អគ្គលេខាធិការរងគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សនេះនឹងប្ដូរទីតាំងនៃការរៀបចំពិធីបង្សុកូល ដែលគ្រោងធ្វើនៅផ្លូវវ៉េងស្រេង មកធ្វើនៅទីលានប្រជាធិបតេយ្យវិញ។
អ្នកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអគ្គលេខាធិការរងគណបក្សសង្គ្រោះជាតិ ថ្លែងនៅថ្ងៃទី១ ខែមករា ថា គណបក្សសម្រេចលុបគម្រោងរៀបចំពិធីបង្សុកូលឧទ្ទិសបុណ្យកុសល ចំពោះអ្នកដែលស្លាប់ក្នុងព្រឹត្តិការណ៍បាញ់បង្ក្រាបនៅផ្លូវវ៉េងស្រេង មកធ្វើនៅទីលានប្រជាធិបតេយ្យវិញ។ អ្នកស្រីបន្តថា មូលហេតុដែលខាងគណបក្សសម្រេចលុបចោលគម្រោងនៅផ្លូវវ៉េងស្រេងេ ព្រោះដើម្បីបញ្ចៀសបញ្ហា។ ម្យ៉ាងវិញទៀត ទីលានប្រជាធិបតេយ្យក៏ជាទីតាំងមួយដែលអំណោយផលណាស់ដែរ សម្រាប់ការជួបជុំ។ អ្នកស្រីបន្តថា «យើងកុំឲ្យមានការប្រឈមមុខគ្នា។ យើងនិយាយអំពីការសន្ទនាគ្នា គឺយើងនៅមកប្រារព្ធដដែល។ យើងនៅតែបំពេញកាតព្វកិច្ចរបស់យើង ក្នុងការគោរពវិញ្ញាណក្ខន្ធកម្មករដែលបានស្លាប់នៅលើតាមផ្លូវវ៉េងស្រេង ដដែល»។
គណបក្សសង្គ្រោះជាតិ នឹងប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលចំពោះអ្នកស្លាប់ដោយការបាញ់បង្ក្រាបដោយក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ។ មូលហេតុដែលគណបក្សសង្គ្រោះជាតិ លុបគម្រោងរបស់ខ្លួនដែលគ្រោងនឹងប្រារព្ធធ្វើនៅផ្លូវវ៉េងស្រេង គឺដោយសារតែសាលារាជធានីភ្នំពេញ បដិសេធការស្នើសុំកាលពីថ្ងៃទី២៩ ខែធ្នូ របស់គណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំពិធីនៅផ្លូវវ៉េងស្រេង៕
No comments:
Post a Comment