A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 7 March 2015

Tycoons and Vietnamese companies are destroying forests in Ratanakiri province ឧកញ៉ា​និង​ក្រុម​ហ៊ុន​វៀតណាម​កំពុង​បំផ្លាញ​ឈើ​នៅ ខេត្ត​រតនគិរី

ម៉ាស៊ីន​រ៉ៃ​អារ​ឈើ​របស់​ក្រុម​ហ៊ុន​វៀតណាម​នៅ​ក្នុង ខេត្ត​រតនគិរី។
ម៉ាស៊ីន​រ៉ៃ​អារ​ឈើ​របស់​ក្រុម​ហ៊ុន​វៀតណាម​នៅ​ក្នុង ខេត្ត​រតនគិរី។ រូបថត សហការី


ភ្នំពេញៈ យ៉ាង​ហោច​ណាស់​ក៏​មាន​ឈើ​ប្រណីត​ប្រមាណ ២០ ម៉ឺន​ម៉ែត្រ​គុប ស្ថិត​នៅ​ក្នុង ខេត្ត​រតនគិរី ដែល​កំពុង​ដឹក​ជញ្ជូន​រាល់​ថ្ងៃ​ឥត​ឈប់​ឈរ​ដាក់​ចូល​ក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​ចំនួន ៤ ដែល​ល្បី​ល្បាញ​ក្នុង​ការ​រក​ស៊ី​លើ​វិស័យ​ព្រៃឈើ ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា​និង​ឈ្មួញ​ជនជាតិ​វៀតណាម។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិល​មិញ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ចុះ​អង្កេត​ដោយ​ផ្ទាល់​នៅ​គ្រប់​កន្លែង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង ខេត្ត​រតនគិរី អស់​រយៈ​ពេល​ជាង ១ សប្តាហ៍​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ាឌី ក្រុម​ហ៊ុន ៧២ របស់​វៀតណាម និង​ក្រុមហ៊ុន ហ៊ង អាញ របស់​វៀតណាម មាន​ការ​ដឹក​ជញ្ជូន​ជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ឈរ។
លោក ឆឺយ ឧត្តម​រស្មី នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​ឡើង​កាន់​តំណែង​ស្នង​ពី​ឪពុក​របស់​លោក គឺ​លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ពេល​ការ​ចុះ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រៃឈើ​នៅ​ក្នុង ខេត្ត​កោះកុង នោះ​ថ្លែង​ថា៖ «ក្រុមហ៊ុន​ដែល​កំពុង​កាប់​បំផ្លាញ​ព្រៃឈើ​ធំៗ​ទាំង​បួន​នេះ សុទ្ធ​សឹង​តែ​មាន​អាជ្ញាប័ណ្ណ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​ឲ្យ​ស្រប​ច្បាប់»។
លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព មាន ៨ កន្លែង​ធំៗ​នៅ​ក្នុង ខេត្ត​រតនគិរី គឺមាន​កន្លែង​ស្តុក​ឈើ​នៅ​ទី​រួម ខេត្ត​រតនគិរី ២ កន្លែង អូរជុំ ១ កន្លែង នៅ ស្រុក​បកែវ មាន ១ កន្លែង វ៉ឺនសៃ មាន ១ កន្លែង តាវែង មាន ១ កន្លែង អណ្តូងមាស ១ កន្លែង និង​នៅ​អូរយ៉ាដាវ ១ កន្លែង​ដែល​មាន​ទីតាំង​ធំ​ជាង​គេ​ដែល​ជា​ច្រក​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។
លោក​ថា៖ «ក្រុម​ហ៊ុន​នេះ​បាន​ឲ្យ​លុយ​ទៅ​ឈ្មួញ​កណ្តាល​រាប់​ពាន់​នាក់​ដើម្បី​ដើរ​ទិញ​ឈើ រួច​យក​មក​វាយ​លេខ​ចូល​ក្រុមហ៊ុន ទ្រី ភាព ដែល​សរុប​ឈើ​មាន​ក្នុង​ទីតាំង​ក្រុមហ៊ុន​ទាំង ៨ កន្លែង​ប្រមាណ​ជា ១៥ ម៉ឺន​ម៉ែត្រ​គុប​ជា​ប្រភេទ​ឈើ​លេខ ១»។

លោក​បន្ត​ថា ចំណែក​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ាឌី វិញ​មាន​កន្លែង​ស្តុក​ឈើ​ធំៗ​ចំនួន​ពីរ​នៅ ក្នុង​ខេត្ត​នោះ​គឺមាន​ទីតាំង​នៅ​ស្រែ​ពក និង​ក្របី​ជ្រំ ដែល​មាន​ប្រភេទ​ឈើ​ចម្រុះ ហើយ​ទីតាំង​ពីរ​កន្លែង​នេះ​មាន​ឈើ​សរុប​ប្រមាណ​ជា ៤ ម៉ឺន​ម៉ែត្រ​គុប​ឡើង​ទៅ​រួម​ទាំង​កន្លែង​សិប្បកម្ម​ដ៏​ធំ​នៅ​ក្នុង​នោះ​ទៀត។ រីឯ​ក្រុមហ៊ុន ៧២ របស់​វៀតណាម​មាន​ទី​តាំងនៅ ភូមិ​បង្កើង ស្រុក​បកែវ មាន​ឈើ​សរុប​ប្រមាណ​ជា ១ ម៉ឺន​ម៉ែត្រ​គុប​ឡើង​ទៅ ព្រម​ទាំង​មាន​សិប្បកម្ម​ដ៏​ធំ​នៅ​ក្នុង​ក្រុមហ៊ុន ហើយ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន ហ៊ង អាញ មាន​កន្លែង​ស្តុក​ឈើ​ធំៗ​ចំនួន​ពីរ​កន្លែង​គឺ​នៅ​ស្រុក​អណ្តូង​មាស និង​ចំណុច​ស្រែ​ពក ដែល​មាន​ឈើ​ប្រមាណ​ជា ១ ម៉ឺន​ម៉ែត្រ​គុប​ឡើង​ទៅ ថែម​ទាំង​មាន​កន្លែង​សិប្បកម្ម​មួយ​ដ៏​ធំ​ទៀត​ផង។
លោក​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាល​មេត្តា​ជួយ​មើល​ករណី​នេះ​ផង ពីព្រោះ​អាជ្ញាធរ​ខេត្ត​ពុំ​ហ៊ាន​តតាំង​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះទេ​ដោយ​សារ​ពួក​គាត់​លើក​ឡើង​ថា ក្រុម​ហ៊ុន​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល តែ​អ្វី​ដែល​ខ្ញុំ​ឃើញ​នោះ​គឺ​គាត់​ធ្វើ​លើស​អាជ្ញាប័ណ្ណ​ដែល​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ»។
លោក ផាន់ ភឿន នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី បាន​ថ្លែង​ថា លោក​ពុំ​បាន​ដឹង​អំពី​បញ្ហា​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​មាន​មែន​នោះ​គឺ​គេ​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​មក ដូច្នេះ​ខាង​លោក​ពុំ​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ។ លោក​បាន​ថ្លែង​ថា៖ «បច្ចុប្បន្ន​នេះ​វា​ស្ងាត់​ស្ងៀម​ហើយ»។
យោង​តាម​របាយ​ការណ៍​របស់​អង្គការ Global Witness (GW) ដែល​ចេញ​ផ្សាយ​នាពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​ក្រុមហ៊ុន​កាប់​ឈើ​ធំ​បំផុត​របស់​កម្ពុជា បាន​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ តាម​រយៈ​ការ​បង្កើត​បណ្តាញ​រត់​ពន្ធ​សម្ងាត់ ដើម្បី​ជួយ​សម្រួល​ដល់ «ការ​កាន់​កាប់​ខ្នាត​ធំ​របស់​ឧស្សាហ​កម្ម» លើ​តំបន់​ព្រៃ​អភិរក្ស​និង​ឧទ្យាន​ជាតិ។ បណ្តាញ​កាប់​ឈើ​ខុស​ច្បាប់​ដ៏​ស្មុគ​ស្មាញ​មួយ ពឹង​ផ្អែក​លើ​ការ​ពាក់​ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល យោធា ប៉ូលិស និង​គយ ដើម្បី​ដឹក​ជញ្ជូន​ឈើ​អភិរក្ស ឆ្លង​កាត់​ប្រទេស និង​ឡើង​លើ​ទូក ឆ្ពោះ​ទៅ​ទីក្រុង​ហុងកុង ដែល​ជា​កន្លែង​គេ​គិតថា ឈើ​នឹង​បញ្ជូន​ទៅ​ប្រទេស​ចិន តាម​រយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង Shenzhen។
បុគ្គលិក​របស់​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ថ្លែង​ថា៖ «ខ្ញុំ​ធ្វើ​ការ​ទាក់​ទង​តែ​ផ្នែក​រដ្ឋបាល​ទេ ខ្ញុំ​មិន​ដឹង​ទេ​រឿង​កាប់​ឈើ​នោះ»។ ចំណែក​ឯ​ក្រុម​ហ៊ុន អាន ម៉ាឌី ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ។
កាលពី ថ្ងៃទី២៦ ខែ​កម្ភៈ ក្រុមហ៊ុន ទ្រី ភាព បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ឈ្មួញ​រកស៊ី​កាប់​និង​ដឹក​ជញ្ជូន​ឈើ​មួយ​ចំនួន ដែល​បាន​ប្រើ​ប្រាស់​ឈ្មោះ​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដើម្បី​បិទ​បាំង​ការ​រក​ស៊ី​ខុស​ច្បាប់៕

No comments: