A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 23 March 2016

បទ​វិភាគ៖ សិទ្ធិ​ឯកជន​ត្រូវ​បាន​បំពាន​ដោយ​ការ​លួច​ថត​សំឡេង​និង​ទម្លាយ​ជា​សាធារណៈ


Manekseka Sangkum

Regardless how one feels over Mr Sokha's alleged private life, this act of secretly taping someone's conversation constitutes a serious infringement of his/her privacy, and the recording itself has no clear legal basis other than whatever political capital is being sought out of it by the person authorising the recording in the first place. It is understood that this invasion of privacy by the current regime has been on the increase in recent years, affecting potentially everyone and not only public personalities and politicians, and that many ordinary citizens are randomly monitored by the state's intelligence units that exercise control over, or are embedded within, the various digital communication channels and hubs, from home broadband to internet cafes. No one may sleep soundly knowing their intimate personal affairs and details are under the constant or random surveillance of Big Brother.

....

បទ​វិភាគ៖ សិទ្ធិ​ឯកជន​ត្រូវ​បាន​បំពាន​ដោយ​ការ​លួច​ថត​សំឡេង​និង​ទម្លាយ​ជា​សាធារណៈ
ដោយ ជី វិតា
2016-03-22

កឹម សុខា ខុម ចាន់ដារាទី ២០១៦ ៨៥៥
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​កញ្ញា ខុម ចាន់ដារាទី ហៅ ស្រី​មុំ។
Photo: RFA


ជីវភាព​ឯកជន និង​ការ​និយាយ​ឆ្លើយ​ឆ្លង​ជា​សម្ងាត់​របស់​ពលរដ្ឋ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កំពុង​រង​ការ​គំរាម​កំហែង បន្ទាប់​ពី​មាន​ការ​ចាក់​ផ្សាយ​នូវ​ខ្សែ​អាត់​កិច្ច​សន្ទនា​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ត្រី​កំណាន់​ចិត្ត​របស់​លោក​ជា​ហូរហែ ដែល​មក​ដល់​ពេល​នេះ​មាន​ជាង ៣០​ភាគ​ហើយ។

មាន​ចម្ងល់​ជាច្រើន​លើក​ឡើង​ថា តើ​អ្នក​លប​ថត​សំឡេង​សន្ទនា​ឯកជន​របស់​អ្នក​ដទៃ និង​អ្នក​យក​សំឡេង​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ខុស​ច្បាប់​ឬ​ទេ? ហើយ​មាន​ផល​វិបាក​អ្វី​ខ្លះ​ដល់​សង្គម​កម្ពុជា?

បើ​និយាយ​ពី​បទល្មើស​ជាក់ស្តែង គឺ​មិន​មែន​ពាក្យ​សម្ដី​ឃោសនា​សន្យា​លុប​បំណុល​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ឈ្នះ​ឆ្នោត ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ត្រូវ​ចាប់​ខ្លួន​អ្នក​ឃោសនា​នោះ​នៅ​នឹង​កន្លែង​នោះ​ទេ។ បើ​តាម​អ្នក​ច្បាប់ បទល្មើស​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​សព្វថ្ងៃ​នេះ គឺ​សកម្មភាព​យក​សំឡេង​សន្ទនា​ឆ្លើយ​ឆ្លង​ផ្ទាល់​ខ្លួន​តាម​ទូរស័ព្ទ​របស់​អ្នក​ដទៃ មក​ចាក់​ផ្សាយ​ទម្លាយ​រឿង​ឯកជន​របស់​គេ​ទៅ​វិញ​ទេ។

មាន​ច្បាប់​ជាតិ​យ៉ាង​ហោច​ណាស់​ចំនួន​៣ ដែល​ហាម​ឃាត់​ការ​លប​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​អ្នក​ដទៃ។

ទី​១ គឺ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស។ មាត្រា​៤០ មិន​ត្រឹម​តែ​ការពារ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប​ពី​ការ​លប​ថត​សំឡេង​និយាយ​សន្ទនា​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធានា​ការពារ​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរគមនាគមន៍​របស់​គាត់​ទៀត​ផង។



រីឯ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទាំង​អ្នក​លប​ថត​សំឡេង​គេ ទាំង​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ត្រូវ​មាន​ទោស​ស្មើ​គ្នា។

មាត្រា​៩៧ ចែង​ថា «ការ​លប​ស្តាប់ ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍ ដោយ​បុគ្គល​ដែល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ទទួល​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ២​លាន​រៀល។ បញ្ញត្តិ​កថាខណ្ឌ​ទី​១ ខាង​លើ​នេះ មិន​ត្រូវ​យក​មក​អនុវត្ត​ទេ ក្នុង​ករណី​ដែល​ការ​ស្តាប់ ឬ​ការ​ថត​ការ​សន្ទនា​នោះ ធ្វើ​ឡើង​ដោយ​មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ ឬ​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ធម្មានុរូប»។

ចំណែក​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ក៏​មាន​ទោស​ជាប់​ពន្ធនាគារ​ដែរ។ មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ដដែល​ចែង​ថា «ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​ចំពោះ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ការ​សន្ទនា ដោយ​ពុំ​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​ភាគី​នៃ​ការ​សន្ទនា ឬ​ពី​អាជ្ញាធរ​ធម្មានុរូប ឬ​ពី​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន»។

រហូត​មក​ដល់​ពេល​នេះ គេ​បាន​ដឹង​ត្រឹម​ឈ្មោះ​អ្នក​ស្ព័នសឺរ (Sponsor) គឺ «រឿង​ពិត​របស់ CNRP» ដែល​ជា​អ្នក​យក​សំឡេង​សន្ទនា​ដែល​គេ​សន្មត​ថា​ជា​សំឡេង​របស់ លោក កឹម សុខា ជាមួយ​ស្ត្រី​កំណាន់​ចិត្ត ដាក់​បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ភ្លាមៗ​ដោយ​សារព័ត៌មាន Fresh News។

បើ​ទោះ​បី​ជា​ទិដ្ឋភាព​ច្បាប់​អាច​ផ្ដន្ទាទោស​អ្នក​លប​ថត​សំឡេង និង​ផ្សាយ​សំឡេង​នោះ​ក៏ដោយ គេ​នៅ​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច​រដ្ឋាភិបាល មាន​ចំណាត់​ការ​ណា​មួយ​ដើម្បី​បញ្ឈប់​ការ​បង្ហោះ​ផ្សព្វផ្សាយ​កិច្ច​សន្ទនា​នេះ​នៅ​ឡើយ​ទេ។

មក​ដល់​ពេល​នេះ អ្នក ស្ព័នសឺរ (Sponsor) «រឿង​ពិត​របស់ CNRP» បន្ត​បង្ហោះ​ជាង ៣០​ភាគ​ហើយ ហើយ​សារព័ត៌មាន Fresh News ក៏​ផ្សាយ​បន្ត​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​ផ្លូវ​ច្បាប់​ដែរ។

ទាំង​អ្នក​ច្បាប់ និង​មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា លោក កឹម សុខា និង​កញ្ញា ខុម ចាន់ដារាទី ព្រម​ទាំង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​គេ​លប​ថត​សំឡេង​សន្ទនា​យក​ទៅ​ផ្សព្វផ្សាយ​នោះ សុទ្ធសឹងតែ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ខុស​ច្បាប់​ដែល​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ការពារ។

បើ​ទោះ​ខ្លួន​ជា​ជន​រងគ្រោះ​ចាប់​តាំង​ពី​រឿង​អាស្រូវ​នេះ​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​នេះ ទាំង លោក កឹម សុខា និង​កញ្ញា ខុម ចាន់ដារាទី ព្រម​ទាំង​អ្នក​ដទៃ​ទៀត​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អ្នក​លប​ថត​សំឡេង និង​អ្នក​ផ្សព្វផ្សាយ​ទេ។

ទោះ​ជា​យ៉ាង​នោះ​ក្តី មេធាវី នូ ទេព្វពីរិទ្ធ ពន្យល់​ថា ករណី​លួច​ស្តាប់ និង​ថត​សំឡេង​តាម​ទូរស័ព្ទ ហើយ​ផ្សព្វផ្សាយ បើ​ទោះ​បី​ជា​ជន​រងគ្រោះ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក៏ដោយ ក៏​ព្រះរាជអាជ្ញា​ដែល​តំណាង​ឲ្យ​រដ្ឋ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ចាត់​ការ​លើ​ជន​ល្មើស ពីព្រោះ​វា​ជា​ករណី​ព្រហ្មទណ្ឌ៖ «ពេល​ខ្លះ​ជន​រងគ្រោះ​អត់​អាច​មក​ប្ដឹង​បាន​ទេ ព្រោះ​វា​មាន​បញ្ហា​ច្រើន​ណាស់។ គាត់​ខ្លាច​សព្វ​បែប​យ៉ាង​អី​អ៊ីចឹង​ទៅ ប៉ុន្តែ​អំពើ​ហ្នឹង​សាធារណជន​ដឹង។ ផ្សាយ​ប៉ុន្មាន​ភាគ​ហើយ គឺ​ដឹង​ទាំងអស់​គ្នា​ហ្នឹង​ឯង។ អ៊ីចឹង​ព្រះរាជអាជ្ញា​ដើរ​តួនាទី​ជា​តំណាង​រដ្ឋ ជា​ម្ចាស់​បណ្ដឹង​អាជ្ញា។ គាត់​អាច​ធ្វើ​បណ្ដឹង​បាន ហើយ​បណ្ដឹង​ហ្នឹង​មាន​ច្រើន​ណាស់ ដូចជា​បណ្ដឹង​ទាមទារ បណ្ដឹង​ជួសជុល​ការ​ខូចខាត ហើយ​និង​បណ្ដឹង​បរិហារ។ បណ្ដឹង​បរិហារ គឺ​សំដៅ​ទៅ​លើ​ព្រះរាជអាជ្ញា សំដៅ​ទៅ​លើ​អាជ្ញាធរ​សាធារណៈ ដែល​គាត់​ប្ដឹង​ជួស​ឲ្យ​សង្គម​មួយ​ដែល​រងគ្រោះ ឬ​ជន​ណា​មួយ​ដែល​រងគ្រោះ ហើយ​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ​សន្តិសុខ​បុគ្គល។ ករណី​នេះ គឺ​សន្តិសុខ​បុគ្គល»។

ការ​អនុញ្ញាត​ឲ្យ​មាន​ការ​លប​ថត​សំឡេង​សន្ទនា​ឯកជន​របស់​អ្នក​ដទៃ​យក​មក​ផ្សព្វផ្សាយ មិន​ត្រឹម​តែ​បំពាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្ក​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​ជាតិ​កម្ពុជា ទាំង​មូល​តែ​ម្តង។

ផល​វិបាក​ទី​១ គឺ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ។ ពួក​គេ​អាច​លែង​មាន​ជំនឿ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​អាច​ធានា​នូវ​ជីវភាព​ឯកជន​របស់​ពួក​គេ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត​ហើយ។

ផល​វិបាក​ទី​២ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សភាព​ភ័យ​ខ្លាច​ថា ការ​និយាយ​ស្តី​រឿង​ឯកជន​តាម​ទូរស័ព្ទ​រវាង​ក្រុម​គ្រួសារ មិត្តភ័ក្ដិ សង្សារ និង​ការ​ឆ្លើយ​ឆ្លង​អំពី​មុខ​របរ​ជំនួញ និង​បញ្ហា​សុខភាព​ជា​សម្ងាត់​របស់​ពួក​គេ នឹង​ត្រូវ​ជន​ទី​បី​លប​ស្តាប់​ឮ និង​លាត​ត្រដាង។

ផល​វិបាក​ទី​៣ អ្នក​វិនិយោគិន​អាច​នឹង​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា នៅ​ពេល​ពួក​គេ​ដឹង​ថា ប្រព័ន្ធ​ទូរស័ព្ទ​ត្រូវ​គេ​លប​ស្តាប់ និង​ថត​សំឡេង​បាន​ដោយ​ងាយៗ​យ៉ាង​ដូច្នេះ។

ផល​វិបាក​ទី​៤ គឺ​ការ​លប​ថត​សំឡេង​គេ​មក​ផ្សព្វផ្សាយ​បែប​នេះ ផ្តល់​គំរូ​អាក្រក់​ដល់​អ្នក​ដទៃ​នៅ​ថ្ងៃ​អនាគត។ ក្នុង​មួយ​ថ្ងៃៗ​ចាប់​ពី​រាស្ត្រ​សាមញ្ញ រហូត​ដល់​នាយក​រដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ សុទ្ធតែ​មាន​ការ​សន្ទនា អាច​ជា​រឿង​សម្ងាត់​ដែល​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ឮ។ ប្រសិន​បើ​មាន​ការ​បើក​ដៃ​អនុញ្ញាត​ឲ្យ​មាន​ការ​ថត​សំឡេង និង​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​ផ្ដន្ទាទោស​បែប​នេះ ថ្ងៃ​ណា​មួយ​អាច​នឹង​មាន​ការ​ឡង​បក​អាក្រាត​របៀប​នេះ​មក​អ្នក​កាន់​អំណាច​វិញ ពីព្រោះ​រឿង​សម្ងាត់​របស់​អ្នក​ធំ​ក៏​អាច​លេច​ធ្លាយ​បាន​ដែរ។

ផល​វិបាក​ទី​៥ អាច​កើត​មាន​ចំពោះ​ក្រុមហ៊ុន​ទូរស័ព្ទ។ ប្រជាពលរដ្ឋ​ខ្មែរ ឬ​អតិថិជន អាច​នឹង​ឈប់​ទិញ​សេវា​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ណា​ដែល​គេ​ដឹង​ថា ក្រុមហ៊ុន​នោះ​បាន​ផ្តល់​សំឡេង​សន្ទនា​សម្ងាត់​របស់​ពួក​គេ ទៅ​ឲ្យ​រដ្ឋាភិបាល ឬ​ជន​ទី​៣ ទាំង​បំពាន​ច្បាប់​បែប​នេះ។

នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ការពារ​សិទ្ធិ​ឯកជន និង​ព័ត៌មាន​សម្ងាត់​របស់​អតិថិជន​ខ្លួន ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​អេបភល (Apple) បាន​ជំទាស់​ទៅ​នឹង​ការ​ទាមទារ​របស់​រដ្ឋាភិបាល ដែល​បង្គាប់​ឲ្យ​ក្រុមហ៊ុន Apple បង្កើត​លេខ​កូដ​សម្ងាត់​ដែល​អាច​ឲ្យ​អង្គភាព​ចារកិច្ច អេហ្វ.ប៊ី.អាយ (FBI) អាន់ឡក (Unlock) បើក​លេខ​សម្ងាត់​ដើម្បី​ចូល​ពិនិត្យ​មើល​ទិន្នន័យ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​របស់​ក្រុមហ៊ុន Apple ក្នុង​គោលដៅ​ស្វែងរក​ក្រុម​ភេវរករ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ស្នើសុំ​សេចក្តី​សម្រេច​បង្គាប់​ឲ្យ​ក្រុមហ៊ុន Apple ធ្វើ​តាម​ខ្លួន។

នៅ​ខណៈ​រង់ចាំ​សេចក្តី​សម្រេច​ពី​តុលាការ​សហរដ្ឋ​អាមេរិក ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន Apple បាន​សម្រេច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ថា ជំហរ​មិន​ធ្វើ​តាម​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល គឺ​ជា​រឿង​ត្រឹមត្រូវ។ ក្រុមហ៊ុន Apple ផ្តល់​ហេតុផល​ថា នៅ​ខណៈ​អង្គភាព​ចារកិច្ច អេហ្វ.ប៊ី.អាយ មាន​បំណង​ល្អ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម ការ​ដែល​ក្រុមហ៊ុន Apple បង្កើត​លេខ​កូដ​ថ្មី​ផ្តល់​ឲ្យ អេហ្វ.ប៊ី.អាយ ធ្វើ​ឲ្យ​ពួក​គេ​អាច​ចូល​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​នោះ វា​នឹង​បង្ក​ផល​វិបាក​ដ៏​គ្រោះថ្នាក់​ពីរ​យ៉ាង។

ទី​១ វា​នឹង​ធ្វើ​ឲ្យ​ផលិតផល​របស់​ក្រុមហ៊ុន Apple ចុះ​ខ្សោយ​ដោយ​ស្វ័យ​ប្រវត្តិ។ ក្រុមហ៊ុន​នឹង​លែង​មាន​លទ្ធភាព​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លួន​ឯង ពេល​នោះ​កិច្ចការ​ឯកជន និង​សុវត្ថិភាព​របស់​ក្រុមហ៊ុន នឹង​ស្ថិត​ក្នុង​ហានិភ័យ។

ហេតុផល​ទី​២ គឺ​វា​នឹង​បង្កើត​ទៅ​ជា​ទម្លាប់​ស្រប​ច្បាប់​មួយ​សម្រាប់​ការ​ពង្រីក​អំណាច​របស់​រដ្ឋាភិបាល ក្នុង​ការ​តាម​ដាន​ពិនិត្យ​ព័ត៌មាន​នៅ​ក្នុង​ទូរស័ព្ទ​ដៃ និង​លប​ស្តាប់​ការ​សន្ទនា​របស់​អតិថិជន ដែល​ជា​រឿង​គ្រោះថ្នាក់​ដ៏​ធំ​មួយ​សម្រាប់​ថ្ងៃ​មុខ។

ងាក​មក​ប្រទេស​កម្ពុជា វិញ កាល​ពី​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០ ពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​កាត់​របប​កុម្មុយនិស្ត​ចំនួន​ពីរ គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ រដ្ឋាភិបាល​នៃ​របប​ផ្តាច់​ការ​ទាំង​ពីរ​នេះ បាន​ប្រើប្រាស់​ឧបករណ៍​រដ្ឋ មាន​ប៉ូលិស តុលាការ និង​ពន្ធនាគារ ជា​អាវុធ​ដើម្បី​គាប​សង្កត់ និង​បំបិទ​មាត់​អ្នក​នយោបាយ ព្រម​ទាំង​ជន​ទាំងឡាយ​ណា​ដែល​មាន​ទស្សនៈ មិន​ស្រប​តាម​គោល​នយោបាយ​របស់​បក្ស និង​រដ្ឋ។

ភ្នាក់ងារ​រដ្ឋ​បាន​លប​ស្តាប់​កិច្ច​សន្ទនា និង​ការ​ឈ្លប​តាម​ដាន​រាល់​សកម្មភាព​របស់​ពលរដ្ឋ​ជា​ប្រចាំ។ ជា​លទ្ធផល ពលរដ្ឋ​ខ្មែរ​ដែល​រស់​ក្នុង​របប​ទាំង​ពីរ​នោះ បាន​ឆ្លង​កាត់​បទពិសោធន៍​ភ័យ​ខ្លាច និង​អសន្តិសុខ​ក្នុង​ជីវិត​ជាប់​ជា​ប្រចាំ។

ដោយសារ​ហេតុផល​នេះ​ហើយ ទើប​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ គ្រប់​បក្ស​នយោបាយ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា បាន​មូល​មាត់​គ្នា​បង្កើត​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​ធានា​នូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា មាន​អ្នក​លប​ស្តាប់​ដែល​ជា​ការ​ធានា​នូវ​ជីវភាព​ឯកជន​របស់​បុគ្គល​គ្រប់​រូប។

បន្ថែម​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ដូច​រៀបរាប់​មក​ហើយ​នោះ ក្រម​ព្រហ្មទណ្ឌ​កម្ពុជា មាត្រា​៣០១ ក៏​ផ្ដន្ទាទោស​អ្នក​ដែល​លប​ថត​សំឡេង​សន្ទនា​របស់​គេ​ឲ្យ​ជាប់​ពន្ធនាគារ​ផង​ដែរ។

ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​សកម្មភាព​បង្ហោះ​តាម​ហ្វេសប៊ុក និង​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​នូវ​សំឡេង​សន្ទនា​ឯកជន ដែល​គេ​ជឿ​ថា​ជា​សំឡេង​របស់ លោក កឹម សុខា និង​ស្ត្រី​កំណាន់​ចិត្ត នៅ​តែ​មាន​បន្ត​មិន​ដឹង​រហូត​ដល់​ពេល​ណា ហើយ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ដែល​មាន​ជា​ធរមាន ដើម្បី​បញ្ឈប់ និង​ផ្ដន្ទាទោស​អ្នក​ដែល​លប​ថត និង​ផ្សព្វផ្សាយ​សំឡេង​នោះ​នៅ​ឡើយ​ទេ៕

No comments: