ដោយ៖ ឡាយ សាមាន | ថ្ងៃព្រហស្បតិ៍ ទី1 មករា 2015,
ប្រទេសចិន បានសន្យាផ្តល់ជំនួយបច្ចេកទេស និងជំនួយឥតសំណងដល់កម្ពុជាបន្ថែមទៀតក្នុងឆ្នាំ ២០១៥ ដើម្បីអនុវត្តផែនការសកម្មភាព និងពង្រឹងកិច្ចសប្រតិបត្តិការវាងប្រទេសទាំងពីរ ។
គេហទំព័រក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ក្នុងអំឡុងពេលទស្សនៈកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃកាលពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនលោក យ៉ាង ជាឈី (YANG Jiechi) និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហោ ណាំហុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ។
កិច្ចព្រមព្រៀងទាំងនោះមាន កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស (ជំនួយឥតសំណង ចំនួន ៧០០ លានយ័ន) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស (កម្ចីឥតការប្រាក់ ចំនួន ២០០ លានយ័ន) លិខិតប្តូរសារ ស្តីពីការផ្តល់ម៉ាស៊ីនអេកូចំនួន ២០០ គ្រឿង ដោយប្រទេសចិន ដល់កម្ពុជា។
ក្រៅពីនោះ ចិនក៏សន្យាជួយរៀបចំផែនការបណ្តាញផ្លូវថ្នល់នៅកម្ពុជា គម្រោងសាងសង់អគារសន្តិសុខរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងក្រសួងអប់រំចិន។
នៅឆ្នាំ២០១៥ ចិនសន្យាផ្តល់ភាពអនុគ្រោះដល់កសិផលកម្ពុជា នាំចូលទៅប្រទេសចិន ការផ្លាស់ប្តូរទស្សនកិច្ចផ្នែកកងទ័ព ដើម្បីដកបទពិសោធន៍គ្នាទៅវិញទៅមក ។ ប្រទេសចិនក៏បានសន្យាបង្កើនទំហំពាណិជ្ជកម្មទេ្វភាគីឲ្យដល់ ៥០០ ពាន់លានដុល្លានៅឆ្នាំ២០១៧ បង្កើនជើងហោះហើរត្រង់ចិន-កម្ពុជា ដើម្បីបង្កើនភ្ញៀវទេសចរណ៍ និងវិនិយោគចិននៅកម្ពុជា និងការផ្លាស់ប្តូរបទពិសោធន៌គ្នា រវាងគណបក្សកុម្មុនីស្តចិន និងគណបក្សប្រជាជនកម្ពុជា ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment