មាស សុខជា
![]() |
| សកម្មភាពផ្ទៀងផ្ទាត់ផែនទីនៅក្នុងពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទីពីស្ថានទូតបារាំងនៅវិមានសន្ដិភាពកាលពីម្សិលមិញ។ ហេង ជីវ័ន |
ភ្នំពេញៈ ខណៈលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទីពីប្រទេសបារាំងជាមួយនឹងផែនទីរដ្ឋាភិបាលត្រូវគេអះអាងថាដូចគ្នាលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងថាគ្មានការផ្ទៀងផ្ទាត់ផែនទីទៀតទេដោយលោកគូសបញ្ជាក់ថារដ្ឋាភិបាលបានប្រើផែនទីផ្អែកលើសន្ធិសញ្ញាឆ្នាំ ១៩៨៥ ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងក្នុងពិធីផ្ទៀងផ្ទាត់ផែនទីកាលពីម្សិលមិញថា៖ «ដូច្នេះខ្ញុំបានឃើញថារដ្ឋាភិបាលបានធ្វើការលើព្រំដែនចាប់តាំងពីរំដោះជាតិឆ្នាំ ១៩៧៩ ដូច្នេះខ្ញុំយល់ថាបញ្ហាព្រំដែន បញ្ហាផែនទី គួរបញ្ចប់ត្រឹមនេះមិនឲ្យគណបក្សនយោបាយណាយកបញ្ហានេះទៅធ្វើយុទ្ធនាការញុះញង់ធ្វើឲ្យប្រជាជនខ្មែរប្រឆាំងរដ្ឋាភិបាលឡើយ»។
![]() |
| លោក ហោ ណាំហុង នៅក្នុងពិធីផ្ទៀងផ្ទាត់ផែនទីកាលពីម្សិលមិញ។ ហេង ជីវ័ន |
លោកថ្លែងទៀតថា៖ «មិនខុសគ្នាទេ។ ហេតុអ្វីមិនខុស? ព្រោះយើងបានប្រើរាប់សិបឆ្នាំតាំងពីឆ្នាំ ១៩៨៥ នៅពេលចុះហត្ថលេខាជាមួយនឹងវៀតណាមនៅឆ្នាំ ១៩៨៥ ដើម្បីបោះបង្គោលព្រំដែនយើងបានប្រើផែនទី Bonne 1/100 000 ដែលយើងបានប្រើរួចហើយនោះជាមូលហេតុមិនខុសគ្នា»។
ប៉ុន្តែលោក ណាំហុង បានសង្កត់ធ្ងន់ថាថ្វីបើកម្ពុជាបានប្រើផែនទី Bonne 1/100 000 ដើម្បីកំណត់បង្គោលព្រំដែនជាមួយនឹងវៀតណាមប៉ុន្តែកម្ពុជាមិនផ្អែកទាំងស្រុងលើផែនទីនេះទេដោយលោកលើកឡើងថាប្រសិនបើបាត់បង់ដីទៅខាងវៀតណាមដោយសារតែផែនទីនេះកម្ពុជាមិនអាចឯកភាពទេ។
លោកបានលើកឡើងថា កម្ពុជាឯកភាពយកផ្អែកលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនហើយយកផ្អែកតាមច្បាប់អន្តរជាតិ ផ្អែកតាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំងនៅឥណ្ឌូចិនឆ្នាំ ១៩១៤ ដោយតម្រូវឲ្យខ្សែបន្ទាត់ព្រំដែនរត់តាមតំបន់ដាក់ហូតដែលផ្ទុយនឹងផែនទីដែលតម្រូវឲ្យខ្សែបន្ទាត់ព្រំដែនរត់កាត់តាមតំបន់ដាក់ដាំដែលធ្វើឲ្យកម្ពុជាបាត់បង់ដីប្រហែល ៥០ គីឡូម៉ែត្រទៅវៀតណាមហើយបើយកតាមដាក់ហូតដីប្រហែល ៥០ គីឡូម៉ែត្របានមកកម្ពុជា។
ជាមួយគ្នានេះលោក ណាំហុង ហាក់ដូចជាឌឺដងសំដៅទៅកាន់គណបក្សសង្គ្រោះជាតិថាបញ្ហាព្រំដែន និងបញ្ហាផែនទីគួរតែបញ្ចប់នៅពេលនេះហើយគណបក្សនយោបាយទាំងអស់គួរតែឃោសនាដោយលើកឡើងពីកម្មវិធីនយោបាយរបស់ខ្លួនជាជាងការយកបញ្ហាព្រំដែនទៅធ្វើការឃោសនារកសំឡេងឆ្នោតទៀត។
លោក ណាំហុង បានថ្លែងថា៖ «បញ្ហាព្រំដែនបញ្ហាផែនទីគួរតែបញ្ចប់ត្រឹមប៉ុណ្ណេះហើយ។ កុំឲ្យបក្សនយោបាយយកបញ្ហានេះទៅធ្វើយុទ្ធនាការញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងរដ្ឋាភិបាល។ ចូលចិត្តតែបោកប្រាស់ធ្វើម៉េចឲ្យតែបានសន្លឹកឆ្នោត»។
លោក អ៊ូ ចន្ទឫទ្ធិ អ្នកនាំពាក្យដែលដឹកនាំក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទៅចូលរួមការផ្ទៀងផ្ទាត់ផែនទីនេះបានមានប្រតិកម្មភ្លាមៗនឹងសម្តីលោក ហោ ណាំហុង ដោយលោកថ្លែងប្រាប់អ្នកកាសែតថាលោក ណាំហុង មិនគួរប្រើឱកាសនៃការផ្ទៀងផ្ទាត់ផែនទីដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិទេខណៈដែលគណបក្សសង្គ្រោះជាតិចូលរួមការផ្ទៀងផ្ទាត់ផែនទីគឺដើម្បីឯកភាពជាតិ។
លោក អ៊ូ ចន្ទឫទិ្ធ បញ្ជាក់ថា៖ «ទីបំផុតមានការវាយប្រហារលើគណបក្សសង្គ្រោះជាតិថាយើងញុះញង់ប្រជាពលរដ្ឋ។ ខ្ញុំមិនអាចទទួលយកបានទេបញ្ហាទឹកដីមិនមែនជាបញ្ហាបុគ្គលទេជាបញ្ហាខ្មែរទាំងអស់ដូច្នេះយើងសោកស្តាយណាស់»។
លោកបន្ថែមថា៖ «យើងថាយើងទទួលស្គាល់វាបើវាត្រឹមត្រូវ។ យើងមានសំណួរចង់សួររដ្ឋាភិបាល។ យើងចង់សួរថាតើផែនទី Bonne 1/100 000 ជាផែនទីដែលត្រូវបានប្រើយកទៅវាស់វែងលើដីជាក់ស្តែងឬអត់?»។
គួរកត់សម្គាល់ថាបន្ទាប់ពីការផ្ទៀងផ្ទាត់ផែនទីដែលលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនបានបង្ហាញជិត ៣ ម៉ោងតំណាងរាស្រ្ត និងអ្នកសង្កេតការណ៍ពុំត្រូវបានអនុញ្ញាតឲ្យសួរសំណួរនោះទេ។
លោក អ៊ូ ចន្ទឫទិ្ធ បានបន្ថែមថាគណបក្សសង្គ្រោះជាតិចង់ស្នើសុំច្បាប់ចម្លងនៃផែនទីដែលកំពុងប្រើដោយរដ្ឋាភិបាល និងផែនទីដែលបារាំងឲ្យខ្ចីដើម្បីវាស់វែងដីធ្លីជាក់ស្តែងធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង។
លោក ចន្ទឫទ្ធិ អះអាងថាក្នុងស្ថានការណ៍នេះគណបក្សសង្គ្រោះជាតិមិនអាចពិចារណាលទ្ធផលនៃការផ្ទៀងផ្ទាត់នេះថាត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះទេដោយលោកបញ្ជាក់ថាគណបក្សសង្គ្រោះជាតិកំពុងស្រាវជ្រាវរកឯកសារបន្ថែមដើម្បីធ្វើការផ្ទៀងផ្ទាត់ដោយឡែក។
ប៉ុន្តែ លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានទទួលស្គាល់ថាផែនទីដែលបារាំងបានឲ្យខ្ចីគឺជាផែនទីផ្លូវការបើទោះបីជាប្រទេសដទៃទៀត ឬអង្គការសហប្រជាជាតិមិនអាចរកឃើញផែនទីដទៃទៀតដែលកម្ពុជាបានខ្ចីផ្ទៀងផ្ទាត់នោះក៏ដោយដោយអះអាងថាផែនទីទាំងនេះអាចប្រើដើម្បីបញ្ចប់ភាពចម្រូងចម្រាស។
លោក ទូច បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការផ្ទៀងផ្ទាត់ផែនទីថា៖ «ផែនទីនេះគឺជាផែនទីបារាំង។ តើបារាំងជាអ្នកណា? នេះមិនមែនជាផែនទីកេរប្រវតិ្តសាស្រ្តទេហើយវាមិនមែនជាផែនទីកេររបស់ជីដូនជីតាយើងទេ។ នេះជាផែនទីបារំាងដែលគូសនៅជំនាន់ដាក់អាណានិគមលើយើង។ បើទោះជាអាមេរិកមិនឲ្យបើទោះបីអង្គការសហប្រជាជាតិមិនឲ្យក៏ផែនទីនេះមានតម្លៃគ្រប់គ្រាន់សម្រាប់អ្នកនយោបាយដើម្បីបញ្ចប់ភាពចម្រូងចម្រាស»៕ TK


1 comment:
Khmer have questions to ask , who made these maps ? Did these maps international recognition ? or just Vietnam and Cambodia only ? Why don't you show these maps openly to Khmer people eyes to know all the detail point by point ? why this map are so secret and no bodies can see it and look one it ? Where these map come from and what country legally print it? Just so easy to clear the darken atmosphere and clear the suspicious People mind, just open the door and have knowledgeable experts every where come and examine it one for all .
Post a Comment