A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 19 February 2016

គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គួរ​មាន​តម្លាភាព


Tue, 16 February 2016 rfa
តុង សុប្រាជ្ញ


ឈើ​ត្រូវ​បាន​គេ​ដុត​ចោល​នៅ​ក្នុង​ដី​សម្បទាន​វៀតណាម​ប៊ិញហ្វៀក​ ១ ​ខេត្ត​រតនគិរី​។ រូបថត សហការី


ការ​បង្កើត​គណៈកម្មការ​គឺជា​ពាក្យ​កំពុង​ពេញ​និយម​ដូច​ពាក្យ​កំណែ​ទម្រង់​ទៅ​ទីណា​ក៏​ឮ​ដែរ​ដូចជា​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឃាតករ​សម្លាប់​លោក ជា វិជ្ជា គណៈកម្មការ​ស៊ើបអង្កេត​ការ​សម្លាប់​បាតុករ​នៅ​ផ្លូវ​វេងស្រេង​ គណៈកម្មការ​បង្ក្រាប​ចំណី​អាហារ និង​ឱសថ​ក្លែងក្លាយ​ខុស​ច្បាប់ គណៈកម្មការ​ចាំ​ចាប់​លោក សម រង្ស៊ី ប្រធាន​គណៈបក្ស​សង្គ្រោះ​ជាតិ​ពេល​ចូល​ស្រុក គណៈ​កម្មការ​តាមដាន​ហ្វេសប៊ុក លោក​នាយរដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ដើម​បើ​ទោះ​បី​ជា​មាន​តួនាទី​បែងចែក​ទៅ​តាម​ស្ថាប័ន​នីមួយៗ​រួច​ហើយ​ក៏ដោយ​។

តែ​ការ​បង្កើត​គណៈកម្មការ​នោះ​ពេល​ខ្លះ​ក៏​ឃើញ​មាន​ចេញ​ជា​របាយការណ៍​ពេល​ខ្លះ​របាយការណ៍​មើល​ទៅ​ពិបាក​ទទួល​យក​ដែល​ហាក់​បី​ដូចជា​ឆ្ងាយ​ពី​ការ​ពិត​ក៏ដោយ​ពេល​ខ្លះ​ក៏​មិន​ឃើញ​ចេញ​របាយការណ៍​ ឬ​ក៏​ជា​ឯកសារ​អ្វី​ជា​ដុំ​កំភួន​ទេ​ជួនកាល​ក៏​រលាយ​បាត់​គណៈកម្មការ​នោះ​សូន្យ​ឈឹង​តែ​ម្តង​ព្រោះ​គ្មាន​យន្តការ និង​ពេល​កំណត់​ច្បាស់លាស់​ពោល​គឺ​ចេះ​តែ​ធ្វើៗ​ទៅ​​ដើម្បី​កុំ​ឲ្យ​គេ​មើល​ឃើញ​ថា​គ្មាន​បាន​ធ្វើ​អ្វី​សោះ​។

ឥឡូវ​ចូល​ដល់​រឿង​គណៈកម្មការ​ចម្រុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រួមមាន​មន្ត្រី​កងរាជ​អាវុធហត្ថ បរិស្ថាន រដ្ឋបាល​ព្រៃឈើ នគរបាល និង​តំណាង​អយ្យការ​សាលា​ដំបូង​ដែល​បាន​បង្កើត​ឡើង​កាលពី​ពាក់​កណ្តាល​ខែ​មករា​កន្លង​មក​ឃើញ​តែ​ចាប់​ចំនួន​ឈើ​ឃើញ​តែ​ដុត​ឈើ​តែ​មិន​បាន​បង្កាញ​របាយការណ៍​លម្អិត​ពី​បទ​ពុករលួយ​កាប់​ឈើ​នៅ​តាម​ដី​សម្បទាន​សេដ្ឋកិច្ច និង​កន្លែង​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​សោះ​។

ជាង​នេះ​ទៅ​ទៀត​ឃើញ​​តែ​​បង្ក្រាប​តែ​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​ដែល​ការ​កាប់​ព្រៃឈើ​ជិត​រលាយ​អស់​ហើយ​នោះ​គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ពន្លត់​ភ្លើង​ឆេះ​ផ្ទះ​ដែល​ឆេះ​ជិត​អស់​ហើយ​បាន​យក​ទឹក​មក​ពន្លត់។ រីឯ​បញ្ហា​កំពុង​តែ​កាប់​ព្រៃ​ក្តៅៗ​នៅ​ព្រៃឡង់​បែរ​ជា​មិន​​ទៅ​បង្ក្រាប​ទៅ​វិញ​ ឬ​មួយ​ក៏​ព្យាយាម​គឺ​ដូច​គ្នា​ទៅ​នឹង​បទ​ចម្រៀង​ដែល​ថា៖ «​ក្របី ក្របី​ស៊ី​ស្រូវ បង​មិន​សូវ​ហ៊ាន​ដេញ ក្របី​ដើរ​ចេញ បង​ដេញ​ឲ្យ​ស្រី​មើល»។ ឬ​មួយ​ក៏​ចាំ​ឲ្យ​​ឧកញ៉ា​ ទ្រី ភាព ប្រមូល​ទិញ​ឈើ​អស់​បាន​មក​បង្ក្រាប​ព្រៃឡង់​វិញ​ម្តង​?

ម្យ៉ាង​វិញ​ទៀត​វប្បធម៌​ដុត​កម្ទេច​របស់​របរ​ដែល​រឹប​អូស​បាន​ដូច​ជា​ឈើ​ប្រណីតៗ​ឱសថ​ស្លាប​មាន់ មង អួន សំណាញ់ និង​គ្រឿង​ញៀន​ជាដើម​ពេល​ខ្លះ​ដុត​បំផ្លាញ​សម្ភារ​​ដែល​រឹបអូស​បាន​តាមរយៈ​ការ​បញ្ចេញ​ហិង្សា និង​យក​​ស្នាដៃ​គឺ​ខាត​ផ្នែក​ខាង​សេដ្ឋកិច្ច​ទៅ​វិញ​ទេ​ដូច​ការ​ដុត​បំផ្លាញ​ឈើ​ព្រោះ​បើ​លក់​ឡាយឡុង​យក​​ថវិកា​ជូន​រដ្ឋ​ដើម្បី​កំណើន​សេដ្ឋកិច្ច​គឺ​ប្រសើរ​ជាង ឬ​ក៏​យក​ទៅ​ចែក​ជូន​សម្រាប់​ការ​​សង់​អគារ​សាលារៀន មន្ទីរពេទ្យ វត្តអារាម និង​ផ្ទះ​ប្រជាពលរដ្ឋ​ទីទាល់​ក្រ រក​ឈើ​សង់​ផ្ទះ​មិន​​បាន​នោះ​។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្មាស​អៀន​ចំពោះ​ពិភព​លោក​នោះ​គឺ​នៅ​ស្រុក​ខ្មែរ​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​ប្រណីតៗ​តែ​ដល់​ពេល​មើល​ទៅ​ផ្ទះ​ពលរដ្ឋ​ក្រីក្រ​វិញ​រក​តែ​ស្លឹក​ត្នោត​ប្រក់ និង​​ជញ្ជាំង​ផ្ទះ​មិន​បាន​ផង​។

យន្តការ​មួយ​ទៀត​គឺ​រាល់​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បាន​ពី​ឧក្រិដ្ឋជន​ពុករលួយ​ដោយសារ​ព្រៃឈើ និង​សម្ភារ​ផ្សេងៗ​ត្រូវ​ទុក​ជា​សម្បត្តិ​រដ្ឋ​ដាក់​លក់​យក​ថវិកា​ធ្វើ​ជា​ប្រាក់​ចំណូល​របស់​រដ្ឋ​គឺជា​ជាង​ដុត​ចោល​ពាសវាល​ពាសកាល​ដូច​ដែល​អង្គការ​ NASA មើល​តាម​ផ្កាយ​រណប​ឃើញ​មាន​ការ​ដុត​ព្រៃ​រាប់​រយ​កន្លែង​ថ្មីៗ​នេះ ឬ​ក៏​ទុក​ចោល​ហាល​ខ្យល់​ហាល​ភ្លៀង​ធ្វើ​ឲ្យ​ខូច​គុណភាព​។

តើ​ពេល​ណា​បាន​គណៈកម្មការ​បង្រ្កាប​បទល្មើស​ព្រៃឈើ​បញ្ចេញ​របាយការណ៍​ជា​សាធារណៈ​ប្រចាំ​សប្តាហ៍ ប្រចាំ​ខែ ប្រចាំ​ត្រីមាស និង​ប្រចាំ​ឆ្នាំ? បើ​កាល​ណា​មិន​បាន​បញ្ចេញ​របាយការណ៍​ពី​ការ​បង្ក្រាប​ព្រៃឈើ​នេះ​ទេ​គឺ​អាច​ធ្វើ​ឲ្យ​មតិ​មហាជន​រិះគន់​គណៈកម្មការ​នេះ​ថា​បង្កើត​ឡើង​គ្រាន់តែ​ប្រមូល​ឈើ​ពី​ឈ្មួញ​ទុក​មួយ​ដុំ​ដើម្បី​ទុក​គ្រាន់​វ៉ៃ​ចេញ​សរុប​យក​លុយ​មូល​ទុក​ប្រើ​ខ្លួន​ឯង​? ហើយ​គ្រាន់តែ​បង្វែង​ដាន​ពី​មហាជន​នូវ​អំពើ​ពុករលួយ​​របស់​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​?

ជាង​នេះ​ទៅ​ទៀត​ការ​បង្ហាញ​អំពី​ការ​រឹបអូស​ឈើ​ពី​ឈ្មួញ​នៅ​តាម​បណ្តា​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នេះ​គឺ​ឆ្លើយតប​ទៅ​នឹង​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​បញ្ជា​ឲ្យ​បញ្ឈប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​វិនិយោគ​លើ​ដី​តែ​មិន​បាន​ធ្វើ​អ្វី​សោះ​បែរ​ទៅ​ជា​កាប់​តែ​ឈើ​ទៅ​វិញ​។

នេះ​ក៏​ជា​បញ្ហា​ប្រឈម​រដ្ឋាភិបាល​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​តាមដាន​ត្រឹមត្រូវ​ទៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​ដែល​គ្មាន​ចំណាត់​ការ​ច្បាស់លាស់​ពេល​ខ្លះ​ទម្រាំ​តែ​​ដឹង​អស់​ធនធាន​ធម្មជាតិ​ទាំង​​លើ​ដី​អស់​ទាំង​ក្រោម​ដី។ រដ្ឋាភិបាល​ឥឡូវ​មិន​ដែល​ហ៊ាន​ឆ្លើយ​​នូវ​សំណួរ​ថា​តើ​ផ្ទៃ​ដី​ព្រៃឈើ​សល់​​ប៉ុន្មាន​នោះ​ទេ?

នេះ​គឺជា​បញ្ហា​មួយ​ចំណែកឯ​បញ្ហា​មួយ​​ទៀត​នោះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​ប្រទេស​មួយ​ទាំង​មូល​ខណៈ​ដែល​​ដីសម្បទាន​ខ្លះ​ក្រោម​ស្លាក​ឈ្មោះ​ក្រុមហ៊ុន​តែ​អ្នក​ដែល​កាន់កាប់​មែនទែន​គឺ​ជា​កងទ័ព​ទៅ​វិញ​ចុះ​បើ​រដ្ឋាភិបាល​មិន​បាន​​ចុះ​ត្រួតពិនិត្យ​ត្រឹមត្រូវ​គឺ​គេ​អាច​ដឹក​សព្វាវុធ​មក​ចូល​ខាង​ក្នុង​ដី​សម្បទាន​ទាំង​នោះ​វិញ​តាម​របៀប​តំណក់​ប្រេង​លើ​​ក្រដាស​វិញ​គឺ​គ្រោះថ្នាក់​មែនទែន។ ដូច​ដីសម្បទាន​ឲ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម​ចំនួន ៤ ម៉ឺន​ហិកតា​ដែល​នៅ​ជាប់​នឹង​ព្រំដែន​ខេត្ត​ រតនគិរី​ នៅ​តែ​ជា​កង្វល់​នៅ​ឡើយ​។

តែ​បច្ចុប្បន្ន​នេះ​អ្វី​ដែល​សំខាន់​នោះ​គឺ​កម្ពុជា​ត្រូវ​ខិតខំ​ថែរក្សា​ព្រៃឈើ​ឡើង​វិញ​ឲ្យ​ខាង​តែ​បាន​​​ដើម្បី​បន្ថយ​ឧស្ម័ន​ CO2 ​កាត់​បន្ថយ​ជាតិ​ពុល​មាន​ន័យ​ថា​ប្រទេស​អ្នក​មាន​ដែល​ប្រើប្រាស់​ឧស្សាហកម្ម​បំពុល​បរិយាកាស​ជួយ​ផ្តល់​ជា​ជំនួយ​មក​វិញ។

ការ​ដែល​​ធ្វើ​យ៉ាង​នេះ​គឺ​ស្រប​ទៅ​នឹង​កិច្ចប្រជុំ​ពី​បញ្ហា​ប្រែប្រួល​​អាកាសធាតុ​នៅលើ​ពិភពលោក​នៅ​ទីក្រុង​ ប៉ារីស​ កាលពី​ដើម​ខែ​ធ្នូ​ឆ្នាំ​ទៅ​ដើម្បី​កុំ​ឲ្យ​កម្តៅ​កើនឡើង​បន្ថែម​លើស​ពី ២ ​អង្សា​សេ៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

1 comment:

Anonymous said...

Seeing the perpetrators burning these precious woods, feeling like they burn Khmer bodies.
Where is the law? Where is the strong man Hun Sen?
It looks like everything that Yuons do is fine with Hun Sen.