ដោយ ខែ សុណង
2015-12-15 rfa
![]() |
| ៣-ធ្នូ-២០១៣៖ អង្គភាពប្រឆាំងអំពើពុករលួយ។
Photo: RFA
|
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អេ.ស៊ី.យូ (ACU) បានប្រកាសឲ្យបុគ្គលជាប់កាតព្វកិច្ច ទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបបពីរឆ្នាំម្ដងក្នុងឆ្នាំ២០១៦ ដែលនឹងចាប់ផ្ដើមទទួលឯកសារប្រកាសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ចំណែកមន្ត្រីសង្គមស៊ីវិល លើកឡើងថា ការប្រកាសនេះពុំមានតម្លាភាព និងប្រសិទ្ធភាពនោះទេ។
សង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីឲ្យការប្រកាសទ្រព្យសម្បត្តិមានតម្លាភាព ជៀសវាងប្រកាសដោយសម្ងាត់ដែលគ្មានប្រសិទ្ធភាពដល់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ប្រធានអង្គការតម្លាភាពកម្ពុជា ហៅកាត់ថា ធី.អាយ (TI) លោក ព្រាប កុល មានប្រសាសន៍នៅថ្ងៃទី១៥ ធ្នូ ថា លោកចង់ឃើញឲ្យមានការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់នេះ។ លោកថា ក្នុងជំពូក៤ ស្ដីពីសមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ មានមាត្រាពាក់ព័ន្ធមួយចំនួនចាប់ពីមាត្រា១៧ ដល់មាត្រា២០ ដែលចែងជុំវិញនីតិវិធីនៃការប្រកាសទ្រព្យសម្បត្តិ ពិសេសមាត្រា២០ ដែលចែងឲ្យរក្សាការសម្ងាត់ចំពោះឯកសាររបស់បុគ្គលជាប់កាតព្វកិច្ចនោះ។ លោកបញ្ជាក់ថា ការអនុវត្តដោយអង្គភាពនាពេលបច្ចុប្បន្ន ធ្វើឡើងតាមច្បាប់នេះ មិនបានធ្វើជាចំហឲ្យប្រជាពលរដ្ឋ និងសាធារណជន ឬស្ថាប័នដទៃទៀតបានដឹងនោះទេ។ នេះ គឺជាបញ្ហាដែលនាំឲ្យគ្មានតម្លាភាព។
លោក ព្រាប កុល៖ «យើងធ្លាប់ធ្វើការតស៊ូមតិ។ យើងធ្លាប់បានដាក់អនុសាសន៍ហ្នឹងទៅស្ថាប័នពាក់ព័ន្ធ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ។ លោកថារាល់ថ្ងៃនេះ លោកមានតួនាទីអនុវត្តច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចហើយ។ អ្នកដែលត្រូវកែច្បាប់ និងធ្វើវិសោធនកម្ម ទាល់តែរដ្ឋសភាតំណាងរាស្ត្រធ្វើវិសោធនកម្ម។ យើងមើលនិន្នាការគណបក្សសង្គ្រោះជាតិ បើតាមយើងធ្លាប់ទំនាក់ទំនងជាមួយ លោកស្វាគមន៍ចំពោះការធ្វើវិសោធនកម្ម ប៉ុន្តែតំណាងរាស្ត្រក្នុងជួរគណបក្សកាន់អំណាច មិនទាន់ឯកភាពទេ ដោយមានហេតុផលជាច្រើន ដែលថាការធ្វើវិសោធនកម្មមិនអាចធ្វើទៅបាន។ ដូច្នេះយើងបន្តធ្វើការតស៊ូមតិតទៅទៀត»។
មាត្រា២០ ដែលស្ដីពីការរក្សាទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ចែងថា សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវទុកជាសម្ងាត់ខ្ពស់បំផុត និងធ្វើជាទម្រង់អេឡិចត្រូនិក ដោយមានលេខសម្ងាត់ ឬធ្វើជាលិខិតជាពីរច្បាប់ តាមគំរូដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា គឺមួយច្បាប់រក្សាទុកដោយសាមីខ្លួន និងមួយច្បាប់ទៀត រក្សាទុកនៅអង្គភាព។ ចំណែកលើស្រោមសំបុត្រដែលបិទជិត ត្រូវប្រថាប់ត្រា និងចុះហត្ថលេខាដោយប្រធានអង្គភាព ឬតំណាង ព្រមទាំងផ្ដិតម្រាមដៃសាមីខ្លួនផង។ ឯនីតិវិធីក្នុងការបើកស្រោមសំបុត្រឯកសារប្រកាសទ្រព្យ និងបំណុលនេះ កំណត់ដោយសេចក្ដីសម្រេចពីអង្គភាព។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះ ស្របពេលដែលអង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសឲ្យបុគ្គលជាប់កាតព្វកិច្ចទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបបពីរឆ្នាំម្ដងក្នុងឆ្នាំ២០១៦។ ការប្រកាស នឹងធ្វើឡើងជារៀងរាល់ថ្ងៃ មិនគិតថ្ងៃបុណ្យចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច រយៈពេលមួយខែនៅអង្គភាពប្រឆាំងអំពើពុករលួយ ឬផ្ញើតាមក្រុមជនបង្គោលប្រឆាំងអំពើពុករលួយប្រចាំក្រសួង ស្ថាប័នក្ដី ឬផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ក៏បាន។
សេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៤ ធ្នូ ឲ្យដឹងថា អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល មានមន្ត្រីរាជការស៊ីវិលដែលមានឋានៈចាប់ពីប្រធាននាយកដ្ឋាន និងមន្ត្រីយោធា កងរាជអាវុធហត្ថ នគរបាលជាតិដែលមានឋានន្តរសក្ដិចាប់ពីវរសេនីយ៍ឯកឡើងទៅ។ ក្រៅពីនេះ មន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំងការបោះឆ្នោតបានបន្តមុខតំណែងបច្ចុប្បន្នដូចគ្នា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ជាដើម។
បន្ថែមលើសេចក្ដីប្រកាសនេះ ប្រធានស្ដីទីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ លោក ចេង ប៊ុនឃៀង មានប្រសាសន៍ថា នេះជាយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏មានប្រសិទ្ធភាព។ លោកថា បុគ្គលជាប់កាតព្វកិច្ចទៅប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបបពីរឆ្នាំម្ដងក្នុងឆ្នាំ២០១៦ នៅមិនទាន់មានអ្នកមកបំពេញបែបបទនៅឡើយ ប៉ុន្តែនៅចន្លោះឆ្នាំនេះ នាយកដ្ឋានបានទទួលអ្នកដែលទើបមានការតែងតាំងថ្មី ផ្លាស់ប្ដូរ ចូលនិវត្តន៍ និងលាឈប់ មកប្រកាសទ្រព្យសម្បត្តិជាបណ្ដើរៗដែរ។
លោក ចេង ប៊ុនឃៀង៖ «ជាគោលការណ៍របស់រដ្ឋាភិបាល ដែលច្បាប់ប្រឆាំងអំពើពុករលួយបានកំណត់ចំពោះបុគ្គល ដែលគាត់បានប្រកាសលើកទី១ ក្នុងថ្ងៃខែឆ្នាំណាក៏ដោយ គឺត្រូវធ្វើការប្រកាសក្នុងពីរឆ្នាំបន្ទាប់របស់ខ្លួនក្នុងខែមករា ដើមឆ្នាំហ្នឹងតែម្ដង ក្នុងករណីដែលគាត់មិនទាន់ប្រកាសមាត្រា៣៨ គឺត្រូវដាក់ទោសជាប់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ ពិន័យជាប្រាក់ពី ១សែនរៀលទៅ ២លានរៀល»។
ទោះយ៉ាងណា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលធ្វើឡើងជាសម្ងាត់នេះ ទាំងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងសង្គមស៊ីវិលអះអាងថា បុគ្គលដែលជាប់កាតព្វកិច្ច បានចូលបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អ។ សង្គមស៊ីវិលថា បុគ្គលជាប់កាតព្វកិច្ចជាង ៩០% បានអនុវត្តនៅមានចំនួនតិចតួចប៉ុណ្ណោះដែលមានភាពយឺតយ៉ាវ។
អង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្ត និងបានប្រកាសឲ្យបុគ្គលជាប់កាតព្វកិច្ច ទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល រយៈពេល ៥ឆ្នាំហើយ តាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៥៕


No comments:
Post a Comment