![]() |
| លោក ស ខេង ក្នុងពិធីនៅខេត្តព្រះសីហនុកាលពីថ្ងៃចន្ទ។ រូបថត សហការី |
ព្រះសីហនុៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនចង់ឲ្យក្បួនដង្ហែឃោសនាបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិក្រោយនេះធ្វើការដង្ហែឆ្លងកាត់ឃុំ និងសង្កាត់ផ្សេងៗឡើយហើយរយៈពេលឃោសនាគួរបន្ថយមកត្រឹម ១០ ថ្ងៃវិញដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការស្ថានភាពច្របូកច្របល់។
ការប្រកាសនេះធ្វើឡើងក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទដោយលោក ស ខេង ដែលក៏ជាអនុប្រធានគណបក្សប្រជាជនផងនោះបានលើកឡើងពីកិច្ចពិភាក្សា ខ្វែងគំនិតគ្នារវាងគណបក្សនយោបាយជុំវិញការដង្ហែក្បួនឃោសនា បោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០១៧ ខាងមុខ។
លោកបន្តថា ការបោះឆ្នោតឃុំ-សង្កាត់គឺសំដៅថាឃុំ និងសង្កាត់នីមួយៗជាមណ្ឌលដែលក្បួនដង្ហែឃោសនាគប្បីធ្វើឡើងតែ ក្នុងមណ្ឌលរបស់ខ្លួនបានហើយ។
លោកបន្តថា៖ «ជំហរយើង (CPP) ថាបើបោះឆ្នោតឃុំនោះគឺហែតែក្នុងឃុំហ្នឹងសង្កាត់ហ្នឹងមិន ចាំបាច់ទៅឃុំសង្កាត់ផ្សេងទៀតទេតែពួកគាត់ចង់ហែប៉ាតណាប៉ាតណី ទាំងអស់អ៊ីចឹងវានាំឲ្យមានបញ្ហាច្របូកច្របល់ទាក់ទងនឹងការរក្សា សណ្តាប់ធ្នាប់សន្តិសុខអ្នកការពារពិបាកណាស់មិនមានពេលដេកទេ»។
លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងរិះគន់ចំៗទៅលើគណបក្សសង្គ្រោះ ជាតិដែលបានធ្វើការតវ៉ានៅក្រោយការបោះឆ្នោតថ្នាក់ជាតិដែលលោកថា បានជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើការអភិវឌ្ឍរបស់ជាតិ និងវិនិយោគបរទេស។
លោកថា៖ «តវ៉ាពេញមួយឆ្នាំរកអីជាដុំកំភួនមិនបានដោយសារមិនមានអីដុំ កំភួនក៏ចូលសភាអ៊ីចឹងទីបំផុតមួយឆ្នាំគាត់បំផ្លាញការអភិវឌ្ឍជាតិ មិនស្ទើរទេមិនត្រឹមតែត្រឹមទេតែវាថយទៀតព្រោះអ្នកវិនិយោគថាចាំ មើលសិនព្រោះខ្មែរឈ្លោះគ្នាអ៊ីចឹងមិនទាន់ទៅទេចំណែកអ្នកមួយ ចំនួនទៀតថាដកវិញ»។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស៊ិក ប៊ុនហុក បានឲ្យដឹងថាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់បានកំណត់រយៈពេលឃោសនា ១៥ ថ្ងៃ និងមិនបានហាមឃាត់ការដង្ហែក្បួនឃោសនាឆ្លងកាត់ ឃុំ-សង្កាត់ផ្សេងនោះទេហើយបច្ចុប្បន្នច្បាប់នេះកំពុងស្ថិតក្នុង ដំណាក់កាលធ្វើវិសោធនកម្មដែលធ្វើឡើងដោយក្រុមការងាររបស់គណបក្ស ប្រជាជន និងគណបក្សសង្គ្រោះជាតិ។
លោកនិយាយថា៖ «ការកំណត់រយៈពេលឃោសនា និងការដង្ហែក្បួនឆ្លងឃុំ-សង្កាត់ គឺជាការសម្រេចរបស់គណបក្សជាប់ឆ្នោតទាំងពីរដោយ គ.ជ.ប ចាំតែអនុវត្តតែប៉ុណ្ណោះ»។
សមាជិកក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងថាការចង់កាត់បន្ថយពេល និងកំណត់ដែនឃោសនានេះគណបក្សសង្គ្រោះជាតិមិនយល់ព្រមឡើយដោយហេតុថា ការធ្វើបែបនេះហាក់រឹតត្បិតលើសេរីភាពនៃការឃោសនាដែលទាមទារឲ្យ គណបក្សទាំងពីរបន្តពិចារណាឡើងវិញ។
លោកបញ្ជាក់ថា៖ «បើទោះបីជាការបោះឆ្នោតឃុំ-សង្កាត់ គឺជាការបោះឆ្នោតបែបមូលដ្ឋានតែគួរតែមានការបើកទូលាយអ៊ីចឹងហើយ ក្រុមការងារគណបក្សសង្គ្រោះជាតិមិនយល់ស្របទេហើយកំពុងរង់ចាំ ថ្នាក់ដឹកនាំត្រលប់មកវិញដើម្បីពិភាក្សាសម្រេច»។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែលលោក គល់ បញ្ញា យល់ថាការកាត់បន្ថយរយៈពេល និងការកំណត់ទីតាំងឃោសនាមិនឲ្យឆ្លងកាត់មណ្ឌលឃុំសង្កាត់ផ្សេងគឺជា ការរឹតត្បិតសេរីភាពនៃការឃោសនារបស់គណបក្សខណៈដែលស្ថានភាព ជាក់ស្តែងរបស់កម្ពុជាគណបក្សនយោបាយជាច្រើននៅមិនទាន់មានលទ្ធភាព ឃោសនាពីគណបក្សរបស់ខ្លួនឲ្យបានទូលំទូលាយតាមរយៈទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗនៅឡើយបើធៀបនឹងគណបក្សកាន់អំណាច។
លោកថា៖ «រយៈពេល ១៥ ថ្ងៃគឺសមល្មមមិនគួរណាបន្ថយទេហើយបើមិនបើកឲ្យមានការឃោសនាបាន ទូលាយនោះវានឹងឆ្លុះបញ្ចាំងពីភាពអយុត្តិធម៌ដោយសារប្រជាពលរដ្ឋមិន ទាន់បានស្គាល់គណបក្សដែលទើបបង្កើតថ្មី»។
តាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះការបោះឆ្នោតឃុំ-សង្កាត់នឹងធ្វើឡើងនៅដើមឆ្នាំ ២០១៧ ចំណែកការបោះឆ្នោតថ្នាក់ជាតិអាណត្តិក្រោយនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ ២០១៨៕

No comments:
Post a Comment