A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

សហគមន៍​ខ្មែរ​នៅ​អាមេរិកាំង​និង​កាណាដា​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង លោក ហ៊ុន ម៉ាណែត


ដោយ តាំង​ សារ៉ាដា
2016-04-15

ហ៊ុន ម៉ាណែត ៨៥៥ ២០១៥
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Brach Chev


ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាជូសេត (Massachusetts) គ្រោង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ​ទី​១៧ ខែមេសា ខាងមុខ។ តំណាង​សហគមន៍​ខ្មែរ​នៅ​ទីនោះ​អះអាង ថា​ពួកគេ​មិន​ស្វាគមន៍​ដាច់ខាត ចំពោះ​វត្តមាន​របស់លោក ហ៊ុន ម៉ាណែត ក្នុង​សហគមន៍​របស់​ពួកគេ​នោះ ខណៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​កំពុង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

សកម្មជន​សហគមន៍​ខ្មែរ-អាមេរិកាំង​ក្នុង​ក្រុង​ឡូវែល ព្រមាន​ថា យ៉ាងហោចណាស់​មាន​ពល​រដ្ឋ​ខ្មែរ​ប្រមាណ​ពី​២​រយ ទៅ​៣​រយ​នាក់ នឹងធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់លោក ហ៊ុន ម៉ាណែត នៅមុខ​ភោជនីយដ្ឋាន​ប៉ៃលិន ជាទី​ដែល​កូនប្រុស របស់លោក ហ៊ុន សែន រូប​នេះ​គ្រោង​ជួប​ជាមួយ​ក្រុម​សកម្មជន​របស់​ខ្លួន។

អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល និង​ជា​សកម្មជន សហគមន៍​ខ្មែរ លោក អ៊ុង រិទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក ហ៊ុន ម៉ាណែត គឺជា​អវតា ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល ជា​សញ្ញា​នៃ​ការបំបែកបំបាក់​សាមគ្គីភាព និង​ភាព​សុខដុមរមនា របស់​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស៖ «ជាទូទៅ​គេ​ធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នេះ​ព្រោះថា វត្តមាន​របស់​លោក​សព្វ​ថ្ងៃ​ធ្វើ​ឲ្យ​ប្រេះឆា​ជាច្រើន នៅ​ក្នុង​សហគមន៍​ខ្មែរ។ មុននឹង​លោក ហ៊ុន ម៉ាណែត ឬ គណបក្ស​ប្រជាជន​កម្ពុជា​ចូលមក សហរដ្ឋអាមេរិក​នេះ គឺ​សហគមន៍​ខ្មែរ​កាលណោះ​រស់នៅ​បាន សុខសាន្ត​ណាស់​ហើយ​មានការ​រៀបចំ​ពង្រឹង​សាសនា ពង្រឹង​វប្បធម៌ និង​ពង្រឹង​ប្រពៃណីជាតិ​បានល្អ​ណាស់​។តែ​ឥឡូវ​មានការ​បែកបាក់»។



លោក​បញ្ជាក់ ថា​ពលរដ្ឋ​ភាគច្រើន​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត គួរ​យក​ពេលវេលា​របស់​លោក​ដើម្បី​ជួយ​កែ​លម្អ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​បញ្ហា​ព្រំដែន និង​ជួយ ស្វែងរក​ការដោះលែង​អ្នកទោសនយោបាយ​ទាំងឡាយ​ដែល​កំពុង ស្ថិត​ក្នុងការ ឃុំឃាំង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

មហា​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវែល ដែល​ត្រៀម​ប្រឆាំង វត្តមាន​របស់លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១៧ ខាងមុខនេះ​គឺជា​ផ្នែក មួយ​នៃ​ចលនា​ប្រឆាំង​ការរៀបចំ​បណ្តាញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ទឹកដី​សហរដ្ឋ អាមេរិក។

កាលពី​ថ្ងៃទី​២៩ ខែមីនា​កន្លងទៅ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​ទីក្រុង នេះ​ធ្លាប់បាន​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការរៀបចំ​ទទួល​លោក ហ៊ុន ម៉ាណែត ជា​ផ្លូវការ និង​ប្រឆាំង​ទៅ​ការទទួលយក​កាដូ​ជា​រូបសំណាក ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែលជា​អំណោយ​របស់លោក ហ៊ុន ម៉ាណែត មក​ដាក់​តាំងនៅ​សាលាក្រុង​ឡូវែល។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ-អាមេរិកាំង រាប់រយ​នាក់​ផ្សេងទៀត នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​មេសា​នេះ គ្រោង​នឹងធ្វើ​បាតុកម្ម​នៅមុខ​មហាវិទ្យាល័យ​ប្រ៊ីសស្ទូល (Bristol Community College) ក្នុង​ក្រុង​ឡូវែល (Lowell) ដើម្បី​ជំទាស់ ទៅ​នឹង​ការ​អញ្ជើញ​លោក ហ៊ុន ម៉ាណែត មក​ធ្វើ ជា​វាគ្មិន​សំរាប់ និស្សិត​នៃ​សកល​វិទ្យាល័យ​មួយ​នេះ។

ឯកអគ្គ​កុងស៊ុល​កិត្តយស​ខ្មែរ​ក្នុង​ក្រុង​ឡូវែល លោក អ៊ូ សុវណ្ណ ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ផ្សេងទៀត​ដែល រៀបចំ​កម្មវិធី ទទួល​លោក ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​របស់ ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​គឺជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​លោក​ហាម​មិន​ឲ្យ​មាន​អំពើហិង្សា​ណាមួយ​នោះឡើយ៖ «ខ្ញុំ​គិតថា​ការចូលរួម​បាតុកម្ម​វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់ៗ តែ​យើង​សូម​ឲ្យ​មានការ​គោរព​សិទ្ធិ​យើង​ដែលជា​ភ្ញៀវ​ដែល​អញ្ជើញ​មក ពី​ប្រទេស​កម្ពុជា ហើយ​មក​ហ្នឹង​ដើម្បី​ចូលរួម​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ខ្មែរ​ផង និង​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​របស់​គណ​បក្ស​ប្រជាជន​នៅ​សហរដ្ឋអាមេរិក​នេះ»។

ទោះជា​យ៉ាងណាក៏ដោយ​កាលពី​ថ្ងៃទី​០៩ ខែមេសា កន្លងទៅ អង្គរក្ស​លោក ហ៊ុន ម៉ាណែ​ត បាន​ចាប់​បោក លោក ផល ហេយស៍ (Paul Hayes) ជា​ស្មៀន​មេធាវី​អាមេរិកាំង ទៅលើ​ថ្ម​បរិវេណ​ភោជនីយដ្ឋាន​ឡាលូន (La Lune) ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) ខណៈ លោក ផល ឈោង​ជូន​ដីកា​របស់​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ដែល​កោះហៅ លោក ហ៊ុន ម៉ាណែត ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ។

បណ្តឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត និង រដ្ឋាភិបាល​ឪពុក​របស់​លោក ធ្វើ​ឡើង​ដោយ​អ្នកស្រី មាជ ជេមី (Jamie Meach) ភរិយា របស់​មន្ត្រី ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែល​កំពុង ជាប់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​នៅ​កម្ពុជា។

ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ធ្លាប់​អះអាងថា​ពាក្យបណ្តឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ធ្វើ​ឡើង​ដោយ​ភាព​ស្រមើស្រមៃ។

វត្តមាន​របស់លោក ហ៊ុន ម៉ាណែត ក្នុង​សហរដ្ឋអាមេរិក​រយៈពេល ប៉ុន្មាន​ថ្ងៃ​មកនេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​សំរាប់​សហគមន៍​ខ្មែរ-អាមេរិកាំង ដែល​រស់​ចងក្រង​គ្នា​ជា​សហគមន៍​ការពារ​ពី​ការ​ជ្រៀតជ្រែក របស់​ក្រុម​អ្នកកាន់អំណាច​នៅ​កម្ពុជា។

ពួកគេ​បាន​នាំគ្នា​ធ្វើបាតុកម្ម​ជា​ហូរហែ​តាំងពី​ទីក្រុង​ឡុងប៊ិច កាត់​តាម​ទីក្រុង​សៀអាថល (Seattle) រហូតដល់​ទីក្រុង​ឡូវែល ដើម្បី​ប្រឆាំង​វត្តមាន​របស់ លោក ហ៊ុន ម៉ាណែត ដែល​កំពុង​បំបែកបំបាក់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ឬ​អាចជា​ការព្យាយាម​កាត់ផ្តាច់​សរសៃឈាម ហិរញ្ញវត្ថុ​របស់​ក្រុម​បក្សប្រឆាំង។

ក្រៅពី​ការធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​សហរដ្ឋអាមេរិក ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​តូរ៉ុនតូ (Toronto) និង​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) ប្រទេស​កាណាដា (Canada) ក៏​នឹង​ត្រៀម​ធ្វើបាតុកម្ម ប្រឆាំង លោក ហ៊ុន ម៉ាណែត ដែរ នៅពេល​លោក​ធ្វើដំណើ​ទៅ​ទីនោះ នៅ​ដើម​សបា្តហ៍​ក្រោយ៕

No comments: