ដោយ ប្រាជ្ញ ចេវ
2016-03-19

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងក្នុងទិវាសត្វព្រៃពិភពលោក នារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងធ្វើច្បាប់មួយដែលអនុញ្ញាតឲ្យពលរដ្ឋ និងមានកសិដ្ឋានអាចចិញ្ចឹមសត្វព្រៃនៅតាមតំបន់របស់ខ្លួន ដើម្បីកាត់បន្ថយការបរបាញ់សត្វពីក្នុងព្រៃ។ ប៉ុន្តែសង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធនឹងសត្វព្រៃយល់ថា ប្រសិនច្បាប់ចែងមិនច្បាស់ និងការអនុវត្តមិនបានត្រឹមត្រូវ កន្លែងចិញ្ចឹមសត្វព្រៃនឹងក្លាយជាកន្លែងជួញដូរសត្វព្រៃដែលឈ្មួញបរបាញ់បានពីក្នុងព្រៃ។
ច្បាប់ដែលក្រសួងបរិស្ថាន នឹងធ្វើច្បាប់មួយមានឈ្មោះថា "ក្រមបរិស្ថាន" ដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន ថា នឹងធ្វើឲ្យចេញនៅក្នុងអាណត្តិលោកធ្វើជារដ្ឋមន្ត្រីក្រសួងនេះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងថា ច្បាប់នេះគឺដើម្បីធានាការពារធនធានធម្មជាតិ ហើយច្បាប់នេះនឹងការពារសិទ្ធិមនុស្ស សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ឧទ្យានជាតិ និងតំបន់ដែនជម្រកសត្វព្រៃ។ លោកបន្តថា ច្បាប់នេះនឹងផ្លាស់ប្ដូរការគិតរបស់ពលរដ្ឋពីការបរបាញ់សត្វក្នុងព្រៃបែរមកចិញ្ចឹមសត្វព្រៃតាមផ្ទះ និងកសិដ្ឋាន ដែលជាការផ្គត់ផ្គង់តម្រូវការអាហាររបស់មនុស្ស៖ «ច្បាប់នេះនឹងប្ដូរការគិតរបស់មនុស្សតែម្ដង។ ពីមុនជ្រូកព្រៃនៅក្នុងព្រៃ ប៉ុន្តែពេលនេះ បងប្អូននៅរតនគិរី មណ្ឌលគិរី គឺជាសត្វស្រុករបស់គាត់»។
លោក សាយ សំអាល់ ពន្យល់ទៀតថា នៅតំបន់ខ្លះ សត្វព្រៃបានក្លាយជាសត្វស្រុករបស់អ្នកភូមិទៅហើយ ដែលសត្វទាំងនោះ រួមមានជ្រូកព្រៃ អណ្ដើក ទន្សាយជាដើម។ លោកថ្លែងដូចនេះក្នុងទិវាសត្វព្រៃពិភពលោក នៅថ្ងៃទី១៩ ខែមីនា។ លោកឲ្យដឹងដែរថា សព្វថ្ងៃនេះក្រសួងបរិស្ថានបានអនុញ្ញាតឲ្យមានការចិញ្ចឹមជ្រូកព្រៃនៅខេត្តព្រះវិហារ ដោយព័ទ្ធរបងដីជាង ១០ហិកតារ៖ «យើងបានចាប់ផ្ដើមកម្មវិធីមួយ គឺអនុញ្ញាតឲ្យចិញ្ចឹមជ្រូកព្រៃ បើមនុស្សចូលចិត្តជ្រូកព្រៃ គាត់អាចរកចំណូលបាន»។
យុវជន សត្វព្រៃ ៨៥៥ ២០១៦
ក្រុមយុវជនចូលរួមទិវាសត្វព្រៃពិភពលោក នារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev
នាយកអង្គការប្រចាំប្រទេស នៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ-កម្ពុជា លោក ទុយ សេរីវឌ្ឍនា យល់ថា ការផ្លាស់ប្ដូរផ្នត់គំនិតពីការបរបាញ់សត្វព្រៃ បែរមកចិញ្ចឹមសត្វព្រៃក្នុងកសិដ្ឋានជារឿងល្អ។ ប៉ុន្តែលោកព្រួយបារម្ភថា ការអនុវត្តមិនបានត្រឹមត្រូវ នឹងធ្វើឲ្យកសិដ្ឋានក្លាយជាកន្លែងបំផ្លាញសត្វព្រៃ ដោយយកសត្វព្រៃមកទុកក្នុងកសិដ្ឋាន រួចហើយទើបនាំចេញទៅលក់ស្របច្បាប់៖ «នេះ ជាការគំរាមមួយដល់ការអភិរក្សសត្វ បើកសិដ្ឋាននោះពុំមានតម្លាភាព គេអាចយកសត្វពីក្នុងព្រៃដាក់ក្នុងកសិដ្ឋាន ហើយបន្ទាប់មកគេអាចធ្វើអាជីវកម្មលើហ្នឹង អស់ហើយចាប់មកទៀត»។
សង្គមស៊ីវិលរូបនេះ ទាមទារឲ្យកសិដ្ឋានចិញ្ចឹមសត្វព្រៃទាំងនោះ មានបច្ចេកទេសត្រឹមត្រូវ មានគោលនយោបាយច្បាស់លាស់ ម្ចាស់កសិដ្ឋានមានឆន្ទៈពិតប្រាកដ។ ជាងនេះទៅទៀត លោកស្នើឲ្យច្បាប់នោះចែងឲ្យច្បាស់លាស់ថា សត្វណាអាចចិញ្ចឹមបាន និងសត្វណាមិនអាចចិញ្ចឹមបាន៕
No comments:
Post a Comment