ដោយ៖ ឡាយ សាមាន | ថ្ងៃព្រហស្បតិ៍ ទី1 មករា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
គណបក្សសង្គ្រោះជាតិ នឹងយកទីលានប្រជាធិបតេយ្យ ដើម្បីធ្វើពិធីរំឮកខួបមួយឆ្នាំ នៃព្រឹត្តិការណ៍បាញ់សម្លាប់បាតុករ នៅផ្លូវវេងស្រេង បន្ទាប់ពីសាលារាជធានីបដិសេធមិនឲ្យធ្វើពិធីបង្សុកូលនៅកន្លែងកើតហេតុនោះ ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ ប្រាប់VOD នៅថ្ងៃទី ០១ ខែមករា នេះថា បើទោះជាសាលារាជធានីមិនអនុញ្ញាតឲ្យ ប្រជាពលរដ្ឋ គ្រួសារអ្នករងគ្រោះ និងបក្សសង្គ្រោះជាតិ ធ្វើពិធីបង្សុកូលនៅផ្លូវវេងស្រេងក៏ដោយ ខ្លួននឹងដាក់លិខិតជាថ្មីទៀត សុំធ្វើនៅទីលានប្រជាធិបតេយ្យវិញ។ លោកស្រី បន្តថា ការរំឮកខួបព្រឹត្តការណ៍បាញ់សម្លាប់កម្មករនេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកដែលបានស្លាប់ដោយអយុត្តិធម៌ ។ លោកស្រីមានប្រសាសន៍ថា «គណបក្សសង្គ្រោះនឹងបន្តធ្វើ ពីព្រោះវាជាពិធីមួយដ៏មានសារៈសំខាន់តាមព្រះពុទ្ធសាសនារបស់យើង ហើយក៏តាមការទាមទាររកយុត្តិធម៌ជូនទៅដល់ក្រុមគ្រួសារកម្មករដែលស្លាប់ ក៏ដូចជាជនរងគ្រោះដែរ ។ អញ្ចឹងយើងនឹងដាក់លិខិតជូនទៅសាលាក្រុងមួយទៀតដើម្បីជូនព័ត៌មានថាយើងនឹងធ្វើនៅឯទីលានប្រជាធិបតេយ្យនៅថ្ងៃដដែល ម៉ោងដដែល» ។
លោកស្រី មូរ សុខហួរ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលវែកមុខអ្នកប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនគ្រួសាររងគ្រោះ និងបញ្ចប់និទណ្ឌភាពនៅកម្ពុជា។ លោកស្រីបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រមាណជា១០រូប នឹងចូលរួមក្នុងពិធីរំឮកខួបនោះ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកមិនទាន់អាចសម្រចបានទេ ដោយរង់ចាំទទួលលិខិតរបស់គណបក្សសង្គ្រោះជាតិជាមុនសិន ។ លោកបន្ថែមថា «ខ្ញុំអត់ទាន់អាចមានវិធានការណ៍ទេ ទាល់តែមានលិខិតដាក់មកសិន ទើបយើងមើលតាមក្រោយ (អ្នកយកព័ត៌មាន៖ អញ្ចឹងអត់ទាន់បានទទួលលិខិតហ្នឹងទេលោកពូ?) អត់ទាន់ទេៗ យើងថ្ងៃហ្នឹងថ្ងៃឈប់ហ្នឹង! មានណា?»
លិខិតរបស់គណបក្សសង្គ្រោះជាតិដែលVODទទួលបានកាលពីម្សិលមិញ ឲ្យដឹងថា គណបក្សនេះស្នើសុំគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ ដើម្បីធ្វើពិធីបង្សុកូល នៅថ្ងៃ៤ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹក ឧទ្ទិកុសលជូនវិញ្ញាណខន្ធអ្នកដែលស្លាប់នៅបណ្តោយផ្លូវវេងស្រេង ដោយមានវត្តមានប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអនុប្រធានគណបក្សលោក កឹម សុខា រួមទាំងអ្នកចូលរួមផ្សេងទៀតប្រមាណ១០០នាក់ ។
ប្រធានផ្នែកស៊ើបអង្កេតនៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មាន្រសាសន៍ថា បើអាជ្ញាធរមិនអនុញ្ញាតឲ្យរំឭកពិធីនេះ មានន័យថារដ្ឋាភិបាលព្យាយាមលុបបំបាត់ព្រឹត្តការណ៍ដែលសមត្ថកិច្ចបាញ់សម្លាប់កម្មករដោយបំពានច្បាប់។ លោកបន្ថែមថា «ព្រោះថារដ្ឋាភិបាលចង់បំបិទចោល បំបិទតាងព្រឹត្តិការណ៍នៃការបាញ់ ធ្វើឲ្យស្លាប់កម្មករ៧នាក់ កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១៤ គឺជាចេតនាមួយបំបាត់តាងកុំឲ្យរំឭកទៅដល់ថ្ងៃហ្នឹងតទៅទៀត» ។
សូមជម្រាបថា នៅពេលជាប់គាំងនយោបាយនោះ មានការប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវេងស្រេង បណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ១នាក់បាត់ខ្លួន និងប្រមាណ៤០នាក់ផ្សេងទៀតរងរបួស នៅពេលធ្វើការតវ៉ាដំឡើងប្រាក់ឈ្នួល។ រីឯហិង្សានៅមុខស្ពានស្ទឹងមានជ័យរវាងសមត្ថកិច្ច និងកម្មករ ខណៈនោះសមត្ថកិច្ចបានបាញ់បង្ក្រាបកម្មករបណ្តាលឲ្យអ្នកលក់បាយម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកហិង្សារវាងសមត្ថកិច្ច និងក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ កាលពីចុងឆ្នាំ២០១៣ នៅជិតស្ពានក្បាលថ្នល់ បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ម៉ៅ សុចាន់ ស្លាប់ តែករណីទាំងអស់នោះតុលាការមិនទាន់វែកមុខជនដៃដល់មកផ្តន្ទាទោសនៅឡើយ គឺចាប់តែបាតុករ២៣នាក់ទៅដាក់គុកមួយរយៈ ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment