A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 18 November 2015
បទវិភាគ៖ ការប្រៀបធៀបរបត់នយោបាយរវាងប្រទេសមីយ៉ាន់ម៉ានិងកម្ពុជា
បទវិភាគ៖ ការប្រៀបធៀបរបត់នយោបាយរវាងប្រទេសមីយ៉ាន់ម៉ានិងកម្ពុជា
ដោយ ឯក សិរី
rfa 2015-11-18
ជោគជ័យរបស់ប្រធាន បក្សប្រឆាំង អ្នកស្រី អ៊ុង សាន ស៊ូជី (Aung san Suu kyi) ក្នុងការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) កាលពីថ្ងៃទី៨ ខែវិច្ឆិកា នេះ គឺជាប្រធានបទដែលកំពុងធ្វើឲ្យរំជើបរំជួល និងបន្ថែមកម្ដៅថែមទៀតនៅក្នុងរង្វង់អ្នកនយោបាយកម្ពុជា។
ជា ការពិតណាស់ ជោគជ័យក្នុងការបោះឆ្នោតដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូររបត់ នយោបាយនៅក្នុងប្រទេស ដែលគ្រប់គ្រងដោយអំណាចយោធាអស់រយៈពេលជាច្រើនទសវត្សនេះ គឺជាករណីកើតឡើងដោយលំបាក។ ការផ្លាស់ប្ដូរនេះទៀតសោត នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើពុំមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ និងជាពិសេសអ្នកនយោបាយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅពីក្រោយភាពជោគជ័យរបស់គណបក្សប្រឆាំង និងការអាចឈានទៅរកការផ្លាស់ប្ដូរនៅក្នុងប្រទេស ប្រហែលក៏មានវត្តមានប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ា ម្នាក់ផងដែរ ពោលឲ្យចំ គឺលោកប្រធានាធិបតី ថេន សេន (Thein Sein) ដែលចូលរួមឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននេះ។ ជាការពិតណាស់ ប្រសិនបើពុំមានការគាំទ្រ និងការបើកឱកាសពីសំណាក់លោកប្រធានាធិបតី ថេន សេន ក៏ប្រហែលជាគ្មានការបោះឆ្នោតនៅមីយ៉ាន់ម៉ា នោះដែរ។
តើ កត្តាអ្វីខ្លះដែលជំរុញឲ្យលោកប្រធានាធិបតី ថេន សេន បើកឲ្យមានការផ្លាស់ប្ដូរនៅក្នុងប្រទេស? ចុះក្នុងបរិបទអ្នកនយោបាយកម្ពុជា អាចមានការផ្ទេរអំណាចដោយសន្តិវិធីដែរឬទេ នៅពេលគណបក្សប្រឆាំងឈ្នះឆ្នោត?
ក្នុងឋានៈជា ប្រធានាធិបតី និងជាអ្នកកែទម្រង់ម្នាក់ លោក ថេន សេន បានសម្រេចសមិទ្ធផលយ៉ាងច្រើនក្នុងកំណែទម្រង់រដ្ឋ រហូតធ្វើឲ្យអន្តរជាតិ ជាពិសេសប្រទេសមហាអំណាចលោកខាងលិចដកការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងហុចដៃមករកប្រទេសប្រកាន់របបយោធានិយមនៅអាស៊ីមួយនេះ។
ពិភពលោក សាទរការរៀបចំឲ្យមានការបោះឆ្នោតដោយសេរី ដែលធ្វើឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុង សាន ស៊ូជី បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនេះ ហើយក៏កំពុងរង់ចាំមើលថា តើនឹងមានការផ្ទេរអំណាចដោយសន្តិវិធីនៅមីយ៉ាន់ម៉ា ដែរឬយ៉ាងណា? ប្រសិនបើមានការផ្ទេរអំណាចដោយសន្តិវិធីមែន អ្នកឈ្នះនឹងដឹកនាំរដ្ឋាភិបាល ចំណែកអ្នកចាញ់នឹងក្លាយជាអ្នកកំណែទម្រង់ជាតិដែលប្រវត្តិសាស្ត្រ នឹងចងចាំ។
កត្តាសំខាន់មួយចំនួនដែលធ្វើឲ្យមានរបត់ នយោបាយផ្លាស់ប្ដូរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ថេន សេន គឺទីមួយ ឆន្ទៈនយោបាយ។ ក្នុងតំណែងជាប្រធានាធិបតី និងជាអ្នកកំណែទម្រង់ លោក ថេន សេន ឈរនៅចំចំណុចកណ្ដាលរវាងប្រជាពលរដ្ឋដែលស្រេកឃ្លានចង់បាន ប្រជាធិបតេយ្យ ចង់ឃើញការផ្លាស់ប្ដូរ និងម្ខាងទៀតជាក្រុមពួកឧត្តមសេនីយ៍យោធា ដែលហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាអំណាច។ ការផ្លាស់ប្ដូរណាមួយដែលធ្វើឡើងលឿនពេក ខ្វះការប្រុងប្រយ័ត្ន នឹងអាចមានរដ្ឋប្រហារពីសំណាក់ពួកយោធាកើតឡើងភ្លាមៗជាមិនខាន។ ហេតុនេះហើយ ការផ្លាស់ប្ដូរណាមួយនៅមីយ៉ាន់ម៉ា ចាំបាច់ឲ្យមានឆន្ទៈនយោបាយស្របគ្នាពីសំណាក់ប្រធានាធិបតី ពួកឧត្ដមសេនីយ៍យោធា និងមេដឹកនាំបក្សប្រឆាំង។
ហេតុ ផលមួយទៀត គឺបរិបទទុំជោរនយោបាយនៅមីយ៉ាន់ម៉ា។ អស់រយៈពេលជាច្រើនទសវត្សដែលប្រជាជនមីយ៉ាន់ម៉ា រស់នៅក្រោមការគាបសង្កត់របស់របបយោធា។ ការចង់បានសិទ្ធិសេរីភាពប្រជាធិបតេយ្យពេញលេញលាន់ឮទូទាំងប្រទេស ក្នុងចំណោមប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ ក្នុងបរិបទពិភពលោកបច្ចុប្បន្ន មីយ៉ាន់ម៉ា ដែលទទួលការគាបសង្កត់ពីសំណាក់សហគមន៍អន្តរជាតិ មិនអាចនៅឯកោកាត់ផ្ដាច់ពីពិភពលោកខាងក្រៅទៀតឡើយ។ ទាំងអ្នកនយោបាយ និងទាំងប្រជាពលរដ្ឋមីយ៉ាន់ម៉ា យល់ច្បាស់អំពីសារសំខាន់នៃការផ្លាស់ប្ដូរ ដើម្បីនាំមីយ៉ាន់ម៉ា ទៅរកការរីកចម្រើនប្រកបដោយចិរភាព។
ហេតុផលទីបី គឺនៅមីយ៉ាន់ម៉ា មានតួអង្គឧត្តរាធិការី ឬអ្នកស្នងបន្តនយោបាយដ៏លេចធ្លោ ប្រសិនមានការផ្លាស់ប្ដូរណាមួយក្នុងប្រទេស។ ក្នុងបរិបទនយោបាយដែលងាយប្រេះបែកដូចមីយ៉ាន់ម៉ា ចាំបាច់ត្រូវមានអ្នកដឹកនាំដែលរឹងមាំ មានបទពិសោធន៍ក្នុងនយោបាយ។ អ្វីពិសេសទៅទៀតនោះ គឺជាអ្នកនយោបាយដឹកនាំប្រទេសតាមរយៈការផ្សះផ្សាជាតិ ដោយគ្មានការសងសឹក ក្រោយការចេញពីតំណែងរបស់ថ្នាក់ដឹកនាំយោធា។ ក្នុងហេតុផលបែបនេះហើយ លោកប្រធានាធិបតី ថេន សេន អាចសម្លឹងឃើញ អ្នកស្រី អ៊ុង សាន ស៊ូជី គឺជាបេក្ខជនដ៏ស័ក្ដិសមបំផុតក្នុងការបង្រួបបង្រួមជាតិ និងដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស និងអន្តរជាតិ។
កិត្យានុភាពជាតិក្នុងឆាកអន្តរជាតិ ក៏អាចជាហេតុផលជំរុញលោកប្រធានាធិបតី ថេន សេន សម្រេចឲ្យមានការផ្លាស់ប្ដូរនៅមីយ៉ាន់ម៉ា ផងដែរ។ សៀវភៅក្រោមចំណងជើងថា "នយោបាយក្នុងចំណោមប្រជាជាតិ" (Politics among Nations) របស់អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិអាមេរិក ហាន់ ម៉ូរហ្គិនតៅ (Hans Morgenthau) ពន្យល់ថា កត្តាកិត្យានុភាពជាតិក្នុងឆាកអន្តរជាតិ ជាកត្តាស្លាប់រស់ដែលអាចកំណត់ភាពជោគជ័យ និងភាពបរាជ័យក្នុងនយោបាយការបរទេសរបស់ប្រទេសជាតិមួយ។ សម្រាប់មីយ៉ាន់ម៉ា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះមិនល្អក្នុងឆាកអន្តរជាតិកន្លងមក ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ការបំបិទសិទ្ធិសេរីភាព អំពើពុករលួយ និងការគ្រប់គ្រងប្រទេសតាមបែបយោធានិយម ចាំបាច់បំផុតក្នុងការស្ដារមុខមាត់កិត្យានុភាពជាតិក្នុងឆាក អន្តរជាតិឡើងវិញ។ ចំណុចដំបូងបង្អស់ដើម្បីស្ដារកិត្យានុភាពប្រទេសឡើងវិញ មីយ៉ាន់ម៉ា ត្រូវមានរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងដែលទទួលស្គាល់ពីអន្តរជាតិ។
ចុះក្នុងបរិបទអ្នកនយោបាយកម្ពុជា អាចមានការផ្ទេរអំណាចដោយសន្តិវិធីដែរឬទេ នៅពេលគណបក្សប្រឆាំងឈ្នះឆ្នោត?
នៅ កម្ពុជា ប្រហែលជាខុសពីបរិបទនយោបាយនៅមីយ៉ាន់ម៉ា។ ការប្រៀបធៀបនយោបាយកម្ពុជា ជាមួយមីយ៉ាន់ម៉ា អាចមិនត្រឹមត្រូវខ្លះ និងត្រឹមត្រូវខ្លះ។
មិនត្រឹមត្រូវនៅត្រង់ថា កម្ពុជា បានផ្លាស់ប្ដូរមកប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សតាំងពី ឆ្នាំ១៩៩៣ ខណៈដែលនៅមីយ៉ាន់ម៉ា គ្រប់គ្រងរដ្ឋដោយពួកយោធាអស់ជាច្រើនទសវត្ស។ យ៉ាងណាមិញ ត្រឹមត្រូវនៅត្រង់ថា ប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលអន្តរកាលប្រជាធិបតេយ្យ ឬប្រជាធិបតេយ្យកូនកាត់ ពោលគឺទាំងកម្ពុជា និងទាំងមីយ៉ាន់ម៉ា មានបញ្ហាដូចគ្នា។ តួយ៉ាងបញ្ហារំលោភសិទ្ធិមនុស្ស កង្វះឯករាជភាពតុលាការ ការគ្រប់គ្រងដោយបក្សកាន់អំណាចលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសវិទ្យុ ទូរទស្សន៍ និងអំពើពុករលួយ ជាដើម។
លើសពីនេះទៅទៀត ភាពខុសគ្នាត្រង់ថា អ្នកនយោបាយមីយ៉ាន់ម៉ា ពោលឲ្យចំ គឺអ្នកស្រី អ៊ុង សាន ស៊ូជី សុខចិត្តជ្រើសរើសការមិនចាកចេញពីប្រទេស និងពីអ្នកគាំទ្ររបស់ខ្លួននៅពេលទទួលការគំរាមកំហែងពីរបបយោធា។ ស្របពេលដែលលោកប្រធានាធិបតី ថេន សេន ហាក់បង្ហាញដោយប្រុងប្រយ័ត្នក្នុងការបើកឱកាសឲ្យមានការ ផ្លាស់ប្ដូរនៅក្នុងប្រទេស។ ចំណែកនៅកម្ពុជា អ្នកនយោបាយព្យាយាមក្រាញអំណាចដោយប្រើគ្រប់មធ្យោបាយ និងជ្រើសរើសការចាកចេញពីប្រទេស រត់ចោលអ្នកគាំទ្រប្រសើរជាងការនៅប្រឈមនឹងការគំរាមកំហែងចាប់ចង។
នៅ កម្ពុជា ការផ្ទេរអំណាចដោយសន្តិវិធី ស្ថិតនៅក្រោមសំណួរដែលពិបាករកចម្លើយ ខណៈដែលជាញឹកញាប់ គេតែងឮការគំរាមកំហែងនឹងអាចមានសង្គ្រាមពីថ្នាក់ដឹកនាំគណបក្ស កាន់អំណាច ប្រសិនបើគណបក្សនេះចាញ់ក្នុងការបោះឆ្នោត។ ទោះជាយ៉ាងណា ការផ្ទេរអំណាចណាមួយអាចកើតឡើងនៅកម្ពុជា ទៅបាន ចាំបាច់គណបក្សប្រឆាំងអាចយកឈ្នះគណបក្សកាន់អំណាចក្នុងការបោះឆ្នោត នៅពេលខាងមុខជាមុនសិន៕
Subscribe to:
Post Comments (Atom)

No comments:
Post a Comment