A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 10 September 2015

NGO ប្ដឹង​មន្ត្រី ៨ នាក់​ពាក់ព័ន្ធ​រឿង​រំលោភ​ដី​ដែន​ជម្រក​សត្វ


កំពង់ស្ពឺៈ អង្គការ​សង្គម​ស៊ីវិល​មួយ​បាន​ចោទប្រកាន់​មន្ត្រី​នគរបាល និង​បរិស្ថាន​ចំនួន​ ៨ ​នាក់​ថា​បាន​រំលោភ​យក​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ជាង​ ១០០ ​ហិកតា​ហើយ​ទាមទារ​ឲ្យ​តុលាការ​ដក​ហូត​មក​វិញ និង​នាំ​មន្ត្រី​ទាំងនោះ​យក​ទៅ​កាត់ទោស។
អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​តុលាការ​ខេត្ត​ កំពង់ស្ពឺ​ដើម្បី​ស្នើ​ឲ្យ​ចេញ​ដីកា​សម្រេច​ដកហូត​ដី​ជាង​ ១០០ ​ហិកតា​ដែល​ជា​ដី​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ ភ្នំ​ឱរ៉ាល់។
ពាក្យ​បណ្តឹង​ដែល​តុលាការ​បាន​ប្រថាប់​ត្រា​ទទួល​កាលពី​ថ្ងៃ​ចន្ទ​ហើយ ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​ កាលពី​ ម្សិលមិញ​ បាន​សរសេរ​ថា​អង្គការ​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ពី​ការ​កាប់​បំផ្លាញ​ព្រៃ និង​ទន្ទ្រាន​ដី​នៅ​ដែន​ជម្រក​ហើយ​បាន​រកឃើញ​ថា​លោក​ពិវ វ៉េង (ពីវ វែង) ​អធិការរង​នគរបាល​ស្រុក​ឱរ៉ាល់ និង​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ចំនួន​ ៧ ​នាក់​បាន​ចូល​កាប់​វាត​យក​ដី​បី​ទីតាំង​សរុប​ ១០០ ​ហិកតា​កន្លះ​ដោយ​ខុស​ច្បាប់​តាំងពី​ឆ្នាំ​ ២០០៨ ​មក។
អង្គការ​នេះ​បាន​បង្ហាញ​ឈ្មោះ​មន្ត្រី​អនុរក្ស​បរិស្ថាន​ទាំងនោះ​ដែល​ រួមមាន​ឈ្មោះ នួនចក់​, ហ៊ី ចាន់​, ឡាន រុំ​, ខន​ សុខុន​, ជា យុទ្ធា (ហៅ ​ចាន់ណា) លឹម ថុល និង​ប៊ុត ធន។
លិខិត​នេះ​បាន​បញ្ជាក់​ថា៖ «ក្រុម​មន្ត្រី​បាន​ជួល​ពលរដ្ឋ​ឲ្យ​កាន់កាប់​បំផ្លាញ​ព្រៃឈើ​យក​ដី​តំបន់​ ការពារ​ដោយ​ព្រះរាជក្រឹត្យ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទុយ​ពី​ច្បាប់។ យើង​ស្នើ​ឲ្យ​តុលាការ​ដកហូត​ដី​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ និង​ស្វែងរក​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​បទល្មើស​យក​ទៅ​ផ្តន្ទាទោស​តាម​ ច្បាប់»។
 ក្រៅពី​ដាក់​ទៅ​តុលាការ​លិខិត​នេះ​ក៏​មាន​ចម្លង​ជូន​ទៅ​ខុទ្ទកាល័យ​ ព្រះមហាក្សត្រ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ក្រសួង​យុត្តិធម៌​ ក្រសួង​បរិស្ថាន​ និង​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា​ផង​ដែរ​។
លោក ជា ហ៊ាន ប្រធាន​អង្គការ​នេះ​បាន​អះអាង​ថា​លោក​អធិការរង ពីវ វេង បាន​ទន្ទ្រាន​យក​ដី​ប្រមាណ​ជា​ ៥០ ​ហិកតា​​ហើយ​បាន​ធ្វើការ​លក់ដូរ​អស់​ប្រហែល​ជា​ ៣០ ​ហិកតា​ហើយ​ដោយ​ក្នុង​មួយ​ហិកតា​តម្លៃ ១ ពាន់​ដុល្លារ។ ក្រៅពី​នោះ​មន្ត្រី​អនុរក្ស​បរិស្ថាន​ទាំងនោះ​បាន​កាន់កាប់​ដី​ផ្សេង​ទៀត​ ហើយ​មក​ទល់​ពេល​នេះ​ពួកគេ​បាន​និង​កំពុង​ប្រើ​ដី​នោះ​ដាំ​ដំណាំ។
លោក​បាន​ថ្លែង​ថា៖ «ដំបូង​គេ​កាប់​ព្រៃ​ហើយ​យក​ដី។ វា​ជា​ការ​ឃុបឃិត​គ្នា​បើ​មិន​អ៊ីចឹង​ទេ​គេ​មិន​អាច​កាន់កាប់​ដី​នៅ​តំបន់​ ការពារ​បែប​នេះ​បាន​ទេ។ ពួកគេ​ក៏​ធ្លាប់​គំរាម​សម្លាប់​ខ្ញុំ និង​ចាប់​ដាក់​គុក​ដោយសារ​តែ​រឿង​ទន្ទ្រាន​យក​ដី​នោះ»។
ទោះ​យ៉ាងណា​លោក ពីវ វែង ​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នោះ​ដោយ​ថ្លែង​ថា​លោក​មិន​ដែល​ពាក់ព័ន្ធ​ នឹង​​ដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​នោះ​ទេ។
លោក​បាន​បញ្ជាក់​ថា៖ «គាត់​ដាក់​ពាក្យ​បណ្តឹង​ដាក់​ទៅ។ តែ​ខ្ញុំ​អត់​ដឹង​អី​ទេ។ អត់​មាន​ពាក់ព័ន្ធ​ផង»។
លោក ខន សុខុន ប្រធាន​ក្រុម​ល្បាត​ដែន​ជម្រក​នៅ​ភ្នំ​ឱរ៉ាល់​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។
លោក ហេង គួន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក​ មិន​ជឿ​ថា​មន្ត្រី​អនុរក្ស​បរិស្ថាន​ហ៊ាន​ទន្ទ្រាន​យក​​ដី​​ដែន​ជម្រក​ដែល​ ខ្លួន​មាន​តួនាទី​ការពារ​បែប​នោះ​ទេ។
លោក​បាន​បញ្ជាក់​ថា៖ ​«ដាក់​ទៅ​តុលាការ​ទុក​ឲ្យ​តុលាការ​ដោះស្រាយ​សិន​ទៅ។ ដាក់​មក​ខ្ញុំ​ក៏​បាន​ដែរ ឲ្យ​តែ​មាន​ឯកសារ​ដែល​ពាក់ព័ន្ធ។ តែ​ខ្ញុំ​ដូចជា​មិន​ជឿ​ថា​មន្ត្រី​អនុរក្ស​ហ៊ាន​ធ្វើ​អ៊ី​ចឹង​ទេ»។
លោក ជា ហ៊ាន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​បន្ទាប់ពី​លិខិត​របស់​លោក​អង្គការ​ត្រូវ​បាន​ ប្រថាប់​ត្រា​ទទួល​យក​នោះ​មន្ត្រី​តុលាការ​បាន​ដាក់​ជូន​លោក​ ខ្លូត ពេជ្រ ប្រធាន​តុលាការ​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ពិនិត្យ​នៅ​ថ្ងៃ​ដដែល​នោះ។
ភ្នំពេញ ​ប៉ុស្តិ៍​ មិន​អាច​ទាក់ទង​លោក ខ្លូត ពេជ្រ ​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ព្រោះ​ទូរស័ព្ទ​លោក​មិន​ ដំណើរការ៕

No comments: