ដោយ សាន សែល
2016-03-15 rfa

សកម្មជននយោបាយបក្សប្រឆាំង ត្រូវបានរថយន្តពន្ធនាគារដឹកចេញពីតុលាការកាលពីថ្ងៃទី២៥ ធ្នូ។ សកម្មជនបក្សសង្គ្រោះជាតិ ៥នាក់ ដែលបានជាប់ឃុំក្នុងពន្ធនាគារព្រៃស មានលោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការសុំនៅក្រៅឃុំបណ្ដោះអាសន្នតាមសំណើមេធាវីជនជាប់ចោទ។
Photo: RFA
ខណៈការជំនុំជម្រះនៅសាលាឧទ្ធរណ៍ខិតជិតចូលមកដល់ អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅថ្ងៃទី១៥ មីនា ស្នើឲ្យអាជ្ញាធរកម្ពុជា ដោះលែងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យឲ្យមានសេរីភាពវិញ។
សម្រាប់អ្នកឃ្លាំមើលការអនុវត្តការគោរពសិទ្ធិមនុស្សនៅកម្ពុជា យល់ថា ករណីជាប់ឃុំនេះជារឿងនយោបាយសុទ្ធសាធ ក៏ប៉ុន្តែមន្ត្រីបក្សកាន់អំណាច ថាករណីនេះជាបទល្មើសជាក់ស្ដែង។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ស្នើតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា អាជ្ញាធរកម្ពុជា គួរទម្លាក់បទចោទទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១រូប ស្ដីពីការចូលរួមធ្វើកុបកម្មហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ ដោយ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងថា ការចោទប្រកាន់លើសកម្មជនបក្សប្រឆាំងនេះ គ្មានភស្តុតាងគ្រប់គ្រាន់។
លោក ប៊្រែដ អាដាម (Brad Adams) ប្រធានប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មានប្រសាសន៍ថា ការឃុំឃាំងសកម្មជនគណបក្សប្រឆាំងទាំងនេះ ដោយសារតុលាការស្ថិតក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយអំពាវនាវឲ្យតុលាការកម្ពុជា កាត់ក្តីដោយយុត្តិធម៌ ដោយផ្អែកលើភស្តុតាងពិតប្រាកដ។
ការលើកឡើងរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ កើតឡើងមុនពេលសាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះសកម្មជនបក្សប្រឆាំងកំពុងជាប់ ដែលគ្រោងធ្វើនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការស្នើរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នៅពេលនេះ ដោយលោកថ្លែងថា ការសម្រេចយ៉ាងណា វាជាឆន្ទានុសិទ្ធិរបស់តុលាការ។ លោកបន្តថា ករណីនេះជាបទល្មើសជាក់ស្តែង មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ៖ «តែសភាពការណ៍នយោបាយ កាលណាយើងយកវប្បធម៌សន្ទនាមកដោះស្រាយ ឯកភាពគ្នា គ្រាន់តែគេព្យួរទុកការងារតុលាការសិន។ ប្រសិនបើភាគីម្ខាងទៀតនៅតែបង្កើនបញ្ហាមិនចេះចប់មិនចេះហើយ ហ្នឹងគេយកផ្លូវតុលាការមកដោះស្រាយ»។
ទោះបីជាយ៉ាងណា ប្រធានស៊ើបអង្កេតផ្នែកបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត អះអាងថា សំណុំរឿងឃុំខ្លួនសកម្មជនបក្សប្រឆាំងជារឿងនយោបាយសុទ្ធសាធ ដោយលោកថា ប្រសិនបើគ្មានការចរចាផ្នែកនយោបាយទេ សកម្មជនបក្សប្រឆាំងនឹងមិនត្រូវដោះលែងនោះទេ។ លោក អំ សំអាត ព្រួយបារម្ភនៅពេលដែលអ្នកនយោបាយ យកប្រព័ន្ធតុលាការមកគំរាមកំហែងដៃគូប្រកួតរបស់ខ្លួន ដោយលោកថា វាប៉ះពាល់ដល់ជំនឿចិត្តទៅលើប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា៖ «រឿងនេះបង្ហាញពីនយោបាយ ដូចជា កាលពីគណបក្សទាំងពីរត្រូវរ៉ូវគ្នានៅសភា មុនចូលឆ្នាំខ្មែរ ឆ្នាំទៅ តុលាការអនុញ្ញាតឲ្យអ្នកទាំងពីរនៅក្រៅឃុំបណ្ដោះអាសន្នទៅ។ ក្រោយមកនៅពេលដែលនយោបាយចាប់ផ្ដើមល្អក់កករនឹងគ្នា នៅពេលសវនាការមានការចាប់ខ្លួនអ្នក ១១នាក់ហ្នឹងវិញទៅ»។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សម្រេចផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១រូប ឲ្យជាប់ពន្ធនាគារចន្លោះពី ៧ឆ្នាំទៅ ២០ឆ្នាំ ដោយចោទពីបទដឹកនាំ និងចូលរួមក្នុងចលនាកុបកម្មហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ។
ទោះបីជាយ៉ាងណា ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ រកឃើញភាពមិនប្រក្រតីជាច្រើនក្នុងដំណើរការកាត់ក្ដីសកម្មជនបក្សប្រឆាំង។ ស្ថាប័ននេះ ក៏បានអំពាវនាវឲ្យមានការកែតម្រូវដំណើរការកាត់ក្ដី ប្រសិនបើមានការប្ដឹងឧទ្ធរណ៍។ មេធាវីការពារក្តីសកម្មជនបក្សប្រឆាំង បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥។
មេធាវីការពារក្តីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ មេធាវី ជូង ជូងី បញ្ជាក់ថា លោកនឹងអនុវត្តទៅតាមនីតិវិធី ដើម្បីការពារកូនក្តីរបស់លោកក្នុងពេលសវនាការនៅសាលាឧទ្ធរណ៍។ លោកថា ប្រសិនបើតុលាការនេះមិនអាចផ្តល់យុត្តិធម៌ជូនកូនក្តីលោកបានទេ លោកនឹងបន្តរកយន្តការច្បាប់ផ្សេងទៀត ដើម្បីការពារកូនក្តីលោក៖ «ផ្អែកទៅលើសេចក្តីសម្រេចរបស់តុលាការ ទើបយើងពិចារណាជាមួយកូនក្តីយើង ទើបយើងសម្រេចថាតើគួរធ្វើម៉េចតទៅទៀត»។
លោក ប៊្រែដ អាដាម ក៏ស្នើដល់អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសនានា ឲ្យបញ្ជូនអ្នកអង្កេតការណ៍តាមដានការជំនុំជម្រះរបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី១៧ មីនា៕
No comments:
Post a Comment