អភិបាលខេត្តព្រះសីហនុចាត់វិធានការរុះរើរបងហ៊ុមព័ទ្ធឆ្នេរសមុទ្រ
ដោយ ដែន អយុធ្យា
rfa 2015-11-18
![]() |
| ឆ្នេរជ័យជម្នះដែលអាជ្ញាធរខេត្តព្រះសីហនុ
រុះរើរបងដែកហ៊ុមព័ទ្ធឆ្នេរសមុទ្រមានទីតាំងទល់មុខសាលាខេត្ត
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA/Den Ayuthyea
|
ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ កំពុងមានវិធានការរុះរើរបាំងដែក ឬរបងហ៊ុមព័ទ្ធឆ្នេរសមុទ្រមួយចំនួន ដែលម្ចាស់កម្មសិទ្ធិហ៊ុមព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍ ដើម្បីកែសម្រួលសោភណភាពក្រុងទេសចរណ៍ឲ្យបានប្រសើរឡើងវិញ។ សកម្មភាពនេះ ទទួលបានការសាទរច្រើនពីមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនាមូលដ្ឋានខេត្តជាប់សមុទ្រមួយនេះ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍នៅថ្ងៃទី១៧ ខែវិច្ឆិកា ថា អាជ្ញាធរពាក់ព័ន្ធខេត្តនេះចុះរុះរើរបងហ៊ុមព័ទ្ធឆ្នេរសមុទ្រ និងសំណូមពរដល់ម្ចាស់កម្មសិទ្ធិដីចំណីឆ្នេរសមុទ្រ ត្រូវចូលរួមសហការជាមួយអាជ្ញាធរឲ្យបានស្រុះគ្នា។ លោកបន្តថា ម្ចាស់កម្មសិទ្ធិដីចំណីឆ្នេរសមុទ្រដែលគ្មានការអភិវឌ្ឍទាំងអស់ ត្រូវរុះរើរបង ឬរបាំងដែកហ៊ុមព័ទ្ធដីជាប់មាត់សមុទ្រឲ្យបានទាំងអស់គ្នា ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរអាចមើលឃើញទឹកសមុទ្រ។
លោកអភិបាលខេត្តបន្តថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តបានចាប់ផ្តើមរុះរើរបាំងដែកនៅឆ្នេរជ័យជម្នះ មានទីតាំងនៅពីមុខសាលាខេត្ត និងកាត់ស្មៅសម្អាត អាចឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីតាំងនេះមើលឃើញទឹកសមុទ្រពីចម្ងាយ៖ «ការរុះរើរបាំងដែកនៅមុខសាលាខេត្តនេះ គឺមិនមែនរុះរើរឹបអូសយកដីនោះទេ។ ដីតំបន់នេះគេមានប្លង់កម្មសិទ្ធិអស់ទៅហើយ ហើយខ្ញុំមិនអាចទៅរំលោភច្បាប់នេះបានទេ គឺគ្រាន់តែបើករបងដែកដើម្បីឲ្យមានសោភណភាពឆ្នេរជាងមុន ជាពិសេសអាចឲ្យបងប្អូន ឬភ្ញៀវទេសចរអាចមើលឃើញមាត់សមុទ្រពេលធ្វើដំណើរឆ្លងកាត់តំបន់នេះ»។
ត្រង់ចំណុចនេះ លោក យន្ត មីន បានស្នើដល់ម្ចាស់កម្មសិទ្ធិដីជាប់មាត់សមុទ្រដែលហ៊ុមព័ទ្ធរបាំងដែក ឬរបងថ្មទុកចោលគ្មានការអភិវឌ្ឍ ត្រូវចូលរួមសម្អាតបរិស្ថានឆ្នេរ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកកម្សាន្តខេត្តព្រះសីហនុ បានច្រើនថែមទៀត៖ «យុទ្ធនាការនេះគ្រាន់តែខ្ញុំសុំឲ្យម្ចាស់ដី បើករបាំងដែកហ៊ុមព័ទ្ធដីឆ្នេរសមុទ្រទុកចោលគ្មានការអភិវឌ្ឍ ដើម្បីបានឲ្យបងប្អូនមើលឃើញឆ្នេរសមុទ្រ និងកាត់ស្មៅសម្អាតបរិស្ថានឆ្នេរឲ្យមានសោភណភាពឡើងវិញ។ សកម្មភាពនេះ នឹងបន្តអនុវត្តនៅតាមទីតាំងច្រើនកន្លែងទៀតនាថ្ងៃខាងមុខ»។
ប្រជាពលរដ្ឋខេត្តព្រះសីហនុ ម្នាក់ក្នុងចំណោមពលរដ្ឋ និងមន្ត្រីរាជការផ្សេងទៀតដែលធ្វើដំណើរឆ្លងកាត់មុខសាលាខេត្ត កាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា បានគាំទ្រការរុះរើរបងដែកហ៊ុមព័ទ្ធដីឆ្នេរជ័យជម្នះ ដែលគេព័ទ្ធរបងដែកទុកចោលអស់ជាច្រើនឆ្នាំមកនេះ។ ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ ត្រូវបន្តសកម្មភាពរុះរើរបងដែកហ៊ុមព័ទ្ធឆ្នេរសមុទ្រឲ្យបានច្រើនទីតាំងទៀត ដើម្បីផ្តល់ជូនពលរដ្ឋ ឬទេសចរអាចចេញចូលទៅកម្សាន្តឲ្យបានទូលំទូលាយដូចពេលមុន៖ «បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងមន្ត្រីសង្គមស៊ីវិលភាគច្រើននាខេត្តព្រះសីហនុ បានគាំទ្រការរុះរើរបាំងដែកហ៊ុមព័ទ្ធឆ្នេរសមុទ្រមួយចំនួន ដែលអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអនុវត្តពេលនេះ។ អាណត្តិដឹកនាំរបស់អភិបាលខេត្តមុនៗ គឺមិនបានបើករបងហ៊ុមព័ទ្ធឆ្នេរ អាចឲ្យពលរដ្ឋមើលឃើញឆ្នេរសមុទ្រនោះទេ»។
ដូចគ្នានេះដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ គាំទ្រសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលមានវិធានការចុះរុះរើរបងដែក ឬថ្ម ហ៊ុមព័ទ្ធឆ្នេរទុកចោលគ្មានការអភិវឌ្ឍ ដើម្បីរក្សាសោភណភាពឆ្នេរពេលនេះ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ក៏ទទូចដល់អភិបាលខេត្តព្រះសីហនុ ត្រូវសុំគោលការណ៍ពីប្រមុខដឹកនាំរដ្ឋាភិបាល ដើម្បីឈានដល់ដកហូតដីចំណីឆ្នេរសមុទ្រពីឯកជន ដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិវឌ្ឍបម្រើវិស័យទេសចរណ៍ឲ្យបានទូលំទូលាយ៖ «ខ្ញុំគាំទ្រសកម្មភាពលោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ដែលបានបើករបងដែកហ៊ុមព័ទ្ធឆ្នេរ និងការសម្អាតបរិស្ថានមាត់សមុទ្របានទូលំទូលាយឡើងវិញ។ សកម្មភាពនេះជាការទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តនេះបានច្រើននាពេលខាងមុខ។ កន្លងមកនេះ ភ្ញៀវទេសចរតែងរអ៊ូរទាំថា ធ្វើដំណើរមកដល់ខេត្តព្រះសីហនុ ហើយ ប៉ុន្តែជិះដើរមើលសមុទ្រមិនមានឆ្នេរសម្រាប់ចូលកម្សាន្តទេ ព្រោះត្រូវឈ្មួញ ឬឯកជនហ៊ុមព័ទ្ធរបងថ្ម និងដែកទុកចោលគ្មានការអភិវឌ្ឍ និងមិនអាចដើរឆ្លងកាត់បានទេពេលនេះ»។
ឆ្នេរសមុទ្រប្រទេសកម្ពុជា សរុបមានប្រវែង ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្រ រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ បានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្រស់ស្អាតបំផុតនៅលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)៕

No comments:
Post a Comment