A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 5 September 2015

ក្រសួង​អប់រំ​រំពឹង​ថា​អ្នក​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​អាច​ច្រើន​ជាង​ឆ្នាំ​មុន

ដោយ យ៉ង ចាន់តារា
2015-09-04 rfa

សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​ព្រះស៊ីសុវត្ថិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Sireymuny

នៅ​សល់​តែ​ជាង ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប សម្រាប់​ឆ្នាំ​សិក្សា​២០១៤-២០១៥ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង។ ក្រសួង​អប់រំ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា បេក្ខជន​ជាច្រើន​នឹង​ជាប់​ការ​ប្រឡង​លើក​នេះ ពីព្រោះ​ពួក​គេ​ភាគ​ច្រើន បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​តាំង​ពី​ដើម​ឆ្នាំ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រំពឹង​ថា ចំនួន​បេក្ខជន​ដែល​ជាប់​បាក់​ឌុប​នៅ​ឆ្នាំ​នេះ នឹង​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​ក្រសួង​បាន​បញ្ចប់​ការ​កែ​វិញ្ញាសា​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២ កញ្ញា និង​ត្រូវ​ស្រង់ ព្រម​ទាំង​បូក​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជា​បន្ត​ទៀត។ ដំណើរ​ការ​ស្រង់​បូក​ពិន្ទុ និង​ពិនិត្យ​ផ្ទៀងផ្ទាត់ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ការិយាល័យ​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៣ កញ្ញា ថា ចំនួន​អ្នក​ជាប់​បាក់​ឌុប​នៅ​ឆ្នាំ​នេះ នឹង​មាន​ការ​កើន​ឡើង ដោយ​ហេតុ​តែ​បេក្ខជន​ភាគ​ច្រើន​សុទ្ធតែ​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រឡង។ លោក​បញ្ជាក់​ថា ការ​ប្រឡង​នៅ​ឆ្នាំ​នេះ នឹង​ស្ដែង​ឲ្យ​ឃើញ​ពី​សមត្ថភាព​ពិត​របស់​បេក្ខជន ត្បិត​ក្រសួង​ពុំ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ ដូចជា​ការ​ចម្លង​ជាដើម​នៅ​លើ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​នោះ​ឡើយ៖ «តាម​ព័ត៌មាន​បឋម យើង​ឃើញ​ថា នៅ​ក្នុង​ថ្នាក់​នីមួយៗ ដុំ​កូពី​ដែល​កែ ករណី​សន្លឹក​កិច្ចការ​ណា​មួយ​បាន​ពិន្ទុ​ខ្ពស់ ខ្ពស់​មែន​ទែន ប៉ុន្តែ​សន្លឹក​កិច្ចការ​អ្នក​ដែល​នៅ​ជាប់​ក្បែរ​គ្នា គឺ​ពិន្ទុ​ខុស​គ្នា។ អ៊ីចឹង​មាន​ន័យ​ថា បេក្ខជន​ទាំងអស់​ហ្នឹង​ពិត​ជា​មិន​អាច​មើល​គ្នា​បាន​ពិត​ប្រាកដ​មែន ហើយ​ពិត​ជា​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​សមត្ថភាព​ផ្ទាល់​របស់​ខ្លួន​គាត់​តែ​ម្តង»។



ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ឆ្នាំ​២០១៥ នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ជាង ៨​ម៉ឺន​នាក់ (៨៤.៩៣០​នាក់) ក្នុង​នោះ​ស្រី​មាន​ជាង ៤​ម៉ឺន​នាក់ (៤០.៩៧២​នាក់)។ បេក្ខជន​ដែល​អវត្តមាន​ក្នុង​ពេល​ប្រឡង​ទាំង​ពីរ​ថ្ងៃ​មាន​ចំនួន ១.៥៨៩​នាក់។ វិញ្ញាសា​សម្រាប់​ការ​ប្រឡង ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដែល​មាន​របប​ពិន្ទុ​អតិបរមា ៥០០​ពិន្ទុ។ ដោយសារ​តែ​មុខ​វិជ្ជា​ភាសា​បរទេស ជា​វិញ្ញាសា​តាម​ស្ម័គ្រ នាំ​ឲ្យ​ពិន្ទុ​ដែល​ជាប់​ស្មើ​នឹង ៥០០ ដក ២៥ រួច​ចែក​នឹង ២។ ដូច​នេះ បេក្ខជន​នឹង​ប្រឡង​ជាប់​ត្រឹម​លំដាប់​ពិន្ទុ ២៣៧​ពិន្ទុ។

លទ្ធផល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ នឹង​ត្រូវ​ប្រកាស​ជូន​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ចំពោះ​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ចំណែក​បណ្ដា​ខេត្ត​ផ្សេង​ទៀត នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។ បេក្ខជន​អាច​ទៅ​មើល​លទ្ធផល​របស់​ខ្លួន​នៅ​តាម​មណ្ឌល​ប្រឡង ឬ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​ក្រសួង​អប់រំ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា បេក្ខជន មាតា​បិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ​ណា​ដែល​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង ពួក​គេ​មាន​សិទ្ធិ​ប្ដឹង​តវ៉ា​ក្នុង​រយៈពេល ៣០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង។ ក្រសួង​បញ្ជាក់​ទៀត​ថា អ្នក​ប្ដឹង​តវ៉ា​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ត្រឹមត្រូវ មាន​ភស្តុតាង មាន​ឈ្មោះ មុខ​របរ អាសយដ្ឋាន​ច្បាស់លាស់ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ហើយ​ជា​ការ​ឆ្លើយ​តប ក្រសួង​នឹង​បង្កើត​គណៈកម្មការ​កោសល្យវិច័យ ក្នុង​ករណី​មាន​ពាក្យ​បណ្ដឹង ឬ​ពិនិត្យ​ឃើញ​ថា ការ​ប្រឡង​មាន​ភាព​មិន​ប្រក្រតី​លើ​កិច្ចការ​របស់​បេក្ខជន និង​លើ​ការ​អនុវត្ត​ភារកិច្ច​របស់​គណៈ​មេ​ប្រយោគ។

ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​វិញ លោក រស់ សាលីន បាន​ណែនាំ​ដល់​បេក្ខជន​ទាំងអស់​ឲ្យ​តាំង​ស្មារតី​ឲ្យ​រឹងមាំ ទោះ​បី​ជា​លទ្ធផល​នោះ​យ៉ាង​ណា​ក៏ដោយ។ លោក​បាន​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​ដល់​អ្នក​បេក្ខជន ទាំង​អ្នក​ដែល​ជឿជាក់ និង​មិន​ជឿជាក់​សមត្ថភាព​របស់​ខ្លួន៖ «ពេល​ដែល​គាត់​ជឿជាក់​លើ​ខ្លួន​ឯង​ថា​ជាប់ អ៊ីចឹង​គាត់​សម្លឹង​មើល​ថា តើ​គួរ​តែ​រើស​ជំនាញ​អ្វី ដែល​ត្រូវ​តាម​ទេពកោសល្យ​ខ្លួន​ផង ត្រូវ​តាម​បរិបទ​នៃ​តម្រូវ​ការ​ទីផ្សារ និង​បរិបទ​នៃ​សេដ្ឋកិច្ច​របស់​យើង​ផង។ ចំពោះ​បេក្ខជន​ដែល​មិន​មាន​ការ​ជឿជាក់​ថា​ជាប់ អ៊ីចឹង​គាត់​មាន​លទ្ធភាព​គិត​ថា គួរ​តែ​រៀន​មួយ​ឆ្នាំ​ឡើង​វិញ​ដើម្បី​ពង្រឹង​សមត្ថភាព ឬ​មួយ​គាត់​អាច​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​តែ​ម្តង ឬ​មួយ​គាត់​ត្រៀម​ដើម្បី​ទៅ​បរិញ្ញាបត្រ​រង​តាម​កម្រិត​ជំនាញ​គាត់ តាម​ចំណង់​ចំណូល​ចិត្ត និង​អ្វី​ដែល​ជា​តម្រូវ​ការ​និន្នាការ​ទីផ្សារ​របស់​យើង​នា​ពេល​អនាគត»។

កាល​ពី​ឆ្នាំ​២០១៤ អ្នក​ជាប់​បាក់​ឌុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​តែ​ជាង ២​ម៉ឺន​នាក់ (២៣.១២៦​នាក់) ប៉ុណ្ណោះ ក្នុង​ចំណោម​បេក្ខជន​សរុប​ជិត ៧​ម៉ឺន​នាក់ (៦៨.០០០​នាក់) ប៉ុន្តែ​ដោយ​មាន​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល ក្រសួង​អប់រំ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​លើក​ទី​២ ដែល​មាន​អ្នក​ជាប់​ជាង ១​ម៉ឺន​នាក់ (១២.១៩៩​នាក់) បន្ថែម​ទៀត។ ដោយឡែក​នៅ​ឆ្នាំ​នេះ ក្រសួង​អប់រំ បាន​ប្រកាស​ជា​ឱឡារិក​ថា នឹង​មិន​មាន​ការ​ប្រឡង​លើក​ទី​២ ជា​ដាច់ខាត៕

No comments: