A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

សាច់ញាតិ​របស់​អ្នក​ទោស​នយោបាយ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​យ៉ាង​សោះកក្រោះ


ដោយ សាន សែល
2016-04-15

ហុង សុខហួរ តុលាការ ៨៥៥ ២០១៦
សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ពេល​នាំ​ខ្លួន​ចេញ​ពី​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Rann Samnang


តាម​ចំណាំ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មក​ដល់​ម្ដងៗ សាច់ញាតិ​ក្នុងក្រុមគ្រួសារ​តែង​មក​ជួប​ជុំ​គ្នា ហើយ​បើ​អ្នក​ខ្លះ​រស់នៅ​ឆ្ងាយ​ពី​គ្នា គេ​ធ្វើ​ដំណើរ​ថ្កាត់​រក​គ្នា ដើម្បី​អបអរ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ។ ដោយ​ឡែក ក្រុម​គ្រួសាររបស់​អ្នក​ទោស​នយោបាយ​វិញ ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រែក្លាយ​ជា​ពេល​រីករាយ​ជុំគ្នាទៅ​ជា​ពេលាមួយ ដើម្បី​យក​មក​ធ្វើ​ការ​បួងសួង​ឲ្យ​សាច់ញាតិ​របស់​ពួកគេ​ទទួល​នូវ​យុត្តិធម៌ និង​មាន​សេរីភាព។

នៅ​ផ្ទះ​មួយ​តាម​បណ្ដោយ​មាត់​ទន្លេ​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ គេ​ឃើញ​សមាជិក​ក្រុម​គ្រួសារ​មួយ កំពុង​អង្គុយ​ជុំ​គ្នា លើក​ដៃ​ច្រងេងច្រងាង ជជែក​គ្នា​ពីនេះពីនោះ យូរៗ​ម្ដង​គេ​ឮ​សម្លេង​សំណើច​ក្អាកក្អាយ​ផ្ទុះ​ឡើង លប់​ទៅ​លើ​សំឡេង​ចម្រៀង​ភីសវង់ ដែល​លេង​កំដរ​បរិយាកាស​នា​រដូវ​ចូលឆ្នាំ។

ក៏​ប៉ុន្ដែ បើ​ក្រឡេក​មើល​ទៅ​ផ្ទះ​មួយ​ក្បែរ​នេះ មាន​សភាព​ស្ងប់ស្ងាត់។ មិនមែន ផ្ទះ​នេះ​គ្មាន​មនុស្ស​រស់នៅ​នោះ​ទេ។ នេះ​ជា​ផ្ទះ​របស់​លោក ហុង សុខហួរ អ្នក​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ។

អ្នកស្រី គុណ លំអង វ័យ​៥៨ឆ្នាំ ដែល​ជា​ភរិយា​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ បាន​ប្រាប់​ថា អ្នកស្រី បាន​ទៅ​ជួប​ស្វាមី​នៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​សុក្រ ទី​០៨ ខែ​មេសា។ អ្នកស្រី​ប្រាប់​ថា បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ ដើម្បី​បួងសួង​សុំសេចក្ដី​សុខ​ឲ្យ​ប្ដី​អ្នកស្រី ហើយ​សង្ឃឹម​ថា ប្ដី​អ្នកស្រី​ អាច​មាន​សេរីភាព​ឡើងវិញ។

ភរិយា ហុង សុខហួរ គុណ លំអង ៨៥៥
ភរិយា​របស់​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ អ្នកស្រី គុណ លំអង ផ្ដល់​បទសម្ភាសន៍​ក្រោយ​ពី​តុលាការ​កំពូល សម្រេច​​ឲ្យ​បន្ត​ឃុំ​ខ្លួន​ស្វាមី​របស់​អ្នកស្រី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៦។ RFA/Um Raingsy


លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ​២០១៥ ក្រោម​បទ​ចោទ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម និង​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម។



ទោះ​បី​ជាយ៉ាង​ណា​អ្នកស្រី គុណ លំអង អះអាង​ថា ស្វាមី​អ្នកស្រី មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​បទ​ចោទ​ទាំងនេះ​ទេ៖ «បំណង​ប្រាថ្នា​របស់​ខ្ញុំ ចង់​ឲ្យ​ប្ដី​មាន​សេរី​ភាព​មក​វិញ មក​នៅ​ធម្មតា។ ខ្ញុំ​យល់​ថា អ្វី​ដែល​ស្វាមី​ខ្ញុំ​ធ្វើ​ មិន​គួរ​ត្រូវ​ជាប់​ពន្ធនាគារ​ទេ។ អ្វី​ដែល​គាត់​ធ្វើ គឺ​ទង្វើ​ស្នេហា​ជាតិ ទង្វើ​ចែក​រំលែកព័ត៌មានដល់​ជន​រួម​ជាតិ​ខ្មែរ​ មិន​ទាន់​បាន​ដឹង។ ផ្ទុយ​ទៅវិញ គាត់​ត្រូវ​ជាប់​ពន្ធនាគារ។ ខ្ញុំ​នៅ​តែ​មិន​យល់​ពី តុលាការ ច្បាប់​ខ្មែរ។ ច្បាប់​ដែល​ខ្ញុំ​ធ្លាប់​អាន ល្អណាស់ ចែង​មក តែ​ទង្វើ ដូចជា​ផ្ទុយ។ ប្រសិន​បើ គេ​ធ្វើ​តាម​ច្បាប់ ស្វាមី​ខ្ញុំ មិន​ត្រូវ​គេ​យក​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ទេ»។

តុលាការ​កំពូល បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក ហុង សុខហួរ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា។ អ្នកស្រី គុណ លំអង ចាត់​ទុក​ការ​ច្រាន​ចោល​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​មិន​ត្រឹមត្រូវ ខណៈ​គ្រួសារ​អ្នកស្រី យល់​ព្រម​ដាក់​តម្កល់​លិខិត​ឆ្លង​ដែន ​នឹង​ប្រាក់​ចំនួន ២០​លាន​រៀល​ជា​ថ្នូរ​នឹង​ការ​ស្នើ​នៅ​ក្រៅ​ឃុំ។

នៅ​ពេល​អ្នកស្រី ជួប​អ្នក​ជិតខាង ឬ​បងប្អូន អ្នកស្រី​អួល​ដើម​ក ពេល​គេ​សួរ​ពី​ស្ថានភាព​ស្វាមី​អ្នកស្រី៖ «មួយ​រយៈ​នេះ បងប្អូន​គាត់​សួរ​សុខទុក្ខស្វាមី​ខ្ញុំ។ ម្នាក់ៗ ចេះ​តែ​សួរ​ថា ចេញ​ពេលណា ហើយ​ខ្ញុំ​ ក៏​ពិបាក​ឆ្លើយ។ ម្នាក់​ៗ​ពេល​ជួប​គ្នា មាន​តែ​សម្រក់​ទឹក​ភ្នែក គិត​តែ​ពី​យំ។ ដូច្នេះ ឆ្នាំ​នេះ វា​ខុស​ពី​ឆ្នាំ​មុនមែ​ន​ទែន។ ពី​ឆ្នាំមុនៗ យើង​ជួប​គ្នា យើង​សប្បាយ យើង​បរិភោគ​ជួប​ជុំ​គ្រួសារ តែ​ឆ្នាំ​នេះ​អត់។ ម្នាក់ៗ គិត​តែ​ពី​សម្រក់​ទឹក​ភ្នែក ចឹង​ខ្ញុំ​តែ​គេច​ពី​គេ មិន​ចង់​ឲ្យគេ​យំ»។

មិន​ខុស​ពី​អ្នកស្រី គុណ លំអង អ្នកស្រី ឡេង កល្យាណ ដែល​ស្វាមី ត្រូវ​បានតុលាការ​កាត់​ទោស​ជាប់​ពន្ធនាគារ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ អ្នកស្រី និង​កូន ទៅ​លេង​ស្រុក​កំណើត​របស់​ប្ដី ដើម្បី​ជួប​សួរ​សុខទុក្ខ​ម្ដាយ​ឪពុក​ក្មេក។

លោក ឃិន ជំរឿន ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ត្រូវបានតុលាការកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ ពី​បទ​ដឹកនាំ​ចលនាកុប្បកម្ម​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពីខែ​កក្កដា ឆ្នាំ​២០១៤។

អ្នកស្រី កល្យាណ ថ្លែង​បន្ទាប់​ពី​ទៅ​សួរ​សុខទុក្ខ​ស្វាមី​នៅ​ពន្ធនាគារ មុន​ពេល​ចូល​ឆ្នាំ​ថា អ្នកស្រី​មិន​អស់​ចិត្ត​ដែល​សា្វមី ត្រូវ​គេ​ចាប់ដាក់ ​ពន្ធនាគារ។ អ្នកស្រី រំពឹង​ថា គ្រួសារ​អ្នក​ស្រី នឹង​អាច​ជួប​ជុំ​គ្នា​ឡើង​វិញ ក្នុង​ពេល​ឆាប់​ៗ៖ «សុភមង្គល មិន​កក់​ក្តៅ​ពេល​គ្មាន​ឪពុក​ចឹង។ ហេលហាល មាន​តែ​ម្ដាយ អត់​ឪ។ ដំបូង​ ខ្ញុំ​រំពឹង​ថា គេ​នឹង​ដោះលែង​ប្ដី នៅ​ថ្ងៃ​ចូល​ឆ្នាំ បាន​ជុំ​គ្នា​សប្បាយ។ ចូល​ឆ្នាំ​នឹង ខ្ញុំ​សូម​ប្រាថា្ន​ ឲ្យ​គេ​ដោះលែង​ប្ដី​ខ្ញុំ​ឆាប់ៗ​ទៅ។ សូម​មាន​ការ​ចរចា​នយោបាយ​ត្រូវទៅ នឹង​បាន​ដោះលែង»។

​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា អ្នក​នាំ​ពាក្យ​ពន្ធនាគារ លោក នុត សាវនា ឲ្យ​ដឹង​ថា ​ទណ្ឌិត​ពី ៧០០ ទៅ ៨០០​នាក់ នឹង​ត្រូវ​​ស្នើ​ឲ្យ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ពិធី​បុណ្យ​វិសាខបូជា ហើយ​ការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ឆ្នាំ​នេះ គឺ​មាន​ការ​រឹត​បន្តឹង​ខ្លាំង ហើយ​ត្រូវ​ពិនិត្យ​ម្ដង​មួយ​ករណីៗ ដែល​លទ្ធផល​នឹង​ត្រូវ​ដឹង​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ លោក នុត សាវនា ​មិន​ទាន់​ឲ្យ​ដឹង​ថា តើ​​សកម្មជន​បក្ស​ប្រឆាំង នឹងមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នៃ​សំណើ​លើកលែងទោស ឬ​បន្ធូរបន្ថយ​ទោសនោះ​ទេ។ ទោះជាបែបនេះក្តី គេហាក់ពុំសូវមានសង្ឃឹមឡើយថា នឹង​មាន​ការ​លើក​លែង ឬ​បន្ធូរ​បន្ថយ​ទោស​ដល់​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​តែង​លើក​ឡើង​ថា ដោយសារ​តែ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​រឿង​នយោបាយ ដូច្នេះ​លុះ​ណា​តែ​មាន​ការ​សម្របសម្រួល ផ្នែក​នយោបាយ​ទើប​គេ​មាន​សង្ឃឹម​ថា អ្នក​ទាំងអស់​នោះ​នឹង​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិល​មក​ជួប​ជុំ​គ្រួសារ​ដូច​ដើម​វិញ៕

No comments: