Tue, 16 February 2016 rfa
តុង សុប្រាជ្ញ
![]() |
| ឈើត្រូវបានគេដុតចោលនៅក្នុងដីសម្បទានវៀតណាមប៊ិញហ្វៀក ១ ខេត្តរតនគិរី។ រូបថត សហការី |
ការបង្កើតគណៈកម្មការគឺជាពាក្យកំពុងពេញនិយមដូចពាក្យកំណែទម្រង់ទៅទីណាក៏ឮដែរដូចជាបង្កើតគណៈកម្មការស៊ើបអង្កេតឃាតករសម្លាប់លោក ជា វិជ្ជា គណៈកម្មការស៊ើបអង្កេតការសម្លាប់បាតុករនៅផ្លូវវេងស្រេង គណៈកម្មការបង្ក្រាបចំណីអាហារ និងឱសថក្លែងក្លាយខុសច្បាប់ គណៈកម្មការចាំចាប់លោក សម រង្ស៊ី ប្រធានគណៈបក្សសង្គ្រោះជាតិពេលចូលស្រុក គណៈកម្មការតាមដានហ្វេសប៊ុក លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ជាដើមបើទោះបីជាមានតួនាទីបែងចែកទៅតាមស្ថាប័ននីមួយៗរួចហើយក៏ដោយ។
តែការបង្កើតគណៈកម្មការនោះពេលខ្លះក៏ឃើញមានចេញជារបាយការណ៍ពេលខ្លះរបាយការណ៍មើលទៅពិបាកទទួលយកដែលហាក់បីដូចជាឆ្ងាយពីការពិតក៏ដោយពេលខ្លះក៏មិនឃើញចេញរបាយការណ៍ ឬក៏ជាឯកសារអ្វីជាដុំកំភួនទេជួនកាលក៏រលាយបាត់គណៈកម្មការនោះសូន្យឈឹងតែម្តងព្រោះគ្មានយន្តការ និងពេលកំណត់ច្បាស់លាស់ពោលគឺចេះតែធ្វើៗទៅដើម្បីកុំឲ្យគេមើលឃើញថាគ្មានបានធ្វើអ្វីសោះ។
ឥឡូវចូលដល់រឿងគណៈកម្មការចម្រុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើរួមមានមន្ត្រីកងរាជអាវុធហត្ថ បរិស្ថាន រដ្ឋបាលព្រៃឈើ នគរបាល និងតំណាងអយ្យការសាលាដំបូងដែលបានបង្កើតឡើងកាលពីពាក់កណ្តាលខែមករាកន្លងមកឃើញតែចាប់ចំនួនឈើឃើញតែដុតឈើតែមិនបានបង្កាញរបាយការណ៍លម្អិតពីបទពុករលួយកាប់ឈើនៅតាមដីសម្បទានសេដ្ឋកិច្ច និងកន្លែងឈ្មួញរកស៊ីឈើដុះស្លែសោះ។
ជាងនេះទៅទៀតឃើញតែបង្ក្រាបតែនៅតំបន់ភូមិភាគឦសានដែលការកាប់ព្រៃឈើជិតរលាយអស់ហើយនោះគឺប្រៀបបានទៅនឹងការពន្លត់ភ្លើងឆេះផ្ទះដែលឆេះជិតអស់ហើយបានយកទឹកមកពន្លត់។ រីឯបញ្ហាកំពុងតែកាប់ព្រៃក្តៅៗនៅព្រៃឡង់បែរជាមិនទៅបង្ក្រាបទៅវិញ ឬមួយក៏ព្យាយាមគឺដូចគ្នាទៅនឹងបទចម្រៀងដែលថា៖ «ក្របី ក្របីស៊ីស្រូវ បងមិនសូវហ៊ានដេញ ក្របីដើរចេញ បងដេញឲ្យស្រីមើល»។ ឬមួយក៏ចាំឲ្យឧកញ៉ា ទ្រី ភាព ប្រមូលទិញឈើអស់បានមកបង្ក្រាបព្រៃឡង់វិញម្តង?
ម្យ៉ាងវិញទៀតវប្បធម៌ដុតកម្ទេចរបស់របរដែលរឹបអូសបានដូចជាឈើប្រណីតៗឱសថស្លាបមាន់ មង អួន សំណាញ់ និងគ្រឿងញៀនជាដើមពេលខ្លះដុតបំផ្លាញសម្ភារដែលរឹបអូសបានតាមរយៈការបញ្ចេញហិង្សា និងយកស្នាដៃគឺខាតផ្នែកខាងសេដ្ឋកិច្ចទៅវិញទេដូចការដុតបំផ្លាញឈើព្រោះបើលក់ឡាយឡុងយកថវិកាជូនរដ្ឋដើម្បីកំណើនសេដ្ឋកិច្ចគឺប្រសើរជាង ឬក៏យកទៅចែកជូនសម្រាប់ការសង់អគារសាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះប្រជាពលរដ្ឋទីទាល់ក្រ រកឈើសង់ផ្ទះមិនបាននោះ។ អ្វីដែលធ្វើឲ្យខ្មាសអៀនចំពោះពិភពលោកនោះគឺនៅស្រុកខ្មែរសម្បូរទៅដោយព្រៃឈើប្រណីតៗតែដល់ពេលមើលទៅផ្ទះពលរដ្ឋក្រីក្រវិញរកតែស្លឹកត្នោតប្រក់ និងជញ្ជាំងផ្ទះមិនបានផង។
យន្តការមួយទៀតគឺរាល់ទ្រព្យសម្បត្តិដែលរឹបអូសបានពីឧក្រិដ្ឋជនពុករលួយដោយសារព្រៃឈើ និងសម្ភារផ្សេងៗត្រូវទុកជាសម្បត្តិរដ្ឋដាក់លក់យកថវិកាធ្វើជាប្រាក់ចំណូលរបស់រដ្ឋគឺជាជាងដុតចោលពាសវាលពាសកាលដូចដែលអង្គការ NASA មើលតាមផ្កាយរណបឃើញមានការដុតព្រៃរាប់រយកន្លែងថ្មីៗនេះ ឬក៏ទុកចោលហាលខ្យល់ហាលភ្លៀងធ្វើឲ្យខូចគុណភាព។
តើពេលណាបានគណៈកម្មការបង្រ្កាបបទល្មើសព្រៃឈើបញ្ចេញរបាយការណ៍ជាសាធារណៈប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ? បើកាលណាមិនបានបញ្ចេញរបាយការណ៍ពីការបង្ក្រាបព្រៃឈើនេះទេគឺអាចធ្វើឲ្យមតិមហាជនរិះគន់គណៈកម្មការនេះថាបង្កើតឡើងគ្រាន់តែប្រមូលឈើពីឈ្មួញទុកមួយដុំដើម្បីទុកគ្រាន់វ៉ៃចេញសរុបយកលុយមូលទុកប្រើខ្លួនឯង? ហើយគ្រាន់តែបង្វែងដានពីមហាជននូវអំពើពុករលួយរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ?
ជាងនេះទៅទៀតការបង្ហាញអំពីការរឹបអូសឈើពីឈ្មួញនៅតាមបណ្តាដីសម្បទានសេដ្ឋកិច្ចមួយចំនួននេះគឺឆ្លើយតបទៅនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឲ្យបញ្ឈប់កិច្ចសន្យាជាមួយក្រុមហ៊ុនដែលវិនិយោគលើដីតែមិនបានធ្វើអ្វីសោះបែរទៅជាកាប់តែឈើទៅវិញ។
នេះក៏ជាបញ្ហាប្រឈមរដ្ឋាភិបាលក្នុងការចុះត្រួតពិនិត្យតាមដានត្រឹមត្រូវទៅលើដីសម្បទានសេដ្ឋកិច្ចទាំងនោះដែលគ្មានចំណាត់ការច្បាស់លាស់ពេលខ្លះទម្រាំតែដឹងអស់ធនធានធម្មជាតិទាំងលើដីអស់ទាំងក្រោមដី។ រដ្ឋាភិបាលឥឡូវមិនដែលហ៊ានឆ្លើយនូវសំណួរថាតើផ្ទៃដីព្រៃឈើសល់ប៉ុន្មាននោះទេ?
នេះគឺជាបញ្ហាមួយចំណែកឯបញ្ហាមួយទៀតនោះគឺពាក់ព័ន្ធទៅនឹងសន្តិសុខប្រទេសមួយទាំងមូលខណៈដែលដីសម្បទានខ្លះក្រោមស្លាកឈ្មោះក្រុមហ៊ុនតែអ្នកដែលកាន់កាប់មែនទែនគឺជាកងទ័ពទៅវិញចុះបើរដ្ឋាភិបាលមិនបានចុះត្រួតពិនិត្យត្រឹមត្រូវគឺគេអាចដឹកសព្វាវុធមកចូលខាងក្នុងដីសម្បទានទាំងនោះវិញតាមរបៀបតំណក់ប្រេងលើក្រដាសវិញគឺគ្រោះថ្នាក់មែនទែន។ ដូចដីសម្បទានឲ្យទៅក្រុមហ៊ុនវៀតណាមចំនួន ៤ ម៉ឺនហិកតាដែលនៅជាប់នឹងព្រំដែនខេត្ត រតនគិរី នៅតែជាកង្វល់នៅឡើយ។
តែបច្ចុប្បន្ននេះអ្វីដែលសំខាន់នោះគឺកម្ពុជាត្រូវខិតខំថែរក្សាព្រៃឈើឡើងវិញឲ្យខាងតែបានដើម្បីបន្ថយឧស្ម័ន CO2 កាត់បន្ថយជាតិពុលមានន័យថាប្រទេសអ្នកមានដែលប្រើប្រាស់ឧស្សាហកម្មបំពុលបរិយាកាសជួយផ្តល់ជាជំនួយមកវិញ។
ការដែលធ្វើយ៉ាងនេះគឺស្របទៅនឹងកិច្ចប្រជុំពីបញ្ហាប្រែប្រួលអាកាសធាតុនៅលើពិភពលោកនៅទីក្រុង ប៉ារីស កាលពីដើមខែធ្នូឆ្នាំទៅដើម្បីកុំឲ្យកម្តៅកើនឡើងបន្ថែមលើសពី ២ អង្សាសេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com

1 comment:
Seeing the perpetrators burning these precious woods, feeling like they burn Khmer bodies.
Where is the law? Where is the strong man Hun Sen?
It looks like everything that Yuons do is fine with Hun Sen.
Post a Comment