ដោយ ថា កិត្យា
2016-03-22

មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងក្នុងពិធីគម្រប់ខួប១២ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា នៅជិតវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
គណបក្សប្រឆាំងចាត់ទុកលិខិតរបស់រដ្ឋសភាដែលឲ្យលោក កឹម សុខា បំភ្លឺពីរឿងរ៉ាវស្នេហាតាមទូរស័ព្ទជាមួយស្រីក្មេងនោះ ថាជារឿងអស់សំណើច ប៉ុន្តែអគ្គលេខាធិការនៃរដ្ឋសភាលើកឡើងថា ការធ្វើនេះគឺជារឿងត្រឹមត្រូវតាមច្បាប់។ រីឯអ្នកវិភាគនៅតែយល់ថា រដ្ឋសភាមិនមានតុល្យភាព និងឯករាជ្យឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើគណនីហ្វេសប៊ុក (Facebook) របស់ខ្លួនកាលពីថ្ងៃទី២១ ខែមីនា ថា ការចេញលិខិតមួយរបស់អគ្គលេខាធិការរដ្ឋសភា ឡេង ប៉េងឡុង គឺជារឿងគួរឲ្យអស់សំណើច។
ការចាត់ទុកលិខិតរបស់រដ្ឋសភាជារឿងអស់សំណើចនេះ នៅបន្ទាប់ពីរដ្ឋសភាបានបញ្ជូនញត្តិដែលទទួលបានពីក្រុមយុវជនមួយក្រុមដែលអះអាងថា ជានិស្សិតនោះ មិនដល់មួយសប្ដាហ៍ផងនោះ ផ្ញើជូនលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដើម្បីឆ្លើយបំភ្លឺរឿងរ៉ាវស្នេហាដែលបែកធ្លាយនោះ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះពីលោក កឹម សុខា ឬមន្ត្រីគណបក្សសង្គ្រោះជាតិ បាននៅឡើយទេ នៅថ្ងៃទី២២ ខែមីនា ប៉ុន្តែកន្លងមក គណបក្សនេះបានប្រកាសមិនឆ្លងឆ្លើយពីករណីនេះឡើយ ដោយបញ្ជាក់ថា ទុកពេលគិតគូរពីបញ្ហាសំខាន់ផ្សេងៗដែលជាអាយុជីវិតរបស់ជាតិ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតវិញ។
លិខិតរបស់រដ្ឋសភាបញ្ជាក់ថា ញត្តិនោះធ្វើឡើងដោយលោក ស្រី ចំរើន ដែលអះអាងថា ជាតំណាងយុវជន និងនិស្សិត ស្នើសុំឲ្យលោក កឹម សុខា ឆ្លើយបំភ្លឺចំពោះខ្សែអាត់សំឡេងឆ្លងឆ្លើយស្នេហាដែលគេសង្ស័យថា សំឡេងរបស់ភាគីខាងបុរស គឺជាសំឡេងរបស់លោក កឹម សុខា។
អគ្គលេខាធិការនៃរដ្ឋសភាលោក ឡេង ប៉េងឡុង មានប្រសាសន៍ថា រដ្ឋសភាធ្វើបែបនេះ គឺស្របទៅតាមរដ្ឋធម្មនុញ្ញមាត្រា ៣៥ ដែលបានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៖ «យើងរង់ចាំចម្លើយរបស់គាត់។ ចម្លើយរបស់គាត់បកស្រាយលាយលក្ខណ៍ជាអក្សរក៏បាន ចង់ឆ្លើយផ្ទាល់មាត់ក៏បាន ស្រេចតែគាត់ទេ។ យើងចាំទទួលប៉ុណ្ណឹងដើម្បីរាយការណ៍ជូនយុវជនវិញ ទោះទទួលបាន ឬមិនបានក្តី។ លិខិតនេះ គឺមិនមែនយើងធ្វើតាមការនឹកឃើញដោយមនោសញ្ចេតនាអីទេ គឺយោងតាមមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ»។
ទន្ទឹមគ្នានេះ លោកបន្ថែមថា រដ្ឋសភាមិនមែនយកចិត្តទុកដាក់តែលើរឿងនិស្សិតនិងយុវជននេះ ដូចការចោទឡើយ ពោលគឺរដ្ឋសភាបានយកចិត្តទុកដាក់លើគ្រប់រឿងគ្រប់វិស័យទាំងអស់។
អ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួនលើកឡើងថា រដ្ឋសភាហាក់សកម្មតែរឿងទាក់ទងនឹងប្រជាប្រិយភាពរបស់បក្សប្រឆាំង។ ចំណែករឿងប្រយោជន៍សាធារណៈ ដូចជារឿងដីធ្លី ហាក់យឺតយ៉ាវក្នុងការដោះស្រាយ ហើយបញ្ហាព្រំដែនដែលកន្លងមកបក្សប្រឆាំងធ្លាប់ស្នើសុំបំភ្លឺដែរនោះ បែរជាស្ងប់ស្ងាត់។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា រឿងនេះរដ្ឋសភាហាក់មិនមានតុល្យភាពគ្នានៃសំណើរបស់ប្រជាពលរដ្ឋឡើយ ដូច្នេះវាមិនស្របតាមរដ្ឋធម្មនុញ្ញនោះទេ៖ «អ្នកនយោបាយខ្មែរយើងតែងតែបូកចូលគ្នាជាមួយរឿងបុគ្គល និងរឿងនយោបាយ អាការពាក់ព័ន្ធគ្នានេះហើយដែលធ្វើឲ្យមហាជនមើលឃើញភាពជាក់លាក់ណាមួយរបស់រដ្ឋសភា ដែលតែងតែយករដ្ឋធម្មនុញ្ញមកអនុវត្តប្រើប្រាស់ដោយមិនសមស្របនោះ។ អ៊ីចឹងថ្ងៃក្រោយៗទៀត ត្រូវធ្វើឲ្យមានតុល្យភាពគ្នា»។
បើទោះបីជា អ្នកច្បាប់ចាត់ទុកថា ការលបថតសំឡេងសន្ទនា និងបន្តបង្ហោះចែកចាយព្រោងព្រាតនោះ គឺខុសច្បាប់ជាតិ អន្តរជាតិ និងផ្ដល់នូវផលវិបាកដល់សង្គមកក៏ដោយ ប៉ុន្តែសំឡេងសន្ទនាឯកជនដែលគេអះអាងថា ជាសំឡេងរបស់លោក កឹម សុខា និងស្ត្រីកំណាន់ចិត្តនោះ នៅតែមានបន្តផ្សព្វផ្សាយក្នុងគណនីហ្វេសប៊ុក ឈ្មោះថា រឿងពិត CNRP ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់ចាត់វិធានការអនុវត្តច្បាប់ដែលមានជាធរមាន ដើម្បីបញ្ឈប់ និងផ្ដន្ទាទោសអ្នកដែលលបថត និងផ្សព្វផ្សាយសំឡេងនោះនៅឡើយទេ៕
1 comment:
This is precisely the behavior of the national assembly monkeys.Only monkeys can sleep with their unconscionable actions.
Post a Comment