ដោយ ឆោម ចក្រា
2016-03-19

លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
RFA/Brach Chev
មតិចម្រូងចម្រាសរបស់ពលរដ្ឋខ្មែរ-អាមេរិកាំង នៅតែកើតមានសម្រាប់វត្តមានរបស់លោក ហ៊ុន ម៉ាណែត និងលោក គិត ម៉េង ខណៈដែលលោកទាំងពីរ រួមនិងប្រតិភូមួយចំនួនទៀតត្រូវបានសភាសង្គមខ្មែរ (CAM.CC) អញ្ជើញឲ្យចូលរួមជាអធិបតីក្នុងកម្មវិធីដង្ហែក្បួនទាក់ទងនឹងពិធីចូលឆ្នាំខ្មែរនៅពេលខាងមុខនេះ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត ប្រកាសថា នឹងចូលរួមតាមការអញ្ជើញ និងអំពាវនាវឲ្យពលរដ្ឋខ្មែរមានការឯកភាពគ្នា។
ពលរដ្ឋខ្មែរ-អាមេរិកាំង នៅតែព្រមានធ្វើបាតុកម្មប្រឆាំងវត្តមានកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតដែលគ្រោងចូលរួមក្នុងកម្មវិធីវប្បធម៌ខ្មែរក្នុងទីក្រុងឡុងប៊ិច (Long beach) រដ្ឋកាលីហ្វ័រញ៉ា (California) នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ។
ឆ្លើយតបនឹងបញ្ហានេះ លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងារចាត់តាំងយុវជនក្រៅប្រទេស និងជាមេបញ្ជាការរងកងទ័ពជើងគោក ទទូចដល់គណៈកម្មាធិការបុរីកម្ពុជា ឲ្យអញ្ជើញថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងកម្មវិធីនោះដែរ ដោយលោកអះអាងថា ជាប្រយោជន៍ដើម្បីបង្ហាញពីសាមគ្គីភាពរវាងគ្នានឹងគ្នា។
នៅក្នុងសាររបស់លោក ហ៊ុន ម៉ាណែត ដែលបង្ហោះនៅលើគណនីហ្វេសប៊ុក (Facebook) ផ្ទាល់របស់លោកកាលពីទី១២ ខែមីនា បានទទួលស្គាល់ពីការខ្វែងគំនិត និងការបាក់បែកសាមគ្គីរវាងខ្មែរនិងខ្មែរ និងអំពាវនាវឲ្យលើកស្ទួយជាតិតាមរយៈការរួមគ្នាបង្ហាញពីវប្បធម៌ និងអរិយធម៌របស់ខ្មែរ។
លោកសរសេរថា៖ "នឹងសម្រេចចិត្តយល់ព្រមចូលរួមក្នុងកម្មវិធីនោះតាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា និងចង់ឃើញពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា"។
ជាមួយគ្នានេះ "សមាគមសំឡេងខ្មែរដើម្បីប្រជាធិបតេយ្យ" មានមូលដ្ឋាននៅទីក្រុងតាកូម៉ា (Tacoma) រដ្ឋវ៉ាស៊ីនតុន (Washington State) ក៏គ្រោងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត ដែរ ហើយសមាគមនេះអះអាងថា នឹងប្រមែប្រមូលអ្នកចូលរួមឲ្យបានច្រើនដើម្បីជាសារបង្ហាញពីការមិនគាំទ្រចំពោះវត្តមានកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហឿន ឆាយវឿក ប្រធានសមាគមនេះបន្តអះអាងថា លោក ហ៊ុន ម៉ាណែត ជាកូនរបស់បុគ្គលផ្ដាច់ការដែលតែងបង្កវិនាសកម្មដល់ប្រទេសជាតិនិងសម្បត្តិធនធានធម្មជាតិ ដូច្នេះលោក ម៉ាណែត ពុំគួរមានវត្តមាននៅលើទឹកដីប្រជាធិបតេយ្យឡើយ៖ «លោក ហ៊ុន ម៉ាណែត នេះជាកូនរបស់ ហ៊ុន សែន ដែលជាកូនអ្នកផ្ដាច់ការ ដូច្នេះផ្ដាច់ការនៅក្នុងស្រុកខ្មែរ។ ដូច្នេះដូចយើងដឹងហើយទាំងពីព្រំប្រទល់ កោះ ដីធ្លីហ្នឹងបាត់អស់ បណ្ដោយឲ្យយួនចូលពេញស្រុក ព្រៃឈើ រ៉ែភ្នំ ហើយធ្វើឲ្យផលិតផលជាតិគីមីពីបរទេសចូលសម្លាប់ខ្មែរ...»។
ចំណែកលោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃសុក្រ ទី១១ ខែមីនា ថា អង្គការរបស់លោកនៅតែរក្សាឆន្ទៈប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត និងបក្សពួក ហើយនៅថ្ងៃទី២២ ខែមីនា ខាងមុខនេះ ពលរដ្ឋខ្មែរ-អាមេរិកាំង ប្រមាណ ៣០០ ទៅ ៤០០នាក់ នឹងនាំគ្នាទៅតវ៉ានៅមុខសាលាក្រុងឡុងប៊ិច ក្នុងគោលបំណងពន្យល់អំពីមូលហេតុដែលពួកគេចង់បាន៖ «ហើយបើសិនជាលោក ហ៊ុន ម៉ាណែត និងក្រុមបក្សពួករបស់គាត់នៅតែនាំគ្នាមកទៀត គឺថា បងប្អូននឹងរៀបចំបាតុកម្មនៅថ្ងៃដែលធ្វើ parade (ព្យុហយាត្រា)»។
ដោយឡែក ពលរដ្ឋខ្មែរ-អាមេរិកាំង នៅទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូសេត (Massachusetts) ក៏គ្រោងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់ ហ៊ុន ម៉ាណែត ដែរ។
ពលរដ្ឋខ្មែរ-អាមេរិកាំង លោក ម៉ែន វណ្ណៈ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមរយៈកិច្ចសម្ភាសន៍កាលពីថ្ងៃសុក្រ ទី១១ ខែមីនា ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីទៅចូលរួមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកអះអាងថា ជាក្រុមបាតដៃប្រឡាក់ឈាម។
លោកបន្តថា លោក ហ៊ុន ម៉ាណែត ជាអ្នកបញ្ជាឲ្យមានការប្រើអំពើហិង្សាលើក្រុមបាតុករដែលទាមទារនូវសិទ្ធិសេរីភាពនាគ្រាកន្លងមក៖ «លោក ហ៊ុន ម៉ាណែត នេះជាអគ្គមេបញ្ជាកានៃកង ៩១១ ដែលបានបញ្ជាឲ្យបាញ់សម្លាប់បាតុករ កម្មករ នៅផ្លូវវ៉េងស្រេង ថ្ងៃទី១ ទី២ ខែមករា ឆ្នាំ២០១៣។ មានវត្តមាន ហ៊ុន ម៉ាណែត នៅទីណា នៅកន្លែងណា គឺមានបាតុកម្មនៅទីនោះគ្រប់ទីកន្លែងទាំងអស់ ទូទាំងសហរដ្ឋអាមេរិក»។
ផ្ទុយពីនេះ ក៏មានពលរដ្ឋដែលអះអាងថា ជាតំណាងឲ្យសហគមន៍ខ្មែរ-ឥស្លាម ចំនួន ១៨៥គ្រួសារនៅរដ្ឋវ៉ាស៊ីនតុន គាំទ្រចំពោះដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសនេះតាមរយៈការចែកចាយញត្តិគាំទ្រមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានការចែករំលែកតៗគ្នាពីមួយទៅមួយ។ ញត្តិគាំទ្រចុះថ្ងៃទី១១ ខែមីនា សរសេរថា៖ "ពួកគេសម្ដែងការគាំទ្រទាំងស្រុងនូវដំណើរទស្សនកិច្ចរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានអង្គការចាត់តាំងយុវជននៅក្រៅប្រទេស ព្រមទាំងគណៈប្រតិភូអមដំណើរមកកាន់រដ្ឋវ៉ាស៊ីនតុន ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីជាតិខ្មែរនៅថ្ងៃទី១១ និងទី១២ ខែមេសា ខាងមុខនេះ"។
ស្រដៀងគ្នានេះ ពលរដ្ឋខ្មែរ-អាមេរិកាំង នៅរដ្ឋមីនីសូតា (Minnesota) មួយក្រុមមានគ្នាប្រមាណជាង ២០នាក់ ក៏សំដែងការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត និងលោក គិត ម៉េង នេះ តាមរយៈលិខិតរបស់ពួកគេដែលចុះថ្ងៃទី១២ មីនា ដោយមានលោក អ៊ិន សុខគុណ ជាប្រធាន។
កាលពីសប្ដាហ៍មុន នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា មានជំនួបប្រជុំមួយដែលរៀបចំឡើងដោយសភាសង្គមខ្មែរ ចូលរួមដោយពលរដ្ឋខ្មែរ-អាមេរិកាំង ប្រមាណ ២០០នាក់ និងតំណាងមន្ត្រីរបស់ទីក្រុងខ្មែរនៅទីនោះ រហូតមានការខ្វែងគំនិតគ្នាយ៉ាងតឹងតែងស្ទើរកើតអំពើហិង្សា៖ «ខ្មែររលាយរលត់ គេយកផ្ទះ យកដី អត់ដឹងទេអី...? ហេតុអ្វីបានអញ្ជើញអ្នកទាំងពីរនេះមកពីស្រុកខ្មែរ?។ យើងលើកទីមួយហើយដែលទីក្រុងឡុងប៊ិច យើងអញ្ជើញពួកគាត់មក។ មិនមែនលើកទីមួយទេ...។ សុំឲ្យក្មួយៗទាំងអស់ពិចារណាមុននឹងអញ្ជើញមក...។ បើពួកហ្នឹងមកមែន ពួកខ្ញុំនឹងធ្វើបាតុកម្មប្រឆាំង...។ ពួកយើងជាជនរងគ្រោះមិនចង់ឃើញពួកផ្ដាច់ការមកជាន់ឡុងប៊ិច...។ យើងមិនពេញចិត្តនឹងរបបជិះជាន់ទេ ហើយខ្មែរទាំងអស់គ្នាយើងសុទ្ធតែដឹងខុសត្រូវ យើងប្រាកដជាធ្វើបាតុកម្មប្រឆាំង។ អត់ដែលនិយាយអ៊ីចឹងទេ ជំនាន់ ប៉ុល ពត គ្រាន់តែជេរ គេដាក់ម៉ាំង មិនអ៊ីចឹងហី? ខ្ញុំធ្វើការជាមួយសហប្រជាជាតិ ឲ្យគាត់មកៗ គាត់រៀនសូត្រ ឲ្យកូនគាត់មកៗ...»។
ក្រោយពីមានការខ្វែងគំនិតគ្នានេះ លោក ស្ទីវ ម៉េង (Steve Meng) អនុប្រធានសភាសង្គមខ្មែរ និងជាអ្នករៀបចំកម្មវិធីដង្ហែក្បួនក្នុងកម្មវិធីចូលឆ្នាំ បានប្រកាសលាលែងពីការងាររបស់ខ្លួនដែលធ្លាប់ធ្វើនាគ្រាកន្លងមក។ នៅថ្ងៃពុធ ទី១៦ ខែមីនា នេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយអំពីការចាកចេញពីតួនាទីពីលោក ស្ទីវ ម៉េង បានឡើយ ដោយពុំមានអ្នកទទួលទូរស័ព្ទ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមកនេះ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ក៏បាកៀរគរពលរដ្ឋខ្មែរ-អាមេរិកាំង ជិត ១ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន ខណៈដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) នៅមជ្ឈមណ្ឌលសាន់នីឡែនដ៍ (Sunnylands) ក្នុងរដ្ឋកាលីហ្វ័រញ៉ា៕
3 comments:
មិនទទួលកូនមេពេជឃាដជាដាច់ខាត បា៉តុកម្មនឺងផ្ទុះឡើងបើគណៈកម្មការខ្មែរអាមេរិកាំងនៅតែចចេសនាំកូនមេឃាដករណ៏នេះមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ។
Hun Manet,
Start using your head and your heart.
Denounce Viet colonization of your country !
Hun Manet said, Cam CCC should also invite the representatives of the CNRP to celebrate the New Year in the US together.
Even if invited, the CNRP's representatives should not accept nor come to join the Yuon 's slaves.
The CNRP must NOT stoop down to the Yuon- created CPP level !!!
Post a Comment