ដោយ ចេង ម៉េងជូ
2015-12-15 rfa
![]() |
| កុមារអនាថាអង្គុយចាំសុំទាននៅតាមផ្លូវមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។
RFA/Rann Samnang
|
អង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសន្និសីទថ្នាក់ជាតិមួយមានរយៈពេល ២ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី១៥ ខែធ្នូ ដើម្បីបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការដោះស្រាយបញ្ហាជនដែលកំពុងរស់នៅ ឬធ្វើការនៅតាមចិញ្ចើមផ្លូវ រួមមានកុមារ ស្ត្រី អ្នកបម្រើសេវាកម្សាន្ត ជនពិការសតិបញ្ញា និងកាយសម្បទា និងអ្នកផ្ទុកជំងឺអេដស៍ជាដើម។
ក្នុងសន្និសីទថ្នាក់ជាតិនៅថ្ងៃដំបូង តំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee) លើកឡើងថា ការស្វែងរកដំណោះស្រាយចំពោះបញ្ហាជននៅតាមចិញ្ចើមផ្លូវ គឺជាកិច្ចការបន្ទាន់ដែលត្រូវធ្វើ ខណៈចំនួនប្រជាជនចំណាកស្រុកមកទីក្រុងកាន់តែច្រើនឡើង៖ «រាល់ប្រទេសកំពុងអភិវឌ្ឍទាំងអស់ តែងតែប្រឈមនឹងស្ថានភាពដែលជនចំណាកស្រុកពីជនបទមកកាន់ទីក្រុង នៅពេលដែលសកម្មភាពឧស្សាហកម្មក្នុងប្រទេសនោះរីកចម្រើន។ វា គឺជាលំនាំធម្មជាតិមួយដែលយើងអាចមើលឃើញនៅក្នុងប្រទេសជាច្រើន។ តើយើងត្រូវដោះស្រាយបញ្ហាហ្នឹងយ៉ាងដូចម្ដេច? បើសិនជាគិតរបៀបហ្នឹង ខ្ញុំគិតថា លំហូរប្រជាជនចំណាកស្រុកមកទីក្រុងភ្នំពេញ នឹងមានលក្ខណៈកាន់តែខ្លាំងក្លានៅពេលខាងមុខ តាមពិតទៅ ឆាប់ៗនេះតែម្ដង។ ដូច្នេះ ការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាជននៅតាមចិញ្ចើមផ្លូវនេះ មានភាពបន្ទាន់មែនទែន មុនពេលទីក្រុងភ្នំពេញបន្តអភិវឌ្ឍកាន់តែខ្លាំងជាងនេះ»។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ថ្លែងក្នុងសន្និសីទនោះថា ការងារដោះស្រាយបញ្ហាជនអនាថា ត្រូវគោរពតាមគោលការណ៍មនុស្សធម៌ ស្ម័គ្រចិត្ត គោរពសិទ្ធិជនរងគ្រោះ រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងការគោរពច្បាប់។ លោកបន្ដថា ដំណោះស្រាយទាំងនោះរួមមាន ការផ្ដល់សេវាជូនជនអនាថានូវជម្រកស្នាក់នៅបណ្ដោះអាសន្ន សេវាអប់រំផ្នែកចិត្តសាស្ត្រ សេវាសុខភាព បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មជនរងគ្រោះទៅក្នុងសហគមន៍វិញដោយស្មារតីមនុស្សធម៌។
យ៉ាងណា មន្ត្រីផ្នែកបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលើកឡើងថា ការងារដោះស្រាយបញ្ហាជននៅតាមចិញ្ចើមផ្លូវ ប្រឈមខ្លាំងនឹងបញ្ហាខ្វះខាតថវិកា។
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី លើកឡើងថា ថវិកាជាតិសម្រាប់ការងារផ្ដល់សេវាសង្គមកិច្ចមានតិចតួចបំផុត។ លោកពន្យល់ថា ថវិកាភាគច្រើនដែលក្រសួងទទួលបាន គឺត្រូវបែងចែកសម្រាប់ការបើកប្រាក់បៀវត្សរ៍ប៉ុណ្ណោះ៖ «បើប្រៀបធៀបជាមួយក្រសួងដទៃ គឺមានដូចគេដូចឯង ក៏ប៉ុន្តែថវិកាហ្នឹងយកទៅធ្វើអីខ្លះ? បើកប្រាក់ខែឲ្យបុគ្គលិក បើកប្រាក់ខែឲ្យនិវត្តជន បើកប្រាក់ខែឲ្យអតីតយុទ្ធជន ហើយលុយទាំងបីមុខសញ្ញានេះ គឺស្រូបយកថវិកាក្រសួងសង្គមកិច្ច អស់ ៩២% ៩៣%។ សល់លុយ ៧% សម្រាប់យកមកចាយវាយលើមុខសញ្ញាទាំងឡាយទាំងពួង ដែលយើងកំពុងអង្គុយជជែកគ្នានេះ»។
លោក តូច ចាន់នី ក៏លើកឡើងដែរថា ក្រុមការងាររបស់លោកតែងតស៊ូមតិដើម្បីទាមទារយកថវិកាជាតិបន្ថែមសម្រាប់បំពេញសេចក្ដីត្រូវការក្នុងការដោះស្រាយបញ្ហាជននៅតាមចិញ្ចើមផ្លូវ៖ «ថវិកាលើកមកសុទ្ធតែមួយដុំៗ ទីបំផុតឲ្យបានតែបន្តិចទេ តែអានេះខ្ញុំអត់បន្ទោសទេ ព្រោះថវិកាយើងវាមានកំណត់។ ថវិកាជាតិរបស់យើងវាមិនមួយកញ្ចប់អ៊ីចឹង ហើយយើងហែកចែកគ្នាតាមលទ្ធភាពតាមអីអ៊ីចឹង បានខ្ញុំមិនបន្ទោសទៅក្រសួងណាថាអ៊ីចេះអ៊ីចុះទេ ក៏ប៉ុន្តែនេះជាស្ថានភាពជាក់ស្ដែងរបស់យើង»។
ពាក់ព័ន្ធនឹងការផ្ដល់សេវាសង្គមកិច្ចដល់ជនអនាថា កន្លងទៅក្រសួងរងការរិះគន់ថា មិនបានផ្ដល់សេវាសង្គមកិច្ចដោយគោរពសិទ្ធិជនអនាថាទាំងនោះឡើយ។ ជាក់ស្ដែង ករណីប្រមូលជនអនាថាឲ្យទៅស្នាក់នៅមណ្ឌលព្រៃស្ពឺ ដែលរងការរិះគន់ពីអង្គការសង្គមស៊ីវិលថា មិនបានផ្ដល់ការគាំពារត្រឹមត្រូវដល់ជនអនាថាទាំងនោះ។
ករណីនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី បញ្ជាក់ថា ចំណុចដែលជាបញ្ហាចំពោះករណីព្រៃស្ពឺ គឺដោយសារក្រសួងមិនទាន់មាននីតិវិធីក្នុងការកំណត់អត្តសញ្ញាណរបស់ជនអនាថាទាំងនោះ៖ «តាមពិត យើងដាក់គាត់ឲ្យគ្រាន់តែស្នាក់នៅបណ្ដោះអាសន្ន ដើម្បីកំណត់អត្តសញ្ញាណទេ ហើយយើងរកវិធីដោះស្រាយថា អ្នកណាទៅណា? អ្នកណាទៅណា? ដូចខ្ញុំជម្រាបខាងដើមអ៊ីចឹង ក៏ប៉ុន្តែឥឡូវអានីតិវិធីហ្នឹងយើងអត់ទាន់មាន»។
អ្នកសម្របសម្រួលអង្គការមិត្តសំឡាញ់អន្តរជាតិ លោក ពិន សុខុម កត់សម្គាល់ថា ការដោះស្រាយបញ្ហាជននៅតាមចិញ្ចើមផ្លូវនៅមានកម្រិត ដោយសារខ្វះខាតការសហការគ្នារវាងភាគីពាក់ព័ន្ធ។
តួលេខរបស់អង្គការមិត្តសម្លាញ់អន្តរជាតិ ស្ដីពីចំនួនជននៅតាមចិញ្ចើមផ្លូវនៅកម្ពុជា ដែលមានអាយុក្រោម ២៥ឆ្នាំ នៅឆ្នាំ២០១៤ មានចំនួនជាង ៣ពាន់ (៣.២៩៥) នាក់ ក្នុងនោះជាង ២ពាន់ (២.០៨១) នាក់ រស់នៅរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងតួលេខនេះ មន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ក្រសួងមិនទាន់មានតួលេខផ្លូវការនៅឡើយទេ៕

No comments:
Post a Comment