A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 April 2016

ប៉ូលិស​ស្រុក​អន្លង់វែង​ចាប់​ព្រាន​ព្រៃ​២​នាក់​ដែល​បាញ់​សម្លាប់​សត្វ​ទន្សោង​១​ក្បាល​ទម្ងន់​ជាង​១​តោន


ដោយ ហង្ស សាវយុត
2016-04-25  rfa


សត្វ​ទន្សោង ២០១៦ ៨៥៥
សាកសព​សត្វ​ទន្សោង​ដែល​គេ​បាញ់ ហើយ​ប្រលេះ​យក​សាច់​អស់ ឋិត​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។ រូបថត​ដោយ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត
 រូបថត​ដោយ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត


ប៉ូលិស​ស្រុក​អន្លង់វែង បាន​បញ្ជូន​ខ្លួន​ព្រាន​ព្រៃ​ចំនួន ២​នាក់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ។ ការ​បញ្ជូន​ខ្លួន​ព្រាន​ព្រៃ​ទាំង​ពីរ​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី ៣​ថ្ងៃ​មុន ព្រាន​ព្រៃ​ចំនួន ៦​នាក់​ប្រដាប់​ដោយ​អាវុធ ៤​ដើម បាន​លួច​ចូល​ទៅ​បរបាញ់​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ហើយ​បាន​សម្លាប់​សត្វ​ទន្សោង ១​ក្បាល​ទម្ងន់​ជាង ១​តោន រួច​វះ​យក​សាច់​ចែក​គ្នា។

ព្រះសង្ឃ​មួយ​អង្គ​ដែល​ជា​អ្នក​គ្រប់គ្រង និង​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន្ត នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​នេះ ផ្ដន្ទាទោស​បុរស ២​នាក់​ដែល​ជា​ព្រាន​ព្រៃ​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ឲ្យ​រាង​ចាល និង​បញ្ឈប់​សកម្មភាព​បរបាញ់​សត្វ​ព្រៃ​ត​ទៅ​ទៀត។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ទាំង​ពីរ​នាក់​នោះ ព្រម​ទាំង​បក្ខពួក ៤​នាក់​ទៀត បាន​លួច​ចូល​ទៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍ ហើយ​បាន​បាញ់​សម្លាប់​សត្វ​ទន្សោង ១​ក្បាល​ទម្ងន់​ជាង ១​តោន រួច​ហើយ​ពួក​គេ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា កន្លង​ទៅ។



ប្រធាន​សហគមន៍​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត គឺ​ព្រះ​ភិក្ខុ ប៊ុន សាលួត។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា កាល​ពី ៣​ថ្ងៃ​មុន មាន​បុរស ៣​នាក់​នៅ​ភូមិ​គោកសំព័រ ឃុំ​លំទង នៃ​ស្រុក​អន្លង់វែង និង​បក្ខពួក ៣​នាក់​ទៀត បាន​លួច​ចូល​ទៅ​បរបាញ់​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​ព្រះអង្គ។ បុរស​ទាំង​នោះ បាន​បាញ់​សម្លាប់​សត្វ​ទន្សោង ១​ក្បាល​ទម្ងន់​ជាង ១​តោន ហើយ​វះ​យក​សាច់​ចែក​គ្នា។ ភ្លាមៗ​ដែរ ព្រះអង្គ​បាន​ទទួល​ព័ត៌មាន​អំពី​រឿង​សម្លាប់​សត្វ​ព្រៃ​នោះ ហើយ​ក៏​ប្ដឹង​ទៅ​ប៉ូលិស​រដ្ឋបាល​ប៉ុស្តិ៍​ត្រពាំង​តាវ និង​ប៉ូលិស​ការពារ​ព្រំដែន​វរ​៩០៥ ចុះ​ទៅ​ដល់​ផ្ទះ ហើយ​ចាប់​ខ្លួន​ជន​ប្រព្រឹត្តិ​បាន ២​នាក់ ម្នាក់​ឈ្មោះ សារិ វឿង និង​ម្នាក់​ទៀត​ឈ្មោះ ពេត ឆៃយា។ ចំណែក​អ្នក​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​សត្វ​នោះ​ឈ្មោះ នួន ហល់ បាន​រត់​ចុះ​ពី​លើ​ផ្ទះ​គេច​ខ្លួន​រួច។

ព្រះ​ភិក្ខុ ប៊ុន សាលួត មាន​ថេរ​ដីកា​ទៀត​ថា សត្វ​ទន្សោង គឺ​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ទៅ​ហើយ ដោយសារ​តែ​នៅ​តាម​តំបន់​ជាច្រើន​នៃ​ប្រទេស​កម្ពុជា បាត់បង់​ព្រៃ​ឈើ​ដែល​ជា​ទី​ជម្រក​របស់​វា។ បច្ចុប្បន្ន សត្វ​ប្រភេទ​នេះ​មាន​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ប្រហែល​មិន​ដល់ ១០០​ក្បាល​ទេ៖ «អាត្មា​ក៏​សំណូមពរ​ទៅ​ដល់​ព្រះរាជអាជ្ញា​ដែរ គឺ​ឲ្យ​ផ្ដន្ទាទោស​ទៅ​តាម កុំ​ឲ្យ​អ្នក​ក្រោយ​ចេះ​តែ​ហ៊ាន​សម្លាប់​សត្វ​ព្រៃ​ទៀត»។

ទោះ​បី​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ព្រាន​ព្រៃ​ទាំង​ពីរ​នាក់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា។

មេ​បញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​វរ​លេខ​៩០៥ លោក ស៊ុំ សារឿន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា​មាន​ការ​សម្លាប់​សត្វ​ទន្សោង គឺ​កម្លាំង​របស់​លោក បាន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​តាវ ចុះ​ចាប់​ខ្លួន​ព្រាន​ព្រៃ​ទាំង​នោះ​បាន ២​នាក់៖ «ទៅ​ដល់​ឃើញ​តែ​គ្រោង​ឆ្អឹង វា​ប្រលេះ​សាច់​យក​អស់ ហើយ​ខ្ញុំ​បាន​បទបញ្ជា​ពី​ថ្នាក់​លើ​មក កម្លាំង​ខ្ញុំ​ក៏​សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​អន្លង់វែង ចុះ​ចាប់​ខ្លួន​ជន​ល្មើស»។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​គាំទ្រ​ចំពោះ​សមត្ថកិច្ច​ដែល​ចាប់​ខ្លួន​អ្នក​បាញ់​សម្លាប់​សត្វ​ព្រៃ បញ្ជូន​ឲ្យ​តុលាការ​ផ្ដន្ទាទោស​នេះ។

ព្រះ​ភិក្ខុ ប៊ុន សាលួត ឲ្យ​ដឹង​ថា នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ដែល​មាន​ទំហំ​ជាង ១​ម៉ឺន ៨​ពាន់​ហិកតារ បច្ចុប្បន្ន​មាន​សត្វ​ព្រៃ​ចតុប្បាទ និង​សត្វ​ស្លាប​រស់នៅ​ប្រមាណ ១០០​ប្រភេទ។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ព្រាន​ព្រៃ​បាន​លួច​សម្លាប់​សត្វ​ទន្សោង បន្ទាប់​ពី​ជាង ១​ខែ​មុន ព្រាន​ព្រៃ​ធ្លាប់​បាន​បាញ់​សម្លាប់​សត្វ​ទន្សោង​ធំ ១​ក្បាល​ក្នុង​ព្រៃ​សង្ឃ​រុក្ខ​វ័ន្ត​ដដែល​នេះ៕

No comments: