ដោយ ខែ សុណង
2015-04-17
គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា បានកើតឡើងជាង ១០០ករណី បង្កឲ្យមនុស្សស្លាប់ជិត ៤០នាក់ និងរបួសជាង ២០០នាក់។
មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នៅរយៈពេលប៉ុន្មានថ្ងៃនេះ មានជាអាទិ៍ អ្នកបើកបរបើកលើសល្បឿនកំណត់ អ្នកបើកបរឋិតក្នុងស្ថានភាពស្រវឹង បើកបរមិនប្រកាន់ស្តាំ វ៉ាជែង និងមិនគោរពច្បាប់ចរាចរណ៍។ មួយវិញទៀត ចំពោះអ្នកជិះម៉ូតូដែលគ្រោះថ្នាក់ មិនបានពាក់មួកសុវត្ថិភាពដែរ។
ពាក់ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន បានកត់សម្គាល់ថា រាល់ពេលមានពិធីបុណ្យទានធំៗ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងកាន់តែទ្វេដង។ គ្រោះថ្នាក់កើតឡើងច្រើននេះ ដោយសារតែមានកំណើនយានយន្ត និងកំណើនចរាចរណ៍នៃការប្រើប្រាស់ផ្លូវកាន់តែខ្ពស់៖ «ចំពោះអ្នកប្រើប្រាស់ផ្លូវ គឺត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបើកបរ ការគោរពច្បាប់ក្នុងពេលបើកបរ គឺជាកត្តាសំខាន់ណាស់»។
បញ្ហាដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើននេះ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ដោយសារការអនុវត្តច្បាប់ពុំមានភាពស្មើគ្នា និងខ្វះការអប់រំផ្សព្វផ្សាយពីច្បាប់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា ភីឌីភី (PDP) លោក យង់ គិមអេង មានប្រសាសន៍ថា ដើម្បីដោះស្រាយ និងបញ្ចៀសឱកាសរីករាយក្លាយទៅជាទុក្ខសោកនោះ លោកថា ទាល់តែមានការរឹតបន្តឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយ។ លោកកត់សម្គាល់ថា ក្នុងឱកាសបុណ្យទាននេះ លោកពុំឃើញមានកម្លាំងនគរបាលចរាចរណ៍ដូចថ្ងៃធម្មតានោះទេ។ លោកថា ការគោរពច្បាប់មិនអាចឲ្យយល់ដឹងដោយខ្លួនឯងនោះទេ គឺទាមទារឲ្យមានអំណាចអាជ្ញាធរនៅនឹងកន្លែងផង ទើបមានប្រសិទ្ធភាព៖ «យើងត្រូវពង្រាយកម្លាំងប៉ូលិសជាប្រចាំដាក់ដូរវេន ឲ្យគាត់បានចូលឆ្នាំនឹងគេដែរ»។
របាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ២៤លើក បណ្ដាលឲ្យមានមនុស្សស្លាប់ ៨នាក់ របួសធ្ងន់ស្រាល ៤៣នាក់។
ចំណែកនៅថ្ងៃទី១៥ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៣៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៣នាក់ មានអ្នករបួសធ្ងន់ស្រាល ៨៩នាក់។
រីឯនៅថ្ងៃទី១៦ ខែមេសា ជាថ្ងៃបង្ហើយនៃពិធីបុណ្យ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាន់តែច្រើនជាងថ្ងៃមុនៗ គឺមានចំនួន ៤៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៦នាក់ របួសធ្ងន់ស្រាល ១១៦នាក់។
របាយការណ៍របស់គណៈកម្មការជាតិដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា អំឡុងពេល ៥ថ្ងៃនៃបុណ្យចូលឆ្នាំ២០១៤ មានអ្នកស្លាប់ចំនួន ៤៨នាក់ អ្នករងរបួស ២៥០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment