ppp Wed, 13 January 2016
ម៉េច ដារ៉ា and Shaun Turton
![]() |
| លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ រូបថត VICTORIA |
ភ្នំពេញៈ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្នកំពុងធ្វើការក្នុងនាមលោក សម រង្ស៊ី ដើម្បីដឹកនាំគណបក្ស និងក៏ធ្វើការក្នុងនាមជាមេដឹកនាំក្រុមតំណាងរាស្ត្រសំឡេងភាគតិចនៅរដ្ឋសភាជំនួសលោក សម រង្ស៊ីដែលនិរទេសខ្លួនឯងនៅក្រៅប្រទេសដើម្បីគេចចេញពីការចាប់ខ្លួនផងដែរ។
បើទោះបីជាលោក សម រង្ស៊ី បាននិរទេសខ្លួននៅអឺរ៉ុបជាលើកទី ៣ ក៏ដោយ ក៏លោក សុខា បានគូសបញ្ជាក់ថាគណបក្សនៅតែរឹងមាំដោយរួមគ្នាគិតរួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវទាំងអស់គ្នាដែលមិនអាចឲ្យនរណាម្នាក់មកបំបែកបំបាក់បានជាដាច់ខាត។
ក្នុងបទសម្ភាសកាលពីចុងសប្តាហ៍មុនលោក សុខា បានពិភាក្សាពីរបៀបដំណើរការផែនការរបស់គណបក្សខណៈដែលប្រធានគណបក្សនៅក្រៅប្រទេសដោយគ្មានកំណត់ និងពី «វប្បធម៌សន្ទនា» ដែលធ្លាក់ចុះទន់ខ្សោយបន្ទាប់ពីការឡើងកម្តៅនយោបាយជាច្រើនខែកន្លងមកនេះ។
លោកបញ្ជាក់ថា៖«អ្នកគាំទ្រនឹងមានអារម្មណ៍ជំរុញបើមេដឹកនាំរបស់ពួកគេហ៊ានប្រថុយ»។
លោកលើកឡើងពីផលនៃការវិលត្រឡប់របស់លោក សម រង្ស៊ី។ «វាជាអ្វីដែលខ្ញុំបានប្រាប់អ្នកគាំទ្រផ្ទាល់បើយើងមិនប្រថុយនឹងគ្មានការផ្លាស់ប្តូរទេ»។ ប៉ុន្តែនៅពេលសួរថាតើលោកគិតថាលោក សម រង្ស៊ី គួរតែត្រឡប់មកវិញឬយ៉ាងណា? លោក កឹម សុខា បានឆ្លើយក្នុងន័យនយោបាយដោយថា៖ «វាជារឿងធម្មតាត្រូវមានមនុស្សច្រើនប្រសើរជាងមានតែខ្លួនឯង»។
ដោយសំដៅលើកិច្ចប្រជុំរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៥ លោក សុខា ថ្លែងថា៖ «ខ្ញុំធ្វើក្នុងនាមលោក សម រង្ស៊ី រួចហើយនោះជាមូលហេតុដែលខ្ញុំជួបប្រជុំជាមួយនឹងលោក ស ខេង ពីព្រោះគាត់ត្រូវជួបមេដឹកនាំនៃក្រុមតំណាងរាស្រ្តសំឡេងភាគតិច»។
ទោះជាយ៉ាងណា លោកថ្លែងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជ្រើសរើសជួបលោក សម រង្ស៊ី ហើយលោក សម រង្ស៊ី បើកចំហ និងមានភាពបត់បែនចូលរួមជាមួយនឹងមេដឹកនាំគណបក្សកាន់អំណាចដើម្បីស្វែងរកចំណុចរួម។
លោក សុខា ថ្លែងថា លោកមិនបានទាក់ទងផ្ទាល់ជាមួយនឹងលោកនាយករដ្ឋមន្រ្តីទេប៉ុន្តែលោកបានជំរុញលោក ស ខេង បួនចំណុចក្នុងកិច្ចប្រជុំក្នុងនោះរួមមានការពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព និងការដោះលែងអ្នកជាប់ឃុំគណបក្សសង្គ្រោះជាតិចំនួន ១៤ នាក់ជាបញ្ហាដែលលោកបញ្ជាក់ថាកំពុងស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលនៅឡើយ។
លោក សុខា «ខ្ញុំសង្ឃឹមថាមានឱកាសចរចាដោយភាពស្មោះត្រង់» ហើយលោកកំពុងជំរុញឲ្យមានក្រុមទ្វេភាគីច្រើនថែមទៀតដើម្បីពិភាក្សាច្បាប់នាពេលខាងមុខ។ លោកបន្ថែមថា៖ «ខ្ញុំចង់បានទំនាក់ទំនងជាផ្លូវការដើម្បីតំណាងគណបក្ស ឬក្រុមគ្រួសាររបស់ខ្ញុំ និងខ្លួនខ្ញុំផ្ទាល់ជាពិសេសក្នុងស្ថានភាពបែបនេះ...»។
លោក សុខា បានថ្លែងថាលោកបានទំនាក់ទំនងជាប់ជាមួយនឹងលោក សម រង្ស៊ី ហើយទំនាក់ទំនងរវាងរូបលោក និងលោក សម រង្ស៊ី គឺនៅតែមានភាពរឹងមាំ។ «យើងមានអាយុចាស់ហើយ ហើយនេះមិនមែនជាលើកដំបូង [ដែលលោក សម រង្ស៊ី នៅក្រៅប្រទេស] ទេយើងគួរមានភាពចាស់ទុំហើយ។ គឺមានតែខ្ញុំតែម្នាក់គត់បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានបង្កើតរយៈពេលមួយឆ្នាំ។ គាត់នៅទីនេះបានតែ ១ សប្តាហ៍មុនការបោះឆ្នោតប៉ុណ្ណោះ»។
លោកថា៖ «ខ្ញុំសប្បាយរីករាយណាស់នៅពេលមានឯកភាពរឹងមាំក្នុងគណបក្សយើងគិតទាំងអស់គ្នាយើងធ្វើទាំងអស់គ្នាយើងទទួលខុសត្រូវទាំងអស់គ្នា ឥឡូវនេះខ្ញុំកំពុងធ្វើឲ្យប្រាកដថាយន្ដការទាំងអស់នៃគណបក្សសង្គ្រោះជាតិមានដំណើរការដើម្បីកុំឲ្យគណបក្សនេះត្រូវកាន់កាប់ដោយបុរសតែម្នាក់»។
លោកបញ្ជាក់ថា លោកមានការប្រុងប្រយ័ត្ននឹងយុទ្ធសាស្រ្ត «បំបែក និងយកឈ្នះ» របស់លោក ហ៊ុន សែន ដែលបានប្រើជាយូរមកហើយ ហើយលោកបានបដិសេធថាលោកនាយករដ្ឋមន្រ្តីមិនបានទាក់ទងមកលោកផ្ទាល់ដើម្បីឲ្យលោកធ្វើជាប្រធានគណបក្សសង្គ្រោះជាតិនោះទេ។
លោកបន្តថា៖ «ខ្ញុំស្គាល់អ្នកទាំងនេះជាង ៣០ ឆ្នាំមកហើយនោះជារបៀបដែលពួកគេធ្វើការងារសូម្បីតែឥឡូវនេះពួកគេកំពុងតែព្យាយាមរកវិធីផ្សេងដើម្បីទាក់ទងមនុស្សផ្សេងៗក្នុងគណបក្សសង្គ្រោះជាតិដែលនឹងស្តាប់ពាក្យផ្អែមរបស់ពួកគេ»។ ប៉ុន្តែលោកមិនបានប្រាប់ថាតើគណបក្សកាន់អំណាចទាក់ទងអ្នកណាទេ។
«ពួកគេបានព្យាយាមបំបែកបំបាក់យើងតែយើងនៅតែរួបរួមគ្នា។ ពួកគេបានព្យាយាមច្រើនលើក [ជាមួយខ្ញុំ]»។
កាលពីថ្ងៃទី ២៦ ខែតុលា ភរិយារបស់លោក កឹម សុខា បានពួននៅក្នុងផ្ទះខណៈដែលបាតុករគាំទ្រគណបក្សប្រជាជនរាប់សិបនាក់បានគប់ដុំថ្ម និងដបទឹកសុទ្ធទៅលើផ្ទះពីរជាន់របស់លោក។
លោក សុខា ថ្លែងថាលោកដឹងពីស្ថានការណ៍តានតឹង។ កាលពីយប់មួយថ្ងៃមុនលោក ហ៊ុន សែន ទៅដល់បារាំងបានបង្ហាញឲ្យដឹងថាបាតុកម្មប្រឆាំងនឹងលោក សុខា នឹងកើតឡើង។ នៅម៉ោង ១០ ព្រឹកថ្ងៃបន្ទាប់ក្រុមអ្នកគាំទ្ររដ្ឋាភិបាលប្រមាណ ២០០០ នាក់បានតវ៉ានៅខាងក្រៅរដ្ឋសភាដោយទាមទារឱ្យបណ្តេញលោក សុខា ចេញពីតំណែងអនុប្រធានទី ១ រដ្ឋសភា។ បន្ទាប់មកលោក សុខា ត្រូវបានដកចេញជាការដកដែលលោក កឹម សុខា បានគិតទុកមុនរួចទៅហើយ។
ដោយបានចៀសវាងរដ្ឋសភាបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថានៅរដ្ឋសភាមានការបន្ធូរក្នុងការការពារសន្តិសុខលោក សុខា ដោយភ័យខ្លាចពីសុវត្ថិភាពរបស់ភរិយាបានទាក់ទងទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតាមរយៈសហសេវិកនៅរដ្ឋសភាប៉ុន្តែពុំទទួលបានជំនួយទេ។
លោក សុខា ថ្លែងថា៖ «នេះកាន់តែព្រៃផ្សៃ និងផ្ទាល់ថែមទៀត»។
លោកបញ្ជាក់ថា៖ «ពួកគេបានដឹងថាការគំរាមកំហែងដោយផ្ទាល់មាត់នឹងមិនរារាំងខ្ញុំកុំឲ្យធ្វើអ្វីដែលខ្ញុំចង់ធ្វើនោះទេ...ហើយគេដឹងថានោះនឹងមិនផ្លាស់ប្តូរអ្វីឡើយខ្ញុំនៅតែវិលមកវិញហើយរឹងមាំ»។
លោក សុខា បានឱ្យដឹងថាគណបក្សលោកចាំបាច់ត្រូវពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួននៅថ្នាក់មូលដ្ឋាន និងរៀបចំគោលនយោបាយផ្អែកលើការកើនឡើងនូវអាសនៈក្នុងការបោះឆ្នោតឆ្នាំ ២០១៣ ដែលគណបក្សលោកឈ្នះ ៥៥ អាសនៈនៃអាសនៈទាំង ១២៣ នៅក្នុងរដ្ឋសភា៕ TK

No comments:
Post a Comment