ខណៈពេលដែលវិស័យសិល្បៈភាពយន្តមានសន្ទុះបន្តិច រោងភាពយន្តទំនើបៗក៏ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ ២០១២។ ភាពប្រទាក់ក្រឡាគ្នានេះ ជាកម្លាំងចលករយ៉ាងពិសេសលើកទឹកចិត្តឲ្យផលិតករនៅក្នុងផលិតកម្មភាពយន្តផ្សេងមានការតាំងចិត្តខ្ពស់ក្នុងការផលិតភាពយន្តឡើងវិញ។
នៅក្នុងឆ្នាំ ២០១៤ កន្លងមកនេះ គេអាចនិយាយបានថា ជាយុគសម័យមួយដែលវិស័យភាពយន្តកម្ពុជាទាំងភាគ និងដុំ ខ្នាតតូច ខ្នាតធំរីកលូតលាស់យ៉ាងខ្លាំង ហើយពីមួយខែទៅមួយខែតែងមានភាពយន្តខ្មែរចាក់បញ្ចាំងតាមរោងភាពយន្តជានិច្ច។ ជាមួយគ្នានោះ គេក៏សង្កេតឃើញផងដែរថា ការគាំទ្ររបស់ទស្សនិកជនក៏មានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់ ហើយភាពយន្តខ្មែរមួយចំនួនធំបានទទួលការចូលទស្សនាច្រើនជារឿងខ្នាតធំនាំចូលពីបរទេសទៀតផង។
ជាមួយនឹងភាពរីករាយនៃការស្ទុះងើបឡើងវិញនេះ ទើបលោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការវាយតម្លៃតាមភាពជាក់ស្តែងថា នៅក្នុងចំណោមភាពយន្តខ្មែរជាច្រើនភាពយន្តខ្មែរចំនួន ៦រឿង មកពីផលិតកម្ម ៤ ផ្សេងគ្នា អាចរកចំណូលបានខ្ពស់ជាងគេនៅឆ្នាំ ២០១៤ កន្លងមកថ្មីៗនេះ។
តាមរយៈទិន្នន័យដែលទទួលបាន លោក ស៊ិន ចន្ទសាយ៉ា បានលើកឡើងថា មកទល់នឹងពេលនេះ លោកទទួលបានទិន្នន័យជាក់លាក់មួយថា ភាពយន្តខ្មែរចំនួនបីរឿងរកចំណូលបានខ្ពស់ក្នុងឆ្នាំ ២០១៤ ពោលគឺអាចរកចំណូលបានខ្ពស់ជាងគេ ក្នុងនោះមានរឿង ស្បែកគង់ រឿង 2brothers និងរឿង ក្រឡអីហ្នឹង។
មន្ត្រីប្រធាននាយកដ្ឋាននៅក្រសួងវប្បធម៌រូបនេះ បាននិយាយថា៖ «តាមរយៈទិន្នន័យដែលនាយកដ្ឋានរបស់ខ្ញុំទទួលបាន ពេលនេះយើងបានដឹងថា រឿង ៣ ដែលអាចរកចំណូលប្រចាំឆ្នាំ ២០១៤ ខ្ពស់ជាងគេ។ រឿងនោះមាន រឿង 2brothers ស្បែកគង់ និងរឿង ក្រឡអីហ្នឹង។ ដោយឡែករឿងបន្តបន្ទាប់ទៀត យើងមិនទាន់ទទួលបាននៅឡើយ ប៉ុន្តែខ្ញុំគិតថា ខាងរោងកុនដឹងច្បាស់រឿងនេះ»។
បើតាមការវាយតម្លៃពីរោងភាពយន្តធំៗ តែមិនទាន់អាចកំណត់ច្បាស់ ១០០ ភាគរយនោះ បានបង្ហើបឲ្យដឹងថា រឿង «អាព្រឿងងាប់ហើយ» រឿង «ខ្មោចអាសង្ហា» និងរឿង «អាចារ្យ ៣ សាសន៍» ជារឿងបន្តបន្ទាប់ដែលអាចរកចំណូលបានច្រើន។
អ្នកគ្រប់គ្រងផ្នែករោងភាពយន្តម្នាក់សុំនិយាយមិនបញ្ចេញឈ្មោះថា៖ «រឿង ស្បែកគង់ រឿង 2brothers និងរឿង ក្រឡអីហ្នឹង ទីផ្សារនៅក្នុងស្រុក គឺអាចរកចំណូលបានស្របាលៗគ្នាខ្ទង់ ៣០ ម៉ឺនដុល្លារ។ រីឯរឿងបីទៀត ដែលមានរឿង អាព្រឿងងាប់ហើយ រឿង ខ្មោចអាសង្ហា និងរឿង អាចារ្យ ៣សាសន៍ គឺអាចរកចំណូលបានប្រហាក់ប្រហែលគ្នាដែរខ្ទង់ ១០ ម៉ឺនដុល្លារអាមេរិក»។
យោងតាមទិន្នន័យរបស់ក្រសួង គណៈគ្រប់គ្រងរោងភាពយន្ត និងផលិតករភាពយន្តបានឲ្យដឹងថា ភាពយន្តចំនួន ៦ រឿងដែលអាចរកចំណូលបានខ្ពស់ក្នុងឆ្នាំ២០១៤ មាន រឿង ស្បែកគង់ ជាស្នាដៃផលិតរបស់ផលិតកម្ម Angkor Picture ភាពយន្ត រកចំណូលបានប្រមាណ ៣០ ម៉ឺនដុល្លារ សម្រាប់ទីផ្សារក្នុងស្រុក។ ដោយឡែកទីផ្សារក្រៅប្រទេសដូចជាការចាក់បញ្ចាំងនៅថៃ និងអាមេរិកមិនទាន់បូកបញ្ចូលនៅឡើយទេ។ ប៉ុន្តែរឿងនេះប្រើដើមទុនក្នុងការផលិតរហូតដល់ ៦៨ ម៉ឺនដុល្លារ។
រឿងបន្ទាប់គឺរឿង 2brothers ជាវណ្ណកម្មរបស់ផលិតកម្ម LD Picture ដែលអាចរកចំណូលបានចន្លោះពី ២៥ ទៅជាង ៣០ ម៉ឺនដុល្លារ។ ប៉ុន្តែភាពយន្តនេះសម្រាប់ទីផ្សារក្នុងស្រុក ប្រើដើមទុនផលិតចន្លោះពី ៣ ម៉ឺនដុល្លារទៅ ៤ ម៉ឺនដុល្លារ។ រឿងទី ៣ គឺ រឿង ក្រឡអីហ្នឹង ជាស្នាដៃផលិតរបស់ផលិតកម្ម LD Picture រកចំណូលចន្លោះពី ២៥ ទៅ ២៨ ម៉ឺនដុល្លារ ឯដើមទុនក្នុងការផលិតពី ៣ ម៉ឺនទៅ ៥ ម៉ឺនដុល្លារ។
រឿងទី៤ គឺរឿង អាព្រឿងងាប់ហើយ ជាវណ្ណកម្មរបស់ផលិតកម្ម មាតុចក្រហ្វីលម៍ សហការនឹងផលិតកម្ម មហាហង្ស។ រឿងនេះនៅមិនទាន់បញ្ចប់ការចាក់បញ្ចាំងនៅឡើយ តែអាចរកចំណូលបានជាង១០ម៉ឺនដុល្លារហើយ។ រឿងនេះប្រើដើមទុនក្នុងការផលិត ចន្លោះពី៤ម៉ឺនដុល្លារទៅ៥ម៉ឺនដុល្លារ។
ចំណែកឯរឿង ខ្មោចអាសង្ហា ជាវណ្ណកម្មរបស់ផលិតកម្ម ភូមិពេជ្រភាពយន្ត និងរឿង «អាចារ្យបីសាសន៍» ស្នាដៃរបស់ផលិតកម្ម រ៉ុក។ រឿងទាំងពីរអាចរកចំណូលបានប្រហាក់ប្រហែលគ្នាប្រមាណខ្ទង់ជិត ១០ ម៉ឺនដុល្លារ ខណៈការផលិតចំណាយប្រមាណ ៣ ម៉ឺនដុល្លារ៕