ដោយ៖ ពៅ មេត្តា | ថ្ងៃសុក្រ ទី6 មិនា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាថ្មីទៀតអំពីសកម្មភាពរបស់ក្រុមបាតដៃទី៣ដែលអាចបង្កអសន្តិសុខដល់សង្គម ហើយលោកក៏បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធមានវិធានការតឹងរឹងត្រៀមទប់ទល់ជាមួយក្រុមនោះ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៤ ខែមីនា បានអំពាវនាវទៅកងកម្លាំងរាជអាវុធហត្ថឲ្យបន្តចាត់វិធានការក្រុមមនុស្សដែលលោកចាត់ទុកថាជា បាតដៃទីបី" ធ្វើបដិវត្តន៍ពណ៌ណាមួយដែលអាចធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភាពចលាចល ។
ពាក្យ "បាតដីទី៣" លេចឮលើកដំបូងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣គឺលោក ហ៊ុន សែន ព្រមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលដឹកនាំប្រជាពលរដ្ឋពីរាប់សែនទៅរាប់លាននាក់ តវ៉ានៅរាជធានីភ្នំពេញប្រឆាំងលទ្ធផលបោះឆ្នោតអាណត្តិទី៥ ។ លោក ហ៊ុន សែន ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានការប្រុងប្រយ័ត្នក្រុមបាតដៃទី៣ចេញបង្កហិង្សា ។
ទោះយ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ជាក់ថា បាតដៃទី៣នោះមកពីណា ហើយក្រុមនោះធ្វើសកម្មភាពដើម្បីគោលបំណងអ្វីនោះទេ ។ ខណៈលោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ ហើយក៏មិនមានមន្ត្រីណាមួយចេញមុខបកស្រាយ ឬពន្យល់សាធារណៈឲ្យយល់ពាក្យបាតដៃទី៣នោះទេ ។
បើទោះជាពាក្យបាតដៃទី៣ មិនមាននិយមពិតប្រាកដក៏ដោយ តែក្នុងអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងនោះ មានហិង្សាកើតឡើង និងមនុស្សស្លាប់ជាបន្តបន្ទាប់ តែមិនមានអ្នកទទួលខុសត្រូវទេនោះទេ ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ មានហិង្សាមួយកើតឡើងរវាងអ្នកធ្វើដំណើរ និងកម្លាំងប្រដាប់អាវុធនៅស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ម៉ៅ សុខចាន់ បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើងស្លាប់។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ហិង្សារវាងកម្មករ និងសមត្ថកិច្ចនៅស្ពានស្ទឹងមានជ័យបណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ អេង សុខុម បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ។ នៅថ្ងៃទី២ និងទី៣ខែមករា ឆ្នាំ២០១៤ សមត្ថកិច្ចបង្ក្រាបកម្មកររោងចក្រនៅផ្លូវវ៉េងស្រេងបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ ។
ឃាតកម្មស្លាប់មនុស្ស៧នាក់ និងមួយចំនួនទៀតធ្លាក់ខ្លួនពិការនោះ សមត្ថកិច្ចមិនទាន់វែកមុខជនដៃដល់ ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ឬផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះទេ ។
ពាក្យបាតដៃទី៣នៅតែស្ថិតក្នុងភាពអាថ៌កំបាំង បើទោះជាពាក្យនេះលេចឮជាង១ឆ្នាំហើយក៏ដោយ ។
ពាក្យបាតដៃទី៣នៅតែស្ថិតក្នុងភាពអាថ៌កំបាំង បើទោះជាពាក្យនេះលេចឮជាង១ឆ្នាំហើយក៏ដោយ ។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តកម្មលោក សួន ប៊ុនស័ក្តិ ថ្លែងថារដ្ឋាភិបាលហាក់មិនមានចេតនាក្នុងការស្វែងរកជនដៃដល់សម្លាប់ពលរដ្ឋ ឬហៅជនបាតដៃទី៣នោះមកផ្តន្ទាទោសទេ ព្រោះហេតុការណ៍កើតឡើងជាង១ឆ្នាំមកហើយ នៅរកមិនឃើញអ្នកទទួលខុសត្រូវ ។ លោកថា «ប្រសិនជាយើងធ្វើការដោយមិនគិតពីនិន្នាការនយោបាយ រើសអើងផ្នែកនយោបាយទេ ខ្ញុំគិតថា ក្នុងឋានៈជាអាជ្ញាធររឿងអីដែលរកមិនឃើញប៉ុណ្ណឹង សូម្បីឧក្រិដ្ឋជនខ្លះដូចលោក ហេង ពៅ រត់ចោលស្រុក ហើយនៅតែតាមចាប់មកវិញទាល់តែបាន ចុះមនុស្សនៅក្នុងស្រុក ប៉ុណ្ណឹងរកមិនឃើញ» ។
លោក សួន ប៊ុនស័ក្តិ បន្តថាការមិនមានចេតនាស្វែងរកជនល្មើសនេះ នាំឲ្យពលរដ្ឋនៅតែភ័យខ្លាច ហើយអស់ជំនឿលើរដ្ឋាភិបាល «ជាអ្នកនយោបាយមួយ គឺថាបើយើងមិនចាត់វិធានការឲ្យបានត្រឹមត្រូវទេ ទី១ គឺវាខាតបង់ប្រជាប្រិយភាពនយោបាយរបស់ខ្លួនឯងផ្ទាល់ នាំឲ្យការកាន់កាប់រដ្ឋាភិបាលរបស់ខ្លួន គឺមិនអាចមានអាយុវែងបាន ថ្ងៃណាមួយគឺប្រជាពលរដ្ឋ នឹងធ្វើការវិនិច្ឆ័យទម្លាក់ចុះតាមរយៈការបោះឆ្នោតនេះឯង» ។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូលោក អំ សំអាត លើកឡើងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើពាក្យបាតដៃទី៣គ្រាន់តែជាការគេចវេសពីការទទួលខុសត្រូវចំពោះហិង្សារវាងកម្លាំងរដ្ឋាភិបាល និងអ្នកតវ៉ាប៉ុណ្ណោះ ។
ក្រោយហិង្សាកើតឡើងបន្តបន្ទាប់ជាង១ឆ្នាំរវាងកម្លាំងរដ្ឋ និងអ្នកតវ៉ានោះ រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការស៊ើបអង្កេតចំពោះករណីហិង្សា និងឃាតកម្មទាំងនោះ តែរហូតដល់ពេលនេះគណៈកម្មការនោះមិនទាន់ប្រកាសលទ្ធផលនៃការស៊ើបអង្កេតនោះនៅឡើយទេ។ ឃាតកម្មកើតឡើងបើកចំហនៅទីសាធារណៈមិនទាន់មានអ្នកទទួលខុសត្រូវ ហើយបែជាលេចពាក្យបាតដៃទី៣នាំឲ្យសាធារណជននៅតែមានចម្ងល់ថា “អ្នកណាជាម្ចាស់បាតដៃទី៣” ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
No comments:
Post a Comment