A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 13 December 2015

ម៉ុងតាញ៉ា​វៀតណាម​៨​នាក់​ដែល​លាក់​ខ្លួន​នៅ​ភ្នំពេញ​ចង់​ត្រឡប់​ទៅ​លំនៅ​ខ្លួន​វិញ

ម៉ុងតាញ៉ា​វៀតណាម​៨​នាក់​ដែល​លាក់​ខ្លួន​នៅ​ភ្នំពេញ​ចង់​ត្រឡប់​ទៅ​លំនៅ​ខ្លួន​វិញ
ដោយ រដ្ឋា វិសាល
2015-12-12 rfa
ជនភៀសខ្លួន​ម៉ុងតាញ៉ា​វៀតណាម មួយ​ចំនួន ក្នុង​ចំណោម ១៧​នាក់ ដែល​ស្ម័គ្រ​ចិត្ត​ទៅ​ស្រុក​កំណើត​វិញ នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​រតនគិរី មុន​ចេញ​ដំណើរ​ទៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Ratha Visal

ជនភៀសខ្លួន​ម៉ុងតាញ៉ា​ វៀតណាម មួយ​ក្រុម​មាន​គ្នា ៨​នាក់ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្រុង​ភ្នំពេញ ដើម្បី​​ស្វែង​រក​សិទ្ធិ​សុំ​ជ្រកកោន​ផ្នែក​នយោបាយ​កំពុង​ស្វែង​រក​លទ្ធភាព​ វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ។ ម៉ុងតាញ៉ា​ទាំង​នោះ​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​ប្រសិន​ពួកគេ​ត្រឡប់​ទៅ​វិញ ដោយ​មិន​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ការិយាល័យ​អន្តរជាតិ​ទទួល​បន្ទុក​ ជនភៀសខ្លួន ឬ​សិទ្ធិមនុស្ស។

ជនភៀសខ្លួន​ម៉ុងតាញ៉ា​វៀតណាម ៨​នាក់ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ការិយាល័យ​​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) និង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​ប្រចាំ​កម្ពុជា (UNOHCHR) ស្វែង​រក​លទ្ធភាព​បញ្ជូន​ពួកគេ​បាន​វិល​ត្រឡប់​ទៅ​​លំនៅឋាន​វិញ ដោយ​មិន​មាន​ការ​ធ្វើ​ទុក្ខទោស​ពី​អាជ្ញាធរ​វៀតណាម។

ម៉ុងតាញ៉ា ទាំង ៨​នាក់​នេះ សុទ្ធ​សឹង​ជា​បុរស​បាន​លួច​ឆ្លង​ដែន​ចូល​មក​ដល់​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥​ ក៏​ប៉ុន្តែ​ពួកគេ​មិន​បាន​ទទួល​ចុះឈ្មោះ​ដើម្បី​កំណត់​អត្តសញ្ញាណ​ ជនភៀសខ្លួន​ពី​នាយកដ្ឋាន​ជនភៀសខ្លួន​ក្រសួង​មហាផ្ទៃ ឡើយ។ លើស​ពី​នេះ​ទៀត ពួកគេ​រស់​នៅ​លាក់​​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ដោយ​មិន​មាន​ការ​ទំនុកបម្រុង​ស្បៀងអាហារ ឬ​កន្លែង​ស្នាក់នៅ​ដោយ​អង្គការ​អន្តរជាតិ​ទាំង​ពីរ​ដូច​ម៉ុងតាញ៉ា​វៀតណាម ផ្សេង​ទៀត​ឡើយ។

តំណាង​ម៉ុងតាញ៉ា​ទាំង ៨​នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ស្ថានភាព​រស់​នៅ​លាក់​ខ្លួន​របស់​ពួកគេ​កាន់​តែ​លំបាក​ដោយសារ​ខ្វះខាត​ ប្រាក់កាស​ទិញ​ស្បៀង​អាហារ។ រី​ឯ​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​ព្រម​ឲ្យ​ពួកគេ​ចុះ​ឈ្មោះ​កំណត់​អត្តសញ្ញាណ​ជា​ជនភៀសខ្លួន​ទៀត បើ​ទោះ​បី​ពួកគេ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដោយសារ​រង​ការ​គាបសង្កត់​សេរីភាព និង​ជំនឿ​សាសនា​ក្ដី។ បច្ចុប្បន្ន​ពួកគេ​អស់​លទ្ធភាព​ទ្រាំទ្រ​នៅ​កន្លែង​លាក់ខ្លួន​បាន​តទៅ​ទៀត ទើប​ស្វែង​រក​ជំនួយ​សង្គ្រោះ​វិល​ត្រឡប់​ទៅ​លំនៅឋាន​ពី​អង្គការ​អន្តរជាតិ​ ដើម្បី​គាំពារ​កុំ​ឲ្យ​អាជ្ញាធរ​វៀតណាម ដាក់​ទោសទណ្ឌ​ពួកគេ​នៅ​ពេល​វិល​ត្រឡប់​ទៅ​វិញ​នេះ។

​ ម៉ុងតាញ៉ា​ទាំង ៨​នាក់ ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​នេះ ពួកគេ​មាន​គ្នា ៣១​នាក់ បាន​រត់​ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​ក្បែរ​ព្រំដែន​កម្ពុជា-​វៀតណាម ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​មូលដ្ឋាន ក៏​ប៉ុន្តែ​ពួកគេ​មិន​មាន​លទ្ធភាព​ឆ្លង​ចូល​ប្រទេស​កម្ពុជា បាន ទើប​សម្រេចចិត្ត​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ ក៏​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​ទោសទណ្ឌ​ខ្លះ​ជាប់​ពន្ធនាគារ ខ្លះ​ត្រូវ​បង្ខំ​ឲ្យ​មក​បង្ហាញ​មុខ​រៀងរាល់​ខែ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ខ្លះ​ទៀត​ត្រូវ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ឬ​ការ​ជួប​ជុំ​គ្នា​ជាដើម។

​ វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន និង​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​ទេ។

យ៉ាង​នេះ​ក្តី មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ស្រុក​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា សមាគម​លោក​ក៏​ទទួល​បាន​ព័ត៌មាន​ទាក់ទិន​ការ​ស្នើ​សុំ​ជួយ​អន្តរាគមន៍​របស់​ ម៉ុងតាញ៉ា ទាំង ៨​នាក់​នេះ​រួច​ហើយ។ លោក​ថា នឹង​ផ្ដល់​ព័ត៌មាន​នេះ​ទៅ​ស្ថាប័ន​អន្តរជាតិ​ដើម្បី​ជួយ​ផ្ដល់​កិច្ច​គាំពារ ​នៃ​ដំណើរ​វិល​ត្រឡប់​ដោយ​ស្ម័គ្រចិត្ត​របស់​ម៉ុងតាញ៉ា​ទាំង​នោះ។

លោក ឆាយ ធី៖ «ក្រុម​នេះ​យើង​នឹង​បញ្ជូន​ព័ត៌មាន​ទៅ​ខាង​យូ.អិន​ផង​ដែរ ពី​គោលបំណង​ពួកគាត់។បើ​សិន​ខាង​យូ.អិន ក៏​ដូច​រាជរដ្ឋាភិបាល​ ទាក់ទង​ទៅ​ខាង​រដ្ឋាភិបាល​វៀតណាម ដើម្បី​សិទ្ធិ​សេរីភាព​ពួកគាត់ អា​ហ្នឹង​ការ​វិល​ត្រឡប់​នៃ​ជនភៀសខ្លួន​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទៀត​ ទេ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) កាល​ពី​ចុង​ខែ​ធ្នូ បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ មក​ទល់​បច្ចុប្បន្ន យូ.អិន.អេច្ច.ស៊ី.អា ធ្លាប់​បាន​សម្រប​សម្រួល​ការ​​វិល​ត្រឡប់​ដោយ​ស្ម័គ្រចិត្ត​របស់​ម៉ុងតាញ៉ា ពី​ភ្នំពេញ ទៅ​ប្រទេស​វៀតណាម ប្រមាណ ៥០​នាក់​ហើយ។ អ្នកស្រី​បន្ត​ថា ការ​វិល​ត្រឡប់​របស់​ម៉ុងតាញ៉ា​វៀតណាម នេះ​ក៏​ជា​ឱកាស​ផ្ដល់​ឲ្យ យូ.អិន.អេច្ច.ស៊ី.អា ចូល​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ពួកគេ​ពេល​វិល​ត្រឡប់​ទៅ​វិញ​នេះ​ដែរ។

ចាប់ ​ពី​ខែ​កក្កដា រហូត​មក​ដល់​បច្ចុប្បន្ន មាន​ក្រុម​ម៉ុងតាញ៉ា ៥​ក្រុម មាន​គ្នា​សរុប ៩៤​នាក់ បាន​ស្ម័គ្រចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ក្នុង​នោះ​បី​ក្រុម​មាន​គ្នា ៤២​នាក់ ចាក​ចេញ​ពី​ប្រទេស​ថៃ ​និង​បី​ក្រុម​ទៀត​មាន​គ្នា ៥២​នាក់ ចាកចេញ​ពី​ក្រុង​ភ្នំពេញ៕

No comments: