មន្ត្រីបក្សកាន់អំណាចនិងអ្នកឃ្លាំមើលនយោបាយថាបក្សប្រឆាំងនៅកម្ពុជានិងភូមាខុសគ្នា
ដោយ ខែ សុណង
rfa 2015-11-17
![]() |
| ប្រធានបក្សប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) អ្នកស្រី អ៊ុង
សាន ស៊ូជី (Aung san Suu kyi) និងប្រធានគណបក្សប្រឆាំងនៅកម្ពុជា លោក សម
រង្ស៊ី។
Photo AFP
|
នៅគ្រាដែល លោក សម រង្ស៊ី កំពុងស្វែងរកជំនួយពីសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីអន្តរាគមន៍ជួយឲ្យលោកបានវិលចូលស្រុកវិញនោះ លោក សម រង្ស៊ី ក៏មិនបន្ធូរដៃក្នុងការរិះគន់ទៅលើការដឹកនាំផ្ដាច់ការនៅតំបន់ អាស៊ីនេះដែរ។
លោក សម រង្ស៊ី បញ្ជាក់ថា ការដួលរលំរបបផ្ដាច់ការនៅភូមា និងការជោគជ័យមេបក្សប្រឆាំងនៅភូមា នោះ ក៏ជាសញ្ញាណវិជ្ជមានមួយសម្រាប់កម្ពុជា ដែរ។ ប៉ុន្តែមន្ត្រីបក្សប្រជាជន និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ បានហៅសាររបស់ លោក សម រង្ស៊ី ថា គណបក្សប្រឆាំងនៅកម្ពុជា និងភូមា មានលក្ខណៈខុសគ្នា។
លោក សម រង្ស៊ី បានផ្ញើសារជាថ្មីម្ដងទៀតឌឺដងទៅមេដឹកនាំផ្ដាច់ការនៅក្នុង តំបន់អាស៊ី ថាមេដឹកនាំទាំងនេះជិតដួលរលំបន្តិចម្ដងៗ ហើយក៏នឹងឈានមកដល់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះដែរ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងសារបែបនេះនៅលើទំព័រហ្វេសប៊ុក (facebook) របស់លោកនៅថ្ងៃទី១៧ ខែវិច្ឆិកា បន្ទាប់ពីលោកត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រកាសពីការអស់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាតំណាងរាស្ត្រនៅអាណត្តិទី៥ នេះ និងនៅក្រោយពីលោកបានពន្យារពេលមកកាន់កម្ពុជា តាមកាលកំណត់នោះ។
លោក បានលើកឧទាហរណ៍ពីប្រទេសភូមា ដែលគណបក្សប្រឆាំងឈ្នះឆ្នោតនាពេលថ្មីនេះ។ លោកសរសេរថា ជោគជ័យដ៏ត្រចះត្រចង់ និងជាប្រវត្តិសាស្ត្ររបស់ចលនាប្រជាធិបតេយ្យប្រឆាំងអំណាចផ្ដាច់ការ ក្នុងការបោះឆ្នោតថ្មីៗនេះនៅប្រទេសភូមា បណ្ដាលឲ្យមានភាពតក់ស្លុត និងស្លន់ស្លោដល់អ្នកដឹកនាំផ្ដាច់ការទាំងប៉ុន្មានដែលនៅសេសសល់ ក្នុងតំបន់ទ្វីបអាស៊ី ប៉ុន្តែចរន្តនយោបាយនាំមកនូវសេរីភាពដែលគ្មាននរណាអាចទប់ស្កាត់ ដែលកំពុងតែរីករាលដាលទូទាំងពិភពលោក ធ្វើឲ្យរបបផ្ដាច់ការដួលរលំម្តងមួយៗ។ លោកថា ចរន្តនេះក៏នឹងឈានមកដល់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះដែរ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក សម រង្ស៊ី និយាយខុសពីការពិត។ លោក សុខ ឥសាន បានបកស្រាយផ្ទុយទៅវិញថា លោក សម រង្ស៊ី ខ្លួនឯងជាអ្នកផ្ដាច់ការ និងកំពុងដួលរលំនោះឯង។ លោកបញ្ជាក់ថា គណបក្សប្រឆាំងនៅប្រទេសភូមា និងបក្សប្រឆាំងនៅកម្ពុជា មានលក្ខណៈខុសគ្នា និងមិនអាចប្រៀបធៀបគ្នាបានឡើយ៖ «គណបក្សប្រឆាំងនៅភូមា គេសុខចិត្តជាប់គុក ២០ឆ្នាំ ក៏ប៉ុន្តែគណបក្សប្រឆាំងនៅកម្ពុជា តែ ២ឆ្នាំមិនហ៊ានទាំងជាប់ផង រត់ផាសក្រញាំខុសគ្នា ១០ដង។ សូមផ្ដាំផ្ញើទៅ លោក សម រង្ស៊ី កុំយកសភាពការណ៍ភូមា មកប្រៀបធៀបនៅកម្ពុជា។ កុំយកសភាពការណ៍នៅមជ្ឈិមបូព៌ា នៅអេហ្ស៊ីប នីលីប៊ី អីៗមកប្រៀបធៀបនៅកម្ពុជា»។
យ៉ាងណាក្ដី ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ បានបញ្ចេញទស្សនៈថា គ្មានអ្វីចម្លែកទេចំពោះរូបលោក។ លោកថា លោក សម រង្ស៊ី នៅពេលនៅក្រៅប្រទេស តែងតែលើកឡើងនូវសម្ដីខ្លាំងៗ ហើយចំៗ ឌឺដងទៅកាន់មេដឹកនាំបក្សកាន់អំណាចបែបនេះ។ អ្វីដែល លោក សម រង្ស៊ី ប្រៀបធៀបខ្លួនដូចបក្សប្រឆាំងនៅប្រទេសភូមា គឺផ្ទុយពីការពិត ដោយសារ លោក សម រង្ស៊ី មិនហ៊ានប្រឈមដូច អ្នកស្រី អ៊ុង សាន ស៊ូជី (Aung san Suu kyi) ឡើយ។ លោក អ៊ូ វីរៈ យល់ថា មេដឹកនាំគណបក្សទាំងពីរ បច្ចុប្បន្នចូលចិត្តប្រើនយោបាយឈ្លោះគ្នាទៅវិញមក ដែលមិនចំណេញដល់ប្រទេសជាតិ៖ «ឈ្លោះដោយសារ លោក ហ៊ុន សែន គាត់ចូលចិត្តបង្កឲ្យមានភាពតានតឹង»។
ទាក់ទងសំណុំ រឿងរបស់ លោក សម រង្ស៊ី ដែលតុលាការកំពុងតាមចាប់ខ្លួន ហើយត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ រិះគន់ថាជារឿងនយោបាយនោះ លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅថ្ងៃទី១៧ វិច្ឆិកា ថ្លែងនៅក្នុងពិធីអបអរសាទរកីឡាការិនីប៉េតង់ គ្មានថ្លែងសារនយោបាយអ្វីទាក់ទងនឹង លោក សម រង្ស៊ី នោះទេ ប៉ុន្តែលោកអំពាវនាវឲ្យសាធារណជន កុំគិតគូរពីរឿងអ្វីផ្សេងអី គឺត្រូវគិតពីរឿងកីឡាវិញប្រសើរជាង៕

No comments:
Post a Comment