ដោយ សុ ជីវី
2016-04-06

លោក ឈាង វុន (ឆ្វេង) តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។
Photo: RFA
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា អ្នកតំណាងរាស្ត្រមានតួនាទីសំខាន់ក្នុងការតាមដានការអនុវត្តច្បាប់ការពារសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋ។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកសម្ដីរបស់អ្នកតំណាងរាស្ត្រគណបក្សកាន់អំណាច លោក ឈាង វុន កាលពីពេលថ្មីៗនេះ ដែលថា ការលួចស្ដាប់ លួចថតសំឡេងអ្នកដទៃ មិនមែនជារឿងសំខាន់ នោះគឺជាការអះអាងផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
ក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកការលើកឡើងរបស់អ្នកតំណាងរាស្ត្រគណបក្សកាន់អំណាចថា ជាការលើកឡើងបែបនយោបាយ មិនស្ដែងពីតួនាទីរបស់អ្នកតំណាងរាស្ត្រ។
ការលើកឡើងនេះឆ្លើយតបនឹងប្រសាសន៍របស់លោក ឈាង វុន ដែលថ្លែងកាលពីថ្ងៃទី១ ខែមេសា នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី។ លោក ឈាង វុន បញ្ជាក់ថា លោកមិនបារម្ភឡើយពីការថតសំឡេង អ្នកដែលបារម្ភគឺជាអ្នកដែលភ័យពីទង្វើអាក្រក់របស់ខ្លួន៖ «ជី វិតា៖ ឯកឧត្ដមភ័យព្រួយទេប្រសិនបើមានសញ្ញាបង្ហាញថា មានការលបថតកិច្ចសន្ទនាសម្ងាត់បែបនេះ? ឧទាហរណ៍ថា ជារូបឯកឧត្ដម? ឈាង វុន៖ ខ្ញុំអត់មានព័ត៌មានសម្ងាត់អោយគេថតផង បើខ្ញុំអត់ដែលមានស្រីក្រៅផង។ ជី វិតា៖ ប៉ុន្តែជួនកាលកិច្ចសន្ទនាជាមួយក្រុមគ្រួសារ។ ឈាង វុន៖ អត់មានអីលាក់លៀមទេគ្រួសារខ្ញុំ។ ជី វិតា៖ អ៊ីចឹងឯកឧត្ដមអូខេ (OK) អោយគេថតអ៊ីចឹងចុះ? ឈាង វុន៖ ចុះបើខ្ញុំអត់ដែលមានរឿងអីផង អោយគេថតទៅ យកទៅធ្វើអីធ្វើទៅ អោយតែយើងស្មោះត្រង់ យើងភ័យយើងខ្លាចដោយសារយើងមិនស្មោះត្រង់»។
លោក ឈាង វុន ដែលឆ្លើយនឹងសំណួររបស់លោក ជី វិតា ដែលជាអ្នកសម្របសម្រួលនោះបន្តថា ការលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទពុំមែនជារឿងធំឡើយ៖ «ជី វិតា៖ ប៉ុន្តែពលរដ្ឋជាច្រើនណាស់ទាក់ទិនបញ្ហាសុខភាពរបស់គេ គេមិនចង់អោយយើងដឹងរឿងអីដែលគេមិនចង់អោយយើងដឹង គេនិយាយតាមទូរស័ព្ទ ឬកិច្ចការជំនួញ មានកិច្ចការខ្លះដែលគេមិនចង់អោយដឹង តែបែរជាមានគេលួចស្ដាប់។ តើឯកឧត្ដមមិនយល់ថា ជារឿងមិនល្អទេសម្រាប់ប្រទេសកម្ពុជាយើង? ឈាង វុន៖ ខ្ញុំប្រាប់! ស្ថានទូតមួយចំនួននៅស្រុកខ្មែរហ្នឹងកំពុងថតសំឡេងយើងទាំងអស់ គ្នាកំពុងជជែកគ្នាហ្នឹង។ ខ្ញុំនិយាយអ៊ីចឹងស្ដាប់បានហើយ មិនបាច់អោយខ្ញុំនិយាយច្រើនទេ។ ជី វិតា៖ អ៊ីចឹងឯកឧត្ដមអូខេ? ឈាង វុន៖ ខ្ញុំអត់អូខេទេ គ្រាន់តែថា វាមិនមែនជារឿងធំទេ»។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ការលើកឡើងនេះមិនបង្ហាញពីតួនាទីរបស់តំណាងរាស្ត្រឡើយ ប៉ុន្តែគឺជាការអះអាងបែបនយោបាយ៖ «ជា លក្ខណៈនយោបាយទេ វាមិនមែនជាការបកស្រាយរបៀបអ្នកអនុវត្តច្បាប់ទេ ព្រោះការបកស្រាយមានរបៀបផ្សេងគ្នា។ ប៉ុន្តែបើនៅក្នុងផ្លូវច្បាប់ផ្សេង ធម្មតាបើមានក្នុងក្រមព្រហ្មទណ្ឌអ៊ីចឹងគឺត្រូវតែផ្ដន្ទាទោស ហើយរឿងទៅថតសំឡេងឯកជនគេយកមកផ្សាយបែបហ្នឹង»។
ទាក់ទិននឹងតួនាទីរបស់អ្នកតំណាងរាស្ត្រនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា អ្នកតំណាងរាស្ត្រមានតួនាទីចូលរួមបង្កើតច្បាប់ និងតាមដានការអនុវត្តច្បាប់៖ «កាលណាក្លាយ ខ្លួនជាអ្នកតំណាងរាស្ត្របម្រើផលប្រយោជន៍ពលរដ្ឋ ព្រោះតំណាងពលរដ្ឋខ្មែរទាំងមូលមិនមែនតំណាងបក្សទេ។ ដូច្នេះក្នុងការបំពេញការងាររបស់គាត់ គឺការងារជាប្រយោជន៍ពលរដ្ឋជាធំ រឿងគណបក្សអត់គិតទេ គឺប្រជាពលរដ្ឋទេបោះឆ្នោតអោយគាត់»។
ក្នុងពេលបច្ចុប្បន្ននេះ មានច្បាប់យ៉ាងហោចណាស់ចំនួន៣ ដែលហាមឃាត់ការលបថតសំឡេងសន្ទនាតាមទូរស័ព្ទរបស់អ្នកដទៃ។ រដ្ឋធម្មនុញ្ញមាត្រា៤០ មិនត្រឹមតែការពារពលរដ្ឋកម្ពុជា គ្រប់រូបពីការលបថតសំឡេងនិយាយសន្ទនារបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាការពារអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍របស់គាត់ទៀតផង។
រីឯច្បាប់ស្ដីពីទូរគមនាគមន៍បញ្ជាក់យ៉ាងច្បាស់ថា ទាំងអ្នកលបថតសំឡេងគេ ទាំងអ្នកយកសំឡេងលបថតនោះទៅផ្សព្វផ្សាយ ត្រូវមានទោសស្មើគ្នា។ ស្របគ្នានេះក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៣០១ ក៏ចែងពីការផ្ដន្ទាទោសអ្នកដែលលបថតសំឡេងសន្ទនារបស់គេឲ្យជាប់ពន្ធនាគារដែរ។ ក្រៅពីខុសនឹងច្បាប់ការលួចស្ដាប់ និងថតសំឡេងធ្វើអោយប៉ះពាល់ដល់សិទ្ធិឯកជនរបស់ពលរដ្ឋ និងបង្កការភ័យខ្លាចក្នុងចំណោមពលរដ្ឋ។
ប្រធានផ្នែកបច្ចេកទេសអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា កិច្ចការពារសិទ្ធិឯកជនកំពុងរងការគំរាមកំហែងដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដមិនគួរបណ្ដែតបណ្ដោយ៖ «តើអោយប្រជាពលរដ្ឋ អ្នកតំណាងរាស្ត្រទុកចិត្តទេ នៅពេលដែលសំឡេងរបស់ខ្លួនដែលសន្ទនាត្រូវបានគេថត។ អ៊ីចឹងថ្ងៃនេះ រឿងនេះ ថ្ងៃក្រោយមានរឿងផ្សេងទៀតដែលត្រូវបានគេបញ្ចេញ»។
បើទោះជាយ៉ាងនេះក្ដី ចាប់ពីមានការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងផ្សព្វផ្សាយតាមសារព័ត៌មាននូវសំឡេងសន្ទនាឯកជនដែលអ្នកបង្ហោះអះអាងថា ជាសំឡេងរបស់លោក កឹម សុខា និងស្ត្រីកំណាន់ចិត្តនោះ មកដល់ពេលនេះក៏នៅតែពុំមានស្ថាប័នណាមួយយកចិត្តទុកដាក់ស្វែងរកប្រភពអ្នកដែលលួចថត និងបង្ហោះសំឡេងនោះ ឬបញ្ឈប់សកម្មភាពទាំងនោះនៅឡើយទេ។
លោក សំ គន្ធាមី លើកឡើងថា ករណីនេះអ្នកតំណាងរាស្ត្រអាចកោះហៅមន្ត្រីពាក់ព័ន្ធមកសាកសួរពីមូលហេតុដែលមាត្រាច្បាប់ទាំងនេះត្រូវបានបំពាន៖ «មិនចាំបាច់ទាល់តែមានពាក្យបណ្ដឹងទេ សភាមួយក្រុមតូចអាចធ្វើលិខិតឆ្លងតាមប្រធានរដ្ឋសភាដាក់ទៅនាយករដ្ឋមន្ត្រី ដើម្បីអោយមន្ត្រីរដ្ឋាភិបាលមកបំភ្លឺរឿងអីមួយ»។
ការលើកឡើងនេះគឺស្របនឹងមាត្រា ៣៤ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាចែងថា គណៈកម្មការទាំងឡាយនៃរដ្ឋសភាអាចអញ្ជើញរដ្ឋមន្ត្រី ឬវីរជនណាមួយមកបំភ្លឺអំពីបញ្ហាដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
នៅពេលដែលពុំមានវិធានការចំពោះករណីនេះ តំណាងរាស្ត្រគណបក្សប្រឆាំងក៏បែរជាប្រកាន់ ជំហរមិនឈ្លោះ មិនឆ្លើយ មិនឆ្លង ពោលក៏មិនទាន់ចាត់វិធានការបញ្ហានេះដែរ។
ចំពោះនាយកប្រតិបត្តិនៃអង្គការខុមហ្រ្វែល លោក គល់ បញ្ញា យល់ថា ដោយសារតែបញ្ហាទាំងនេះត្រូវអ្នកតំណាងរាស្ត្រលើកទៅភ្ជាប់នឹងបញ្ហានយោបាយ ដូច្នេះតំណាងរាស្ត្រដែលមានអាសនៈក្នុងសភា អាចលើកបញ្ហានេះទៅជជែកវែកញែកថា គួរជ្រើសរើសផ្លូវណាដែររវាងសិទ្ធិឯកជនបុគ្គល និងបញ្ហាសុវត្ថិភាព៖ «ដល់ពេលបោះឆ្នោត ចង់និយាយអីនិយាយទៅ វាអាចថា យើងចង់បានថា រឿងបញ្ហាចង់អោយមានព័ត៌មានពេញលេញ មិនចង់លាក់លៀមព័ត៌មានឯកជនអីហ្នឹង អាចដេញដោលរឿងនយោបាយដែលជារឿងមួយផ្សេង»។
បើទោះជាយ៉ាងនេះក្ដី ក៏លោក គល់ បញ្ញា បញ្ជាក់ថា កម្ពុជាមានច្បាប់ដែលបានចែងពីបញ្ហានេះរួចហើយ ប្រសិនបើមានការជជែកពីបញ្ហានេះឡើងវិញ គឺមានតែការជជែកតាមផ្លូវនយោបាយ៕
No comments:
Post a Comment