A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 5 September 2015

មាតុ​ភូមិ​ខ្មែរ

ppp

បុរស​ម្នាក់​នេះ​សម្លឹង​មើល​ផែនទី​ខ្មែរ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ម៉ៃ វីរៈ



មាតុភូមិ​គឺ​ប្រទេស​កំណើត​ស្រុក​កំណើត។​ មនុស្ស​គ្រប់​រូប​គ្រប់​សញ្ជាតិ​សុទ្ធ​តែ​មាន​ស្រុក​កំណើត។ សមាន​ចិត្ដ​ចំពោះ​មាតុ​ភូមិ​ជា​មនោសញ្ចេតនា​ស្រឡាញ់​ទឹកដី​កំណើត។
ជាទូទៅ​អ្នក​ដឹកនាំ​តែង​យក​ចិត្ដ​ទុកដាក់​បណ្ដុះ​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​ដល់​ពលរដ្ឋ​ព្រោះ​គេ​ដឹង​ថា​បើ​មាន​ការ​ស្រឡាញ់​នោះ​មុខ​តែ​មាន​ការ​ការពារ​មិន​ខាន។ បើ​គ្មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ទូទៅ​ទេ​នោះ​រដ្ឋាភិបាល​មិន​អាច​ការពារ​ទឹកដី​តែ​ឯង​ឡើយ​។ ប៉ុន្ដែ​គេ​ក៏​ប្រយ័ត្ន​ខ្លាច​ស្មារតី​ជាតិ​និយម​ណា​មួយ​នោះ​ប្រែក្លាយ​ជា​ស្មារតី​ជាតិ​និយម​ជ្រុល​ដែល​មិន​ត្រឹម​តែ​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ជាតិ​តែ​ជា​រឿយៗ​តែង​បង្ក​បញ្ហា​ដល់​ជាតិ។
មនុស្ស​ខ្លះ​ទាល់​តែ​អញ​ទើប​ស្នេហា​ជាតិ​អ្នក​ដទៃ​ស្នេហា​ជាតិ​ដែរ​មិន​បាន​ឡើយ។ បែប​នោះ​មិន​មែន​ជាតិ​និយម​ជ្រុល​ឡើយ​។ ជាតិ​និយម​ជ្រុល​គឺ​ស្រឡាញ់​ជាតិ​ឯង​ជ្រុល​ហួស​ហេតុ​ និង​ហួងហែង​នរណា​ប៉ះ​មិន​បាន​ហើយ​បន្ដុះ​បង្អាប់​មិន​ទទួល​ស្គាល់​តម្លៃ​ជាតិសាសន៍​ដទៃ​ដោយសារ​តែ​មាន​ស្នាម​ឈឺចាប់​​ណា​មួយ​ដែល​បន្សល់​ទុក​យូរ​មក​ហើយ។ បែប​នោះ​ទំនាស់​ងាយ​នឹង​កើតឡើង​ណាស់​រវាង​ជាតិ​សាសន៍​នោះ​និង​ជាតិសាសន៍​ដទៃ។ លក្ខណៈ​នោះ​កើត​មក​ពី​មិន​ដែល​ទទួល​បាន​ការ​ពន្យល់​បង្ហាញ​​​ជាក់លាក់​ទើប​ពលរដ្ឋ​ដែល​​មាន​ការ​ពិចារណា​ទាប​ធ្វើ​តាម​តែ​​សន្ទុះ​ចិត្ដ​ខឹង​ ឬ​អាច​កើត​ពី​ការ​ពន្យុះ​ណា​មួយ​​ដែល​គេ​ចាំ​ទាញ​ប្រយោជន៍​ពេល​ពលរដ្ឋ​កើត​មាន​កំហឹង​ចំពោះ​ជាតិ​សាសន៍​ដទៃ​។
អ្នក​ដឹកនាំ​ខ្មែរ​អាច​មាន​ការ​បារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នូវ​ចលនា​ជាតិ​និយម​ជ្រុល​ពេល​ដែល​មាន​ទំនាស់​ជាមួយ​បរទេស​ជិត​ខាង​ពិសេស​ថ្មីៗ​នេះ​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ខាង​កើត។​ បើ​ពលរដ្ឋ​ខ្មែរ​មាន​ការ​យល់​ដឹង​ចេះ​គិត​ពិចារណា​មាន​សីលធម៌​នៃ​ការ​ទទួល​ខុសត្រូវ​លើស​ពី​រាល់​ថ្ងៃ​នេះ នោះ​ការ​បារម្ភ​ប្រភេទ​នេះ​នឹង​មិន​មាន​ឡើយ។ ខ្មែរ​​ធ្លាប់​មាន​ប្រវតិ្ដ​ម្ដង​ហើយ​ពី​ការ​ផ្ទុះ​នូវ​ចរន្ដជាតិ​និយម​ជ្រុល​ជាមួយ​បរទេស​ខាង​លិច​។ កាល​នោះ​មាន​ផ្ទុះ​ព័ត៌មាន​ថា​មាន​តារា​ស្រី​ថៃ​ម្នាក់​ដែល​​ខ្មែរ​ចូលចិត្ដ​បាន​និយាយ​ថា​អង្គរវត្ដ​ជា​របស់​ថៃ​មិនមែន​របស់​ខ្មែ​រទេ​​។ ពលរដ្ឋ​ចាប់ផ្ដើម​បន្ដ​ពី​មាត់​មួយ​ទៅ​​មួយ​ថា​នាង​មើល​ងាយ​ខ្មែរ។ មិន​ចប់​ត្រឹម​នាង​មើល​ងាយ​ខ្មែរ​ក៏​ជ្រុល​រហូត​ដល់​ថៃ​មើល​ងាយ​ខ្មែរ​។ ដោយសារ​តែ​មាន​កូន​ឆ្នួន​មួយ​នោះ​អ្នក​ដែល​ចាំ​តែ​ឆ្លៀត​ឱកាស​គេ​អុជ​តែ​បន្ដិច​ខ្មែរ​ក៏​វ៉ៃ​ស្ថានទូត និង​ក្រុមហ៊ុន​ថៃ​មួយ​ចំនួន​ប្រាវ។​ ជា​ផលវិបាក​កាល​នោះ​ខ្មែរ​សង​ថៃ។ ខាត​គឺ​ខ្មែរ​អ្នក​ចំណេញ​គឺ​អ្នក​អុជ​ភ្លើង​ឯណោះ​សោះ។
ពេល​ពលរដ្ឋ​មាន​ស្មារតី​ស្រឡាញ់​ទឹកដី​មាតុភូមិ​តែ​ខ្វះ​ការ​ពិចារណា​នោះ​វា​មិន​ខុស​អីពី​ខ្លា​ឃ្មុំ​ល្ងង់​ដែល​ស្រឡាញ់​ម្ចាស់​ពេល​ឃើញ​រុយ​ទំ​ច្រមុះ​ម្ចាស់​វា​ក៏​លើក​ដុំថ្ម​ដោយ​នឹក​ថា​ដើម្បី​សម្លាប់​រុយ​ដែល​ចេះ​តែ​មក​ទំ​រំខាន​​ដំណេក​ម្ចាស់​។ ការ​ស្រឡាញ់​ហួងហែង​បូក​នឹង​ភាព​ល្ងង់​ខ្លៅ​គឺ​នាំ​ទុក្ខ​បើ​ធ្ងន់​គឺ​នាំ​ទុក្ខ​ដល់​ស្លាប់​ម្ចាស់​ដែល​ខ្លួន​ស្រឡាញ់​នោះ​តែ​ម្ដង។ តើ​ខ្មែរ​ត្រូវ​ស្រឡាញ់​មាតុភូមិ​ដូចម្ដេច​ដើម្បី​កុំ​ឲ្យ​ការ​ស្រឡាញ់​នោះ​នាំ​ទុក្ខ​ដល់​មាតុភូមិ​វិញ? ពេល​ឃើញ​ពលរដ្ឋ​មាន​លក្ខណៈ​ជាតិ​និយម​ជ្រុល​អ្នក​ដឹកនាំ​មិន​គួរ​ខឹង​ហើយ​ប្រើ​វិធីសាស្ដ្រ​ហិង្សា​ និង​បង្រ្កាប​ឡើយ​។


រឿង​បែប​នោះ​គឺ​កើត​ពី​អ្នក​ដឹកនាំ​មិន​​បង្រៀន​ពលរដ្ឋ​ឲ្យ​មាន​មនសិការ​ជាតិ។ តើ​ធ្លាប់​​ពន្យល់​បង្ហាញ​ឲ្យ​ពលរដ្ឋ​យល់​ថា​ដូចម្ដេច​ទៅ​ហៅ​ថា​ការ​ស្រឡាញ់​ជាតិ​មាតុភូមិ? តើ​ការពារ​មាតុភូមិ​បែប​ណា? តើ​មាន​ទេ​គោលនយោបាយ​អភិវឌ្ឍន៍​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន​ដើម្បី​ឲ្យ​ពលរដ្ឋ​ពេញ​ចិត្ដ​ទៅ​រស់នៅ​ធ្វើ​ជា​របង​ការពារ​ទឹកដី​កុំ​ឲ្យ​គេ​ចេញ​ចូល​ស្រេច​ចិត្ដ​? ឃើញ​មាន​ខ្លះ​ដែរ​តែ​សុទ្ធ​តែ​កាស៊ីណូ​។ តើ​ធ្លាប់​បង្រៀន​ពលរដ្ឋ​ទេ​ថា​ទង្វើ​បែប​ណា​ជា​ការ​ឆ្លើយតប​សមស្រប​របស់​ពលរដ្ឋ​ក្នុង​ការ​តប​ស្នង​គុណ​ដល់​ជាតិ​ពេល​ជាតិ​មាន​បញ្ហា​មាន​ការ​រំលោភ​បំពាន​ពី​បរទេស? តើ​បើ​មាន​បរទេស​មើលងាយ​ជាតិ​សាសន៍​ខ្មែរ​តើ​ពលរដ្ឋ​គួរ​ឆ្លើយតប​បែប​ណា​? តើ​ធ្លាប់​មាន​ការ​បង្រៀន​បែប​នេះ​ដល់​ពលរដ្ឋ​ទេ​? ដោយសារ​ពលរដ្ឋ​ខ្លះ​គិត​ថា​ចំណាត់ការ​រដ្ឋាភិបាល​មិន​គ្រប់គ្រាន់​កំហឹង​ក៏​កើតឡើង។
ពលរដ្ឋ​ដែល​ជ្រុលនិយម​មិន​ដែល​ចេះ​ល្មម​ឡើយ​។ បើ​មិន​ចូល​មក​ជួយ​ដុត​ឲ្យ​ខ្លោច​ទេ​គឺ​ជួយ​រោច​ឲ្យ​ឆៅ​មិន​ខាន​។ ក្នុង​ការ​ចម្អិន​អាហារ​ចុងភៅ​ត្រូវ​ដុត​ភ្លើង​តាម​ប្រភេទ​អាហារ​ដែល​ចម្អិន។ អាហារ​ខ្លះ​ត្រូវ​ប្រើ​ភ្លើង​តិច​ខ្លះ​ប្រើ​ភ្លើង​ខ្លាំង​ពេល​ដំបូង​​ហើយ​បន្ថយ​វិញ​ពេល​ជិត​ឆ្អិន​។​ ដោយសារ​អាហារ​នោះ​ជា​ការ​ចម្អិន​ដើម្បី​ហូបរួម​ដូច្នេះ​មិន​ខ្វះ​អ្នក​មក​ជួយ​ឡើយ​។
អ្នក​ខ្លះ​មើល​ពី​ក្រៅ​ឃើញ​គេ​ចូល​មក​ជួយ​សស្រោកសស្រាំ​ខ្លាំង​ណាស់​ដល់​ពិនិត្យ​ទើប​ដឹង​ថា​ដុត​នោះ​គឺ​ដុត​យក​ងាប់​យក​រស់​មិនមែន​ដុត​ឲ្យ​ឆ្អិន​នោះ​ទេ​។​ ខ្លះ​ទៀត​ពេល​ភ្លើង​កំពុង​ឆេះ​ល្អ​ល្មម​គេ​មក​ថា​ភ្លើង​ខ្លាំង​ពេក​ហើយ​គេ​ក៏​ជួយ​ដក​ភ្លើង​ចេញ​ការ​ពិត​គេ​មក​រោច​ភ្លើង​ឲ្យ​រលត់​សោះ។ អាហារ​ក៏​មិន​អាច​ឆ្អិន​ដែរ។
ទាំង​អ្នក​ចូល​មក​ដុត​ឲ្យ​ឆេះ​ខ្លោច​ទាំង​អ្នក​មក​រោច​ភ្លើង​ឲ្យ​រលត់​បើ​មិនមែន​ល្ងង់​មិន​ដឹង​ម្ដេច​ហៅថា​ដុត​ឲ្យ​ខ្លោច ម្ដេច​រោច​ឲ្យ​ឆៅ​ទេ គឺ​គេ​មាន​ចេតនា​ទុច្ចរិត​ក្នុង​រឿង​ដុត​ និង​រោច​នោះ។
គេ​អាច​លូក​ដៃ​បំផ្លាញ​បែប​នោះ​បាន​មកពី​គេ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ គេ​មិន​បាន​គិត​ថា​អាហារ​នោះ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា​ដែល​រួម​ទាំង​គេ​ផង​ដែរ​ឡើយ​។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ចន កេណ្ណឺឌី មាន​ប្រសាសន៍​ថា៖ ​«សូម​កុំ​សួរ​ថា​តើ​ប្រទេស​ជាតិ​បាន​ផ្ដល់​អ្វី​ខ្លះ​ដល់​អ្នក​សូម​អ្នក​សួរ​ខ្លួនឯង​ថា​តើ​ខ្ញុំ​បាន​ធ្វើអ្វី​ខ្លះ​ហើយ​ដើម្បី​ជាតិ​មាតុភូមិ​?»។ នេះ​ជា​ការ​ផ្ដល់​គតិ​ដល់​ពលរដ្ឋ​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​សកម្ម​ជា​ពលរដ្ឋ​ខ្លាំង​។ លុះត្រា​​តែ​គិត​ពិចារណា​ទើប​គេ​គិត​យល់​ថា​ការ​ចូលរួម​កសាង​ជាតិ​ជា​ចំណែក​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋ​គ្រប់ៗ​រូប។ ចុះ​អ្នក​ដឹកនាំ​ខ្មែរ​? តើ​មាន​គតិ​ប៉ុន្មាន​ដែល​កូន​ខ្មែរ​បាន​ស្ដាប់​ឮ​ពី​មាត់​អ្នក​ដឹកនាំ។ បើ​គេ​មិន​បង្រៀន​យើង​ទេ​តើ​យើង​ជា​ពលរដ្ឋ​ត្រូវ​ដេក​ចាំ​ស្លាប់​ទៅ​ឬ? មាន​វគ្គ​មួយ​ក្នុង​ចម្រៀង​ចាស់​ពី​ដើម​មួយ​បទ​គឺ​បទ​ពលទោ​អភ័ព្វ​បាន​​ច្រៀង​ថា «តែ​ណ្ហើយ​រឿង​ហ្នឹង​ទុក​មួយ​ឡែក​ចុះ​រឿង​ស្រី​ផិត​ប្រុស​ជា​រឿង​ធម្មតា​រឿង​ធំ​ជាង​គេ​គឺ​ជាតិ​ខេមរា»។ មើល​ចុះ​គ្រាន់តែ​ចម្រៀង​កែ​កម្សាន្ដ​មួយ​បទ​ក៏​មាន​គតិ​អប់រំ​ឲ្យ​គិត​រឿង​ជាតិ​មាតុភូមិ​ដែរ។ តើ​អ្នក​តែង​ចម្រៀង​ហៅ​អ្នក​ស្ដាប់​គិត​រឿង​ជាតិ​ដោយ​ចៃដន្យ​ ឬ​បញ្ចូល​ដោយ​បំណង​ជាក់លាក់?
បើ​យើង​ជា​ពលរដ្ឋ​ដេក​រំពឹង​ចាំ​គេ​ហៅ​យើង​គិត​រឿង​ជាតិ​ប្រហែល​ជា​ត្រូវ​ដេក​ចាំ​រហូត​ដល់​ខ្មែរ​ក្លាយ​ជា​ជនជាតិ​ភាគតិច​លើ​ដី​កំណើត​របស់​ខ្លួន​ហើយ។ មាន​តែ​ពួក​យើង​ទាំងអស់​គ្នា​ទេ​ដែល​ចេះ​ក្រោក​ឡើង​​ដោយ​ខ្លួន​ឯង​គិតគូរ​រឿង​ជាតិ​។ តើ​យើង​ត្រូវ​ចាប់ផ្ដើម​គិត​អំពី​រឿង​ជាតិ​បែប​ណា​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅក្នុង​សភាព​ជាតិ​និយម​ជ្រុល? ពលរដ្ឋ​ខ្មែរ​បាន​បាក់ស្បាត​រឿង​ចាញ់​បោក​អ្នក​នយោបាយ។ រាប់​ត្រឹម​ទសវត្សរ៍​ឆ្នាំ ៩០ មក​ដំបូង​ចាញ់​បោក​គណបក្ស​ហ៊្វុនស៊ិនប៊ិច​ក្រោយ​មក​ចាញ់​បោក​គណបក្ស សម រង្ស៊ី បន្ដ​មក​គណបក្ស​សិទ្ធិ​មនុស្ស និង​មក​ទើរ​ត្រឹម​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ខ្មែរ​និយាយ​ថា​ «អាណា​​ក៏​ដូច​អាណា» មាន​ន័យ​ថា​អ្នក​នយោបាយ​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ​គឺ​សុទ្ធតែ​បោក​ដូច​តែ​គ្នា​កុំ​បាច់​ទៅ​ជឿ​សម្ដី​ពួកគេ​អី។ ឪពុក​ម្ដាយ​ខ្មែរ​ទូទៅ​ហាមប្រាម​កូនចៅ​កុំ​ឲ្យ​រវល់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដោយសារ​ពួកគាត់​មាន​ស្នាម​ចាញ់​បោក​អ្នក​នយោបាយ​ញឹកញាប់។ ការ​មិន​រវល់​នឹង​រឿង​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​គឺ​ពលរដ្ឋ​ខ្មែរ​ក្នុង​ចំនួន​ដ៏ច្រើន​មិន​រវល់​តាមដាន​ស្ដាប់​សម្ដី និង​ទង្វើ​របស់​អ្នក​នយោបាយ​ឡើយ​។ ​ពេល​មាន​ការ​អ្វី​កើតឡើង​ម្ដងៗ​ក៏​ចាំ​តែ​កញ្ជ្រោល​ចិត្ដ​ហក់​តាម​គេ​ដោយ​ខ្វះ​ការ​ពិចារណា​។ ចាំ​កាលណា​តែ​មាន​គេ​ពន្យុះ​តែ​បន្ដិច​ក៏​តាំង​ក្លាយ​ជា​អ្នក​ក្លាហាន​មួយ​រំពេច​លុះ​ដល់​ហក់​ទៅ​ត្រូវ​ដំបង​ឆក់​ក៏​មក​ផ្ទះ​ផ្ដាំ​កូនចៅ​ថា​កុំ​រវល់​រឿង​នយោបាយ​ដោយ​ផ្ដាំ​ថា​បើ​មិន​គុក​ទេ​មាន​តែ​ស្លាប់​ហើយ​បើ​សល់​ជីវិត​គឺ​រត់​ចោល​ស្រុក។ ដូច្នេះ​តើ​ឲ្យ​កូន​ខ្មែរ​មក​ដឹង​ឮ​រឿង​នយោបាយ​តាម​ច្រក​ណា?
ដំណោះស្រាយ​គឺ​ពលរដ្ឋ​ត្រូវ​នាំ​គ្នា​ស្វែងយល់​តាមរយៈ​ការ​ទទួល​ព័ត៌មាន​ឲ្យ​បាន​ច្រើន​មុន​នឹង​ធ្វើការ​សម្រេច​ចិត្ដ​ណា​មួយ​ទាក់ទង​នឹង​បញ្ហា​ជាតិ​ដោយ​មិន​ជ្រើម​តាម​គេ។ បើ​គេ​ហៅ​ទៅ​បាតុកម្ម​ត្រូវ​ចេះ​សួរ​គេ​ថា​តើ​អ្វី​ជា​គោលបំណង​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ? តើ​មាន​រំពឹង​ប៉ុនណា​ថា​នឹង​បាន​សម្រេច? បើ​មិន​បាន​សម្រេច​តើ​ត្រូវ​ធ្វើ​ម្ដេច​បន្ដ?
តើ​ប្រមើល​បាន​ប៉ុន​ណា​ពី​ទំហំ​គ្រោះថ្នាក់​ដែល​អាច​នឹង​កើតឡើង? តើ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ទៅ​ធ្វើ​បាតុកម្ម​ទេ​ឬ?
តើ​មាន​ផែនការ​ទប់ស្កាត់​ការ​លូក​ដៃ​បង្ក​អំពើ​ហិង្សា​ណា​មួយ​ដើម្បី​ជា​លេស​ចោទ​ដាក់​បន្ទុក​លើ​បាតុករ​ដែរ​ទេ​? តើ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​ជាដើម។ ការ​រៀន​ដាក់​សំណួរ​រឿយៗ​មុន​ធ្វើការ​សម្រេចចិត្ដ​នឹង​បណ្ដុះ​នូវ​ទម្លាប់​ឲ្យ​ក្បាល​យើង​ចាប់ផ្ដើម​ចេះ​ធ្វើការ​ហើយ​បន្ដិច​ម្ដងៗ​ខ្មែរ​មុខ​ជា​អាច​ដើរ​ចេញ​ពី​សភាព​ចាំ​តែ​ជ្រើម​តាម​គេ​មិន​ខាន។ កិច្ចការ​បែប​នេះ​មិន​បាច់​រង់ចាំ​ថ្ងៃ​ណា​ទើប​ធ្វើ​ឡើយ​ត្រូវ​តែ​ចាប់ផ្ដើម​ថ្ងៃ​នេះ​នាទី​នេះ​តែ​ម្ដង។
បើ​មិន​ចាប់ផ្ដើម​ពេល​នេះ​ទេ​តើ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ណា? បើ​មិន​ចាប់ផ្ដើម​ពី​ពួកយើង​ម្នាក់ៗ​ជា​ខ្មែរ​នេះ​ទេ​តើ​ចាំ​បរទេស​ណា​ធ្វើឲ្យ? ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​ក្នុង​ការពិចារណា​ទាប​មាន​អត្រា​ងាយ​នឹង​ចាញ់​បោក​ការ​អុជអាល់​ញុះញង់​ខ្ពស់​ណាស់។ បើ​ជាតិ​និយម​ជ្រុល​ប៉ះ​នឹង​ម្ខាង​ទៀត​ជាតិ​និយម​ជ្រុល​ដែរ​មុខ​ជា​ប៉ះ​គ្នា​ដោយ​អំពើ​ហិង្សា​មិន​ខាន​ហើយ​ខាង​ណា​ដែល​មាន​ចំនួន​ពលរដ្ឋ​មាន​សព្វាវុធ​ច្រើន​ជាង​មុខ​ជា​មាន​ប្រៀប​ជាង។ ជា​លទ្ធផល​មាន​តែ​ការ​ខូចខាត​ប៉ុណ្ណោះ។ ជួនកាល​ប៉ះ​ទង្គិច​គ្នា​រួច​ខាង​ដែល​ទន់​ខ្សោយ​ជាង​មិន​ត្រឹម​តែ​ជា​អ្នក​រង​ការ​ខូចខាត​ឈឺ​ចិត្ដ​ឈឺ​​កាយ​ទេ​ស្រួល​មិន​ស្រួល​គេ​គាប​ឲ្យ​សុំទោស​គេ​ថែម​ទៀត​ដែល​រឹតតែ​បង្ក​នូវ​ការ​ឈឺចាប់​ដល់​ពលរដ្ឋ​ហើយ​ចលនា​ជាតិ​និយម​ជ្រុល​រឹតតែ​មាន​សន្ទុះ​ខ្លាំង​ជាង​មុន​។
ដូច្នេះ​ដើម្បី​បញ្ចៀស​បញ្ហា​ដែល​យើង​អាច​ប្រមើល​ដឹង​មុន​ថា​មិន​ផ្ដល់​ចំណេញ​ដល់​ជាតិ​ការ​ពន្យល់​ពលរដ្ឋ​ឲ្យ​ចេះ​ត្រិះរិះ​ពិចារណា​មាន​ការ​ទទួល​ខុសត្រូវ​ចាំបាច់​ខ្លាំង​ណាស់។​ ពលរដ្ឋ​ដែល​ស្រឡាញ់​ទឹកដី​ហើយ​មាន​ការ​យល់​ដឹង​នឹង​មិន​បំពាន​នរណា​ឡើយ​ហើយ​ពលរដ្ឋ​បែប​នោះ​ក៏​មិន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ដទៃ​បំពាន​បាន​ដែរ​គេ​មុខ​ជា​តបត​តាម​មធ្យោបាយ​ដែល​មិន​មាន​លក្ខណៈ​ជ្រុលនិយម។
បើ​អ្នក​មិន​ស្រឡាញ់​មាតុភូមិ​នោះ​ជា​រឿង​មួយ​តែ​សូម​ដឹង​ផង​ថា​មាតុភូមិ​នេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​នរណា​ម្នាក់​ដាច់​មុខ​ទេ​វា​ជា​របស់​ពូជសាសន៍​ខ្មែរ​ជា​មាតុភូមិ​ដូនតា​ខ្មែរ​ដែល​ពួក​យើង​ជំនាន់​នេះ​មាន​ភារៈ​រក្សា​បន្ដ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។ ពេល​ចៅទួត​អ្នក​សួរ​អ្នក​ថា​តើ​មាតុភូមិ​លោកតា​លោកយាយ​ទួត​នៅ​ឯណា​ហេតុ​អ្វី​ចៅ​ក្លាយ​ជា​ជនជាតិ​ភាគតិច​លើ​ដី​កំណើត​របស់​ដូនតា​បែប​នេះ​តើ​អ្នក​នឹង​ឆ្លើយ​បែប​ណា​? ឬ​មួយ​អ្នក​មិន​រវល់​ទេ​ព្រោះ​អាង​ថា​អ្នក​ស្លាប់​បាត់ ឬ​រត់​ទៅ​នៅ​បរទេស​បាត់? ចង់​នរណា​រស់​ម្ដេច​បាន​ក៏​រស់​ទៅ? តើ​ឯណា​ទៅ​ការ​ទទួល​ខុស​ត្រូវ? ពលរដ្ឋ​ទាំងឡាយ! រឿង​នយោបាយ​មិនមែន​ជា​រឿង​ដាច់​មុខ​របស់​អ្នក​នយោបាយ​តែ​ប៉ុន្មាន​នាក់​ទេ។ ខ្មែរ​បាន​ទុក​វាសនា​ប្រទេស​ជាតិ​ទាំង​មូល​លើ​ដៃ​អ្នក​នយោបាយ​តែ​ប៉ុន្មាន​នាក់​យូរ​ហើយ។ ល្មម​ដល់​ពេល​ហើយ​ដែល​ខ្មែរ​រៀន​ធ្វើ​ជា​ម្ចាស់​លើ​វាសនា​ខ្មែរ​ហើយ។ មាតុភូមិ​អាច​គ្មាន​យើង​ម្នាក់​បាន​តែ​តើ​យើង​រស់​ម្ដេច​ទៅ​ពេល​គ្មាន​មាតុភូមិ? ​មាតុភូមិ​ខ្មែរ​ដ៏កម្សត់​នេះ​កំពុង​តែ​រង់ចាំ​កូន​ខ្មែរ​ឲ្យ​​មើល​ថែ។
បើ​ចង់​ឲ្យ​ម្ដាយ​នេះ​រស់រាន​បន្ដ​មាន​តែ​កូន​ខ្មែរ​រៀន​ធ្វើ​នយោបាយ​ព្រោះ​រឿង​នយោបាយ​ទាក់ទង​នឹង​អាយុ​ជីវិត និង​ឆ្នាំង​បាយ​របស់​ពលរដ្ឋ​មួយ​ប្រទេស។ សូម​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​ដំណើរ​វិវត្ដន៍​នានា​លើ​ទីលាន​នយោបាយ​កុំ​ឲ្យ​អ្នក​នយោបាយ​ធ្វើអ្វី​ស្រេច​តែ​ចិត្ដ។ សូម​ចូលរួម​ដឹងឮ​រឿង​ជាតិ​ដោយ​ការ​យល់​ដឹង និង​ដោយ​ការ​ទទួល​ខុសត្រូវ​ដែល​វា​ប្រែ​ក្លាយ​ជា​ការ​ស្រឡាញ់​ជាតិ​មាតុភូមិ​ដោយ​មិន​ជ្រុល​និយម​។ មាន​ការ​ស្រឡាញ់​ត្រឹមត្រូវ​ប្រកប​ដោយ​សតិ​ប្រាជ្ញា និង​ដោយ​ការ​ទទួល​ខុសត្រូវ​ទើប​មាន​ការ​ការពារ​ហើយ​ការ​ការពារ​បែប​នោះ​នឹង​មិន​នាំ​ទុក្ខ​ដល់​ជាតិ​ឡើយ៕
ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ vanthownpang@yahoo.com

No comments: