងសង់​នោះ តែ​សមត្ថកិច្ច​ឡាវ នៅ​តែ​បដិសេធ​ដោយ​អះអាង​ថា ទាល់​តែ​មាន​បញ្ជា​ពី​អភិបាល​ខេត្ត​ចម្ប៉ាសាក់ ជា​មុន​សិន ទើប​គេ​ឈប់​សាងសង់។ លោក​រំឭក​ថា ទីតាំង​ដែល​ឡាវ បាន​សាងសង់​សំណង់​រឹង​នោះ គឺ​ជា​អតីត​ច្រក​អន្តរជាតិ​ដុងក្រឡ និង​ជា​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ៖ «ដោយសារ​តែ​ថ្នាក់​ជាតិ​របស់​គេ​ជា​អ្នក​ឲ្យ​ធ្វើ ណា​មួយ​លុយ​ថ្នាក់​ជាតិ​របស់​គេ​ជា​អ្នក​ផ្តល់​ឲ្យ ដើម្បី​កសាង​ប៉ុស្តិ៍​ហ្នឹង។ ចឹង​ចង់​ឲ្យ​គេ​ផ្អាក លុះត្រា​តែ​ថ្នាក់​ជាតិ​កម្ពុជា ចរចា​ជាមួយ​ថ្នាក់​ជាតិ​ឡាវ»។



ដូច​គ្នា​នេះ​ដែរ ស្នងការ​រង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ឯក ស៊ីវណ្ណដន បញ្ជាក់​ថា ភាព​ចម្រូងចម្រាស​រវាង​កម្ពុជា និង​ឡាវ មិន​ទាន់​ឈាន​ដល់​ការ​ប្រឈម​អាវុធ​នោះ​ទេ។ លោក​កត់​សម្គាល់​ថា ឡាវ បាន​ជីក​រណ្ដៅ​ចំនួន​៨ ទំហំ ៨​តឹក​បួន​ជ្រុង​កាល​ពី​ថ្ងៃ​ទី​៣១ មីនា និង​ត្រៀម​ចាក់​គ្រឹះ ប៉ុន្តែ​នៅ​ខ្វះ​ខ្សាច់ និង​ស៊ីម៉ងត៍។ ដូច្នេះ នគរបាល និង​សមត្ថកិច្ច​ព្រំដែន​របស់​កម្ពុជា បាន​ដាក់​កម្លាំង​ត្រួត​ពិនិត្យ​ផ្លូវ​ជាតិ​លេខ​៧ ដែល​ជា​ច្រក​សំខាន់​តែ​មួយ​គត់​ដែល​ឡាវ ចាំបាច់​ដឹក​ជញ្ជូន​សម្ភារៈ​ចូល​តំបន់​ចម្រូងចម្រាស​នោះ។ លោក​អះអាង​ថា បច្ចុប្បន្ន ឡាវ នៅ​មិន​ទាន់​សាងសង់​អ្វី​ជា​ដុំ​កំភួន​ឡើយ ក្រៅ​ពី​ជីក​គ្រឹះ​នៅ​តំបន់​នោះ បន្ទាប់​ពី​សម្ភារៈ​សំណង់​របស់​ឡាវ មិន​អាច​ចរាចរ​ចូល​ទីតាំង​នោះ​បាន៖ «ផ្អាក​ហើយ ព្រោះ​សំណង់​នោះ​យើង​បាន​រាំង​ខ្ទប់។ សម្ភារៈ​ដែល​ត្រូវ​បម្រើ​សំណង់ យើង​មិន​អនុញ្ញាត​ឲ្យ​ចូល​មក បាន​ត្រឹម​តែ​ជីក​រណ្ដៅ​ចោល​ដែរ។ យើង​មាន​ផ្លូវ​ជាតិ​លេខ​៧ ចឹង​ដឹក​ជញ្ជូន​សម្ភារៈ​មក​ត្រូវ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៧។ ចឹង​ផ្លូវ​ជាតិ​លេខ​៧ ដី​របស់​យើង យើង​ហាម​ឃាត់​បាន»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ មេសា ព្រោះ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។

កាល​ពី​ថ្ងៃ​ទី​៥ មេសា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​សរសេរ​លិខិត​កំណត់​ទូត​ទៅ​អាជ្ញាធរ​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ ឲ្យ​ផ្អាក​ការ​សាងសង់​សំណង់​រឹង​នៅ​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ។ ប៉ុន្តែ​រហូត​បច្ចុប្បន្ន អាជ្ញាធរ​ឡាវ មិន​ទាន់​ឆ្លើយ​តប​លិខិត​របស់​កម្ពុជា ទេ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​សរសេរ​លិខិត​អំពី​ស្ថានភាព​ព្រំដែន​នោះ ទៅ​ក្រសួង​មហាផ្ទៃ រួច​ហើយ ដើម្បី​សុំ​ការ​អន្តរាគមន៍។ ចំណែក​ក្រសួង​មហាផ្ទៃ ក៏​បាន​សរសេរ​លិខិត​ទៅ​គណៈកម្មការ​ព្រំដែន​កម្ពុជា ឲ្យ​អន្តរាគមន៍​ករណី​នេះ​ទៅ​គណៈកម្មការ​ព្រំដែន​ឡាវ ដែរ ក៏ប៉ុន្តែ​ភាគី​ឡាវ មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

លោក​បន្ថែម​ថា សមត្ថកិច្ច​ព្រំដែន​របស់​កម្ពុជា បាន​ព្យាយាម​ឃាត់​ឡាវ មិន​ឲ្យ​សាងសង់​សំណង់​រឹង​ច្រើន​លើក តែ​សមត្ថកិច្ច​ឡាវ ឆ្លើយ​តប​ថា ប្រសិន​បើ​សមត្ថកិច្ច​កម្ពុជា ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​សាងសង់ អាច​នឹង​បំផ្ទុះ​អាវុធ។ លោក​បញ្ជាក់​ថា ការ​លើក​ឡើង​នេះ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ណា​មួយ​ពី​អាជ្ញាធរ​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ នោះ​ទេ៖ «ជំហរ​របស់​អាជ្ញាធរ​ខេត្ត ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​រាជ​រដ្ឋាភិបាល​ដែល​បាន​កំណត់។ ឲ្យ​អាជ្ញាធរ​ខេត្ត​អនុវត្ត​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​អាជ្ញាធរ​ខេត្ត ត្រូវ​ការពារ​ឲ្យ​បាន​នូវ​បូរណភាព​ទឹក​ដី និង​អធិបតេយ្យភាព​របស់​ខ្លួន»។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ព្រំដែន និង​ការ​បណ្ដុះ​គំនិត​ជាតិ​និយម។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​មាន​ការ​កោះ​ប្រជុំ​ជា​បន្ទាន់​ជាមួយ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​ជជែក​ឡើង​វិញ​ពី​ការ​ឈ្លាន​ពាន​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ដោយ​ប្រទេស​ជិត​ខាង បន្ទាប់​ពី​ការ​ចរចា​ដោយ​ទ្វេ​ភាគី​មិន​មាន​លទ្ធផល៖ «បើ​សិន​ជា​នៅ​តែ​មាន​កម្រិត​ក្នុង​ការ​ចរចា​ទ្វេ​ភាគី​ចឹង ដោយសារ​តែ​ប្រទេស​យើង​ជា​ប្រទេស​ដែល​តូច​ជាង​គេ ចឹង​យើង​អត់​អាច​ឈ្នះ​គេ​ទេ ត្រី​ធំ​តែង​តែ​ស៊ី​ត្រី​តូច​ហើយ។ ចឹង​យើង​ត្រូវ​ពឹង​លើ​បទដ្ឋាន​អន្តរជាតិ​ហ្នឹង គឺ​ច្បាប់»។

កន្លង​ទៅ គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ធ្លាប់​បាន​កោះ​ប្រជុំ​លើក​ទី​៦ ស្ដីពី​ការ​ឯកភាព​គ្នា​ឲ្យ​រក្សា​បរិស្ថាន​ព្រំដែន​ដដែល ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ប្រទេស​ឡាវ បាន​រំលោភ​កិច្ចព្រមព្រៀង​នោះ៕

No comments: