ដោយ ហង្ស សាវយុត
2015-12-18 rfa
![]() |
| ផែនទីតំបន់ជម្លោះខ្មែរ-ថៃ នៅប្រាសាទព្រះវិហារ
RFA
|
មេបញ្ជាការយោធា ការពារព្រំដែនខ្មែរ-ថៃ នៅជិតតំបន់ប្រាសាទព្រះវិហារ បានជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ក្នុងបំណងធានាឱ្យស្ថានភាពប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់ អាវុធក្នុងរឿងជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ ដែលស្ងប់ស្ងាត់ជាយូរមកហើយ បានស្ថិតក្នុងសភាពដដែលតទៅទៀត។
ការ ជួបប្រជុំគ្នាជាបន្ទាន់ ធ្វើឡើងបន្ទាប់ពីមានទាហានឈុតខ្មៅ ទាហានប៉ារ៉ា ព្រមទាំងជនស៊ីវិលថៃ ខ្លះទៀត នាំគ្នាទៅកាត់ផ្ដាច់ច្រវាក់សោទ្វារដែលចាក់បិទច្រកព្រំដែន ប្រាសាទព្រះវិហារ អស់រយៈពេល ៧ឆ្នាំមកហើយនោះមក។
មេបញ្ជាការ កងយោធពលខេមរភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ៣ ដែលគ្រប់គងកម្លាំងការពារព្រំដែនខ្មែរ ជុំវិញប្រាសាទព្រះវិហារ គឺលោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក។ លោកមានប្រសាសន៍កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃសុក្រ ទី១៨ ខែធ្នូ ថា មេបញ្ជាការទាហានខ្មែរ-ថៃ បានយល់ព្រមជាមួយគ្នាយកសោថ្មីមកចាក់បិទទ្វារព្រំដែនប្រាសាទ ព្រះវិហារវិញហើយ តាំងតែពីព្រឹកព្រលឹមម្ល៉េះ។
លោក ឧត្ដមសេនីយ៍ ស្រី ឌឹក បញ្ជាក់ថា មេបញ្ជាការយោធាខ្មែរ បានសំណូមពរទៅមេបញ្ជាការយោធាថៃ កុំឱ្យមានពលទាហានមកធ្វើសកម្មភាពកាត់ផ្ដាច់សោទ្វារព្រំដែនដោយ ឯកតោភាគីបែបនេះតទៅទៀត។ លោក ស្រី ឌឹក មិនហ៊ានប្រើពាក្យធ្ងន់ធ្ងរទៅកាន់ភាគីថៃទេ ប៉ុន្តែលោកថា ប្រសិនបើទាហានថៃ នៅធ្វើបែបនេះតទៀត ហើយបើចូលមកទឹកដីខ្មែរពេលណា គឺកងការពារព្រំដែនខ្មែរនឹងប្រើសិទ្ធិការពារអធិបតេយ្យភាព៖ «»។
កាល ពីវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ កន្លងទៅ ទាហានឈុតខ្មៅ និងប៉ារ៉ា ព្រមទាំងមានជនស៊ីវិលថៃ ខ្លះទៀត បានបើករថយន្តជាច្រើនគ្រឿងមកឈប់នៅក្បែរច្រកទ្វារព្រំដែនប្រាសាទ ព្រះវិហារ ហើយនាំគ្នាយកកន្ត្រៃធំកាត់ផ្ដាច់ និងយកច្រវាក់ចាក់សោទ្វារព្រំដែន នៃប្រាសាទព្រះវិហារ ទៅបាត់ ដោយមិនបានប្រាប់ឱ្យកងការពារព្រំដែនខ្មែរដឹងជាមុននោះទេ៕

No comments:
Post a Comment