A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 February 2016

ស្ថានភាព​អ្នកទេសចរ​មក​កម្សាន្ត​ខេត្ត​រតនគិរី​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន


ដោយ រដ្ឋា វិសាល
2016-02-09  

ទេសចរណ៍ រតនគិរី ៨៥៥ ២០១៦

ទេសចរ​ថត​រូប​កម្សាន្ត​លេង​នៅ​បឹង​យក្សឡោម ក្នុង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Ratha Visal


រមណីយដ្ឋាន​ចំនួន​ពីរ​នៅ​ខេត្ត​រតនគិរី ទទួល​បាន​អ្នក​ទេសចរ​ច្រើន​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ខណៈ​តួលេខ​អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ផ្សេង​ទៀត​ក្នុង​ខេត្ត​នេះ​មិន​សូវ​មាន​អ្នក​មក​កម្សាន្ត​ច្រើន​ដូច​ឆ្នាំ​កន្លង​ទៅ។ មន្ត្រី​ទេសចរណ៍​ប្រចាំ​ខេត្ត​រំពឹង​ថា ចំនួន​អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​ឆ្នាំ​នេះ មិន​​តិច​ជាង​ឆ្នាំ​មុន​នោះ​ឡើយ។

មន្ត្រី​ទេសចរណ៍​ខេត្ត​រតនគិរី មាន​មោទនភាព ខណៈ​អ្នក​ទេសចរ​ច្រើន​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​នេះ។ ផ្ទះ​សំណាក់ សណ្ឋាគារ​ មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ស្នាក់​នៅ​ច្រើន​ខុស​​ធម្មតា។ ចំណែក​ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​នានា ជាពិសេស​រមណីយដ្ឋាន​បឹង​​យក្សឡោម ដ៏​ល្បីល្បាញ រួម​ទាំង​តំបន់​ទឹក​ជ្រោះ​៧​ជាន់ ក៏​មាន​ភ្ញៀវ​ក្នុង​ខេត្ត និង​មក​ពី​បណ្ដា​ខេត្ត​នានា​ខ្លះ​មក​ពី​ទីក្រុង​ភ្នំពេញ នាំ​គ្នា​មុជ​ទឹក​លេង និង​ជួបជុំ​គ្នា​ហូប​អាហារ​ជា​លក្ខណៈ​គ្រួសារ និង​ជាមួយ​មិត្តភ័ក្ដិ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត ពិទូ កត់សំគាល់​ថា ការ​មក​ដល់​នៃ​អ្នកទេសចរ​មក​កាន់​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង​មាន​ប្រមាណ​ជាង ១​ពាន់​នាក់ ដែល​ជា​សញ្ញា​បង្ហាញ​ថា នឹង​មាន​ការ​មក​ដល់​បន្ថែម​ទៀត ខណៈ​បុណ្យ​ចូល​ឆ្នាំ​ទើប​ចាប់​ផ្ដើម។ លោក​បន្ត​ថា ខេត្ត​រតនគិរី ​សម្បូរ​ទៅ​ដោយ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​សុទ្ធសាធ និង​ផ្លូវ​គមនាគមន៍​កាន់​តែ​ល្អ​ប្រសើរ។ ម្យ៉ាង​វិញ​ទៀត ឆ្នាំ​នេះ​ធាតុអាកាស​ត្រជាក់​នៅ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ចិន គួរ​ជា​ទី​រីករាយ​សម្រាប់​ដំណើរ​កម្សាន្ត​នៃ​អ្នក​ទេសចរ​បាន​មក​កាន់​ខេត្ត​ប៉ែក​ឦសាន​មួយ​នេះ។

លោក​បន្ត​ថា តំបន់​រមណីយដ្ឋាន​សំខាន់ៗ​ចំនួន​ពីរ ដូចជា​បឹង​យក្សឡោម ទឹកជ្រោះ ៧​ជាន់ ត្រូវ​បាន​សហគមន៍​អភិរក្ស​ល្អ​ប្រសើរ ទាំង​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​អនាម័យ៖ «ថ្ងៃ​ទី​២​នេះ​ភ្ញៀវ​យើង​ឡើង​មក​បាន ៤០​ភាគរយ​ហើយ អ៊ីចឹង​ចន្លោះ​ម៉ោង ៥ ដល់​ម៉ោង ៦ អាច​ពេញ​អូតែល។ ប្រមើល​មើល​នឹង​កើន​ដោយសារ​យើង​អត់​ខ្វល់​ហេដ្ឋារចនាសម្ព័ន្ធ​យើង​ល្អ​ផ្នែក​សេវាកម្ម ឧស្សាហកម្ម​យើង​មាន​ផ្ទះ​សំណាក់​សណ្ឋាគារ​ច្រើន​ល្អៗ​ទៀត»។

កាល​ពី​រដូវ​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០១៥ មាន​អ្នកទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​រតនគិរី ជិត ២​ម៉ឺន​នាក់។ តាម​ការ​រំពឹង​ទុក​របស់​មន្ត្រី​ទេសចរណ៍​ចំនួន​នេះ​នឹង​កើន​ឡើង​ដល់ ២,៥​ម៉ឺន​នាក់​នៅ​រដូវ​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០១៦ នេះ ដោយសារ​តែ​ផ្ទះសំណាក់​សណ្ឋាគារ​ត្រូវ​បាន​អតិថិជន​កក់​អស់​ប្រមាណ ៧០​​ភាគរយ​នៃ​បន្ទប់​ស្នាក់នៅ។

តំណាង​សណ្ឋាគារ​ខ្នាត​ធំ​ឈ្មោះ​រតនសម្បត្តិ លោក ហង្ស ផានី កត់សំគាល់​ថា អ្នកទេសចរ​កំពុង​ចូល​​មក​ស្នាក់​នៅ​បន្តបន្ទាប់​គ្នា​ខុសប្លែក​ពី​ថ្ងៃ​ធម្មតា ពោល​គឺ​មាន​ចំនួន​កើន​ឡើង ប៉ុន្តែ​លោក​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​ទេសចរណ៍​មក​កម្សាន្ត​នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន រយៈពេល​បី​ថ្ងៃ​នេះ ទំនង​ច្រើន​ជាង​​ឆ្នាំ​កន្លង​ទៅ​តិចតួច​ប៉ុណ្ណោះ៖ «កន្លែង​ខ្ញុំ​សម្រាប់​ស្ទឹម សូណា ស្បា អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ។ ភ្ញៀវ​បុក​ចូល​តាំង​ពី​ថ្ងៃ​ដើរ​លេង​វា​ច្រើន​កន្លែង​ខ្ញុំ​អត់​បាន​ឡើង​ថ្លៃ​ទេ»។

ចំណែក​អ្នក​លក់​នំ​ចំណី​នៅ​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម ឈ្មោះ អ៊ួយ កត់សំគាល់​ដែរ​ថា រដូវ​ចូល​ឆ្នាំ​ចិន គឺ​មាន​អ្នក​ទេសចរ​ច្រើន​ដែល​ធ្វើ​ឲ្យ​ការ​លក់​ដូរ​នំ​ចំណី​កើន​ឡើង។ អ្នកស្រី​អះអាង​ថា តម្លៃ​នំ​ចំណី​​នៅ​ធម្មតា​មិន​បាន​ដំឡើង​ថ្លៃ​អ្វី​នោះ​ឡើយ៖ «សូម​អរគុណ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ដែល​បាន​មក​លេង​បឹង​យក្សឡោម។ កន្លែង​ខ្ញុំ​មាន​លក់​ម្ហូប​កុម្ម៉ង់​​គ្រប់​មុខ ចង់​ហូប​ម្ហូប​កុម្ម៉ង់ ឬ​បុក​ល្ហុង បាយ​ដំណើប​ក៏​មាន​ដែរ តម្លៃ​ក៏​ថោក​ល្មម​មិន​កោរ»។

​អាជ្ញាធរ​ក្រុង​បានលុង ឲ្យ​ដឹង​ថា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ សណ្ឋាគារ និង​ផ្ទះសំណាក់​បាន​កើន​ឡើង មាន​បន្ទប់​រហូត​ជាង ១​ពាន់​បន្ទប់ ក្នុង​នោះ​សណ្ឋាគារ​មាន ១៦​កន្លែង និង​ផ្ទះសំណាក់​មាន ៣៥​កន្លែង។ ដោយ​ឡែក​មាន​សណ្ឋាគារ​ខ្នាត​ទំនើប​ចំនួន​៥ និង​តំបន់​កម្សាន្ត​ទំនើប​មាន​អាង​ហែល​ទឹក​ចំនួន​៣ បាន​សាងសង់​រួច។

អធិការ​ប៉ូលិស​ក្រុង​បានលុង លោក ហួត បូរី កត់សំគាល់​ថា សន្តិសុខ​មាន​លក្ខណៈ​ល្អ គ្មាន​ប្រជាពលរដ្ឋ ឬ​អ្នក​ទេសចរ​ជួប​ប្រទះ​អសន្តិសុខ ឬ​ចោរកម្ម កើត​ឡើង​ឡើយ។ លោក​ថា កងកម្លាំង​ប៉ូលិស​ត្រូវ​បាន​ដាក់​ប្រចាំការ​នៅ​តាម​តំបន់​រមណីយដ្ឋាន និង​តាម​ផ្លូវ​សាធារណៈ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ។

លោក​កត់សំគាល់​ដែរ​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​បួន​ករណី ធ្វើ​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​របួសធ្ងន់ ៤​នាក់៖ «សុវត្ថិភាព​ល្អ យើង​ការពារ។ ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ ដាក់​កម្លាំង​តាំង​ពី​កន្លែង​កម្សាន្ត​តាម​ដង​ផ្លូវ​​ត្រួត​ពិនិត្យ​ចរាចរណ៍ និង​ជាតិ​អាល់កុល»។

​នៅ​ខេត្ត​រតនគិរី តំបន់​រមណីយដ្ឋាន​សំខាន់ៗ​មាន បឹង​យក្សឡោម បឹង​លង្គុត ទឹក​ជ្រោះ​៧ជាន់ ឬ​ទឹកជ្រោះ​អូរ​សៀនឡែ ទឹកជ្រោះ​តាតៃ ទឹកជ្រោះ​កាចាញ ចាអ៊ុង កាទៀង បឹង​កន្សែង បឹង​កម្សាន្ត តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​តំបន់​វាល​រំប្លង់ ដំណើរ​កម្សាន្ត​ត​តាម​ដង​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​តំបន់​ទស្សនា​សត្វព្រៃ​នៃ​ឧទ្យាន​ជាតិ​វីរជ័យ ជាដើម។

អ្នក​ទេសចរ​មក​ពី​ទីក្រុង​ភ្នំពេញ អ្នកស្រី ឈៀង ហ្គ្រេច បង្ហាញ​អារម្មណ៍​រីករាយ ខណៈ​បាន​មក​កម្សាន្ត​នៅ​ខេត្ត​រតនគិរី នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ។ អ្នកស្រី​បន្ត​ថា ផ្លូវ​ធ្វើ​ដំណើរ​ងាយស្រួល​រី​ឯ​ម្ហូប​អាហារ និង​កន្លែង​ស្នាក់​នៅ​ក៏​មាន​តម្លៃ​ថោក​សមរម្យ រួម​ទាំង​តំបន់​រមណីយដ្ឋាន​ក៏​មាន​លក្ខណៈ ស្រល់​ថ្លា មាន​អនាម័យ​ល្អ៖ «ឥឡូវ​គេ​អភិវឌ្ឍន៍​នៅ​បឹង​យក្ស​ឡោម​ស្អាត​ណាស់ គេ​រក្សា​ធម្មជាតិ​នៅ​ដដែល។ ខ្ញុំ​មក​ពីរ​ដង​ហើយ សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​យើង​នៅ​ពិតៗ​អ៊ីចឹង»។

ដូច​គ្នា​នេះ​ដែរ អ្នក​ទេសចរ​មក​ពី​ខេត្ត​កំពង់ធំ កោត​សរសេរ​រមណីយដ្ឋាន​នៅ​ខេត្ត​រតនគិរី ដែល​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​សុទ្ធសាធ​ដូចជា​តំបន់​ទឹកជ្រោះ និង​បឹង​យក្សឡោម ជាដើម។ លោក​កោតសរសើរ និង​សំណូមពរ​ឲ្យ​រក្សា​ព្រៃឈើ​ទាំង​នោះ​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត៖ «សរសើរ​ក្នុង​ចិត្ត​ថា តំបន់​នេះ​ព្រៃឈើ​នៅ​ល្អ​ឈើ​ធំៗ​ល្អ​ប្រពៃ​ណាស់ ចង់​ឲ្យ​ឈើ​ទាំង​អស់​នេះ​បាន​​គង់វង្ស​ហើយ ចង់​ឲ្យ​ទូទាំង​ប្រទេស តំបន់​ព្រៃឈើ​យើង​នេះ​នៅ​តែ​ស្រស់​ល្អ​រហូត​អ៊ីចឹង​ទៅ»។

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ តួលេខ​បណ្ដោះអាសន្ន​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា មាន​អ្នក​ទេសចរ​ប្រមាណ ៥​ពាន់​នាក់​បាន​មក​កម្សាន្ត​នៅ​ខេត្ត​រតនគិរី៕

No comments: