A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 5 September 2015

មោទនភាព​ជាតិ​ខ្មែរ

ស្ត្រី​ចំណាស់ម្នាក់ កំពុង​អង្គុយ​លក់​ក្រលីងឈូក នៅ​កៀន​ប្រាសាទ​អង្គរ ក្នុង​ខេត្ត​សៀមរាប កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​។ហុង មិនា



នៅ​យប់​ថ្ងៃ​បង្ហោះ​យានអវកាស​ទៅកាន់​ភព​ព្រះចន្ទ​ជា​លើក​ដំបូង​នា​ឆ្នាំ​១៩៦២ កាល​នោះ ពេល​លោក​ប្រធានាធិបតី​អាមេរិក ចន កេណ្ណឌី​ធ្វើ​ដំណើរ​ទស្សនកិច្ច នៅ​ស្ថានីយ​អវកាស​ណាសា (NASA)​គាត់​បាន​ឃើញ​បុរស​ម្នាក់ កំពុង​តែ​បោសសម្អាត​ទីធ្លា​ស្ថានីយ​អវកាស​។ លោក​ក៏​បាន​សួរ​ថា«តើ​អ្នក​កំពុង​តែ​ធ្វើ​អ្វី​នៅ​ទី​នេះ​?» «បាទ​! លោក​ប្រធានាធិបតី​!​ខ្ញុំ​កំពុង​ជួយ​រៀបចំ​ឲ្យ​អាកាសយានិក​ហោះ​ទៅកាន់​ភព​ព្រះចន្ទ​»​។ ហេតុអ្វី​បាន​ជា​អ្នក​បោសសម្អាត​សោះ ហ៊ាន​និយាយ​ថា គាត់​កំពុង​ជួយ​អាកាសយានិក​ឲ្យ​ឡើង​ឋាន​ព្រះចន្ទ?
មិន​ថា​អ្នក​ធ្វើ​ការងារ​ក្នុង​តួនាទី​ជា​អ្វី​នោះ​ទេ តួនាទី​នៅក្នុង​ស្ថាប័ន​នោះ​សុទ្ធតែ​មាន​សារៈសំខាន់​ដូចៗ​គ្នា ហើយ​វា​សុទ្ធតែ​មាន​ទំនាក់ទំនង​គ្នា​។ អាច​មាន​មនុស្ស​យល់​ថា រឿង​បោសសម្អាត​ជា​រឿង​កំប៉ិកកំប៉ុក គ្មាន​ទាក់ទង​អ្វី​សោះ​នឹង​រឿង​បាញ់​បង្ហោះ​យានអវកាស​។​ជា​បុគ្គលិក​បោសសម្អាត​ម្នាក់​ក៏​គេ​មាន​មោទនភាព ចំពោះ​ការងារ​ដល់​កម្រិត​នោះ តើ​មនុស្ស​ក្នុង​ក្រុម​ការងារ​ក្នុង​ស្ថានីយ​អវកាស​នោះ គេ​តម្កល់​មោទនភាព ចំពោះ​ក្រុម​ការងារ​គេ​ដល់​កម្រិត​ណា​ទៅ​? ក្នុង​សង្គ្រាម​វិញ​គឺ​សូម្បីតែ​កូនទាហាន​តូច​មួយ​ក៏​មោះមុត ហើយ​ពេញចិត្ដ​នឹង​ការងារ​ក្រុម​របស់​គេ​កម្រិត​នេះ តើ​ករណី​ដែល​ខ្មាំងសត្រូវ​អាច​ចូល​មក​ទិញ​ពួកគេ​ធ្វើ​ជា​រនុក​ក្នុង មាន​អត្រា​កើតឡើង​បាន​ទាប​កម្រិត​ណា​? គេ​អាច​មាន​មោទនភាព​ចំពោះ​ការងារ​គេ​ទៅ​បាន លុះត្រា​គេ​ដឹង​យ៉ាង​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការងារ​នោះ​។ មោទនភាព​ចំពោះ​ការងារ​របស់​សមាជិក​ក្រុម គឺជា​កត្តា​កំណត់​ជោគជ័យ​លើ​រាល់​ការងារ​ទាំងអស់​របស់​ក្រុម​នោះ។
ប្រាសាទ​អង្គរវត្ត ជា​បេតិកភណ្ឌ​ពិភពលោក​។ តើ​ខ្មែរ​ពិតជា​មាន​មោទនភាព ចំពោះ​ប្រាសាទ​អង្គរវត្ត​ឬ? គ្រាន់តែ​និយាយ​ថា ខ្ញុំ​មាន​មោទនភាព ចំពោះ​អ្វី​មួយ នោះ​គ្មាន​អ្វី​ពិបាក​និយាយ​នោះ​ទេ​។ ប៉ុន្តែ​មោទនភាព​គឺ​កប់​នៅក្នុង​ជម្រៅ​ចិត្ត​យ៉ាង​ជ្រៅ​ដែល​គេ​អាច​វាស់វែង​បាន តាមរយៈ​កាយវិការ​ខាង​ក្រៅ។ កាល​ណា​អ្នក​មាន​មោទនភាព​ចំពោះ​អ្វី​មួយ​នោះ អ្នក​អាច​បូជា​ជីវិត​ដើម្បី​វត្ថុ​/ការងារ​ដែល​ខ្លួន​មាន​មោទនភាព​នោះ​បាន​។ ខ្មែរ​អាច​និយាយ​ថា ខ្លួន​មាន​មោទន​ភាព​ចំពោះ​ប្រាសាទ​អង្គរវត្ត​ទៅ​បាន​លុះត្រា​ណា​តែ​ខ្មែរ​ស្គាល់​ប្រាសាទ​អង្គរវត្ត​ឲ្យ​បាន​ច្បាស់លាស់​ហើយ​ការពារ​ប្រាសាទ​នោះ ឲ្យ​បម្រើ​ផលប្រយោជន៍​រួម​របស់​ខ្មែរ​។ ខ្មែរ​ត្រូវ​ដឹង​ថា តើ​ប្រាសាទ​អង្គរវត្ត មាន​ប្រវត្តិ​នៃ​ការ​កសាង​ឡើង​យ៉ាង​ដូច​ម្តេច​? ការ​ស្គាល់​នោះ​នឹង​ធ្វើឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​កោត​ស្ញប់ស្ញែង​ស្នាដៃ​របស់​បុព្វបុរស​យើង ហើយ​ការ​កោត​ស្ញប់ស្ញែង និង​កើត​មាន​មោទនភាព។
តែ​ផ្ទុយ​ទៅវិញ​មាន​មិន​តិច​នាក់​ទេ ដែល​មាន​ជំនឿ​ខុស​ថា ប្រាសាទ​អង្គរវត្ត គឺជា​ស្នាដៃ​របស់​ព្រះអាទិទេព​។ មាន​របស់​មួយ​ចំនួន​គេ​មិន​បាន​ស្គាល់​វា​ច្បាស់​នោះ​ទេ ប៉ុន្តែ​គេ​និយាយ​ថា គេ​មាន​មោទនភាព​ចំពោះ​វា ពីព្រោះ​ថា គេ​ត្រូវ​ចំណាយ​លុយ​ច្រើន​ទិញ​របស់​នោះ​មក ដូចជា​ទូរស័ព្ទ​ទំនើប​ជាដើម​។ ជាទូទៅ​អ្នក​ប្រើប្រាស់​មិន​ស្គាល់​វា​ទេ តែ​ដោយសារ​របស់​ទំនើប​ថ្លៃ​ទាំង​នោះ​ស្រួល​ប្រើប្រាស់ វា​ក៏​ធ្វើឲ្យ​គេ​គិត​ថា ខ្លួន​មាន​មោទនភាព​ដោយសារ​វា​។ ខ្លះ​មិន​ទាំង​ចេះ​ប្រើ​វា​អស់​ផង​តែ​គេ​បាន​ដាក់​តម្លៃ​វា​នៅ​ត្រង់​វា​មាន​តម្លៃ​ថ្លៃ គឺ​គេ​យល់​ថា គេ​ជា​មនុស្ស​ថ្លៃថ្នូរ​ដោយសារ​ការ​ប្រើ​របស់​ថ្លៃ​ទំនើប​។ នេះ​ជា​ការ​អួត។ នេះ​មិនមែន​ជា​មោទនភាព​ទេ តែ​វា​ជា​ការ​រំភើប​ចិត្ដ ហើយ​មាន​មនុស្ស​ខ្លះ​បែរ​ជា​មាន​អំនួត​ទៅវិញ​។


តើ​ខ្មែរ​មាន​មោទនភាព​នឹង​ប្រាសាទ​អង្គរវត្ត​យ៉ាង​ដូចម្តេច​កើត បើ​ជាទូទៅ​ពលរដ្ឋ​មិន​ស្គាល់​ប្រាសាទ​អង្គរវត្ត​ច្បាស់លាស់​ហើយ​ផលកម្រៃ​គឺ​ចំណូល​ដែល​បាន​មកពី​ការ​លក់សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត បែរ​ជា​ធ្លាក់​ទៅ​លើ​កណ្តាប់ដៃ​មនុស្ស​តែ​មួយ​ក្ដាប់​តូច​ទៅវិញ​នោះ​? បេតិកភណ្ឌ​ជាតិ​របស់​ខ្មែរ​មួយ​នេះ ក៏​ដូចជា​ធនធាន​ធម្មជាតិ​ខ្មែរ​ដទៃ​ទៀត​ដែរ វា​ហាក់បី​ដូចជា​បណ្តាសា​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ​ព្រោះ​ទោះបី​ជា​ទឹកដី​ខ្មែរ​ត្រូវ​បាន​ចាត់ទុក​ថា ជា​ដែនដី​សុវណ្ណភូមិ​ក៏ដោយ​ក៏​ម្ចាស់​ដែនដី​មាស​នេះ ត្រូវ​រស់នៅ​យ៉ាង​លំបាក​វេទនា​ខ្លាំង​ណាស់​។
ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ពី​កំណើត បែរ​ជា​មិន​បាន​ទទួល​ការ​បែងចែក​ផលប្រយោជន៍​ពី​សម្បត្ដិ​កេរដំណែល​ដូនតា​ខ្លួន​ដោយ​ស្មើភាព​ទៅវិញ។ មាន​ពលរដ្ឋ​ក្នុង​ខេត្ដ​សៀមរាប​ច្រើន​នាក់ ត្រូវ​ធាក់​កង់​បន្ដ​កន្ទុយ​គ្នា​ចេញ​ទៅ​ស៊ីឈ្នួល​លក់​កម្លាំង​កាយ​ឲ្យ​គេ កាត់​ពី​មុខ​អង្គរ​រាល់ៗ​ថ្ងៃ។ តើ​នោះ​ហើយ​ឬ​ម្ចាស់​កេរ​អង្គរ​?
រឿង​មួយ​ទៀត ទាក់ទង​នឹង​ភាសា​ខ្មែរ​។ សៀវភៅ​កម្មវិធី​សិក្សា​បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​រៀន​ភាសា​ខ្មែរ​រួច​មក សិស្ស​និង​និស្សិត​នឹង​មាន​មោទនភាព ចំពោះ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​។ តើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​មោទនភាព​យ៉ាងម៉េច​នឹង​កើត បើ​ការ​ចេះដឹង​ភាសា​ខ្មែរ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មាន​ពុំ​ច្បាស់​លាស់​ផង​ហ្នឹង​? ការ​ប្រើប្រាស់​ភាសា​ខ្មែរ ពិតជា​មាន​ការ​ខុស​ឆ្គង​ច្រើន​ណាស់​សព្វថ្ងៃ​នេះ​។ សូម្បី​តែ​អ្នក​ចេះ​ដឹង​មួយ​ចំនួន ក៏​ប្រើប្រាស់​ភាសា​ខ្មែរ​មិន​បាន​ត្រឹមត្រូវ​ដែរ​។ នៅ​ស្ទើរតែ​គ្រប់​សៀវភៅ ដែល​សរសេរ​ជា​ភាសាខ្មែរ រួមទាំង​សៀវភៅ​សម្រាប់​សិស្ស​រៀន​ផង សុទ្ធតែ​មាន​កំហុស​។​ស្លាក​យីហោ​នៅ​តាម​ទី​សាធារណៈ​ក៏​សរសេរ​មិន​បាន​ត្រឹមត្រូវ​។ ពិធីករ​ពិធីការិនី នៅ​តាម​វិទ្យុ ទូរទស្សន៍​ខ្លះ​និយាយ​តាម​តែ​ការ​នឹក​ឃើញ​។ មិន​ត្រឹមតែ​ពិបាក​រៀន​ឲ្យ​ចេះ​ដឹង​បាន​ច្បាស់លាស់​នោះ​ទេ ការ​ចេះ​ដឹង​ភាសា​ខ្មែរ​ក៏​មិន​ត្រូវ​បាន​កន្លែង​ធ្វើ​ការងារ​ឲ្យ​តម្លៃ​ទៀត។ ចេះ​ក៏​មិន​ច្បាស់លាស់​។ ប្រយោជន៍​ក៏​រក​ប្រើ​មិន​បាន​។ តើ​ខ្មែរ​អាច​មាន​មោទនភាព​លើ​ភាសា​ជាតិ​របស់​ខ្លួន​បាន​យ៉ាង​ដូចម្តេច​ទៅ​?
សព្វថ្ងៃ​នេះ​ខ្មែរ​បាន​យក​អ្វី​ដែល​ខ្លួន​បាន​ប្រកាស​ថា ខ្លួន​មាន​មោទនភាព​ចំពោះ​នោះ មក​ធ្វើ​ជា​យីហោ​នៃ​ស្រាបៀរ​ទៅ​ហើយ។ «ស្រាបៀរ​អង្គរ​ជា​ស្រាបៀរ​ជាតិ» «ប្រទេស​ខ្ញុំ​ស្រាបៀរ​ខ្ញុំ» «ស្រាបៀរ​កម្ពុជា​ជា​បេះដូង​ខ្មែរ»​ជាដើម ត្រូវ​បាន​គេ​សរសេរ​លើ​ដប​ស្រា។ ឱ! ខ្មែរ​អើយ​ខ្មែរ!... តើ​អ្នក​រក​អ្វី​មក​ធ្វើ​ជា បេះដូង​របស់​អ្នក​មិន​បាន​ទេ​ឬ ទើប​អ្នក​យក​ស្រាម​ក​ដាក់​ជា​បេះដូង​របស់​អ្នក? តើ​ក្នុង​ប្រអប់​បេះដូង​របស់​អ្នក​លែង​មាន​ឈាម “E” ហើយ​មាន​ត្រឹមតែ​មេ​ស្រា​ទេ​ឬ​យ៉ាង​ម៉េច​? ម្ដេច​ក៏​ពួក​អ្នក​ស្រេក​ស្រា​អី​ក៏​ស្រេក​ខ្លាំង​យ៉ាង​នេះ​? បែរ​ទៅ​អ្នក​ផឹក​វិញ (ចំពោះ​រឿង​ស្រា​ត្រូវ​ប្រើ​ថា «ផឹក​ស» មិន​បាច់​ត្រូវ​ប្រើ «ពិសា​ស្រា»​ឡើយ​។ ប្រើ​ពាក្យ​ថា ផឹកស្រា​នេះ គឺ ទុក​មុខ​ឲ្យ​ខ្លាំង​ណាស់​ហើយ បើ​មាន​គេ​និយាយ​ថា ពួក​អ្នក​ឯង​ច្រាស​ស្រា​អី​ក៏​ច្រាស​ខ្លាំង​ម្ល៉េះ​មិន​ដឹង​ងាប់ នោះ​ក៏​មិន​ទាស់​អី​ដែរ) គេ​សប្បាយ​ក្អាកក្អាយ​ជល់​កែវ​ស្រា​គ្នា​នោះ មិន​មែន​ព្រោះ​តែ​គេ​ស្រឡាញ់​ជាតិ ស្រឡាញ់​អង្គរ​នោះ​ទេ តែ​គឺ​មកពី​គេ​ឆ្កួត​នឹង​ស្រា​តែ​ប៉ុណ្ណោះ​។
មាន​ចម្រៀង​មួយ​បទ​គេ​បាន​ច្រៀង​ថា ...មក​ធ្វើ​អី មក​ធ្វើ​អី បើ​មក​មិន​ផឹក? មក​មិន​ផឹក មក​មិន​ផឹក តើ​មក​ធ្វើ​អី​?...បទចម្រៀង​នេះ វា​ពិតជា​បង្ហាញ​នូវ​ភាព​ឆ្កួតឡប់​លីលា​សប្បាយ​ដាច់​បង្ហៀរ​របស់​ខ្មែរ​។ សឹងតែ​ជាទូទៅ​ទៅ​ហើយ​ពេល​គេ​ជួបជុំ​គ្នា គឺ​គេ​ហូប​ទឹកសុទ្ធ​លែង​កើត​។ គេ​មិន​ត្រឹមតែ​មិន​បាន​រក្សា​តម្លៃ​វត្ថុ ដែល​ជា​មោទនភាព​ជាតិ​តែ​ប៉ុណ្ណោះ​នោះ​ទេ ផ្ទុយ​ទៅវិញ គឺ​គេ​កំពុង​តែ​ចូលរួម​គ្នា​ដោយ​ដឹង​ឬ​ដោយ​មិន​ដឹង​ខ្លួន បំផ្លាញ​មោទនភាព​ជាតិ​ខ្លួនឯង​ថែម​ទៀត។
ជំងឺ​បាត់បង់​មោទនភាព​ជាតិ​នេះ ពិតជា​មហា​គ្រោះថ្នាក់​ណាស់ ចំពោះ​ប្រទេស​ជាតិ​យើង​។ គ្មាន​មោទនភាព​ជាតិ​គ្មាន​ការ​ស្រឡាញ់​។ គ្មាន​ការ​ស្រឡាញ់ គ្មាន​ការ​ការពារ​។ កាលណា​គ្មាន​ការ​ការពារ​របស់​ទាំងនោះ នឹង​បាត់បង់​ទៅក្នុង​ពេល​ដ៏ខ្លី។ ដើម្បី​ឲ្យ​ដឹង​ថា តើ​ខ្មែរ​ដែល​ស្រែក​ថា មោទនភាព​ជាតិ​ខ្មែរ ពិតជា​មាន​មោទនភាព​ចំពោះ​ទឹកដី​មែន ខ្ញុំ​ចង់​សួរ​ពលរដ្ឋ​ខ្មែរ​ថា បើ​អាមេរិក បារាំង​ជាដើម ព្រម​ទទួល​យក​ជនភៀស​ខ្លួន​ខ្មែរ តើ​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​បដិសេធ​នឹង​ការ​ផ្តល់​ឲ្យ​នេះ? ចំណុច​មួយ​ទៀត​គឺ​រវាង​មោទនភាព និង​អំនួត​។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​តារា​ថៃ​មួយ​រូប​បាន​និយាយ​ថា ប្រាសាទ​អង្គរវត្ដ ជា​របស់ ថៃ​។ កាល​នោះ កំហឹង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ពុះកញ្ជ្រោល​យ៉ាងខ្លាំង រហូត​ឈាន​ដល់​ការ​វាយកម្ទេច​ស្ថានទូត​ថៃ​និង​ក្រុមហ៊ុន​ថៃ​មួយ​ចំនួន នៅ​ទីក្រុង ភ្នំពេញ​។
សួរ​ថា ទង្វើ​នោះ​មកពី​ខ្មែរ មាន​មោទនភាព​ចំពោះ​ប្រាសាទ​អង្គរ​ឬ​? ក្រោយមក​ចូល​ដល់​រឿង​ប្រាសាទ​ព្រះវិហារ កាល​នោះ មាន​ការ​ចែកចាយ​សារ​ទូរស័ព្ទ​បន្ដៗ​គ្នា​ថា បើ​អ្នក​ស្រឡាញ់​ខ្មែរ សូម​ឈប់​ប្រើ​ផលិតផល​ថៃ។ ទទួល​បាន​សារ​នោះ​ហើយ​ខ្ញុំ​ចេះ​តែ​គិត​ថា ឱ​!ខ្មែរ​អើយ​ខ្មែរ! នេះ​បើ​មាន​គេ​មក​អុជ​ដោយ​ចេតនា​អាក្រក់​តែ​បន្ដិច នោះ​មុខ​តែ​ខ្មែរ​នាំគ្នា​ទៅ​វ៉ៃ​ស្ថានទូត​ថៃ​ប្រាវ​ទៀត​ហើយ​។ តើ​នេះ​ហើយ​ឬ​ជា​មោទនភាព​ជាតិ​?
មួយ​ថ្ងៃៗ​គេ​រវល់​តែ​ដូរ​ពណ៌​សក់ ម្ដង​កាត់​តាម​ស្ទីល​ថៃ​ ម្ដង​កូរ៉េ​ មិន​គិត​រៀនសូត្រ​ធ្វើ​ការងារ​ទេ គិត​តែ​ដើរ​លេង​ប៉ោឡែ​ផឹក​តែ​ស្រា​ស្រវឹង​អួទីនួ លេង​តែ​បៀរ​ចាក់​តែ​កន្ទុយ​លេខ កុំ​ថា​គិត​ដល់​ជាតិ​មាតុភូមិ​អី​នោះ វា​ឆ្ងាយ​ពេក​ណាស់ សូម្បីតែ​ការ​គិត​ដល់​បុព្វហេតុ​ជីវិត​ខ្លួនឯង​ផ្ទាល់​ក៏​មិន​ដែល​គិត​ដែរ តែ​បើ​លោ​តែ​គេ​មក​ចាក់​តែប​ន្ដិច ម្ចាស់​ថ្លៃ​អើយ! និយាយ​ពី​មោទនភាព​ជាតិ​នោះ​គ្មាន​នរណា​ដល់​ទេ និយាយ​ប៉ះ​តែ​បន្ដិច​នាំ​គ្នា​ធ្វើ​បាតុកម្ម​វ៉ៃប្រាវ ហើយ​ចុះ​មោទនភាព​អី ក៏​មហា​ល្ងិតឈឹង​ខ្លាំង​យ៉ាង​នេះ? តើ​នេះ​ហើយ​ឬ ជា​មោទនភាព​ជាតិ​? ឬ​ក៏​វា​ជា​ការ​ជ្រើម​ដោយសារ​អំនួត​របស់​មនុស្ស​ល្ងង់​ទេ?
បើ​ឥរិយាបថ​បែបៗ​នោះ ត្រូវ​បាន​ហៅថា ជា​មោទនភាព​ជាតិ នោះ​ខ្ញុំ​សុខចិត្ដ​អត់​មោទនភាព​ជាតិ​ទាំង​កម្រោល​បែប​នោះ​ទៅ​ចុះ​។ ខ្ញុំ​មិន​និយាយ​ចេញ​មក​ទេ​ថា ខ្ញុំ​ស្រឡាញ់​ជាតិ ឬ​មាន​មោទនភាព​ដោយ​បាន​កើត​ជា​ខ្មែរ តែ​មនោសញ្ចេតនា​ពូជសាសន៍​ខ្មែរ ដែល​កប់​យ៉ាងជ្រៅ​នៅក្នុង​ក្រអៅ​បេះដូង​ខ្ញុំ​ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់​ស្រក់​ទឹកភ្នែក​ពេញ​បេះដូង ដោយសារ​តែ​ឃើញ​ខ្មែរ​កំពុង​តែ​នាំគ្នា​ប្រព្រឹត្ដ​ទង្វើ​បំផ្លាញ​ជាតិ​ខ្មែរ។ ខ្មែរ​បាន​កើត​ជំងឺ​បាត់បង់​មោទនភាព​ជាតិ​បាត់​ទៅ​ហើយ​។ ខ្ញុំ​ជឿ​ថា បើ​មាន​ឱកាស ទៅ​រស់នៅ​ប្រទេស​បារាំង​អាមេរិក​ឬ​អូស្រ្តាលី​អ្នក​ដែល​និយាយ​ថា មាន​មោទនភាព​ជាតិ​ខ្មែរ មុខ​ជា​ទៅ​មុន​គេ​ផង​ក៏​ថា​បាន​។
អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់​ពេល​នេះ គឺ​យើង​ត្រូវ​រួម​គ្នា​បណ្ដុះ​គ្រាប់ពូជ​មោទនភាព​ជាតិ​ខ្មែរ​មក​វិញ​។ ខ្ញុំ​ទទួល​ស្គាល់​ថា នៅក្នុង​មោទនភាព​មាន​ការ​រំភើប​ចិត្ដ ប៉ុន្ដែ​កម្លាំង​ជំរុញ​ដល់​ការ​រំភើប​នោះ កើតឡើង​ព្រោះ​ការ​ដឹង​ការពិត​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​នៃ​វត្ថុ​នោះ មិនមែន​ជា​ការ​រំភើប​ដែល​កើត​ពី​ការ​ជ្រួលជ្រើម ចូល​ទៅ​ធ្វើ​បាតុកម្ម​ដោយ​ឆ្លៀត​ឆក់​យក​ឱកាស​ច្របូកច្របល់​លួច​របស់​គេ​នោះ​ទេ។ សូម​ចូលរួម​ជួយ​ពន្យល់​ដាស់​ខ្មែរ​ឲ្យ​ភ្ញាក់ ឲ្យ​ខ្មែរ​ក្រោក​ចេញ​ពី​ការ​លិចលង់​នឹង​អ្វី​ដែល​គេ​បាន​និង​កំពុង​តែ​ពង្វក់​បំពុល​ខ្មែរ ហើយ​ដើម្បី​កុំ​ឲ្យ​ការ​ក្រោក​មក​នោះ ជា​ការ​ក្រោក​មិន​ដឹង​ទិស​តំបន់ ដែល​អាច​ឲ្យ​អ្នក​នយោបាយ​ទុច្ចរិត ឆ្លៀត​ឆក់​ឱកាស​កេងចំណេញ​ពី​កម្លាំង​របស់​យើង​បាន យើង​ត្រូវ​ជួយ​ពន្យល់​បង្ហាញ​គ្នា ដោយ​ចាប់ផ្ដើម​ចេញ​ពី​ការ​ពន្យល់​ឲ្យ​ខ្មែរ​យល់​ពី​តម្លៃ​នៃ​ជីវិត យល់ពី​បុព្វហេតុ​នៃ​ការ​រស់ នោះ​ខ្មែរ​ចេះ​ចាប់ផ្ដើម​រៀន​គិត​ពិចារណា ហើយ​បន្ដិច​ម្តងៗ គេ​នឹង​ពិចារណា​រកឃើញ​ផ្លូវ​ត្រឹមត្រូវ​មួយ​នៃ​ជីវិត ផ្លូវ​ត្រឹមត្រូវ​មួយ​នៃ​ការ​រស់​ដែរ​នោះ គឺ​ការ​រស់​ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​មនុស្ស​ជុំវិញ ហើយ​បន្ទាប់ពី​នោះ​គឺ​គេ​នឹង​រៀន​ចេះ​ពង្រីក​ទំហំ​បេះដូង​របស់​គេ ចេញ​ផុត​ពី​រង្វង់​ខ្លួនឯង ទៅ​ដល់​រង្វង់​គ្រួសារ​ញាតិមិត្ត​ជន​រួមជាតិ ហើយ​ចុង​ក្រោយ​ដល់​មនុស្ស​ជាតិ​ទូទាំង​សកលលោក។ បេះដូង​បែប​នោះ​ទើប​ពេញ​លក្ខណៈ​ជា​បេះដូង​របស់​មនុស្ស​ដែល​មាន​ឈាម “E” កំពុង​ហូរ មិនមែន​មាន​តែ​ស្រា​ហូរ​ក្នុង​ក្នុង​ខ្លួន​នោះ​ទេ​។
ការ​ជួយ​ពន្យល់​គ្នា​នាំឲ្យ​មាន​ការ យល់ដឹង ហើយ​ការ​យល់ដឹង​នាំឲ្យ​មាន​ការ​ចូលរួម​។ មាន​តែ​ការ​ចូលរួម ដោយ ការ​យល់ដឹង​និង​ការ​ទទួល​ខុសត្រូវ ចំពោះ​ជោគវាសនា​ប្រទេស​ជាតិ ដើម្បី​ប្រយោជន៍​រួម​ទាំងអស់​គ្នា​ទេ​ទើប​ខ្មែរ​អាច​មាន​មោទនភាព​ពិតប្រាកដ ចំពោះ​ប្រទេស​ជាតិ និង​ជាតិសាសន៍​របស់​ខ្លួន​បាន៕
សុខ សាន្ត, អ៊ីមែលៈ camldp3@gmail.com

No comments: