ដោយ ដែន អយុធ្យា
rfa 2016-01-13
![]() |
| អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោក កែម ឡី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ មករា ឆ្នាំ២០១៦។ |
ក្រុមអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងគោរពសិទ្ធិមនុស្ស បង្ហាញការព្រួយបារម្ភខ្លាចបាត់ឈ្មោះ ឬអត្តសញ្ញាណកោះមួយចំនួននៅតាមខេត្តជាប់មាត់សមុទ្រកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យអ្នកវិនិយោគបរទេសវិនិយោគ។ កោះខ្មែរមួយចំនួនត្រូវបានក្រុមហ៊ុនបរទេសទាំងនោះប្ដូរឈ្មោះទៅជាភាសាបរទេសដែលពួកគេចង់បាន។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោក កែម ឡី បង្ហាញការព្រួយបារម្ភចំពោះការវិនិយោគដីកោះ ឬឆ្នេរមួយចំនួនរបស់រាជរដ្ឋាភិបាលទៅឲ្យអ្នកវិនិយោគបរទេស ហើយត្រូវជនបរទេសទាំងនោះប្ដូរឈ្មោះកោះ ឬទីតាំងមួយចំនួននៅក្នុងគម្រោងវិនិយោគរបស់ពួកគេពីឈ្មោះសម្គាល់អត្តសញ្ញាណរបស់ខ្មែរ ទៅជាឈ្មោះភាសាបរទេសវិញ។
ការព្រួយបារម្ភនេះកើតឡើងបន្ទាប់ពីអ្នកវិភាគមិនសំចៃមាត់ឈ្មោះ កែម ឡី បានស្រាវជ្រាវទៅលើការវិនិយោគដីកោះមួយចំនួនរបស់រដ្ឋាភិបាល នាខេត្តព្រះសីហនុ ហើយរកឃើញថា កោះ ឬទីតាំងមួយចំនួនត្រូវអ្នកវិនិយោគទុនបរទេសបានប្ដូរឈ្មោះ ទៅជាឈ្មោះភាសាបរទេស ខុសពីឈ្មោះដើម។
លោក កែម ឡី៖ «ខ្ញុំពិនិត្យមើលទៅមានហានិភ័យមែនទែនចំពោះការវិនិយោគកោះទៅឲ្យបរទេស គឺសូម្បីតែកោះរុងមួយ ដែលខ្ញុំបានចូលទៅដល់ទីនោះ និងបានគេងនៅគ្រប់ភូមិនានា នៅលើកោះរុង ហើយនៅពេលជិះកប៉ាល់ទៅកោះតូច ត្រូវគេហៅកោះតូចនោះថា កោះ ញ៉ ទៅវិញ។ ឆ្នេរកោះរុង ត្រូវគេហៅបៃតាវ និងកោះរុងសន្លឹម គេហៅទៅជាបៃកាឡេ ជាដើម។ ពលរដ្ឋរស់នៅទីនោះនិយាយថា ឈ្មោះប្តូរថ្មីជាភាសាបរទេសនេះ ត្រូវគេដូរជាយូរលង់មកហើយ។ បច្ចុប្បន្ននេះអ្នកនេសាទសមុទ្រជាជនជាតិខ្មែរមានចំនួនតិចទៅៗ ហើយអ្នកនេសាទជនជាតិវៀតណាម មានចំនួនច្រើនឡើងៗ ហើយកោះនៅតាមខេត្តទាំង ៤ មានជាង ៦០ ហើយត្រូវបានវិនិយោគទៅឲ្យក្រុមហ៊ុន ហើយក្រុមហ៊ុនវិនិយោគនេះ បើសិនជាគាត់អភិវឌ្ឍដោយក្រុមហ៊ុននៅក្នុងស្រុក ឬមកពីអឺរ៉ុប មិនមានបញ្ហាកើតឡើងទេ។ ប៉ុន្តែបើសិនជាក្រុមហ៊ុនវៀតណាម វិញ គឺភាគច្រើនជាក្រុមហ៊ុនរដ្ឋ ឬជាក្រុមហ៊ុនរបស់កងទ័ព»។
ដូចគ្នាដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏ព្រួយបារម្ភចំពោះការប្ដូរឈ្មោះកោះ ឬទីតាំងមួយចំនួននាមូលដ្ឋានខេត្តជាប់សមុទ្រមួយនេះដែរ ព្រោះលោកថា អាចបណ្ដាលឲ្យបាត់អត្តសញ្ញាណខ្មែរ។ លោកថា កោះ និងទីតាំងមួយចំនួនដែលត្រូវបានក្រុមហ៊ុនប្ដូរឈ្មោះ មានដូចជា ឆ្នេរកោះសំពោច ឬកោះសំពោច ត្រូវអ្នកវិនិយោគចិន ប្ដូរទៅជាឆ្នេរ ឬកោះសមុទ្រចិន។ កោះតូច ត្រូវបានប្ដូរទៅជាកោះញ៉ ជាភាសាវៀតណាម។ កោះបងប្អូន ត្រូវប្ដូរទៅជាកោះភីណង ជាភាសាថៃ។ កោះគូសាវី ត្រូវបានប្ដូរទៅជាកោះឆ្លាម និងឆ្នេរកោះរុង ត្រូវប្ដូរទៅជាឆ្នេរបៃតាវ ជាដើម។
លោក ប៊ួន ណារិទ្ធិ បានសំណូមពរដល់រដ្ឋាភិបាល គួរចុះបញ្ជីឈ្មោះកោះ និងឆ្នេរទាំងអស់ជាឈ្មោះសម្គាល់អត្តសញ្ញាណខ្មែរ និងឲ្យស្របតាមឈ្មោះដែលប្រទេសបារាំង បានចុះបញ្ជីក្នុងផែនទីទទួលស្គាល់ជាអន្តរជាតិ ឲ្យបានត្រឹមត្រូវឡើងវិញ៖ «ឆ្នេរ ឬពយជាដើមហ្នឹង ត្រូវប្តូរឈ្មោះទៅជាភាសាវៀតណាម ស្ទើរតែទាំងស្រុងអស់ទៅហើយនាខេត្តព្រះសីហនុ គឺវង្វេងអស់ហើយ។ ដូច្នេះសូមឲ្យរដ្ឋាភិបាល ត្រូវដាក់សញ្ញា ឬឈ្មោះទីតាំងកោះ ឬឆ្នេរនីមួយៗឲ្យបានច្បាស់លាស់ និងត្រូវចុះបញ្ជីកោះទាំងអស់ ឲ្យក្លាយទៅជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ។ រាល់ការជួលកោះទៅឲ្យជនបរទេស គួរតែរដ្ឋាភិបាលជៀសវាង និងត្រូវលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុកជាអ្នកវិនិយោគទៅលើកោះទាំងអស់នោះជំនួសវិញ។ បើមិនដូច្នេះទេ មានរយៈពេលចន្លោះពី ១០០ ទៅ ២០០ឆ្នាំខាងមុខ នឹងមានជម្លោះដែនទឹក ឬជម្លោះដីកោះជាមួយប្រទេសជិតខាងជាមិនខាន»។
ទាក់ទងនឹងបញ្ហាខាងលើនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មិនទាន់អត្ថាធិប្បាយអំពីកង្វល់របស់ក្រុមអង្គការសង្គមស៊ីវិលនេះនៅឡើយទេ នៅថ្ងៃពុធ ទី១៣ ខែមករា។ ប៉ុន្តែអភិបាលរងខេត្តព្រះសីហនុ លោក សម សំអាត បានឲ្យដឹងថា ខេត្តនេះមានកោះចំនួន ៣២កោះ ហើយកោះមួយចំនួនត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិវិនិយោគទៅឲ្យអ្នកវិនិយោគជាតិ និងបរទេស ធ្វើការអភិវឌ្ឍសម្រាប់បម្រើឲ្យវិស័យទេសចរណ៍៕

1 comment:
They will used money trick as investment to swallow your island territory by change the name to their country language . Did this trend of changing from khmer original name to Vietnamese name or Yuon name is not a racism or what else ? where the expert pinhead Khmer,but Yuon Brain ,who keep their eyes watching and barking about Khmer racism or discrimination toward their Yuon patron race ? where are they ?
Post a Comment