A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 April 2016

ពលករ​ខ្មែរ​រាប់​ពាន់​នាក់​សម្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​របៀង


ដោយ ហ៊ុំ ចំរើន
2016-04-25 rfa

ពលករ បន្ទាយមានជ័យ ២០១៦ ៨៥៥
ពលករ​ខ្មែរ​រង់ចាំ​ឆ្លង​ទៅ​ប្រទេស​ថៃ នៅ​ច្រក​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
 Photo Provided



ពលករ​ខ្មែរ​រាប់​ពាន់​នាក់​សម្រុក​ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង កើត​មាន​រៀង​រាល់​ថ្ងៃ គឺ​បន្ទាប់​ពី​ពួក​គេ​មក​លេង​ស្រុក​កំណើត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ អង្គការ​សង្គម​ស៊ីវិល កំពុង​ព្រួយ​បារម្ភ​ក្រែង​ពួក​គេ​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដល់​អាយុ​ជីវិត ដោយសារ​ពលករ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ព្រំដែន​កម្ពុជា-ថៃ ទប់ស្កាត់​កុំ​ឲ្យ​ពលករ​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយប្រថាន​ខុស​ច្បាប់​បន្ត​ទៅ​ទៀត។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ពី​ថ្ងៃ​ទី​១៧ មេសា រហូត​មក ពលករ​ខ្មែរ​នាំ​គ្នា​សម្រុក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់​ដោយ​គ្មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ។ លោក​អះអាង​ថា ពលករ​ធ្វើ​ចំណាក​ស្រុក​ភាគ​ច្រើន​តាម​ច្រក​បឹងបេង ស្រុក​ម៉ាឡៃ និង​ច្រក​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ហើយ​ពួក​គេ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ តាម​រយៈ​មេ​ខ្យល់​ម្នាក់​ប្រមាណ​ពី ៣០​ម៉ឺន​ទៅ ៥០​ម៉ឺន​រៀល៖ «ប្រជាពលរដ្ឋ​ចេញ​ទៅ​ប្រទេស​ថៃ ដូច​ស្រមោច។ អ៊ីចឹង​ខ្ញុំ​សូម​ឲ្យ​សមត្ថកិច្ច​កុំ​បណ្ដោយ​ឲ្យ​ពួក​គាត់​ចេញ​ទៅ​ថៃ បែប​នេះ​អី ពីព្រោះ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​ពួក​គាត់​ខ្លាំង​ណាស់»។



ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​អូរបីជាន់ ស្រុក​អូរជ្រៅ គឺ​កញ្ញា នី សានិត ថ្លែង​ថា​ពលករ​ខ្មែរ​មក​ពី​តាម​បណ្ដា​ខេត្ត​រាប់​រយ​នាក់ នាំ​គ្នា​ដេក​ក្រោម​ដើម​ឈើ​តាម​មាត់​អូរ​ព្រំដែន​ក្បែរ​ច្រក​របៀង​អូរបីជាន់ ដើម្បី​រង់ចាំ​មេ​ខ្យល់​នាំ​ពួក​គេ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។ កញ្ញា​អះអាង​ថា ពលករ​ខ្លះ​បាន​មក​ស្នាក់នៅ​ប្រមាណ​មួយ​សប្ដាហ៍​ហើយ មិន​ទាន់​បាន​ចេញ​ទៅ​ប្រទេស​ថៃ នៅ​ឡើយ ហើយ​ថា ពលករ​មួយ​ចំនួន​បាន​ប្រាប់​កញ្ញា​ថា ពួក​គេ​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយប្រថាន​ដោយ​ខុស​ច្បាប់៖ «ខ្ញុំ​សួរ​ទៅ​ពួក​គាត់​ថា​មេ​ខ្យល់​មិន​ទាន់​មក​ទទួល បាន​ជា​នាំ​គ្នា​ដេក​ក្នុង​ព្រៃ​សិន។ ចំណែក​អ្នក​ដែល​មាន​លិខិត​ឆ្លង​ដែន គេ​បាន​ចេញ​ទៅ​មុន​អស់​ហើយ»។

ពលករ​ខ្មែរ បន្ទាយមានជ័យ ២០១៦ ៨៥៥
ពលករ​ខ្មែរ​នៅ​ទឹក​ដី​ថៃ ច្រក​តាផ្យ៉ា របស់​ថៃ ជាប់​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​រង​សេនាធិការ​ទាហាន​ភូមិ​៥ ប្រចាំ​ការ​នៅ​ជាយដែន​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ថា ក្រោយ​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច គឺ​ពុំ​មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​ខុស​ច្បាប់ ដូច​ការ​លើក​ឡើង​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​ប្រជាពលរដ្ឋ​ឡើយ។ លោក​អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ទាហាន​ភូមិ​៥ បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​យ៉ាង​តឹងតែង​ទាំង​យប់​ថ្ងៃ មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់​នោះ​ឡើយ។ លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​ដាក់​គុក​ច្រវាក់​ទៀត​ផង៖ «បាទ! យើង​ចាប់​ផ្ដើម​ចុះ​ត្រួត​ពិនិត្យ​តាម​ព្រំដែន​ជា​បន្តបន្ទាប់ ហើយ​បើ​ឃើញ​មាន​ពលករ យើង​នឹង​ហាម​ឃាត់​គាត់​ភ្លាម»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា ចាត់​ទុក​ការ​ឆ្លើយ​បដិសេធ​របស់​នាយ​រង​សេនាធិការ​ភូមិ​ភាគ​៥ ថា​ជា​លេស​មួយ​ដើម្បី​ដោះសា​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថកិច្ច​ប៉ុណ្ណោះ៖ «បាទ! ខ្ញុំ​មិន​មែន​ឮ​គេ​ថា​ទេ គឺ​ខ្ញុំ​ឃើញ​ពលរដ្ឋ​នៅ​រង់ចាំ​គ្នា​នៅ​តាម​ដើម​ឈើ​នៅ​ច្រក​អូរបីជាន់ ច្រើន​ណាស់ ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រទេស​ថៃ»។

ពលករ​ធ្វើ​ចំណាក​ស្រុក​ពុំ​មែន​មាន​តែ​នៅ​ច្រក​របៀង​ខេត្ត​បន្ទាយមានជ័យ ប៉ុណ្ណោះ​ទេ​នៅ​ច្រក​ព្រំដែន​ខេត្ត​បាត់ដំបង ក៏​មាន​ពលករ​ចេញ​ទៅ​ប្រទេស​ថៃ ដូច​គ្នា។

អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង គឺ​លោក ប្រាក់ ថន អះអាង​ថា ពលករ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុង​មួយ​ថ្ងៃ​ប្រមាណ ៣​ពាន់​នាក់។ លោក​បន្ថែម​ថា ពលករ​ចូល​ទៅ​ប្រទេស​ថៃ ភាគ​ច្រើន​ក្នុង​រូបភាព​ទិញ​សំបុត្រ​ឆ្លង​ដែន​ម្នាក់​ប្រមាណ ១០០​បាត ឬ​ប្រមាណ ១​ម៉ឺន ២​ពាន់​រៀល ហើយ​ចេញ​ទៅ​ធ្វើ​ការ​តាម​រយៈ​មេ​ខ្យល់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ជាប់​ទីក្រុង​បាងកក៖ «បាទ! ពលករ​ចេញ​ទៅ​ថៃ ដូច​ទឹក​បាក់​ទំនប់​អ៊ីចឹង គឺ​ដឹក​តាម​ឡាន​តូច​ក៏​មាន ឡាន​ធំ​ក៏​មាន​ដែរ​ច្រើន​ណាស់ ហើយ​មក​ពី​គ្រប់​ទិសទី​ក្នុង​ប្រទេស​តែ​ម្ដង»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ដូង ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ មេសា។

ទោះ​បី​ជា​យ៉ាង​ណា ពលករ​ភាគ​ច្រើន ពួក​គេ​មិន​ចង់​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​នោះ​ទេ ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស។ ម្យ៉ាង​ទៀត ពួក​គេ​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន​ដែល​មាន​តម្លៃ​ខ្ពស់ និង​ពិបាក​ធ្វើ​ទិដ្ឋាការ​សម្រាប់​ធ្វើ​ការងារ​ស្រប​ច្បាប់​ជាដើម។ ប្រហែល​ជា​ដោយសារ​បញ្ហា​ទាំង​នេះ​ហើយ ដែល​ជា​ឧបសគ្គ​សំខាន់​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។

លោក ស៊ុំ ច័ន្ទគា ពន្យល់​ថា កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក ដោយសារ​ពួក​គេ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ហើយ​បើ​ទោះ​ជា​ពួក​គាត់​ដឹង​ថា ការ​ធ្វើ​ចំណាក​ស្រុក​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ក៏ដោយ ក៏ប៉ុន្តែ​ពលករ​ខ្មែរ​ក៏​នៅ​តែ​បន្ត​ចេញ​ទៅ​ប្រទេស​ថៃ រៀង​រាល់​ឆ្នាំ។ លោក​បន្ថែម​ថា នៅ​ច្រក​របៀង​អូរបីជាន់ ស្រុក​អូរជ្រៅ ពលករ​ចេញ​ទៅ​ប្រទេស​ថៃ យ៉ាង​ហោច​ណាស់​ប្រមាណ ៥០០​នាក់​ក្នុង​មួយ​ថ្ងៃ។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​នៅ​ឆ្នាំ​២០១៥ មាន​ប្រហែល ១​លាន​នាក់។ លោក​ពន្យល់​ថា ពលករ​ធ្វើ​ចំណាក​ស្រុក​ច្រើន​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយសារ​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ជាពិសេស គឺ​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម៕

No comments: