A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

ទស្សនៈ​ពលរដ្ឋ​​ជុំវិញ​ការ​ចាប់​ខ្លួន​​តំណាងរាស្ត្រ អ៊ុំ សំអាន

ទស្សនៈ​ពលរដ្ឋ​​ជុំវិញ​ការ​ចាប់​ខ្លួន​​តំណាងរាស្ត្រ អ៊ុំ សំអាន
ដោយ ថា កិត្យា
2016-04-14

អ៊ុំ សំអាន ៦២០
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (អាវ​ខ្មៅ) សួរ​អំពី​ផែនទី​ដែល​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang


រឿង​ចោទប្រកាន់ និង​ឃុំ​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស ទាំង​ផ្លូវ​ច្បាប់ ទាំង​ទិដ្ឋភាព​នយោបាយ។ ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន បាន​បញ្ចេញ​ទស្សនៈ​ផ្សេង​គ្នា ប៉ុន្តែ​ភាគ​ច្រើន​សម្ដែង​ការ​សោកស្ដាយ និង​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះលែង​តំណាងរាស្ត្រ​រូប​នោះ​វិញ​ជា​បន្ទាន់។

ក្រោយ​ពី​បាន​សាកសួរ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ទោះបីជា​អ្នក​ខ្លះ​បាន​ដឹង​ព័ត៌មាន និង​អ្នក​ខ្លះ​ទៀត​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​ស្ដីពី​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ក្តី ក៏​ពួកគាត់​បញ្ចេញ​ទស្សនៈ​ថា ការ​ចាប់​ខ្លួន​នោះ ពុំ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់ និង​ជា​គំរាមកំហែង​ផ្នែក​នយោបាយ ដោយសារ​ឃើញ​គំរូ​ជា​ច្រើន​ស្រាប់​ទៅ​ហើយ។

អាជីវករ​លក់​អង្ករ​ម្នាក់​ដែល​តាមដាន​ស្ដាប់​ព័ត៌មាន​រាល់​ថ្ងៃ​នោះ លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នោះ គឺ​ពិត​ជា​មិន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ឡើយ៖ «ប៉ះពាល់​ដល់​សិទ្ធិមនុស្ស ប៉ះពាល់​សិទ្ធិ​តំណាងរាស្ត្រ ព្រោះ​សិទ្ធិ​តំណាងរាស្ត្រ មុន​នឹង​ចាប់​ត្រូវ​ដក​អភ័យឯកសិទ្ធិ ទើប​ចាប់​បាន។ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ណាស់ ព្រោះ​តំណាងរាស្ត្រ​ទៅ​ហើយ​នៅ​គេ​ចាប់ ចុះ​ទម្រាំ​ប្រជាពលរដ្ឋ​វិញ​នោះ?»។

​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ បុរស​ម្នាក់​ទៀត​រស់​នៅ​សង្កាត់​ស្ទឹងមានជ័យ ដែល​អះអាង​ថា បាន​ហែល​ឆ្លង​កាត់​ជា​ច្រើន​របប​ដឹកនាំ​មក​ហើយ​នោះ ថា​សង្គម​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខុស​គេ ដែល​មាន​ទាំង​ការ​វាយ​ដំ​តំណាងរាស្ត្រ មាន​ទាំង​ការ​ចាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដាក់គុក​ជា​បន្តបន្ទាប់។



លោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក អ៊ុំ សំអាន ឲ្យ​មាន​សេរីភាព​វិញ៖ «ការ​ចាប់​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​នេះ គឺ​យើង​ជា​ប្រជាពលរដ្ឋ​មាន​ការ​សោកស្ដាយ​ណាស់ ចំពោះ​តំណាងរាស្ត្រ​គួរ​ឲ្យ​គោរព កោត​សរសើរ បែរ​ទៅ​ជាប់​គុក​ដោយសារ​រឿង​ព្រំដែន​ទៅ​វិញ។ ប្រសិនបើ​នៅ​ប្រទេស​ដទៃ​ទៀត មនុស្ស​ដែល​មាន​មនសិការ​ជាតិ ដូចជា​ព្រំដែន គេ​ចាត់​ទុក​ជា​ឥស្សរជន»។

​រី​ឯ​អាជីវករ​លក់​ផ្លែឈើ​នៅ​តាម​ដង​ផ្លូវ​ម្នាក់​ទៀត ថា​មិន​ទាន់​ដឹង​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ដោយសារ​ឃើញ​សកម្មភាព​របស់​រដ្ឋាភិបាល​ដែល​តែង​គាបសង្កត់​បក្ស​ប្រឆាំង​កន្លង​មក អ្នកស្រី​យល់​ថា ការ​ចាប់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី និង​ព្រំដែន​នេះ គឺ​ជា​ការ​គំរាម​កំហែង​ស្មារតី​ទាំង​អ្នក​នយោបាយ ទាំង​ប្រជាពលរដ្ឋ៖ «វា​ជា​ការ​បិទ​មិន​ឲ្យ​យើង​ហារ​ស្ដី​រឿង​ពិត»។

​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ហាក់​ពុំ​សូវ​បាន​ដឹង​ព័ត៌មាន​ស្តីពី​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ឡើយ ដោយសារ​រវល់​ប្រកប​រប​រក​ស៊ី​ប្រចាំថ្ងៃ​ចាប់​ពី​ព្រលឹម​ទល់​ព្រលប់ ឬ​ពី​យប់​ទល់​ព្រឹក​ក៏​មាន។

អ្នក​រត់​ម៉ូតូឌុប​នៅ​ម្តុំ​ពេទ្យ​រុស្ស៊ី មួយ​រូប​ថា លោក​មិន​សូវ​ខ្វល់​រឿង​ព័ត៌មាន​របស់​អ្នក​នយោបាយ​ឡើយ ព្រោះ​អ្នក​នយោបាយ​ស្រុក​ខ្មែរ ភាគ​ច្រើន​សុទ្ធតែ​បោកប្រាស់​ប្រជាពលរដ្ឋ៖ «យើង​ប្រជាជន វិល​តាម​អ្នក​នយោបាយ ជួនកាល​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន ថ្ងៃ​ក្រោយ​គេ​អាច​ត្រូវ​គ្នា​វិញ»។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៦៣​រូប បាន​បើក​កិច្ច​ប្រជុំ​សភា​ពេញអង្គ​បន្ទាន់​មួយ ដើម្បី​បោះឆ្នោត​បើក​ផ្លូវ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច បន្ត​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ដោយ​គ្មាន​វត្តមាន​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ។

កាយវិការ​របស់​រដ្ឋ​សភា​នេះ ត្រូវ​បាន​ពលរដ្ឋ​ម្នាក់​ទៀត កំពុង​អង្គុយ​លើ​អង្រឹង​បរិយាយ​ថា គឺ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ជា​រឿ​នយោបាយ និង​ធ្វើ​ឡើង​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន។ លោក​ថា ប្រសិនបើ​តំណាងរាស្ត្រ​ត្រូវ​បាន​ចាប់​ចង​ស្រេច​តែ​ចិត្ត​យ៉ាង​នេះ គឺ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​ពី​អភ័យឯកសិទ្ធិ​ការពារ​តំណាងរាស្ត្រ​នោះ លែង​មាន​ន័យ​ទៀត​ហើយ៖ «អ្នក​ខ្លះ​គេ​ដឹង​រឿង​ផែនទី តែ​គេ​មិន​និយាយ សម័យ​នេះ​តែ​និយាយ​ដាច់​ក្បាល។ លោក ហ៊ុន សែន ធ្វើ​មិន​ត្រូវ​ទេ»។

​កំពុង​អង្គុយ​លក់​បន្លែ​ផ្លែឈើ​នៅ​ផ្សារ​ដើមគរ ស្ត្រី​ម្នាក់​ដែល​ស្គាល់​លោក អ៊ុំ សំអាន ច្បាស់ តាមរយៈ​សកម្មភាព​ចុះ​មើល​ព្រំដែន និង​ហ៊ាន​តតាំង​ជាមួយ​រដ្ឋាភិបាល រឿង​ប្រើប្រាស់​ផែនទី​មិន​ញញើតញញើម​នោះ​ថា រដ្ឋាភិបាល​គួរ​តែ​ដោះលែង​លោក អ៊ុំ សំអាន វិញ ព្រោះ​លោក​ជា​តំណាងរាស្ត្រ​គួរ​ឲ្យ​គោរព​កោត​សរសើរ ដែល​បាន​ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ៖ «យើង​អាណិត​គាត់ ដែល​ខំ​តស៊ូ​ដើម្បី​ជាតិ ប្រជាជន»។

​ក្នុង​ចំណោម​មនុស្ស​ដែល​សាកសួរ មិន​មាន​អ្នក​ណា​ម្នាក់​គាំទ្រ​ទេ តែ​ទោះ​យ៉ាង​ណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ថា ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន គឺ​យោង​តាម​បទល្មើស​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ផែនទី តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​លោក ហ៊ុន សែន អះអាង​ថា ជា​ផែនទី​ក្លែងក្លាយ។ លោក ហ៊ុន សែន ថា សកម្មភាព​របស់​លោក អ៊ុំ សំអាន ពុំ​បាន​ការពារ​ផលប្រយោជន៍​ជាតិ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​ញុះញង់ និង​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ជាមួយ​ប្រទេស​ជិត​ខាង។

ចំពោះ​អង្គការ​សង្គម​ស៊ីវិល​វិញ យល់​ថា ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ផ្សេង​ទៀត និង​អ្នក​ណា​ដែល​ហ៊ាន​និយាយ​ពី​បញ្ហា​ផែនទី និង​ព្រំដែន ពិសេស​ជាមួយ​ប្រទេស​វៀតណាម។ ពួកគេ​ថា ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នេះ គឺជា​ការ​កាត់​ក្បាល​តម្រូវ​មួក មាន​ន័យ​ថា ចាប់​មនុស្ស​ជា​មុន ហើយ​រក​នឹក​ករណី​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ជា​ក្រោយ​ដើម្បី​ឲ្យ​ស៊ី​គ្នា។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​ចោទប្រកាន់​ក្រោម​បទ​ចោទ​ញុះញង់ នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា។

លោក អ៊ុំ សំអាន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម៉ោង​ជាង ១២​យប់​ថ្ងៃ​អាទិត្យ ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា បន្ទាប់ពី​លោក​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក មក​ដល់​ខេត្ត​សៀមរាប។ គិត​មក​ដល់​ពេល​នេះ ទាំង​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ សរុប ១៦​នាក់​ហើយ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ៕

No comments: