A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 April 2016

ពលរដ្ឋ​ស្រុក​សៀមប៉ាង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង


ដោយ ម៉ែន សុធីរ
2016-04-25

ក្របី​ងាប់ ស្ទឹងត្រែង ២០១៦ ៨៥៥
ក្របី​ងាប់​ឋិត​នៅ​ភូមិ​ខិះ​ក្រោម ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦ RFA/Men Sothyr
 RFA/Men Sothyr


ជនជាតិ​ដើម​ភាគ​តិច​ខិះ រស់នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល រក​មធ្យោបាយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ដែល​កំពុង​រងគ្រោះ​ដោយ​អាកាសធាតុ​ក្តៅ​ខ្លាំង។ អ្នក​ភូមិ​អះអាង​ថា អាកាសធាតុ​ក្តៅ​ខ្លាំង​កំពុង​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​គោ​ក្របី​ពួក​គាត់ ខណៈ​ស្មៅ និង​រុក្ខជាតិ​បាន​ស្វិត​ងាប់ រីឯ​ទឹក​ស្ទឹង អូរ ក៏​រីង​ហួត​ហែង​បណ្ដាល​ឲ្យ​សត្វ​គោ​ក្របី​អ្នក​ភូមិ​ឈឺ​ងាប់​ជា​បន្តបន្ទាប់។ ចំណែក​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា នឹង​រក​មធ្យោបាយ​អន្តរាគមន៍​បញ្ហា​នេះ​ជា​បន្ទាន់​នៅ​ពេល​ទទួល​ព័ត៌មាន​នេះ។

គ្រោះ​រាំង​ស្ងួត​នៅ​តែ​បន្ត​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សត្វ​គោ​ក្របី​អ្នក​ស្រុក​សៀមប៉ាង ងាប់​ជា​បន្តបន្ទាប់ ខណៈ​ទីតាំង​ភូមិសាស្ត្រ​ដែល​ធ្លាប់​ផ្តល់​ប្រភព​ទឹក​សំខាន់​ដល់​សត្វ​ចិញ្ចឹម​អ្នក​ភូមិ​កន្លង​មក បាន​រីង​ហួត​ហែង រីឯ​ស្មៅ និង​ស្លឹក​រុក្ខជាតិ​ដែល​ជា​ចំណី​សត្វ​ក៏​ស្វិត​ងាប់។ អ្នក​ស្រុក​ចាត់​ទុក​បាតុភូត​គ្រោះ​រាំង​ស្ងួត​ក្នុង​ឆ្នាំ​២០១៦ គឺ​បាតុភូត​ដែល​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ពួក​គាត់​ពុំ​ធ្លាប់​ជួប​ជាច្រើន​ឆ្នាំ​កន្លង​មក។



ជនជាតិ​ដើម​ភាគ​តិច​ខិះ ដែល​កំពុង​ស្វែងរក​ស្លឹក​ឈើ​ក្នុង​ព្រៃ​ឲ្យ​ក្របី គឺ​លោក សុំ ឈុន។ លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គ្រោះ​រាំង​ស្ងួត​ឆ្នាំ​នេះ​បាន​ប្រល័យ​ក្របី​របស់​លោក​ងាប់​អស់ ៧​ក្បាល​ក្នុង​ព្រៃ បន្ទាប់​ពី​លោក​បាន​លែង​ក្របី​ចូល​ព្រៃ​អំឡុង​ខែ​មេសា។ លោក​បារម្ភ​ថា ជីវភាព​អ្នក​ភូមិ​ពឹង​ផ្អែក​លើ​សត្វ​ចិញ្ចឹម ដូចជា​គោ​ក្របី ដែល​បម្រើ​ឲ្យ​វិស័យ​កសិកម្ម កំពុង​ងាប់​ហិនហោច​ជា​បន្តបន្ទាប់ បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពួក​គេ។ លោក​ថា អ្នក​ភូមិ​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ច្រើន​ថ្ងៃ​ហើយ តែ​ពុំ​មាន​លទ្ធផល។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​សម្រាល​ទុក្ខ​លំបាក​របស់​ពួក​គាត់​ដែល​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នេះ៖ «ក្របី​ខ្ញុំ​ងាប់​អស់ ៥ ទៅ ៦​ក្បាល។ ថ្ងៃ​នេះ​ងាប់ ១​ក្បាល​ទៀត។ ខ្ញុំ​រក​ស្មៅ​រាល់​ថ្ងៃ​អត់​បាន​នៅ​ផ្ទះ​ទេ លំបាក​មែន​ទែន។ លំបាក​គោ​ក្របី​ងាប់​អស់​គ្មាន​បាន​ទៀត​ទេ។ គ្នា​ក្រីក្រ​តិចតួច​ទៅ»។

អ្នក​ភូមិ​ម្នាក់​ទៀត​ដែល​កំពុង​ឲ្យ​ចំណី​ក្របី​ដេក​ឈឺ​ក្នុង​អូរ​ខិះ ឆ្ងាយ​ពី​ភូមិ​ជិត ១០​គីឡូម៉ែត្រ គឺ​លោកស្រី សួ កាក់។ លោកស្រី​ចាត់​ទុក​គោ​ក្របី គឺ​ជា​ឆ្នាំង​បាយ​ពួក​គាត់ បើ​ក្របី​ងាប់​អស់​ហាក់​បី​ដូចជា​ផ្តាច់​ដង្ហើម​សេដ្ឋកិច្ច​គ្រួសារ​ពួក​គាត់​ដូច្នេះ​ដែរ។ លោកស្រី​ថា គ្រួសារ​លោកស្រី​ងាប់​ក្របី​អស់ ៣​ក្បាល គោ ២​ក្បាល​អំឡុង​ខែ​មេសា នេះ។ ដោយសារ​គ្រោះ​រាំង​ស្ងួត បណ្ដាល​ឲ្យ​សត្វ​ចិញ្ចឹម​លោកស្រី​ពុំ​អាច​រក​ចំណី និង​ទឹក​បរិភោគ​បាន បន្ទាប់​ពី​ស្មៅ និង​ស្លឹក​រុក្ខជាតិ​ស្វិត​ងាប់។ ចំណែក​ទឹក​អូរ​ក៏​រីង​ហួតហែង។ លោកស្រី​បារម្ភ​ថា ទឹក​អណ្ដូង​ដែល​អ្នក​ភូមិ​កំពុង​ប្រើប្រាស់ និង​ជា​ប្រភព​ទឹក​ចុង​ក្រោយ​សម្រាប់​ទ្រទ្រង់​ការ​រស់នៅ​អ្នក​ភូមិ អាច​នឹង​រីង​ហួត បើ​អាកាសធាតុ​ក្ដៅ​នៅ​តែ​អូស​បន្លាយ​ពេល។ លើស​ពី​នេះ លោកស្រី​ថា អណ្ដូង​ស្នប់​មួយ​ចំនួន​របស់​អ្នក​ភូមិ​ក៏​រីង​ខះ​មិន​អាច​ទាញ​យក​ទឹក​ប្រើប្រាស់​បាន៖ «បាន​អី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ខ្វះខាត មាន​តែ​គោ​ក្របី បើ​ងាប់​ដូច្នេះ​គិត​យ៉ាង​ម៉េច? វា​ឆ្អែត​ចិត្ត​ទឹក​ភ្នែក​យំ​ទាំង​គេ​ទាំង​ឯង»។

អ្នក​ភូមិ​អះអាង​ថា គ្រោះ​រាំង​ស្ងួត​មិន​ត្រឹម​តែ​កើត​មាន​តែ​ឃុំ​ព្រែកមាស ទេ គឺ​ស្ទើរ​តែ​ទូទាំង​ស្រុក​សៀមប៉ាង ដូចជា​ឃុំ​ស្រែសំបូរ ក៏​ជួប​វិបត្តិ​គ្រោះ​រាំង​ស្ងួត​នេះ​ធ្ងន់ធ្ងរ​ដែរ បណ្ដាល​ឲ្យ​សត្វ​គោ​ក្របី​របស់​អ្នក​ភូមិ​ងាប់។

ឃុំ​ព្រែកមាស និង​ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ឋិត​នៅ​ទិស​ខាង​កើត​ឆៀង​ខាង​ជើង​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំដែន​កម្ពុជា-ឡាវ។ ពលរដ្ឋ​រស់នៅ​ឃុំ​នេះ ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ខិះ។

ករណី​នេះ​ដែរ មេ​ឃុំ​ព្រែកមាស លោក ផួង លន់ ទទួល​ស្គាល់​ថា អាកាសធាតុ​ក្តៅ​ខ្លាំង​បង្ក​ឲ្យ​កើត​មាន​គ្រោះ​រាំង​ស្ងួត បណ្ដាល​ឲ្យ​ក្របី​គោ​អ្នក​ភូមិ​ងាប់​ជា​បន្តបន្ទាប់។ តែ​យ៉ាង​ណា​លោក​ថា អាជ្ញាធរ​ឃុំ​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក​រួច​ហើយ ដើម្បី​អន្តរាគមន៍​សង្គ្រោះ៖ «ធនធាន​ទឹក​វា​អត់​មាន​តំបន់​នោះ ឆ្ងាយ​ពី​ទន្លេ មាន​តែ​ស្រះ​ទឹក​តូច»។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ពុំ​ទាន់​ទទួល​ដំណឹង​នេះ​ទេ។ លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​អន្តរាគមន៍​បន្ទាន់​ចំពោះ​ករណី​នេះ នៅ​ពេល​ទទួល​ព័ត៌មាន​នេះ។ លោក​ថា វិធានការ​ដំបូង អាជ្ញាធរ​ខេត្ត​នឹង​រក​មធ្យោបាយ​ទាញ​យក​ទឹក​ឲ្យ​សត្វ​ចិញ្ចឹម​អ្នក​ភូមិ​អាស្រ័យ​ផល​ជា​បន្ទាន់៖ «បើ​តំបន់​នោះ​ពិត​ជា​ខ្វះ​ទឹក​មែន យើង​នឹង​អន្តរាគមន៍​ជា​បន្ទាន់​តាម​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល។ យើង​នឹង​មើល​ស្ថានភាព​ជាក់ស្តែង ទី​១ បើ​តំបន់​នោះ​មាន​ស្រះ​ហើយ គឺ​យើង​នឹង​បូម​ទឹក​បញ្ជូន​ទៅ​ចូល​តាម​ស្រះ​ហ្នឹង»។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ផ្តល់​មតិ​ថា អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​រក​មធ្យោបាយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​អ្នក​ភូមិ​ជា​បន្ទាន់ ដើម្បី​សម្រាល​ទុក្ខ​លំបាក​ពលរដ្ឋ​ដែល​កំពុង​មាន​វិបត្តិ​ដោយ​គ្រោះ​រាំង​ស្ងួត។ លោក​ថា ទុក្ខ​កង្វល់​របស់​ពលរដ្ឋ គឺ​ជា​មូលដ្ឋាន​ចម្បង​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ដោះស្រាយ។ លោក ហូ សំអុល ចាត់​ទុក​បាតុភូត​គ្រោះ​រាំង​ស្ងួត ឬ​ការ​ប្រែប្រួល​អាកាសធាតុ អាច​បណ្ដាល​មក​ពី​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ៖ «ខ្ញុំ​គិត​ថា​អាច បើ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់ គាត់​អាច​ជួយ​សង្គ្រោះ​ទាន់»។

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន ពលរដ្ឋ​នៅ​ឃុំ​ព្រែកមាស ងាប់​គោ​ជាង ២០​ក្បាល និង​ក្របី​ជាង ៣០​ក្បាល ក្នុង​នោះ​ក្របី​ពលរដ្ឋ​ជាង ១០​ក្បាល​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​ក្នុង​ព្រៃ​រក​ពុំ​ទាន់​ឃើញ៕

No comments: