A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 February 2016

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ត្រូវ​បាន​តុលាការ​កោះ​ហៅ​រឿង​សំណង់​ខុស​ច្បាប់

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ត្រូវ​បាន​តុលាការ​កោះ​ហៅ​រឿង​សំណង់​ខុស​ច្បាប់
ដោយ ម៉ម មុនីរតន៍
2016-02-09

យី សុខសាន្ត ៨៥៥ ២០១៦
មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Morm Moniroth


មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ម្នាក់​ត្រូវ​បាន​អតីត​អនុ​ប្រធាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ ប្ដឹង​ឡើង​តុលាការ​ពី​ដំណើរ​រឿង​សុំ​ឲ្យ​រុះរើ​សំណង់​ខុស​ច្បាប់។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស លោក យី សុខសាន្ត ដែល​ត្រូវ​បាន​គេ​ប្ដឹង​ជាប់​ពាក់ព័ន្ធ​សំណង់​ខុស​ច្បាប់​នេះ បាន​ហៅ​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​ក្រុង​ភ្នំពេញ ថា ជា​ការ​រើសអើង។ ផ្ទុយ​ទៅ​វិញ អតីត​អនុ​ប្រធាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ អះអាង​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​នៅ​ពេល​នេះ គឺ​ជា​ការ​ផ្ដល់​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ចំពោះ​លោក។

លោក យី សុខសាន្ត ចាត់​ទុក​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​នេះ​ថា ប្រព្រឹត្ត​ទៅ​មាន​ភាព​លម្អៀង និង​រើសអើង​ចំពោះ​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដូច​លោក។

លោក យី សុខសាន្ត មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ត្រូវ​បាន​អនុប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក កោ វណ្ឌី ចេញ​ដីកា​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ អំពី​ដំណើរ​រឿង​សុំ​រុះរើ​សំណង់​ខុស​ច្បាប់ ដែល​មាន​ដើម​បណ្ដឹង​លោក សូ សុវណ្ណារី អតីត​អនុប្រធាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ។



ជុំវិញ​វិវាទ​នេះ លោក យី សុខសាន្ត អះអាង​ថា លោក​បាន​ប្ដឹង​ឈ្មោះ សូ សុវណ្ណារី មន្ត្រី​ចូលនិវត្តន៍​ជា​អនុប្រធាន​មន្ទីរ​សុរិយោដី​នេះ តាំង​ពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ ក៏ប៉ុន្តែ​តុលាការ​មិន​ចាត់​វិធានការ​ឡើយ គឺ​បណ្ដឹង​ត្រូវ​កប់​ទុក បើ​ទោះ​ជា​កំពុង​មាន​វិវាទ​ក្តី។

លោក​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ នៅ​ពេល​មាន​បណ្ដឹង​ពី​ឈ្មោះ សូ សុវណ្ណារី ក្នុង​ខែ​កុម្ភៈ នេះ​មិន​ទាំង​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួលបួល​ផង មន្ត្រី​តុលាការ​អនុវត្ត​ដីកា​ដ៏​ឆាប់រហ័ស​មួយ​រំពេច។ លោក​ចាត់​ទុក​ថា ភាព​យឺតយ៉ាវ​របស់​មន្ត្រី​តុលាការ ក្នុង​ការ​អនុវត្ត​បណ្ដឹង​នេះ អាច​បញ្ជាក់​បាន​ថា ជា​ការ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ភាព​លម្អៀង និង​រើសអើង​សង្គម​ស៊ីវិល។ លោក​បន្ត​ថា «ខ្ញុំ​មើល​មក​ដល់​ពេល​នេះ គឺ​ជាង​មួយ​ឆ្នាំ​ហើយ។ ខ្ញុំ​មើល​នីតិវិធី​របស់​តុលាការ​ដែល​មាន​លោក​ព្រះរាជអាជ្ញា លោក កោ វណ្ឌី ជា​អនុប្រធាន​តុលាការ​រាជធានី​ភ្នំពេញ និង​លោក សុខ ប៊ុន្នី ជា​ក្រឡាបញ្ជី។ ខ្ញុំ​ឃើញ​ចំណាត់​ការ​របស់​គាត់​ហាក់​បី​ដូចជា​មាន​ការ​អល់អែក រារែក និង​មាន​ការ​រើសអើង​អង្គការ​សង្គម​ស៊ីវិល»។

វិទ្យុ​អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក កោ វណ្ឌី អនុ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ តាម​ទូរស័ព្ទ​ដែរ ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អតីត​អនុ​ប្រធាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ លោក សូ សុវណ្ណារី ថ្លែង​ថា លោក​មិន​ចង់​ប្ដឹងផ្ដល់​នាំ​ឲ្យ​មាន​វិវាទ​ទេ។ ក៏ប៉ុន្តែ​ដោយ​គ្មាន​ជម្រើស ម្យ៉ាង​ទៀត លោក​បាន​ផ្ដល់​លុយ​មួយ​ចំនួន​សម្រាប់​ការ​ជួសជុល​ចំពោះ​ការ​ខូចខាត​រួច​ហើយ តែ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ នៅ​តែ​មិន​ស្ងប់ចិត្ត។ ជាង​នេះ​ទៀត លោក សូ វណ្ណារី ចាត់​ទុក​ថា ជា​ទម្លាប់​របស់​លោក យី សុខសាន្ត តែង​ប្ដឹង​លោក​គ្រប់​ច្រក​ល្ហក តែ​លោក​នៅ​តែ​មាន​ការ​អត់ធ្មត់។ លោក​បន្ត​ថា «គាត់​ប្ដឹង​រួច តុលាការ​គេ​ថា​ដល់​ធ្វើ​ចប់​ហើយ គឺ​ចប់​សាច់​រឿង​ហើយ។ វា​ឥត​មាន​អី ហើយ​ខ្ញុំ​ក៏​បាន​ប្រគល់​លុយ ៣៥០​ដុល្លារ​ឲ្យ​ទៅ​ធ្វើ​ទៀត និង​មក​ពី​គាត់​មិន​យក​ទៅ​ធ្វើ។ គាត់​ចង់​បាន​លុយ​ច្រើន។ មនុស្ស​គាត់​ក្រឡេចក្រឡុច​ពុតត្បុត​អាក្រក់»។

ជុំវិញ​ទំនាស់​នេះ លោក យី សុខសាន្ត យល់​ឃើញ​ពី​ភាព​យឺតយ៉ាវ​របស់​តុលាការ មិន​ចាត់​វិធានការ​ចំពោះ​បណ្ដឹង​របស់​លោក​ប្រឆាំង​មន្ត្រី​ចូលនិវត្តន៍​នេះ ទំនង​មាន​ផលប្រយោជន៍​ច្រើន​ជាង​ការ​អនុវត្ត​នីតិវិធី។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ អះអាង​ថា លោក​បាន​ប្ដឹង​លោក សូ សុវណ្ណារី តាំង​ពី​ខែ​មករា ឆ្នាំ​២០១៤ ពី​បទ​សំណង់​ខុស​ច្បាប់ ដូច​ជា​សង់​លើស​គម្រោង​រហូត ៦​ជាន់ ដែល​ច្បាប់​សាងសង់​សុំ​ត្រឹម ៣​ជាន់។ ម្យ៉ាង​ទៀត ច្បាប់​សាងសង់​ផុត​ទៅ​ហើយ ប៉ុន្តែ​មិន​ព្រម​ស្នើ​សុំ​សាងសង់​ឡើង​វិញ​ជាដើម។ ផ្ទុយ​មក​វិញ បែរ​ជា​តុលាការ​ទុក​ឱកាស​ឲ្យ​លោក សូ សុវណ្ណារី សាងសង់​សំណង់​ជិត​រួច ហើយ​ថែម​ទាំង​ប្ដឹង​បក​ប្រឆាំង​លោក​វិញ​ទៀត។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) យល់​ឃើញ​ថា សព្វ​ថ្ងៃ​នេះ​ភាគ​ច្រើន​គេ​ពុំ​យក​ច្បាប់​ជា​គោល​ទេ គឺ​គេ​តែង​និយាយ​ពី​អំណាច​វិញ។ ម្យ៉ាង​វិញ​ទៀត ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​តុលាការ ពឹង​ផ្អែក​ច្រើន​ណាស់​ទៅ​លើ​លុយ។ អ្នក​ដែល​មាន​លុយ​សូក​ប៉ាន់​តុលាការ គឺ​មាន​ឱកាស​ឈ្នះ​ក្ដី​ជាង​មនុស្ស​ដែល​រង់ចាំ​ភាព​យុត្តិធម៌។ លោក​បន្ត​ថា «បើ​យើង​មើល​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង វា​ខុស​អំពី​គោលការណ៍​នៃ​ច្បាប់​មួយ​ចំនួន។ បាន​ន័យ​ថា រឿង​ខ្លះ​បើ​អ្នក​មាន​លុយ​មាន​បុណ្យ​ស័ក្ដិ​ដាក់​ទៅ ដំណើរ​ការ​លឿន។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​លោក​ដាក់ គឺ​ដំណើរ​ការ​នីតិវិធី​វា​អូស​បន្លាយ​រយៈពេល​យូរ»។

មន្រ្តី​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា មាន​សំណុំរឿង​ជាង​ច្រើន​ដែល​ត្រូវ​បាន​តុលាការ​ផ្អឹប​ទុក​មិន​ចាត់​វិធានការ ជាពិសេស​បណ្ដឹង​ពី​ជនរងគ្រោះ ក្រខ្សត់ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​កម្រ​ឃើញ​តុលាការ​លើក​មក​ជំនុំជម្រះ​ណាស់។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ បើ​ដើម​បណ្ដឹង​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​ឧកញ៉ា​ជាដើម សង្កេត​ឃើញ​ថា តុលាការ​ដំណើរការ​ក្តី​ដោយ​ឆាប់​រហ័ស។

បើ​ទោះ​ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​យល់​ថា សំណង់​ដែល​មន្ត្រី​ចូលនិវត្តន៍​សង់​មិន​ត្រឹមត្រូវ ដូច​ការ​ស្នើសុំ​ក្ដី ក៏​លោក សូ សុវណ្ណារី ព្រមាន​ថា លោក​អាច​នឹង​ប្ដឹង​មួយ​ជាន់​ទៀត ប្រឆាំង​លោក យី សុខសាន្ត ពី​បទ​បរិហារកេរ្តិ៍​ដែល​លោក​អះអាង​ថា មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ផ្សព្វផ្សាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​តាម​បណ្ដាញ​សង្គម៕

No comments: