ភ្នំពេញៈ បណ្តាញព្រះសង្ឃ ប្រជាសហគមន៍ការពារព្រៃឈើជាយអារ៉ែង និង ក្រុមយុវជន បានទុកពេល១សប្តាហ៍ ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់និងបង្ហាញភ័ស្តុតាងដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឲ្យមានការសាងសង់ទំបន់វារីអគ្គិសនីជាយអារ៉ែងក្នុងអាណ្តតិទី៥នេះ ព្រមទាំងព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំប្រសិនបើគ្មានដំណោះស្រាយ។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅរាជធានីភ្នំពេញ បន្ទាប់ពីមានការញាំញីពីសំណាក់អាជ្ញាធរបើទោះជាមានការប្រកាសរបស់លោកសម រង្ស៊ីក្នុងនាមជាអ្នកនាំពាក្យឲ្យលោកនាយករដ្ឋមន្ត្រីក៏ដោយ លោក ហេង សំណាង យុវជនខ្មែរមហានគរបានថ្លែងថា ថ្មីៗឃើញមានកម្លាំងនិងអាជ្ញាធរដាក់ទៅក្នុងតំបន់នោះជារឿយៗ គឺមានន័យថាទំនប់វារីអគ្គីសនីនោះនៅបន្តសាងសង់ឬក៏យ៉ាងណា?
លោកថា៖ «ក្នុងនាមពួកយើងជាយុវជន យើងផ្ញើសារទៅលោក សម រង្ស៊ីតើសម្តីហ្នឹងពិតឬយ៉ាងណា? ហើយយើងសុំឲ្យគាត់ឆ្លើយសំណួររបស់យើងចាប់ពីថ្ងៃនេះ រហូតដល់មួយអាទិត្យ បើមិនរកដំណោះស្រាយទេគឺយើងចាប់ផ្តើមធ្វើបាតុកម្មតែម្តង»។
លោកបានថ្លែងថា ការធ្វើបាតុកម្មគឺជាជម្រើសចុងក្រោយបើគ្មានដំណោះស្រាយឲ្យពួកគេនោះទេ ហើយបាតុកម្មលើកនេះប្លែក ដោយពុំទាន់កំណត់ថាធ្វើនៅកន្លែងណានោះទេ ពីព្រោះកន្លងមកធ្វើបាតុកម្មនៅខាងមុខរដ្ឋសភា ឬស្ថានទូតផ្សេងៗ តែលើកនេះមិនទាន់កំណត់ទីតាំងទេ។ លោកថា៖ «លោកសម រង្ស៊ីត្រូវបង្ហាញឯកសារជាលាយលក្ខណ៍អក្សរ។
លោក សម រង្ស៊ី ត្រូវសួរបញ្ជាក់ទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនម្តងទៀត កុំអះអាងដោយគ្មានលាយលក្ខណ៍អក្សរ។ ថ្នាក់ដឹកនាំបក្សទាំងពីរបានមានប្រសាសន៍ថានឹងមិនសាងសង់នៅក្នុងអាណាត្តិនេះទេ ប៉ុន្តែលោកស៊ុយ សែម និងអាជ្ញាធរខេត្តកោះកុងមិនគោរពតាមគឺនៅតែបន្តដដែល ដូច្នេះមានន័យថា លោកស៊ុយ សែម ប្រព្រឹត្តអំពើពុករលួយជាមួយចិន»។
លោក វែន វ៉ន ប្រធានគណៈកម្មការសហគមន៍ការពារជាយអារ៉ែង ជាជនជាតិដើមភាគតិចមកពីខេត្តកោះកុងថ្លែងថា អាជ្ញាធរធ្វើយ៉ាងណាឲ្យដកកម្លាំងចេញពីអារ៉ែងជាបន្ទាន់ ហើយសុំឲ្យលុបគម្រោងវារីអគ្គិសនីចេញនិងប្រកាសជាសាធារណៈ។ លោករដ្ឋមន្ត្រី សាយ សំអាល់ថា មិនទាន់សាងសង់ទេ តែត្រូវការសិក្សា ការសិក្សាធ្វើឲ្យប៉ះពាល់ប្រពៃណីរបស់ពលរដ្ឋ តើប្រពៃណីរបស់ជនជាតិជងដែលបាត់បង់តើអ្នកណាជាអ្នកសង?
លោកថា៖ «គេដាក់ទាហាននៅក្នុងតំបន់នោះគឺការពារក្រុមហ៊ុន និងនាំឈើចេញដោយខុសច្បាប់ ហើយគេគំរាមកំហែងទៅលើប្រជាពលរដ្ឋ»។
ប្រតិកម្មនេះគឺបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងបុគ្គលក្រុមហ៊ុនចូលតំបន់ជាយអារ៉ែង ចុះសិក្សាដើម្បីធ្វើទំនប់វារីអគ្គិសនីនៅតំបន់នោះ ហើយមានការកាប់បំផ្លាញព្រៃឈើប្រណីតជាបន្តបន្ទាប់ដើម្បីយកទៅលក់។
ញ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធពុំធ្វើការអត្ថាធិប្បាយចំពោះបញ្ហានេះនោះទេដោយលោកមានប្រសាសន៍ខ្លីថា ៖ «ស្រុកខ្មែរមានរឿងប្លែកៗ»។
សូមរំឭកផងដែរថា កាលពីដើមខែតុលា បើតាមការអះអាងរបស់លោកសម រង្ស៊ី ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំក្នុងសភាបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងជាយអារ៉ែង ដែលកំពុងមានភាពចម្រូងចម្រាសនោះ នឹងមិនត្រូវអនុវត្តទេនៅក្នុងរដ្ឋាភិបាលអាណាត្តិទី៥នេះ។
ចំណែកលោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ៣០ ខែកញ្ញា ដោយបានបដិសេធថា គម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង ក្នុងខេត្តកោះកុង នឹងមិនធ្វើឲ្យប៉ះពាល់ព្រៃឈើ រាប់ម៉ឺនហិកតា ដូចការចោទប្រកាន់របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះទេ ពីព្រោះគម្រោងនោះស្ថិតនៅក្នុងដំណាក់ការសិក្សានៅឡើយ ហើយក្រសួងនេះនៅតែរក្សាជំហរបន្តគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនេះ ដោយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២០៕
2 comments:
Chos Ber Pleu Min Bath Eun Cheung Tver Mech Touv?
Ah Kwack is Prime Minister. Why do they ask Sam Rainsy?
They must get rid of their stupidity. Sick to see these stupid people.
Why don’t they ask the king instead? Hahaha…
Post a Comment