ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ ហ៊្វុនស៊ិនប៉ិច ឲ្យដឹង ថា ការយាងមកគង់ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចក្នុងខែមករានេះ ដោយមិនមានអន្តរាគមន៍ណាមួយពីនាយករដ្ឋមន្ត្រីឡើយ ប៉ុន្តែកើតចេញពីឆន្ទៈអ្នករាជានិយម ចង់រួបរួមគ្នាឡើងវិញ ចៀសវាងការវាយប្រហារគ្នា ដើម្បីប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជាតិ ២០១៨ នាពេលខាងមុខ។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញថា ពេលទទួលព័ត៌មាននៃការយាងត្រឡប់របស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ លោកហ៊ុន សែនបានសាទរតាមទូរស័ព្ទមកលោកផ្ទាល់ និងមកថ្នាក់ដឹកនាំគណបក្ស ប៉ុន្តែមិនមានការអន្តរាគមន៍ផ្សះផ្សាពីលោកនាយករដ្ឋមន្ត្រីនោះទេ ក្រៅពីថ្នាក់ដឹកនាំ ហ៊្វុនស៊ិនប៉ិច ចង់បានការរួបរួមគ្នា។
លោកថា ៖ «សម្តេចហ៊ុនសែន រីករាយ និងបានជ្រាប ហើយសម្តេចម៉ែ និងព្រះមហាក្សត្រក៏ជ្រាបដែរ។ បំណងរបស់យើងមាន២ គឺចង់ឲ្យអ្នករាជានិយម រួមគ្នាជាធ្លុងមួយ និងមិនចង់ឲ្យអ្នករាជានិយមវាយប្រហារគ្នាទៅវិញទៅមក»។
លោកញឹក ប៊ុនឆៃ ហាក់មិនហ៊ានទស្សន៍ទាយពីជោគជ័យប៉ុនណានោះឡើយ ក្រោយការជួបបែកៗ របស់ក្រុមរាជានិយមមួយនេះ តែថា ជាសញ្ញាវិជ្ជមាន គឺ «សញ្ញាលេខបូក» សម្រាប់គណបក្ស ហើយក៏មានទាំងមន្ត្រីគណបក្សសង្គ្រោះជាតិផងដែរ ដែលធ្លាប់ជាអតីត ហ៊្វុនស៊ិនប៉ិច អាចនឹងវិលមកវិញ។
សូមរំឭកផងដែរថា ក្រោយពីចាកចេញពីបក្សអស់រយៈពេល ៨ឆ្នាំ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលធ្លាប់ប្រកាសជំហរថាមិនចូលធ្វើនយោបាយទៀតទេនោះ បានសម្រេចព្រះទ័យជាផ្លូវការវិលត្រឡប់ចូលធ្វើជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិចឡើងវិញ ក្រោយពីព្រះអង្គទទួលបានលិខិតរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច អញ្ជើញព្រះអង្គធ្វើជាព្រះប្រធានបក្សវិញនៅថ្ងៃទី១ ខែមករា។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ពុំអាចទាក់ទងបានទេ ប៉ុន្តែ យោងតាមព្រះរាជលិខិតរបស់ព្រះអង្គចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បានបញ្ជាក់ថា៖ «ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់សម្តេច និងឯកឧត្តម ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្តីពីការយាងខ្ញុំមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
ខ្ញុំមានមហាកិត្តិយស និងសេចក្តីរីករាយ យល់ព្រមមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចតាមសំណើរបស់សម្តេច និងឯកឧត្តម ដើម្បីបន្តដឹកនាំគណបក្សយើងឡើងវិញ»។
ការយាងវិលត្រឡប់មកវិញរបស់ សម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានអ្នកវិភាគនយោបាយ លោក បណ្ឌិត សុខ ទូច យល់ថាការវិលត្រឡប់របស់សម្តេចក្រុមព្រះយាងចូលទៅកាន់ឆាកនយោបាយគឺវាយឺតពេលបន្តិច ពីព្រោះព្រះអង្គមានព្រះជន្មចាស់បន្តិចទៅហើយ ហើយបច្ចុប្បន្ននេះឋានៈរបស់ព្រះអង្គសើ្មនឹងនាយករដ្ឋមន្ត្រីទៅហើយក្នុងនាមព្រះអង្គមានតួនាទីជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។
ព្រះអង្គក៏បានសន្យាថា នឹងឈប់ធ្វើនយោបាយដែរ ដូច្នេះមិនដឹងថាព្រះអង្គចង់បានស្អីឲ្យប្រាកដ?
លោកបានថ្លែងថា៖ «ដោយសារតែជំហរមិនច្បាស់របស់ព្រះអង្គហ្នឹងហើយ បានប្រជាពលរដ្ឋបាត់បង់ជំនឿ»។
គួរបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្កើតគណបក្សថ្មីមួយ មានឈ្មោះថា «សង្គមរាស្ត្ររាជាធិបតេយ្យ»។
អតីតនាយករដ្ឋមន្ត្រីទី១ នៅក្រោយការបោះឆ្នោតជាតិឆ្នាំ ១៩៩៣ ដែលអស់អំណាចអង្គនេះ ត្រូវបានមន្ត្រីក្រោមបង្គាប់របស់ខ្លួនធ្វើបក្សប្រហារ ទម្លាក់ចេញពីប្រធានបក្សកាលពីឆ្នាំ ២០០៦៕
No comments:
Post a Comment