«សុំកុំគិតថា យួនមិនចង់យកស្រុកខ្មែរ ឲ្យតែបែកបាក់គ្នា ដូចខ្មែរក្រហមអ៊ីចឹង យួនចូលភ្លាម»
សមាជិករាជវង្សខ្មែរដែលសកម្មក្នុងរឿងនយោបាយត្រូវបានមហាជនសង្កេតឃើញមានតែព្រះអង្គម្ចាស់ពីរបីអង្គទេ ហើយនៅក្នុងនោះ ទ្រង់ ស៊ីសុវត្ថិ ធមិ្មកោ ជាសមាជិករាជវង្សមួយអង្គដែលមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែទ្រង់ប្រឡូកក្នុងឆាកនយោបាយ នៅក្នុងក្រុមប្រឆាំងទល់នឹងរាជរដ្ឋាភិបាលកាន់អំណាច ដែលស្និទ្ធនឹងព្រះបរមរាជវាំង។
ក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ មុនទ្រង់យាងបំពេញទស្សនកិច្ចទៅក្រៅប្រទេសប៉ុន្មានម៉ោងថ្មីៗនេះ ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលអំពីការវិលចូលឆាកនយោបាយនៅគ្រាចុងក្រោយ ខណៈកន្លងមក មុនសម្តេចឪ (សម្តេចព្រះ នរោត្តម សីហនុ យាងសោយទិវង្គត) ព្រះអង្គធ្លាប់បានសម្រេចព្រះទ័យថា ឈប់ពីឆាកនយោបាយទៅហើយ ដោយសារតែទ្រង់ឆ្វេងយល់ឃើញថា លទ្ធិសីហនុនិយម ដែលល្បីល្បាញលើសកលលោក និងប្រជានុរាស្ត្រខ្មែរគាំទ្រជាខ្លាំង នាសម័យសង្គមរាស្ត្រនិយមនោះហាក់កំពុងត្រូវគេបំភ្លេចចោល និងប្រើធ្វើប្រជាភិថុត ដើម្បីតែអំណាចបក្ខពួកខ្លួនមួយក្តាប់តូច ដោយមិនគិតពីសុខទុក្ខរបស់ប្រជានុរាស្ត្រទៅវិញ។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា៖ «ខ្ញុំបានដង្ហែសម្តេចឪ យាងចូលមាតុប្រទេសគឺមិនមានបំណងចង់បានអ្វីទេ និងមិនគាំទ្រឬក៏ប្រឆាំងនឹងបក្សណាឬអស់លោកណាដែរ។ តែសំខាន់ព្រះអង្គការពារ គាំទ្រគោលនយោបាយសីហនុនិយម លើការបង្រួបបង្រួមផ្សះផ្សាជាតិ និងបញ្ហាព្រំដែន ជាដើម»។
ព្រះអង្គម្ចាស់បន្តថា៖ «កន្លងមកខ្ញុំតែងមានមតិយោបល់ខ្លះៗ ពីរឿងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម រឿងទឹកដីប្រាសាទព្រះវិហារ រឿងតុលាការខ្មែរក្រហម អីនោះ គឺគ្រាន់តែចង់ចែករំលែកការពិតពីអ្វីជាព្រះតម្រិះរបស់សម្តេចឪឲ្យប្រជារាស្ត្រលោកបានដឹងប៉ុណ្ណោះ គឺដូចគ្នានឹងអ្នកធ្វើវិភាគ លោក ឡៅ ម៉ុងហៃ លោក សុខ ទូច និង លោក កែមឡី..អ៊ីចឹងដែរ គឺគ្មានបំណងប្រឆាំងនឹងអ្នកណាឡើយ»។
ព្រះអង្គម្ចាស់ ធម្មិកោ បានគូសបញ្ជាក់ថា ព្រះអង្គធ្លាប់ជាស្ថាបនិក របស់ហ៊្វុនស៊ិនប៉ិច ដែលបង្កើតដោយសម្តេចឪនៅទីក្រុងព្យុងយ៉ាង (កូរ៉ខាងជើង) នាថ្ងៃ ២១ មីនា ឆ្នាំ ១៩៨១ ដែលក្រោយមកបានដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តាំងពីទទួលបានជ័យជម្នះ រហូតបរាជ័យក្នុងការបោះឆ្នោតបន្តបន្ទាប់ ដោយសារតែការបែកបាក់និងដើរខុសគន្លង នៃលទ្ធិសីហនុនិយម ផ្ទុយពីការអួតអាងជាមួយប្រជានុរាស្ត្រនេះឯង។
ព្រះអង្គក៏ធ្លាប់សាកល្បងបង្កើតគណបក្សផ្ទាល់ដែរមានឈ្មោះថា «គណបក្សសង្គមជាតិនិយម» ក្នុងឆ្នាំ ២០០៦-២០០៧ ប៉ុន្តែ បានបរាជ័យទៀត ហើយទ្រង់ក៏បានដកថយពីនយោបាយ ដោយសារមិនមានការគាំទ្រនេះ មកដង្ហែព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ វិញ នៅក្នុងអំឡុងពេលនោះ។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលបន្តទៀតថា៖ «ការវិលមកឆាកនយោបាយរបស់ខ្ញុំចុងក្រោយនេះដោយសារ នៅពេលដែលមានប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់ មកគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪពេលលោកសោយទិវង្គត នៅមុខព្រះបរមរាជវាំងរាប់ខែ។ ស្រាប់តែនៅពេលដង្ហែព្រះបរមសពទ្រង់ថ្វាយព្រះភ្លើង គេបែរជាបិទភ្នំពេញមិនឲ្យប្រជារាស្ត្រមកចូលរួមទៅវិញ ដែលការនេះខ្ញុំមើលឃើញថា គេមានបំណងបំបាត់ស្នាព្រហស្តសម្តេចឪ មិនចង់ឲ្យរាស្ត្រគោរពស្រឡាញ់ព្រះអង្គបន្តទៀត។ ហេតុនេះខ្ញុំក៏សម្លឹងទៅឃើញថា គណបក្សសង្គ្រោះជាតិ បានដើ់រតាមលទ្ធិសីហនុនិយមច្រើនជាងគេ បើធៀបទៅនឹងគណបក្សឯទៀតៗ ទើបបានជាខ្ញុំសម្រេចទៅចូលរួមជាមួយគណបក្សមួយនេះ»។
ព្រះអង្គ ធម្មិកោ មានបន្ទូលបញ្ជាក់ដូច្នេះថា មុននឹងចូលមកគណបក្សសង្គ្រោះជាតិ លោក ក៏បានទាក់ទងទៅលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន អនុប្រធានគណបក្សនេះ សួរបញ្ជាក់ពីជំហរនយោបាយ ថា តើដើរតាមលទ្ធិសីហនុនិយមឬអត់ ? ហើយលោកទាំងពីរបានអះអាង សន្យាថា«នឹងគិតគូរពីការរស់នៅរបស់ប្រជារាស្ត្រ និងបំបាត់អំពើពុករលួយ ធ្វើឲ្យមានយុត្តិធម៌សង្គម ដូចសម័យសង្គមរាស្ត្រនិយម»ដែរមិនតែប៉ុណ្ណោះ ព្រះអង្គក៏បានតាមដានមើលឃើញថា បើទោះមិនបាន ១០០ ភាគរយ ក៏គណបក្សសង្គ្រោះជាតិមានគោលជំហរនយោបាយដូចលទ្ធិសីហនុនិយម ហោចណាស់ ៧០ ទៅ ៨០ ភាគរយដែរ ទើបបានជាព្រះអង្គសម្រេចព្រះទ័យវិលចូលឆាកនយោបាយជាថ្មីឡើងវិញនេះ។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលដែរថា លទ្ធិសហនុនិយម ប្រកាន់លើគោលជំហរពីរ គឺទី ១ អព្យាក្រឹតភាព ឯករាជភាព បូរណភាពទឹកដី មានការទទួលស្គាល់ព្រំដែនកម្ពុជាពីបណ្តាប្រទេសដាក់ទូតនឹងកម្ពុជាទាំងអស់។ ទី២ គឺប្រកាន់នយោបាយដឹកនាំឲ្យមានយុត្តិធម៌ក្នុងសង្គម តាមទ្រឹស្តី «សង្គមព្រះពុទ្ធសាសនា» ដោយយកព្រះធម៌ព្រះពុទ្ធ ជាសាសនាជាតិនេះជាមូលដ្ឋានពង្រឹងនូវសីលធម៌និងយុត្តិធម៌សង្គម ហើយនិងជីវភាពប្រជាពលរដ្ឋ។
ចំណុចនេះព្រះអង្គសង្កត់ធ្ងន់ថា៖ «យើងមិនអាចនិយាយពីរាជានិយមសម័យសម្តេចឪគង់ជាព្រះប្រមុខរដ្ឋ មកប្រៀបធៀបគ្នានឹងរបបរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញសព្វថ្ងៃនេះបានទេ វាខុសគ្នាកាលនោះសម្តេចឪលោកកាន់អំណាច លោកមានឱកាសនឹងពង្រឹងអំណាចរាជានិយម តែបច្ចុប្បន្នមិនអាចទេ ដោយសារស្តេចសោយរាជ តែមិនកាន់អំណាច។ ឯរឿងដែលខ្ញុំនិយាយថា លទ្ធិសីហនុនិយមនេះ ចំណុចសំខាន់ គឺការបំបាត់អំពើពុករលួយនេះឯង ហើយដែលបញ្ហានេះ ទាំងហ៊្វុនស៊ិនប៉ិច និងទាំងគណបក្សប្រជាជនមិនអាចសម្រេចបានទេ ព្រោះថា អំពើពុករលួយ បច្ចុប្បន្ន ដុះចេញពីថ្នាក់ដឹកនាំកំពូលៗមកទៅហើយ។ ម្យ៉ាងសម្តេចឪ (ន.សីហនុ) លោកមានបន្ទូលថា បើមានពុករលួយ យ៉ាងណាក៏ចៀសវាងនៅក្នុងវិស័យសាធារណៈពីរ គឺវិស័យអប់រំ និងសុខាភិបាលនេះឯងដែរ។ តែសព្វថ្ងៃអំពើពុករលួយកើតតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមគ្រប់ស្ថាប័ន។
លោកលើកមកបញ្ជាក់ដែរថា គណបក្សក្រៅពីសង្គ្រោះជាតិ មិនអាចបំបាត់អំពើពុករលួយបានទេ ខណៈមានការដឹកនាំផ្តាច់ការ មិនគោរពច្បាប់ មិនគិតគូរដល់រាស្ត្រទន់ខ្សោយ ហើយរឿងនេះកាន់តែបង្ហាញច្បាស់ទៀត ដូចជាថ្មីៗនេះ មេប៉េអឹមលើផ្ទៃប្រទេសលោក សៅ សុខា បាននិយាយថា «គាត់ពេញចិត្ដការដឹកនាំតាមពួកណា ហ្ស៊ីអ៊ីទ្លែរ» នេះជាសក្ខីកម្មជាក់ស្តែងណាស់។
នៅពេលសាកសួរពីដំណើរជីវិតផ្ទាល់ខ្លួនរបស់ទ្រង់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានរំឭកឲ្យដឹងថា ព្រះអង្គប្រសូត ក្នុងរាជធានីភ្នំពេញគិតមកដល់ឆ្នាំនេះព្រះជន្ម ៦៣ វស្សាហើយ។ ទ្រង់មានបិតាព្រះនាមស៊ីសុវត្ថិ មេធាវី មាតាព្រះនាម អាន់ ម៉ារីអ៊ីស៊ី ជាព្រះរៀមបង្កើតរបស់សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ។
ទ្រង់ជាបុត្រច្បងនៃបងប្អូន ៦ នាក់ សព្វថ្ងៃនៅរស់ ៤ នាក់ អនុជប្រុសម្នាក់នៅស្រុកខ្មែរ អនុជស្រីម្នាក់នៅកាណាដា និងម្នាក់ទៀតរស់នៅប្រទេសបារាំង។
ទ្រង់ត្រូវបិតាបញ្ជូនទៅរៀននៅប្រទេសបារាំងតាំងពីព្រះជន្ម ៤ ឆ្នាំ និងត្រូវបានថែទាំបីបាច់ដោយសម្តេចម៉ែតាំងពីនៅតូច។ មុនពេលមានរដ្ឋប្រហារទម្លាក់សម្តេចឪ ដោយប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរមានបដិវត្តន៍ផុសឡើងនៅក្នុងចំណោមនិស្សិតនៅបារាំង ព្រះអង្គបានវិលចូលមាតុប្រទេស ព្រោះបិតាខ្លាចទ្រង់ចូលរួមនឹងបដិវត្តន៍កុម្មុយនីស្ត។ ក្រោយរដ្ឋប្រហារទ្រង់បានបម្រើជាទាហាន របបសាធារណរដ្ឋខ្មែរ របស់ លន់ នល់ ក្នុងកងពលធំលោកឧត្តមសេនីយ៍ អ៊ិត សួង។
ក្នុងឆ្នាំ ១៩៧៣ ទ្រង់ត្រូវជាប់ឃុំ ដោយសារ លន់ នល់ ចេញបញ្ជាឲ្យចាប់ខ្សែរាជវង្សទាំងអស់ នៅពេលដែលលោក សូ ភូត្រា ស្វាមីម្ចាស់ក្សត្រិយ៍ នរោត្តម បទុមបុប្ផា អនុជព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ បើកយន្តហោះទៅទម្លាក់គ្រាប់បែក នៅវិមានប្រធានាធិបតី ចំការមនដែលលន់ នល់ស្នាក់នៅ។
តែ ១ ខែក្រោយគេបានដោះលែងវិញ ហើយទ្រង់ក៏វិលត្រឡប់ទៅប្រទេសបារាំងវិញ និងបន្តការសិក្សាផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ នយោបាយ ជំនាន់លោក ស្រី ជូឡុង សូមូរ៉ា គឺក្រោយលោក សម រង្ស៊ី ១ឆ្នាំ និងចុងក្រោយចាប់យកផ្នែកព័ត៌មានវិទ្យាមួយទៀត។
ក្នុងពេលរស់នៅប្រទេសបារាំងនោះ ព្រះអង្គធ្វើការឲ្យក្រុមហ៊ុនអាមេរិកបើកសាខានៅបារាំងពីរ មុនព្រះអង្គ ធម្មិកោ បានរៀបអភិសេកនឹងជយាទី ១ មានបុត្រ ៥អង្គ សព្វថ្ងៃសុគតពីរ នៅសល់បីអង្គរស់នៅប្រទេសបារាំងទាំងអស់។
ព្រះអង្គរំឭកថា ពេលទ្រង់យាងមកកម្ពុជាវិញក្នុងឆ្នាំ ២០០០ ជយាមិនព្រមមកតាមទេ ហើយក៏បានបែកបាក់គ្នាទៅ។ ពេលមកនៅកម្ពុជា ព្រះអង្គក៏បានអភិសេកនឹងជយាជាអ្នកជំនួញមានទ្រព្យធនវ័យ ៤០ ឆ្នាំម្នាក់ សព្វថ្ងៃមានបុត្រពីរអង្គទៀត ម្នាក់វ័យ ៧ ឆ្នាំ (ប្រុស) និងម្នាក់វ័យ ២ ឆ្នាំម្នាក់ (ស្រី) ដែលកំពុងធ្វើអាជីវកម្មផ្នែកសិប្បកម្មនៅក្នុងខេត្តសៀមរាប។
ព្រះអង្គម្ចាស់បានលើកពីបទពិសោធល្អនិងអាក្រក់ ក្នុងជីវិតព្រះអង្គថា៖ «អ្វីជាមោទនភាពរបស់ខ្ញុំ គឺបានដង្ហែអង្គសម្តេចឪ ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ ដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាង ខណៈដែលមិនសង្ឃឹមសោះថា នឹងទាមទារឯករាជ្យពីយួន ប៉ុន្តែទីបំផុតសម្តេចឪលោកធ្វើបាន។ នេះជាជ័យជម្នះនិងមោទនភាពដ៏ធំធេងរបស់កម្ពុជាទាំងមូលនិង ក្នុងជីវិតខ្ញុំ»។
សម្រាប់មេរៀនល្វីងជូរចត់វិញ គឺថាខ្ញុំជាស្ថាបនិកមួយរូបរបស់ហ៊្វុនស៊ិនប៉ិច តែទីបំផុតការបែកបាក់ផ្ទៃក្នុងបានធ្វើឲ្យគណបក្សនេះចុះខ្សោយនិងបរាជ័យជាបន្តបន្ទាប់។
ព្រះអង្គចាត់ទុកការបែកបាក់នេះជាមេរៀនមួយ៖ «នេះគឺមកពីហ៊្វុនស៊ិនប៉ិចគ្មានមនោគមវិជ្ជា ទ្រឹស្តីជាគោលនយោបាយច្បាស់លាស់ ទើបបានបរាជ័យបែបនេះ ហើយឥឡូវនេះក៏នៅតែគ្មានដូចគ្នាដដែល។ រឿងនេះមិនថា តែគណបក្សហ៊្វុនស៊ិនប៉ិចទេ សូម្បីតែគណបក្សប្រជាជន ក៏គ្មានមនោគមវិជ្ជា ទ្រឹស្តីនយោបាយនេះឲ្យបានច្បាស់លាស់ពិតប្រាកដដូចគ្នាដែរ ឯការឈ្នះឆ្នោតកន្លងមករបស់ គណបក្សនេះ គឺដោយសារតែការប្រើល្បិចតែប៉ុណ្ណោះ ហើយគណបក្សនេះក៏គង់តែរលាយដែរ»។
ព្រះអង្គម្ចាស់ ធម្មិកោ បានលើកមកបញ្ជាក់ដែរថា គណបក្សប្រជាជនដឹកនាំផ្ទុយពីសង្គមរាស្ត្រនិយម «ខ្ញុំលើកឧទាហរណ៍មួយរឿងតំបន់បឹងកក់ បើពីជំនាន់សម្តេចឪម្ល៉េះ លោកនឹងឲ្យរដ្ឋធ្វើការអភិវឌ្ឍតំបន់នេះដោយប្រើប្រាស់ថវិកាជាតិទៅជាតំបន់ទេសចរណ៍ នោះប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទីនោះអាចនឹងមានជីវភាពប្រសើរ តែបច្ចុប្បន្ន រដ្ឋាភិបាលសុខចិត្តដេញឲ្យរាស្ត្ររាប់ពាន់នាក់រងទុក្ខ ហើយបំពេញបំណងមានបានឲ្យតែឧកញ៉ាម្នាក់ទៅវិញ។ នេះហើយជាភាពខុសគ្នា នៃលទ្ធិសីហនុនិយមនិងការដឹកនាំសព្វថ្ងៃ»។
ព្រះអង្គម្ចាស់ ធម្មិកោ នៅបានបង្ហាញពីបំណងរបស់ព្រះអង្គថា ការប្រឹងប្រែងសព្វយ៉ាងរបស់ទ្រង់ ចុងក្រោយនេះ គឺមិនដើម្បីកេរ្តិ៍ឈ្មោះកិត្តិយសផ្ទាល់ព្រះអង្គទេ។
ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំធ្វើអ្វីៗ គឺដើម្បីជាការសងគុណដល់ព្រះមាតាបិតាខ្ញុំប៉ុណ្ណោះ ព្រោះលោកសោយទិវង្គតដោយសារពួកខ្មែរក្រហម ខ្ញុំមិនបានបម្រើលោកទេ ហេតុនេះខ្ញុំចង់ឲ្យលោកមានកិត្តិនាមតាមរយៈសកម្មភាពរបស់ខ្ញុំ។ មួយទៀតដែលសំខាន់នោះ គឺខ្ញុំចង់សងគុណសម្តេចឪ សម្តេចម៉ែ ដែលលោកបីបាច់ថែរក្សាខ្ញុំតាំងពីកុមារភាព ដោយបន្តសកម្មភាពជាបំណងរបស់លោកកាលពីព្រះអង្គគង់នៅ គឺការបម្រើប្រជានុរាស្ត្រព្រះអង្គនេះតែម្តង។ ដូចនេះខ្ញុំនឹងបន្តនូវព្រះរាជបំណងសម្តេចឪនេះ គឺសម្រេចកិច្ចការបម្រើរាស្ត្រនេះ ឲ្យបាននៅពេលដែលខ្ញុំមានលទ្ធភាព ដើម្បីទុកជាការសងគុណដ៏ខ្ពង់ខ្ពស់ដល់ទ្រង់»។
ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ លើកជាគតិផ្តាំផ្ញើថា រឿងគួរចងចាំគឺការបែកបាក់គ្នានេះឯង ដែលនាំឲ្យយើងចុះខ្សោយ ឧទាហរណ៍ជាក់ស្តែងការបែកបាក់របស់ ហ៊្វុនស៊ិន ប៉ិច ដល់ទីបំផុតត្រូវរលាយ ហើយការនេះវាមិនត្រឹម តែហ៊្វុនស៊ិនប៉ិចទេ ជាតិយើងក៏ចុះខ្សោយដែរ។
លោកបន្តថា៖ «តទៅបើខ្មែរយើងនៅតែបន្តបែកបាក់គ្នា នោះវានឹងចំណេញបរទេស ហើយសូមកុំនឹកស្មានថា យួនមិនចង់បានស្រុកខ្មែរឲ្យសោះ។ ខ្មែរក្រហមនឹង គឺជាភ័ស្តុតាងស្រាប់ ព្រោះតែបែកបាក់ផ្ទៃក្នុងទើបយួនវាយចូលបាន...»៕
2 comments:
I agree with him,seems like this guy was a good guy,I like him...!
kids understand more than us when they read cambodian history they found out that foreigners (french, chinese, Vietnam, Thailand and Lao Etc..) benefit from Cambodia many centuries.
Post a Comment