ដោយ ថា កិត្យា
2016-03-15 rfa

យុវជន គង់ រ៉ៃយ៉ា (រូបកណ្ដាល) ពេលបញ្ជូនចេញពីនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។
RFA/Sorn Chanratha
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសយុវជន គង់ រ៉ៃយ៉ា និស្សិតសាកលវិទ្យាល័យខេមរៈ ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីយុវជនរូបនេះ ប្រកាសធ្វើបដិវត្តពណ៌នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីឆ្នាំមុន។ យុវជន គង់ រ៉ៃយ៉ា និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកការសម្រេចរបស់តុលាការនេះ ថាជារឿងអយុត្តិធម៌។
ក្រោយពីចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា ប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនៅរសៀលថ្ងៃទី១៥ ខែមីនា យុវជន គង់ រ៉ៃយ៉ា ដែលមានសម្លៀកបំពាក់ពណ៌ទឹកក្រូច និយាយទាំងទឹកមុខស្រពោនពេលចេញពីបន្ទប់សវនាការថា គ្មានអ្វីចម្លែកនោះទេចំពោះតុលាការស្រុកខ្មែរ ដែលកាត់សេចក្តីដោយអយុត្តិធម៌នោះ។
យុវជនរូបនេះបន្តនិយាយទាំងប៉ូលិសរារាំងមិនឲ្យអ្នកសារព័ត៌មានចូលទៅជិតថា វាមិនត្រឹមតែអយុត្តិធម៌សម្រាប់លោកម្នាក់ឯងនោះទេ ប៉ុន្តែប្រជាពលរដ្ឋក៏រងភាពអយុត្តិធម៌ដែរ។
មានវ័យ ៦៧ឆ្នាំ ឪពុកយុវជន គង់ រ៉ៃយ៉ា គឺលោក កាំង គង់ សម្ដែងការខកចិត្តចំពោះតុលាការថា វាមិនយុត្តិធម៌ឡើយសម្រាប់កូនប្រុសរបស់លោក ដែលគ្រាន់តែបញ្ចេញមតិ ហើយត្រូវបានតុលាការកាត់ទោសមានលក្ខណៈធ្ងន់ធ្ងរ៖ «ខ្ញុំនឹងសុំប្ដឹងទៅឧទ្ធរណ៍ ដើម្បីឲ្យបន្ធូរបន្ថយទោសទៅទៀត ព្រោះទោសនេះធ្ងន់ធ្ងរពេក»។
យុវជន គង់ រ៉ៃយ៉ា អាយុ ២៤ឆ្នាំ គឺជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ក្រោយពីយុវជនរូបនេះ បង្ហោះសារបដិវត្តន៍ពណ៌នៅក្នុងគណនេយ្យហ្វេសប៊ុកឈ្មោះ សូរីយា កូកូ (Soriya Koko)។ សារនោះសរសេរថា «តើមានបងប្អូនណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ដែលតាមដានការប្រកាសសាលក្រមនេះ មានប្រសាសន៍ថា ការផ្ដន្ទាទោសនេះ គឺគ្មានភាពយុត្តិធម៌ឡើយ ព្រោះអ្វីដែលយុវជន គង់ រ៉ៃយ៉ា បង្ហោះលើទំព័រហ្វេសប៊ុកនោះ គ្រាន់តែជាសិទ្ធិក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ ពុំបានបណ្ដាលឲ្យមានភាពវឹកវរក្នុងសង្គមឡើយ។ លោកបន្ថែមថា ចំណាត់ការនេះ គឺជាការគំរាមកំហែង និងបំបិទសិទ្ធិនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «ខ្ញុំគិតថាវាមិនមានភាពយុត្តិធម៌សម្រាប់គាត់ទេ ព្រោះបើយើងមើលឲ្យស៊ីជម្រៅទៅ វាគឺជាសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គល និងជាទស្សនៈផ្ទាល់ខ្លួនទេ ប៉ុន្តែនៅកម្ពុជា ភាគច្រើនឲ្យតែបញ្ចេញមតិទៅប៉ះពាល់ គេតែងតែយកបទល្មើស ដើម្បីធ្វើការផ្ដន្ទាទោស មិនបានគិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទេ។ យើងមើលថា តើការបញ្ចេញមតិរបស់គាត់ វាធ្វើឲ្យប៉ះពាល់អីហើយនៅ?»។
លោក អំ សំអាត សង្កេតឃើញថា សង្គមកម្ពុជា គ្មានអ្វីស្មើភាពគ្នាទេ ទាំងការអនុវត្តច្បាប់ ការបញ្ចេញមតិ និងការជួបជុំប្រមូលផ្តុំគ្នាក្តី។
កាលពីថ្ងៃទី១៤ ខែមីនា និស្សិតមួយក្រុមនៃសាកលវិទ្យាល័យខេមរៈ ដែលជាមិត្តរួមថ្នាក់ជាមួយយុវជន គង់ រ៉ៃយ៉ា បានដាក់លិខិតទៅស្ថាប័នចំនួនបី គឺក្រសួងយុត្តិធម៌ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងមហាផ្ទៃ សុំឲ្យអន្តរាគមន៍ទៅតុលាការ ដើម្បីសុំដោះលែងយុវជន គង់ រ៉ៃយ៉ា។ ពួកគេអះអាងថា ចាប់តាំងពីពួកគាត់បានសិក្សា និងស្គាល់ គង់ រ៉ៃយ៉ា មក សង្កេតឃើញថា លោក រ៉ៃយ៉ា មានអាកប្បកិរិយាល្អ មិនដែលបង្កការរំខាន ឬធ្វើសកម្មភាពអ្វីមួយប៉ះពាល់សង្គម ដូចការចោទប្រកាន់របស់តុលាការឡើយ។ ម្យ៉ាងទៀត គាត់គ្រាន់តែបញ្ចេញមតិក្នុងនាមជាអ្នកសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន មានការយល់ដឹងអត្ថន័យពាក្យបដិវត្តន៍ពណ៌នៅមានកម្រិតប៉ុណ្ណោះ៕
1 comment:
My condolence to Kong Raiya's family and friends for the injustice done to him. I praise for his strong and courageous stand. I am sure Kong Raiya will come out the other end as a strong young man.
Post a Comment