ដោយ ថា កិត្យា
2015-12-18 rfa
![]() |
| លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ
ថ្លែងនៅក្នុងសន្និសីទកាសែត នាស្នាក់ការបក្សរបស់លោក
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥។
RFA/Tha Kitya
|
ប្រធានគណបក្សអំណាច ខ្មែរថា ប្រសិនបើលោក ហោ ណាំហុង មិនសុំទោសជាសាធារណៈទេ នោះលោកនឹងប្ដឹងឡើងតុលាការនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយនេះ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង។ មេធាវីការពារក្តីលោក ហោ ណាំហុង ស្វាគមន៍បណ្ដឹងនេះ ប៉ុន្តែអ្នកវិភាគលើកឡើងថា ទំនាស់ក្ដីក្ដាំនេះ គឺជាការកេងចំណេញផលនយោបាយពីគ្នាទៅវិញទៅមក។
រដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ដែលប្ដឹងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍នោះ ឥឡូវនេះ ត្រូវបានលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ គំរាមប្ដឹងពីបទបរិហារកេរ្តិ៍នេះវិញម្ដង។ ប៉ុន្តែប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា លើកឡើងថា លោកនឹងមិនដាក់ពាក្យប្ដឹងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើងទេ ប្រសិនបើលោក ហោ ណាំហុង ចេញសេចក្ដីថ្លែងការណ៍សុំទោសជាសាធារណៈ៖ «យើងទាមទារឲ្យមានលាយលក្ខណ៍អក្សរច្បាស់លាស់ ពន្យល់ពីលោក ហោ ណាំហុង ចុះហត្ថលេខាពីលោក ហោ ណាំហុង ដើម្បីយកមកជាតឹកតាង ដើម្បីបញ្ជាក់ថា ការសម្របសម្រួលត្រូវបានបញ្ចប់ដោយលិខិតបទដ្ឋានត្រឹមត្រូវរវាងចុង ចោទ និងដើម។ យើងទទួលយកការសម្របសម្រួលនេះ»។
ថ្លែង នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ លោក សួន សេរីរដ្ឋា អះអាងថា ថ្មីៗនេះអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ក៏បាននិយាយសម្របសម្រួលតាមរយៈទូរស័ព្ទដៃ ប៉ុន្តែគណបក្សអំណាចខ្មែរមិនទទួលយកការសម្របសម្រួលតាមទូរស័ព្ទនេះ ឡើយ។
សំណុំរឿងក្ដីក្ដាំដែលគ្រោងនឹងដាក់ទៅតុលាការ នេះ កើតឡើងនៅបន្ទាប់ពីលោក ហោ ណាំហុង បានលើកឡើងថា គណបក្សអំណាចខ្មែរ មានសមាជិកជាភេរវករកាលពីថ្ងៃទី៧ ខែធ្នូ ក្រោយជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ថ្មីប្រចាំកម្ពុជា។ លោក សួន សេរីរដ្ឋា ថា ការលើកឡើងនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គណបក្សអំណាចខ្មែរ។
ជា ការឆ្លើយតប មេធាវីការពារក្តីលោក ហោ ណាំហុង គឺលោក កា សាវុធ ស្វាគមន៍ចំពោះពាក្យបណ្ដឹងរបស់លោក សួន សេរីរដ្ឋា។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការប្ដឹងរបស់ប្រធានបក្សអំណាចខ្មែរ មិនត្រឹមត្រូវឡើយ ព្រោះលោក ហោ ណាំហុង និយាយទៅតាមសាលក្រមរបស់តុលាការដែលសម្រេចឱ្យលោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ ជាទណ្ឌិតក្នុងទោសក្បត់ជាតិ មុនពេលព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស៖ «គាត់ថា តាមសាលក្រមរបស់តុលាការ មានទៅខុសអី ព្រោះតុលាការបានប្រកាសជាសាធារណៈរួចហើយ»។
លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាលើកលែងទោសកាលពីខែកក្កដា ដើម្បីអនុញ្ញាតឲ្យបន្តប្រឡូកនយោបាយក្នុងមាតុភូមិកម្ពុជាវិញ នៅបន្ទាប់ពីលោកត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ ៧ឆ្នាំ កាលពីខែមករា ឆ្នាំ២០១៥ ពីបទរួមគំនិតក្បត់ជាតិ និងរារាំងអ្នកបោះឆ្នោត។
ទាក់ទិននឹងទំនាស់ក្ដីក្ដាំ នេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ លើកឡើងថា ភាគីម្ខាងៗកំពុងតែកេងចំណេញប្រជាប្រិយភាពនយោបាយ៖ «អ្នកនយោបាយខ្មែរចូលចិត្តបបួលគ្នាចង់បញ្ហា មិនដែលឃើញអ្នកនយោបាយខ្មែរដោះស្រាយនូវបញ្ហាទេ»។
យ៉ាង ណាក៏ដោយចុះ ក្នុងពាក្យបណ្ដឹងរបស់លោក សួន សេរីរដ្ឋា ដែលគ្រោងនឹងដាក់ទៅតុលាការនៅថ្ងៃទី២១ ខែធ្នូ ទាមទារសំណងជំងឺចិត្ត ៥០០លានរៀល ហើយបើឈ្នះក្ដីសំណងជំងឺចិត្តនេះ លោកនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
ការស្វែង រកយុត្តិធម៌តាមប្រព័ន្ធតុលាការនេះ ប្រធានគណបក្សអំណាចខ្មែរ ហាក់មិនសូវមានសង្ឃឹមឡើយ ប៉ុន្តែលោកចង់បង្ហាញឲ្យប្រជាពលរដ្ឋកម្ពុជា និងអន្តរជាតិ មើលឃើញកាន់តែច្បាស់ថា តុលាការនៅកម្ពុជា ការពារតែអ្នកគណបក្សកាន់អំណាច ពោលគឺមិនធានាយុត្តិធម៌ជូនសង្គម ឬអ្នកដែលគ្មានអំណាចឡើយ៕

No comments:
Post a Comment