ដោយ៖ ណាាត សុភាព និងស៊ុន ណារិន | ថ្ងៃសុក្រ ទី16 មករា 2015,
មន្រ្តីជំនាញកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ស្នើឲ្យមានការកំណត់សិទ្ធិរបស់សង្គមស៊ីវិលក្នុងពេលឃោសនាបោះឆ្នោត ដោយបញ្ចូលទៅក្នុងច្បាប់បោះឆ្នោត ដើម្បីធានាអព្យាក្រឹត្យភាព និងភាពមិនលម្អៀងរបស់សង្គមស៊ីវិល ដោយក្នុងនោះមានការចែងកុំឲ្យសង្គមស៊ីវិលប្រមាថ និងមាក់ងាយទៅលើគណបក្សនយោបាយណាមួយ។
ក្រោយពីជួបពិភាក្សានៅរសៀលថ្ងៃសុក្រ ទី១៦ ខែមករានេះ តំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថាគណបក្សស្នើឲ្យសមាគមក្នុងស្រុក និងអង្គការក្រៅរាជរដ្ឋាភិបាល មានជំហរអព្យាក្រឹត្យ និងកុំឲ្យធ្វើការងារលម្អៀងទៅគណបក្សណាមួយអំឡុងពេលឃោសនាបោះឆ្នោត។ លោកបន្តថាគណបក្សនឹងកំណត់កុំឲ្យសង្គមស៊ីវិលសរសេរជាលាយលក្ខណ៍អក្សរ ឬផុ្តល់បទសម្ភាសន៍ទៅប្រព័ន្ធផ្សព្វផ្សាយ ដោយប្រមាថ និងមាក់ងាយដល់គណបក្សនយោបាយ ឬតំណាងរាស្រ្តណាមួយ។ លោកបន្តថាគណបក្សសង្រ្គោះជាតិមិនចង់ឲ្យប្រើពាក្យ«បន្ទោសបង្អាប់»សម្រាប់ការកំណត់សិទ្ធិសង្គមស៊ីវិលនេះ។
លោក ប៊ិន ឈិន បន្តថាកាលណាការកំណត់សិទ្ធិរបស់សង្គមស៊ីវិលនៅក្នុងច្បាប់ ដូច្នេះនឹងមានការជជែកពីទោសបញ្ញត្តិនៃការប្រព្រឹត្តខុស ដែលអាចនឹងមានការដាក់ទោសពិន័យ ឬអាចដាក់ទោសព្រហ្មទណ្ឌ។ លោកបញ្ជាក់ថាក្រុមការងារនឹងសិក្សាបន្ថែមទៀត។ លោកឲ្យដឹងទៀតថាការកំណត់សិទ្ធិរបស់ង្គមស៊ីវិលនេះ ក៏អាចនឹងហាមឃាត់អំឡុងពេលរាប់សន្លឹកផងដែរ។
តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាជាអ្នកស្នើឲ្យបញ្ចូលចំណុចនេះសម្រាប់កំណត់សិទ្ធិសង្គមស៊ីវិលអំឡុងពេលឃោសនាបោះឆ្នោត។ លោកបន្តថាក្រុមការងាររបស់លោកក៏បានឯកភាពលើការកំណត់នេះ ប៉ុន្តែស្នើឲ្យលុបចោលពាក្យ«បន្ទោសបង្អាប់» ដោយទុកតែពាក្យ«ប្រមាថ និងមាក់ងាយ»បានហើយ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា យល់ថាការកំណត់នេះនឹងបំបិទសិទ្ធិសេរីភាពរបស់សង្គមស៊ីវិល ជាពិសេសទៅលើសិទ្ធិនយោបាយ។ លោកថាអ្វីដែលត្រូវកំណត់ក្នុងច្បាប់គជប គឺកងកម្លាំងប្រដាប់អាវុធ កងខេមរភូមិន្ទ នគរបាល និងមន្រ្តីតុលាការ កុំឲ្យចូលរួមសកម្មភាពឃោសនាផ្សេងៗ ប៉ុន្តែមានសិទ្ធិនយោបាយធម្មតា ដូចជាការចូលរួមស្តាប់គោលនយោបាយរបស់គណបក្សជាដើម។
រហូតមកដល់ពេលនេះ ក្រុមការងារចរចាកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកំពុងខ្វែងគំនិតគ្នាក្នុងការកំណត់ ថ្ងៃឃោសនាបោះឆ្នោត និងថ្ងៃហែក្បួនឃោសនា ខណៈគណបក្សកាន់អំណាចចង់កាត់បន្ថយចំនួនថ្ងៃឃោសនា។ ការខ្វែងគំនិតនេះនឹងត្រូវដាក់ទៅថ្នាក់ដឹកនាំគណបក្សទាំងពីរ ដើម្បីសម្រេច។
គួររំឮកថាគណបក្សសង្រ្គោះជាតិចង់ឲ្យយុទ្ធនាការឃោសនាបោះឆ្នោតមាន រយៈពេល៣០ថ្ងៃដូចដែលមានកំណត់ក្នុងច្បាប់បោះឆ្នោតចាស់ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាចង់ឲ្យបន្ថយការឃោសនាបោះឆ្នោតមកនៅតែ ១៤ថ្ងៃវិញ។ ចំណែកការហែក្បួនឃោសនា គណបក្សប្រជាជនកម្ពុជាចង់ឲ្យធ្វើតែ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃដំបូង និងថ្ងៃបញ្ចប់នៃយុទ្ធនាការ ។ ប៉ុន្តែគណបក្សសង្រ្គោះជាតិជំទាស់។
លោក គួយ ប៊ុនរឿន បញ្ជាក់ថាការកំណត់ថ្ងៃឃោសនាតិចនាំឲ្យមានការបិទសេរីភាពក្នុងការ បញ្ចេញមតិ ហើយម្ចាស់ឆ្នោតទទួលព័ត៌មានមិនគ្រប់គ្រាន់។
គណបក្សទាំងពីរនឹងបន្តការចរចាគ្នាទៀតនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕
សរសេរមកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com
No comments:
Post a Comment