ដោយ៖ ជន ស្រីណុច | ថ្ងៃអាទិត្យ ទី4 មករា 2015,
ប្រធានគណបក្សសមរង្ស៊ី នៅថ្ងៃអាទិត្យនេះ ថ្លែងក្នុងពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដោយការបាញ់ប្រហារនាផ្លូវវ៉េងស្រេង ថាគណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបែកសំឡេង និងបំបែកបំបាក់សាមគ្គីភាពរបស់មេដឹកនាំបក្សសង្គ្រោះជាតិទាំងពីរ ។
លោក គង់ គាំ ប្រធានគណបក្សសម រង្ស៊ី ថ្លែងនៅក្នុងពិធីបង្សុកូល ដែលរៀបចំធ្វើទៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០១៥ នេះ លើពីរចំណុច។ ចំណុចទី១ លោកថា ការដែលគណបក្សប្រជាជនកម្ពុជាខំពង្រឹងហ្វ៊ុនស៊ិនប៉ិចឡើងវិញ គឺដើម្បីបំបែកសំឡេងគណបក្សសង្គ្រោះជាតិ។ ត្រង់ចំណុចនេះ លោកគង់ គាំ មានប្រសាសន៍ថា ការប្រើហ្វ៊ុនស៊ិនប៉ិច ឲ្យមកបំបែកសំឡេងគណបក្សសង្គ្រោះជាតិ គឺមិនអាចទៅរួចទេ ព្រោះហ្វ៊ុនស៊ិនប៉ិចលែងមានអ្នកគាំទ្រទៀតហើយ។
ចំពោះចំណុចទី២ វិញ លោកគង់ គាំ បញ្ជាក់ប្រាប់អ្នកគាំទ្រថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបែកបំបាក់មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរនាក់ គឺលោកសម រង្ស៊ី និងលោកកឹម សុខា ដោយប្រើប្រាស់គ្រប់មធ្យោបាយ។ លោកគង់ គាំ អះអាងថា មេដឹកនាំបក្សប្រឆាំងមួយនេះ ស្គាល់ល្បិចកលរបស់គណបក្សប្រជាជនច្បាស់ណាស់។ លោកថា ការព្យាយាមបំបែកបំបាក់ និងធ្វើឲ្យមេបក្សទាំងពីរកាន់តែរួមសាមគ្គីគ្នាខ្លាំងឡើង ។
យ៉ាងណាក៏ដោយអគ្គលេខាធិកាគណបក្សហ្វ៊ុនស៊ិនប៉ិច លោកញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ការយាងសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ឲ្យវិលមកធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញ មិនមែនធ្វើឡើងក្រោមការសម្របសម្រួលរបស់គណបក្សប្រជាកម្ពុជានោះទេ ។ ប៉ុន្តែទោះយ៉ាងណា លោកបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទូរសព្ទទៅលោក ដើម្បីអបអរសាទរការរួបរួមគ្នានេះ។
គួរកត់សម្គាល់ថា ប្រសាសន៍របស់លោក គង់ គាំ ធ្វើឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់របស់ណគណបក្សសង្គ្រោះជាតិ ទម្លាយព័ត៌មានពីការបែកបាក់ផ្ទៃក្នុងបក្ស និងចោទមេដឹកនាំបក្សនេះថា ទទួលលុយពី២០ ទៅ៤០ លានដុល្លារពីគណបក្សប្រជាជនកម្ពុជា ។
ថ្មីៗនេះ ពេលដែលសង្គមស៊ីវិលរៀបចំបណ្ដាញសង្គម ដើម្បីជួយប្រជាពលរដ្ឋបង្កើតគណបក្សនយោបាយនៅមូលដ្ឋាន គណបក្សសង្គ្រោះជាតិក៏បានចោទថា បណ្ដាញសង្គមធ្វើនេះដើម្បីបំបែកសំឡេងខ្លួនផងដែរ ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
No comments:
Post a Comment