ដោយ សាន សែល
2016-04-06

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែងក្នុងពិធីបទបង្ហាញស្ដីពីសារសំខាន់នៃច្បាប់ការពារសាក្សី និងអ្នករាយការណ៍អំពើពុករលួយនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៦។
RFA/Brach Chev
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ស្នើឲ្យរដ្ឋាភិបាល បង្កើតច្បាប់មួយស្ដីពីការដាក់បង្ហាញអត្តសញ្ញាណម្ចាស់អាជីវកម្មជាសាធារណៈ ដើម្បីលុបបំបាត់អំពើពុករលួយ និងការលាងលុយកខ្វក់របស់មន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ និងបុគ្គលផ្សេងទៀត។ ការថ្លែងរបស់ លោក ព្រាប កុល កើតឡើងក្រោយការផ្សាយឯកសារស៊ើបអង្កេត «Panama Papers» របស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការលាងលុយកខ្វក់របស់មន្ត្រីរដ្ឋាភិបាលមួយចំនួនក្នុងពិភពលោក ក្នុងនោះក៏មានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់កម្ពុជា ផងដែរ។
លោក ព្រាប កុល ថ្លែងថា ការព្យាយាមបិទបាំងព័ត៌មានអត្តសញ្ញាណរបស់ម្ចាស់អាជីវកម្មមួយចំនួនអាចនឹងជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និងការលាងលុយកខ្វក់។ លោកបញ្ជាក់ថា ការចេញផ្សាយការស៊ើបអង្កេត "ឯកសារប៉ាណាម៉ា" ទ្រង់ទ្រាយធំដែលមិនធ្លាប់មានរបស់សមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (International Consortium of Investigative Journalists) កាលពីថ្ងៃទី៣ ខែមេសា ជាចលនាពិភពលោកមួយដែលផ្ដួចផ្ដើមគំនិតសម្រាប់រដ្ឋាភិបាល និងសាធារណជនគិតគូរ និងបន្តឹងការបង្កើត និងអនុវត្តច្បាប់ទាមទារឲ្យម្ចាស់អាជីវកម្មបញ្ចេញអត្តសញ្ញាណ។
លោក ព្រាប កុល៖ «មកទល់ពេលនេះ យើងមិនទាន់អាចសន្និដ្ឋានព័ត៌មានពីការជាប់ពាក់ព័ន្ធការខុសច្បាប់បាននៅឡើយទេ ដោយសារមិនទាន់មានព័ត៌មានគ្រប់។ យ៉ាងណាក៏ដោយ រឿងមួយដែលមានការព្រួយបារម្ភ គឺក្នុងករណីមានមន្ត្រីរដ្ឋាភិបាល ឬអ្នកនយោបាយពាក់ព័ន្ធនៅក្នុងរឿងនេះដែរ គួរតែមានចំណាត់ការ ឬវិធានការអ្វីមួយសម្រាប់កម្ពុជា និយាយជារួម មិនមែនសម្រាប់ករណីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទេ។ ករណីនេះ យើងក៏មិនទាន់ព័ត៌មានគ្រប់គ្រាន់នៅឡើយ»។
"ឯកសារប៉ាណាម៉ា" បានស៊ើបអង្កេតឯកសារសម្ងាត់ផ្ទៃក្នុងដែលបានលេចធ្លាយចំនួន ១១,៥លានឯកសារ របស់ក្រុមហ៊ុនមេធាវី ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) ដែលមានមូលដ្ឋាននៅប្រទេសប៉ាណាម៉ា។ ទិន្នន័យនៅក្នុង "ឯកសារប៉ាណាម៉ា" បង្ហាញថា ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា បានដើរតួនាទីរៀបចំបង្កើតក្រុមហ៊ុនក្រៅស្រុក ឬមូលនិធិមនុស្សធម៌ឲ្យអ្នកមានទ្រព្យស្ដុកស្ដម្ភ ដើម្បីលាក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលពាក់ព័ន្ធការលាងលុយកខ្វក់គេចផុតពីការបង់ពន្ធ។
"ឯកសារប៉ាណាម៉ា រកឃើញថា ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា បានជួយអតីតមេដឹកនាំប្រទេស និងប្រមុខរដ្ឋបច្ចុប្បន្នចំនួន ១២នាក់ រួមទាំងអ្នកនយោបាយ មន្ត្រីសាធារណៈ ពាណិជ្ជករ សិល្បករ និងកីឡាករចំនួន ១២៨នាក់ផ្សេងទៀតលើពិភពលោក លាក់បាំងព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោក អង្គ វង្សវឌ្ឍានា ក៏មានក្នុងបញ្ជីឈ្មោះនេះដែរ។
"ឯកសារប៉ាណាម៉ា" សរសេរថា នៅខែឧសភា ឆ្នាំ២០០៧ បីឆ្នាំ បន្ទាប់ពីកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ជាដៃគូភាគហ៊ុនមួយក្នុងចំណោម ៥ របស់ក្រុមហ៊ុន RCD International Limited ដែលបានចុះបញ្ជីនៅ British Virgin Islands។ "ឯកសារប៉ាណាម៉ា" បញ្ជាក់ថា លោក អង្គ វង្សវឌ្ឍានា បានចុះព័ត៌មានមុខរបរជា "រដ្ឋមន្ត្រីក្រសួងយុត្តិធម៌" ដោយទិញភាគហ៊ុន ៥ពាន់ហ៊ុន ក្នុងតម្លៃ ១ដុល្លារអាមេរិកក្នុងមួយហ៊ុន។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សន សោភ័ណ ថ្លែងតាមរយៈសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ថា លោក អង្គ វង្សវឌ្ឍានា មិនធ្លាប់ស្គាល់ ហើយក៏មិនធ្លាប់ទិញភាគហ៊ុនក្នុងក្រុមហ៊ុនបរទេសណាមួយឡើយ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនយកចិត្តទុកដាក់នឹងព័ត៌មាននេះទេ ខណៈសាមីខ្លួនច្រានចោលព័ត៌មាននេះ៖ «មិនមែនជាករណីចាំបាច់ទេ ពីព្រោះសាមីខ្លួនគាត់ថា អត់ស្គាល់ នេះចំណុចទីមួយ។ ចំណុចទី២ គាត់មកពីស្រុកក្រៅ នឹងគាត់អាចបណ្ដាក់ទុនមិនមែនគាត់គេចមិនបង់ពន្ធណា»។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា បដិសេធថា មិនបានប្រព្រឹត្តអ្វីខុសដូចដែល "ឯកសារប៉ាណាម៉ា" ស៊ើបអង្កេតឃើញនោះទេ ដោយថ្លែងថា ក្រុមហ៊ុនរបស់គេ បានប្រតិបត្តិការស្របតាមច្បាប់នៃប្រទេសប៉ាណាម៉ា និងបណ្ដាប្រទេសដែលក្រុមហ៊ុននេះ បើកការិយាល័យដំណើរការ។
ទោះជាបែបនេះក្ដី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ រំពឹងថា អង្គភាពប្រឆាំងអំពើពុករលួយនឹងយកតម្រុយនៃការជាប់ពាក់ព័ន្ធរបស់លោក អង្គ វង្សវឌ្ឍានា ទៅស៊ើបអង្កេតបន្តដើម្បីស្វែងរកការពិត។ លោកបន្តថា ករណីភស្តុតាងបង្ហាញថា រដ្ឋមន្ត្រីរូបនេះបានប្រព្រឹត្តដូចការផ្សាយបែបនោះ សភាអាចនឹងចាត់ការរឿងនេះ៖ «យើងមិនធ្វើតាមឮគេថា ទេ! យើងត្រូវតែមើលការសរសេរថា យ៉ាងម៉េចខ្លះ ហើយមានភស្តុតាងលក្ខណៈបច្ចេកទេសម្ដេចខ្លះ ដើម្បីជាមូលដ្ឋាន មុនធ្វើសកម្មភាពសួរដេញដោលបញ្ហានេះ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែមេសា មិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេ។
ទាក់ទងនឹង "ឯកសារប៉ាណាម៉ា" នេះ កាសែត Wall Street Journal បានផ្សាយថា រដ្ឋាភិបាលបារាំង និងសហរដ្ឋអាមេរិក ចាប់បើកការស៊ើបអង្កេតបន្ថែមពីការជាប់ពាក់ព័ន្ធរបស់ប្រជាពលរដ្ឋខ្លួនក្នុងដំណើរការការលាងលុយកខ្វក់ និងការគេចមិនបង់ពន្ធ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នដែលពាក់ព័ន្ធ បើកការស៊ើបអង្កេតករណីលោក អង្គ វង្សវឌ្ឍានា ឲ្យបានល្អិតល្អន់៕
No comments:
Post a Comment