A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 April 2016

ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តំបន់​ធម្មជាតិ


ដោយ ដែន អយុធ្យា
2016-04-25

សហគមន៍​អេកូ​ទេសចរណ៍​ជីផាត ២០១៦ ៨៥៥
សមាជិក​ក្រុម​យុវជន​នគររាជ ជិះ​កង់​កម្សាន្ត​នៅ​តាម​ព្រៃ​ធម្មជាតិ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
 RFA/Den Ayuthyea



ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត និង​អាជ្ញាធរ​មូលដ្ឋាន​នេះ បង្ហាញ​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ព្រៃ​ធម្មជាតិ សត្វ​ព្រៃ ទឹក​ជ្រោះ ជ្រលង​ភ្នំ ព្រៃ​ឈើ និង​ផ្នូរ​កប់​សព​បន្សល់​ទុក​ពី​សម័យ​បុរាណ ជាដើម។

បច្ចុប្បន្ន ភ្ញៀវ​ទេសចរ​បរទេស​ទៅ​លេង​កម្សាន្ត​ចន្លោះ​ពី ២០០​នាក់​ទៅ​ជាង ៤០០​នាក់​ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៦ បាន​កើន​ឡើង​បើ​ប្រៀបធៀប​ឆ្នាំ​២០១៥។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ទស្សនា ឬ​ចូល​ទៅ​កម្សាន្ត​តំបន់​ទេសចរណ៍​ធម្មជាតិ​ជីផាត អាច​ធ្វើ​ដំណើរ​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៤៨ ត្រង់​ចំណុច​ស្ពាន​ថ្ម​ឆ្លង​ព្រែក ឃុំ​អណ្ដូងទឹក ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បត់​ចូល​តាម​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​តាម​ស្លាក​សញ្ញា​សម្គាល់ កាត់​តាម​ព្រៃ និង​ចម្ការ​អំពៅ​ប្រមាណ​ជិត ២០​គីឡូម៉ែត្រ។ ស្រប​គ្នា​នេះ ក៏​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ដោយ​ជិះ​ទូក​តាម​ព្រែក​មាន​ចម្ងាយ​ជិត ៣០​គីឡូម៉ែត្រ ដោយ​ប្រើ​ពេល​ជាង ២​ម៉ោង ទើប​ទៅ​ដល់​តំបន់​នោះ។



ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត ស្រុក​ថ្មបាំង លោក ព្រំ ហឹង្ស បាន​អធិប្បាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​តំបន់​នេះ​ភាគ​ច្រើន​ជា​ជន​បរទេស គឺ​មាន​ប្រមាណ ៨០​ភាគរយ។ ពួក​គេ​ចូល​ចិត្ត​ជិះ​កង់ ឬ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចូល​ទៅ​កម្សាន្ត​ក្នុង​ព្រៃ​ធម្មជាតិ មើល​សត្វ​ព្រៃ ងូត​ទឹក​ជ្រោះ មើល​រុក្ខជាតិ ឬ​ដើម​ឈើ​ធំៗ និង​ប្លែកៗ ទស្សនា​ល្អាង​បុរាណ ល្អាង​ប្រចៀវ និង​ទស្សនា​ផ្នូរ​កប់​ខ្មោច​បន្សល់​ទុក​ពី​សម័យ​បុរាណ ជាដើម។ លោក ព្រំ ហឹង្ស ឲ្យ​ដឹង​ទៀត​ថា សហគមន៍​នេះ​មាន​សេវាកម្ម​បម្រើ​ទេសចរ​ប្រមាណ​ជិត ១០​ប្រភេទ មាន​ដូចជា សេវា​ស្នាក់នៅ ហូប​ចុក ដឹក​ជញ្ជូន និង​ជូន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ក្នុង​ព្រៃ​ធម្មជាតិ ឬ​បោះ​ជំរំ​ស្នាក់នៅ​ក្នុង​ព្រៃ ជាដើម៖ «ជា​មធ្យម​សហគមន៍​ជីផាត គឺ​អាច​រក​ថវិកា​ពី​ការ​បម្រើ​សេវា​ទេសចរណ៍​បាន​ចំណូល​ចំនួន​ចាប់​ពី ១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក រហូត​ដល់ ១​ម៉ឺន ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។ ហើយ​ថវិកា​ចំនួន ២០​ភាគរយ គឺ​ជា​លុយ​ទុក​សម្រាប់​មូលនិធិ​ទ្រទ្រង់​សហគមន៍»។

ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត លោក ព្រំ ហឹង្ស បាន​បង្ហាញ​ពី​ទីតាំង​ដែល​មាន​សក្ដានុពល​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ នា​មូលដ្ឋាន​នេះ​មាន​ចំនួន ១៥​កន្លែង ហើយ​ភ្ញៀវ​ដែល​ចូល​មក​ទស្សនា​តំបន់​ជីផាត ភាគ​ច្រើន​បាន​ស្នាក់នៅ​រយៈពេល ៣​ថ្ងៃ។

ផ្ដើម​ពី​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​ដ៏​សម្បូរ​បែប​នេះ លោក ព្រំ ហឹង្ស បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍ និង​ជ្រើស​យក​តំបន់​អេកូ​ទេសចរណ៍​ជីផាត ដែល​មាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ សម្រាប់​ជម្រើស​កម្សាន្ត​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ៖ «យើង​មាន​ដំណើរ​កម្សាន្ត ១​ថ្ងៃ​វិល​វិញ។ គេង​តាម​ផ្លូវ​មួយ​យប់ ២​ថ្ងៃ និង​រហូត​ដល់​សម្រាក​ក្នុង​ព្រៃ​សហគមន៍ ៥​យប់ ៦​ថ្ងៃ ជាដើម។ ហើយ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ជាង​គេ ចាប់​ពី​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត គឺ​មាន​ចម្ងាយ​ផ្លូវ ២០០​គីឡូម៉ែត្រ។ ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​បរទេស គឺ​ពួក​គេ​ផ្ដោត​ទៅ​លើ​ការ​ទស្សនា​សត្វ​ព្រៃ ព្រៃ​ឈើ និង​វប្បធម៌​បុរាណ មាន​ពាង និង​ផ្នូរ​កប់​សព​មនុស្ស​សម័យ​បុរាណ ជាដើម»។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ធម្មជាតិ​ជីផាត កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៦ បាន​ចាត់​ទុក​ទីតាំង​នេះ​ថា​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ ហើយ​ពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នេះ​រួសរាយ​រាក់ទាក់​ចំពោះ​វត្តមាន​ភ្ញៀវ​ទេសចរ។

តំណាង​សមាជិក​ក្រុម​យុវជន​នគររាជ គឺ​យុវជន សារម្យ គុណ្ណាស័ក្តិ ហៅ ឌីជេ​អាចារ្យ​ធំ ដែល​បាន​ដឹក​នាំ​យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ៣០​នាក់ ចូល​ទៅ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​ជីផាត និង​នាំ​យក​សម្ភារៈ​សិក្សា​ចែក​ជូន​កុមារ​ក្រីក្រ​នៅ​សាលា​បឋម​សិក្សា​ឧបសម្ព័ន្ធ​អូរកី កាល​ពី​ចុង​ខែ​មីនា បង្ហាញ​ការ​ចាប់​អារម្មណ៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ចំណាយ​ពេលវេលា​ទៅ​កម្សាន្ត​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដើម្បី​ឲ្យ​ឃើញ​ការ​ពិត និង​កាត់​បន្ថយ​កង្វល់​ផ្សេងៗ៖ «ដើម្បី​បាន​ស្វែង​យល់​ពី​ស្ថានភាព​ទឹក​ដី​តំបន់​ជីផាត និង​ព្រៃ​ធម្មជាតិ ព្រម​ទាំង​សំណល់​បុរាណ​ពី​សម័យ​មុន។ ដូច្នេះ​សូម​ពុក​ម៉ែ​បង​ប្អូន​ទាំងអស់ បើ​សិន​ជា​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​តាម​បែប​ធម្មជាតិ សូម​ជ្រើសរើស​តំបន់​អេកូ​ទេសចរណ៍​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង ពិត​ជា​មិន​ខក​បំណង​ទេ»។


អ្នក​ចងក្រង​សៀវភៅ​មគ្គុទ្ទេសក៍​អាណាចក្រ​អង្គរ និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​ខេត្ត​សៀមរាប លោក ហែម សោភ័ន្ត ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


អ្នក​ចងក្រង​សៀវភៅ​មគ្គុទ្ទេសក៍​អាណាចក្រ​អង្គរ និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​ខេត្ត​សៀមរាប លោក ហែម សោភ័ន្ត ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ឃុំ​ជីផាត និង​មាន​បំណង​ស្រាវជ្រាវ​សំណល់​បុរាណ​នៅ​តំបន់​នោះ ឲ្យ​ដឹង​ថា ទីតាំង​នេះ​ពិត​ជា​មាន​បន្សល់​ទុក​សំណល់​បុរាណ​ជាច្រើន​ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្រាវជ្រាវ។ អ្នក​ចងក្រង​សៀវភៅ រៀបរាប់​អំពី​ប្រាសាទ​នានា​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​រូប​នេះ បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ជ្រើស​យក​តំបន់​អេកូ​ទេសចរណ៍​ជីផាត សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​បុរាណ​ច្រើន​ទៀត​របស់​ខ្លួន ព្រោះ​ទីតាំង​នេះ​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ និង​ជា​ទីតាំង​រស់នៅ​របស់​មនុស្ស​សម័យ​ដើម​ថែម​ទៀត៖ «តំបន់​នេះ​ក៏​សម្បូរ​ទៅ​ដោយ​វត្ថុ​បុរាណ​ច្រើន​ដែរ។ ដូច្នេះ​ខ្ញុំ​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​ចូលរួម​ថែ​រក្សា​សម្បត្តិ​វប្បធម៌​បុរាណ​ទាំងអស់​នេះ​ឲ្យ​បាន​គង់វង្ស​ទាំងអស់​គ្នា ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឬ​វិស័យ​ទេសចរណ៍​ឲ្យ​រីក​ចម្រើន​ច្រើន​ថែម​ទៀត»។

លោក ហែម សោភ័ន្ត មាន​មោទនភាព​ថា អ្នក​ភូមិ​រស់នៅ​សហគមន៍​ឃុំ​ជីផាត បាន​បង្ហាញ​ទឹក​មុខ​ស្វាគមន៍​រួសរាយ​រាក់ទាក់​ចំពោះ​វត្តមាន​របស់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ចូល​ទៅ​ដល់​តំបន់​នោះ។ លោក​ថា សេវា​បម្រើ​ផ្សេងៗ​ទាំង​ការ​ស្នាក់នៅ សេវា​ធ្វើ​ដំណើរ និង​សេវា​ចំណី​អាហារ​ជាដើម មាន​តម្លៃ​សមរម្យ និង​តំបន់​នេះ​អាជ្ញាធរ​រក្សា​ការពារ​មាន​សន្តិសុខ​ល្អ។

ចំណែក​យុវជន រាំង ខេមរៈ និង​កញ្ញា ចំប៉ី មាស រួម​ជាមួយ​ភ្ញៀវ​ទេសចរ​ជាតិ​ច្រើន​ទៀត​ដែល​ចូល​ទៅ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​ជីផាត បាន​និយាយ​អួត​ថា ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ បើ​សិន​ជា​មិន​បាន​មក​ទស្សនា​ព្រៃ​ប្រឹក្សា ជ្រោះ ជ្រលង​ដង​អូរ សត្វ​ព្រៃ និង​សំណល់​បុរាណ​ជាដើម​ដល់​ទីតាំង​នេះ​ទេ ទំនង​អាច​មិន​ជឿ​ថា តំបន់​នេះ​គ្មាន​អ្វី​អស្ចារ្យ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​បាន​មក​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង​ដល់​ទីតាំង​នេះ នឹង​ភ្ញាក់​ផ្អើល ហើយ​ដក់​ជាប់​ក្នុង​អារម្មណ៍​គ្រប់​ពេលវេលា៖ «អ្វី​ជា​សំណល់​សល់​ពី​បុរាណ សូម​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​ចូលរួម​ថែ​រក្សា​ឲ្យ​បាន​ទាំងអស់​គ្នា ដោយ​មិន​ត្រូវ​មាន​គំនិត​នាំ​យក​ចេញ​ពី​តំបន់​ព្រៃ​ភ្នំ​អេកូ​ទេសចរណ៍​ជីផាត យក​ទៅ​ទុក​ជា​វត្ថុ​អនុស្សាវរីយ៍​តាម​ខ្លួន​នោះ​ទេ។ ត្រូវ​ជួយ​ថែ​រក្សា​ឲ្យ​នៅ​ទីតាំង​ដើម និង​ទុក​ជូន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​តំបន់​នេះ​នា​ពេល​ខាង​មុខ បាន​ទស្សនា ហើយ​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ អាច​មាន​ការងារ​ធ្វើ និង​រក​ប្រាក់​ចំណូល​ពី​សេវា​បម្រើ​វិស័យ​ទេសចរណ៍ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ»។

បន្ថែម​លើ​នេះ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ធានា​អះអាង​ថា មូលដ្ឋាន​នេះ​មាន​សន្តិសុខ​សុវត្ថិភាព​ទាំង​យប់​ទាំង​ថ្ងៃ​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​ដល់​តំបន់​នេះ ព្រោះ​គ្មាន​សកម្មភាព​ឆក់​ប្លន់ ឬ​ក្មេង​ទំនើង​បង្ក​ការ​អុកឡុក នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​នោះ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជីផាត ស្រុក​ថ្មបាំង លោក អ៊ុយ អៃ អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​តំបន់​ដាច់ស្រយាល​នៅ​កណ្ដាល​ព្រៃ​ភ្នំ​មួយ​នេះ ឲ្យ​បាន​ច្រើន​ថែម​ទៀត សម្រាប់​ជម្រើស​កម្សាន្ត​ក្នុង​ក្រុម​គ្រួសារ​នីមួយៗ​នា​ថ្ងៃ​អនាគត៖ «តំបន់​នេះ​មាន​ព្រៃ​ធម្មជាតិ វាល​ស្មៅ​តូច​ធំ ទឹក​ជ្រោះ និង​មាន​ផ្នូរ​កប់​សព ព្រម​ទាំង​ពាង​បុរាណ​មាន​អាយុកាល​ជាង ៥០០​ឆ្នាំ​មុន​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា។ ដូច្នេះ សូម​អញ្ជើញ​មក​កម្សាន្ត​តំបន់​ព្រៃ​ធម្មជាតិ​នា​ឃុំ​ជីផាត ឲ្យ​បាន​ច្រើន​កុះករ»។

ដូច​គ្នា​ដែរ នាយក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជីផាត ស្រុក​ថ្មបាំង លោក ប៊ុត ពែង មាន​ប្រសាសន៍​ថា មូលដ្ឋាន​នេះ​មិន​មាន​ចោរកម្ម​ឆក់​ប្លន់ ឬ​ក្មេង​ពាល​បង្ក​អសន្តិសុខ​នោះ​ទេ ហើយ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា និង​បោះ​តង់​សម្រាក​នៅ​ក្នុង​ព្រៃ​ធម្មជាតិ ឬ​ស្នាក់នៅ​តាម​ផ្ទះ​សហគមន៍ ជាដើម មាន​ភាព​កក់ក្តៅ​ដោយ​គ្មាន​បទល្មើស​អ្វី​មួយ​កើត​ឡើង នាំ​ឲ្យ​រំខាន​អារម្មណ៍​ភ្ញៀវ​ទេសចរ​ទេ​កន្លង​មក។ នាយក​ប៉ុស្តិ៍​ឃុំ​ជីផាត លោក ប៊ុត ពែង អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ឲ្យ​ជ្រើស​យក​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ជីផាត សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កន្លង​មក​នេះ បាន​គាំទ្រ​ការ​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​សហគមន៍​ឃុំ​ជីផាត ថា​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។ លោក​បន្ត​ថា សហគមន៍​ជីផាត ពិត​ជា​មាន​សក្ដានុពល​ធម្មជាតិ​ខ្ពស់​ដែល​គេ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​ទៅ​ទស្សនា​តំបន់​នោះ​បាន​ច្រើន​នា​ថ្ងៃ​អនាគត ហើយ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​កំពុង​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ពី​សេវា​បម្រើ​ភ្ញៀវ​ទេសចរ។

ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នេះ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ជីផាត ក៏​បាន​លើក​ឡើង​ពី​ការ​លំបាក​ខ្លះៗ​ដែល​កំពុង​ជួប​ប្រទះ គឺ​មូលដ្ឋាន​នេះ​មិន​ទាន់​មាន​ផ្លូវ​ថ្នល់​ចូល​ទៅ​ដល់​តំបន់​ទេសចរណ៍​នីមួយៗ ជាពិសេស​ខ្វះ​ស្ពាន​ឆ្លង​ព្រែក អូរ ឬ​ជ្រោះ ជាដើម ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ស្ថាបនា។

តំបន់​អេកូ​ទេសចរណ៍​ជីផាត បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​៤ ដល់​ចំណុច​ផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ខាង​ស្តាំ​ដៃ មាន​ចម្ងាយ​ប្រមាណ ១៨០​គីឡូម៉ែត្រ៕

No comments: