អភិបាលក្រុងឡូវែល (Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក លោក រ៉ដនី អ៊ីលៀត (Rodney M. Elliott ) គ្រោងនឹងផ្ញើលិខិតមួយទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ស្នើឲ្យដោះលែងសកម្មជនដីធ្លី ១០នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
គម្រោងស្នើសុំនេះ បន្ទាប់ពី លោក រ៉ដនី អ៊ីលៀត បានសួរសុខទុក្ខសកម្មជនដីធ្លី ១០នាក់ ក្នុងពន្ធនាគារពីបញ្ហាដីធ្លីនៅតំបន់បឹងកក់។ លោក រ៉ូដនី អ៊ីលៀត សម្ដែងក្តីបារម្ភទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្ស និងបញ្ហាដីធ្លីក្នុងប្រទេសកម្ពុជា៖ «ចំពោះបញ្ហានេះ ខ្ញុំនឹងយកទៅជម្រាបសភា និងរដ្ឋាភិបាលអាមេរិកាំង ដើម្បីឲ្យមានកិច្ចសន្ទនាមួយរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងក្រុងភ្នំពេញ»។
ក្នុងដំណើរទស្សនិច្ចមកប្រទេសកម្ពុជា រយៈពេលបីថ្ងៃ អភិបាលក្រុងឡូវែល រដ្ឋម៉ាសាឈូសេត លោក រ៉ដនី អ៊ីលៀត បានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការរទេស លោក ហោ ណាំហុង ដោយចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសាលារាជធានីភ្នំពេញ និងក្រុងឡូវែល រដ្ឋម៉ាសាឈូសេត នៃសហរដ្ឋអាមេរិក ស្តីពីការចងសម្ព័ន្ធភាព ដើម្បីបង្កើនចំណងទាក់ទងលើវិស័យមួយចំនួន ដូចជាវិស័យវប្បធម៌ការអប់រំ និងវិស័យសេដ្ឋកិច្ច៕
No comments:
Post a Comment