ដោយ អ៊ុំ រង្សី
2015-12-15 rfa
![]() |
| នគរបាលចរាចរណ៍ខេត្តព្រះសីហនុ ចុះអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។
RFA/Den Ayuthyea
|
គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមខ្លាំងនៅឡើយ ដែលធ្វើឲ្យមនុស្សរងរបួស និងស្លាប់រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ទោះបីជាសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹងជាងមុនក្ដី ក៏បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានច្រើនគួរឲ្យកត់សំគាល់ដដែល។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៥ នេះ បានថយចុះតែ ៥% ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០១៤។ មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការទាក់ទងចរាចរណ៍លើកឡើងថា ការថយចុះនេះនៅតែជាចំនួនតិចតួចនៅឡើយ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ បានបង្ហាញថា ករណីគ្រោះថ្នាក់នៅឆ្នាំ២០១៥ បានបណ្ដាលឲ្យមនុស្សរងគ្រោះសរុបជិត ១ម៉ឺន (៩.៧៧៥) នាក់ ក្នុងនោះបណ្ដាលឲ្យស្លាប់ចំនួនជាង ២ពាន់ (២.២៦៥) នាក់។
របាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៥ បានកើតឡើងចំនួនជិត ៥ពាន់ (៤.៥៩៥) លើក បើធៀបឆ្នាំ២០១៤ មានការថយចុះ ២៤៥លើក ស្មើ ៥% គិតជាមធ្យមក្នុង ១ថ្ងៃ មានគ្រោះថ្នាក់ ១២លើក។
ប្រធានអង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹង (IARD) លោក គង់ សុវណ្ណ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែធ្នូ ថា លោកគាំទ្រចំពោះលទ្ធផលនៃការថយចុះនេះ។ ប៉ុន្តែលោកអះអាងថា ការថយចុះនេះនៅតែជាក្ដីបារម្ភ និងមិនទាន់ឆ្លើយតបទៅនឹងផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅឡើយ៖ «ការចុះប៉ុណ្ណឹងវាគ្រាន់តែជាលទ្ធផលមួយ វាមិនទាន់អាចបង្ហាញអំពីសញ្ញាណវិជ្ជមាននៅឡើយទេ វាគ្រាន់តែជាចំណុចចាប់ផ្ដើម ទាល់តែយើងអនុវត្តច្បាប់រួមគ្នាឲ្យបានជាប់លាប់ ប្រឹងប្រែងទាំងអស់គ្នា បានយើងអាចឈានទៅសម្រេចផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០២០ បើមិនដូច្នេះទេ យើងនឹងបរាជ័យ»។
អ្នកជំនាញខាងចរាចរណ៍រូបនេះបន្តថា កត្តាដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួសជាង ៩០% កើតឡើងមកពីកត្តាមនុស្សបើកបរមិនគោរពច្បាប់ និងខ្វះការប្រុងប្រយ័ត្ន។ លោកបន្ថែមថា ដើម្បីកុំឲ្យកម្ពុជា បន្តបរាជ័យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កត្តាសំខាន់បំផុតអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវតែអប់រំពលរដ្ឋឲ្យគោរពច្បាប់ និងរឹតបន្តឹងច្បាប់ឲ្យមានតម្លាភាព៖ «ចំណុចសំខាន់ មានន័យថា គឺទាមទារឲ្យមានការអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ តែសមត្ថកិច្ចមិនត្រូវភ្លេចពីនីតិវិធីច្បាប់ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគុណភាពនោះឡើយ»។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិដដែលរកឃើញថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យខូចខាតមធ្យោបាយធ្វើដំណើរសរុបជាង ៧ពាន់ (៧.៥៧៥) គ្រឿង។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាមួយចំនួន ដូចជាកត្តាមនុស្ស ៩៤% ក្នុងនោះបើកបរលើសល្បឿនកំណត់ ៤២% មិនគោរពសិទ្ធអាទិភាព ១៣% មិនប្រកាន់ស្ដាំ ៨% ប្រជែង ១២% បើកបរស្រវឹង ១១% បត់មិនប្រយ័ត្ន ៧% សុខភាព ១%។ ក្រៅពីនេះ កត្តាយានយន្ត ២% កត្តាផ្លូវ ១% និងកត្តាផ្សេងៗ ៣%។
ទន្ទឹមគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិប្ដេជ្ញាថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អង្គភាពនេះនឹងជំរុញឲ្យធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីកិច្ចប្រតិបត្តិការរឹតបន្តឹងអនុវត្តច្បាប់នគរបាល ដែលនឹងត្រៀមអនុវត្តរឹតបន្តឹងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ៕

No comments:
Post a Comment